បញ្ហា! និយាយតែ២ម៉ាត់តែធ្វើឲ្យមនុស្សដែលកំពុងជួបវាអួលដើមក។
បញ្ហា! ហេតុអ្វីបានជាអ្នកមានឥទ្ធិពលខ្លាំងម្ល៉េះមកលើផ្លូវអារម្មណ៍របស់ខ្ញុំ?
បញ្ហា វាដូចជាអ្វីមួយធ្វើឲ្យខ្ញុំខ្លបខ្លាចខ្លាំងណាស់។ មិនចង់នឹកដល់ តែវាមករកគ្រប់វិនាទី ដកដង្ហើមក៏ឃើញបញ្ហា។
រាល់ពេលដកដង្ហើមគឺជាពេលវេលាដែលភ័យខ្លាច បារម្ភ និងឈឺផ្សារបំផុត…
មួយជីវិតនេះ ហត់ពេកហើយ..
មួយជីវិតនេះ មិនធ្លាប់ជួបបែបនេះទេ…
ហេតុអ្វីបញ្ហាធ្លាក់មកលើខ្ញុំ?
ហេតុអ្វីបញ្ហាធ្លាក់មកផ្ទួនៗ?
ប្រៀបដូចជាភ្នំសង្កត់ ដូចជាស្រមោលខ្មៅពាំងផ្លូវ ដូចជាយមរាជឈរសម្លុត
ភ័យណាស់ ខ្លាចណាស់ ពិបាកណាស់ ហត់ណាស់
ក្រោកឈរលែងរួចហើយ ព្រមដួល ឲ្យវាទៅតាមដំណើរ….
ដូចជាមេឃខ្មៅងងឹត ហើយក៏ធ្លាក់ភ្លៀងយ៉ាងខ្លាំង មនុស្សដែលកំពុងធ្វើដំណើរតាមផ្លូវត្រូវតែព្រមទទួលតំណក់ទឹកភ្លៀង
ព្រោះតែខ្ញុំចេះប្រុងប្រយ័ត្ន ខ្ញុំតែងមានអាវភ្លៀងទទូល
បញ្ហាវាធ្លាក់មកហើយ អាវភ្លៀងរបស់ខ្ញុំវាជួយឲ្យខ្ញុំមិនទទឹកច្រើន តែអាកាសធាតុសើមនឹងធ្វើឲ្យខ្ញុំផ្តាសាយ
ភ្លៀងខ្លាំងយ៉ាងណា តែធ្លាក់អស់ចិត្តក៏គង់រាំងទៅបាត់
ខ្ញុំស្មានតែបានធូរហើយ តែខ្ញុំត្រូវប្រឈមនឹងការស្ទះលូលិចផ្លូវ ចរាចរណ៍ចង្អៀតទៅមុខមិនរួច ហេតុអ្វីក៏បញ្ហាទាំងនេះវាធ្លាក់មកលើខ្ញុំផ្ទួនៗ?
ធុញទ្រាន់ខ្លាំងណាស់ ហត់ណាស់! ខ្ញុំមិនចង់ទៅមុខទៀតសោះ
ក្រឡេករកកន្លែងឈប់ ខ្ញុំភ្ញាក់ព្រឺត!
ស្មានតែខ្ញុំម្នាក់ឯងទេ ដែលកំពុងជួបបញ្ហាទាំងនេះ តាមពិតមានមនុស្សច្រើនណាស់ដែលកំពុងមានបញ្ហាដូចខ្ញុំ។
ខ្ញុំឃើញពូម្នាក់បើកម៉ូតូដឹកមនុស្សស្រីកំពុងឱបទារក
ឱ ជីវិត! ផ្លូវស្ទះ លិចទឹកពិបាកយ៉ាងនេះ គាត់នៅខំអូសម៉ូតូដែលមានមនុស្សពីរនាក់នៅពីក្រោយ
មើលចុះនារីម្នាក់នោះប្រហែលជាកូនខ្ចីផង មិនគួរអីត្រូវមកហាលភ្លៀងបែបនេះ
ខ្ញុំកាន់តែខ្លោចចិត្តអាណិត ទារកតូចម្តេចមិនកើតនៅក្នុងគ្រួសារដែលមានឡាន តូចប៉ុណ្ណេះសោះមកត្រូវលំបាកជាមួយចរាចរណ៍នឹងគេដែរ
ក្រឡេកទៅខាងនោះ ស្រ្តីមានផ្ទៃពោះកំពុងខំបើកម៉ូតូទៅមុខដោយទទឹកខ្លួនជោគ មិនដឹងថារងាប៉ុនណា បើផ្លូវរអិលពេក បើធ្លាក់ជង្ហុក ចុះកូនក្នុងផ្ទៃនឹងទៅជាយ៉ាងណា?
មើលចុះអ៊ុំម្នាក់នោះចាស់ហើយ ម៉ូតូក៏ចាស់បានជារលត់
លុយទឹកដើតែខ្លួនមួយមិនចង់ទៅមុខផង គាត់នៅស៊ូអូសម៉ូតូចាស់របស់គាត់ទៀត
ហេតុអីក៏ម្នាក់ៗពិបាកខ្លាំងអីយ៉ាងនេះ?
ខ្ញុំនៅលើម៉ូតូដែលអាចមួរទៅមុខបានតិចៗនេះ មានមុខអីមករអ៊ូទៀត?
ខ្ញុំជានរណា ទើបអាចរស់ដោយមិនមានបញ្ហានោះ?
ជាមនុស្ស គ្មាននរណាគេចពីបញ្ហាបានទេ
អរគុណបញ្ហា ដែលមកពេលនេះ ពេលដែលខ្ញុំមានអាវភ្លៀងពេលដែលខ្ញុំគ្មានផ្ទៃពោះ គ្មានកូនតូច គ្មានសម្ពាយដូចពួកគាត់ ..
អរគុណបញ្ហាដែលឆាប់មករកខ្ញុំ
អរគុណដែលមកដាស់តឿនឲ្យខ្ញុំភ្ញាក់រឭក ឆាប់ទៅមុខឲ្យបានលឿនជាងនេះ ហើយកាន់តែមានការប្រុងប្រយ័ត្ន
ខ្ញុំមិនចង់ធ្វើជាមនុស្សចាស់ដែលអូសម៉ូតូចាស់ពេលភ្លៀង
ខ្ញុំមិនចង់ធ្វើជាស្ត្រីមានផ្ទៃពោះហើយត្រូវបើកម៉ូតូកាត់ភ្លៀង
ខ្ញុំមិនចង់ជួបភាពលំបាកនេះ នៅពេលដែលខ្ញុំមានស្ថានភាពដូចពួកគាត់ឡើយ កាន់តែមិនចង់ឲ្យអនាគតកូនរបស់ខ្ញុំដូចជាទារកដែលខ្ញុំឃើញនេះទេ។
ជឿហើយថាបញ្ហាមិនលើកលែងសភាពលំបាករបស់អ្នកណាឡើយ បើមិនត្រៀមខ្លួនទទួលបញ្ហានិងរកវិធីដោះស្រាយ ឬមិនរឹងមាំក្នុងការប្រឈមនឹងបញ្ហា យើងនឹងមិនអាចឃើញភាពស្រស់ស្អាតទេ។
មើលចុះ ក្រោយភ្លៀងមេឃស្រឡះ ឥន្ទធនូក៏ស្អាតដែរ
នៅពេលដែលចេញផុតផ្លូវស្ទះ ខ្ញុំពិតជាស្រឡះខ្លួនហើយស្រួលដកដង្ហើមណាស់ 😁
ពេលនេះត្រូវអរគុណខ្លួនឯងដែលមិនឈប់កាលពីផ្លូវស្ទះខ្លាំង
ពេលនេះបានជួបភាពធូរស្រាលហើយ អាចសើចដោយមានសេចក្តីសុខបានហើយ ហើយក៏ទទួលបានបទពិសោធន៍មួយដែរ 😄
#អត្ថបទអ្នកនិពន្ធរតនា