មិនថាអ្វីមួយនោះជាស្នេហា ការងារ ឬវត្ថុជាទីស្រលាញ់ បើយើងលើកវាឱ្យសំខាន់ជាងក្តីសុខរបស់យើងនោះយើងនឹងជួបទុក្ខមិនចេះតិចដងដោយសារតែវា។ ពេលខ្លះរបស់អ្វីមួយនោះវាមិនបានធ្វើអីទេ តែចិត្តយើងខ្លួនឯងទេដែលប្រកាន់ទាមទារចង់បានឱ្យវាទៅជាយ៉ាងនេះ ឬយ៉ាងនោះ។ នៅពេលដែលវាមិនបានដូចចិត្ត យើងក៏ខកចិត្ត ខកបំណងសោកសង្រេងមិនសប្បាយចិត្ត កាត់បន្ថយសេចក្តីសុខខ្លួនឯង។ និយាយស្រួល តែធ្វើវាមិនស្រួល! ចុះធ្វើយ៉ាងម៉េចមិនឱ្យចិត្តប្រកាន់ហួងហែងរបស់អ្វីមួយនោះបាន? មិនពិបាកទេ លុបពាក្យពេកចេញពីការស្រលាញ់ ហួងហែងមួយនោះ ជំនួសឱ្យពាក្យ អ៊ីចឹងក៏បាន! ឬអត់បញ្ហា!ប៉ុណ្ណឹងទៅ យើងមិនចាំបាច់ហត់ចិត្តទៅខ្វល់ខ្វាយនឹងរបស់អស់ទាំងនោះទៀតទេ។ អ្នកណាធ្វើអី ធ្វើទៅ គេឱ្យបានប៉ុនណាយកប៉ុណ្ណឹងទៅ ទទួលបានក៏ចេះតែទទួល ទទួលមិនបានក៏ដើរចេញ។ ពេលខ្លះមិនថាកាលៈទេសៈ ស្នេហា ការងារ ឬមិត្តភាព ឬវត្ថុជាទីស្រលាញ់អ្វីទេ ស្រលាញ់ត្រឹមតែអាចឱ្យបានតែម្ខាងទៅបានហើយ កុំខំស្រលាញ់ដល់ថ្នាក់បោះទុនរង់ចាំផលចំណេញដូចអ្នករកស៊ីអី ព្រោះថាអារម្មណ៍ មនោសញ្ចេតនាគេសម្រាប់ផ្តល់ឱ្យ គេមិនសម្រាប់បោះទុនទេ។
#អត្ថបទអ្នកនិពន្ធរតនា
