ល្អកាយ ឬល្អចិត្ត?

 ខ្ញុំស្អប់រាល់ពេលដែលខ្លួនឯងភ្ញាក់ពីគេង ហេតុអ្វីបង្ខំឲ្យខ្ញុំភ្ញាក់ពីគេង ឲ្យខ្ញុំឃើញរូបកាយដែលមិនគួរឲ្យពេញចិត្តបែបនេះ? ខ្ញុំស្អប់កញ្ចក់ដែលមិនអាចឲ្យខ្ញុំបានឃើញរូបមួយដែលខ្ញុំចង់បាន ខ្ញុំមិនចូលចិត្តមនុស្សនៅក្នុងកញ្ចក់នោះទេ រូបសម្ផស្សដែលធ្វើឲ្យអាប់ឱនបែបនេះមិនគួរមាននៅក្នុងផែនដីនេះទេ។ សម្បកកាយដែលស្អាតល្អមានច្រើនណាស់ តើហេតុអ្វីក៏មិនមែនជារបស់ខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវរស់នៅក្នុងសម្បកកាយដែលមិនគ្រប់លក្ខណៈ មិនស្រស់ស្អាតបែបនេះទៅវិញ? ព្រហ្មលិខិតមិនយុត្តិធម៌!
ពីដើមមកខ្ញុំតែងខំសាងល្អច្រើនណាស់ ខ្ញុំមិនដែលបានសាងអាក្រក់ទៅលើនរណាទេ ចុះហេតុអ្វីគ្មានអភិនិហាអ្វីឲ្យខ្ញុំបានស្អាតដូចជាចិត្តរបស់ខ្ញុំផង? ខ្ញុំចង់ឲ្យមានក្រសែភ្នែកសម្លឹងមកខ្ញុំដោយពាក្យសរសើរដូចដែរ ពួកគេពិតជាមិនយល់ចិត្តខ្ញុំទេ មិនដែលខ្វល់ថាខ្ញុំមានអារម្មណ៍យ៉ាងណា ចិត្តគេមិនល្អសោះ គេតែងតែប្រមាថដល់រូបភាពខាងក្រៅរបស់ខ្ញុំ។
គេមិនល្អសោះ! តែគេស្អាតណាស់!
ចុះខ្ញុំ? ខ្ញុំមិនស្អាតទេ! តែចិត្តខ្ញុំល្អណាស់!
ព្រហ្មលិខិតមិនយុត្តិធម៌!
ខ្ញុំសាកអានអក្សរខ្មៅ៣ជួរនេះ ៣ដងទៀតដដែរៗ ភ្នែករបស់ខ្ញុំចាប់ផ្តើមមានពន្លឺ មុននេះបើខ្ញុំមានទឹកភ្នែកហូរ នេះគឺជាពេលជូតទឹកភ្នែកនោះឲ្យស្ងួត ហើយបើសិនជាខ្ញុំមានទឹកភ្នែកហូរនាពេលនេះ ស្នាមញញឹមរបស់ខ្ញុំក៏មានស្របគ្នាដែរ។ព្រហ្មលិខិតមិនយុត្តិធម៌! 
ខ្ញុំអរគុណដែលអ្នកមិនយុត្តិធម៌បែបនេះ អរគុណដែលលម្អៀងមកខាងខ្ញុំ។ បើសិនជាអ្នកឲ្យខ្ញុំកើតជាមកដើម្បីធ្វើជាមនុស្សប្រភេទស្អាតរូបមិនស្អាតចិត្តបែបនោះ ខ្ញុំសុខចិត្តមិនកើតមកល្អជាង។ ខ្ញុំអរគុណព្រហ្មលិខិតដែលផ្តល់អភិនីហាដល់ជីវិតខ្ញុំ ទោះខ្ញុំមិនអាចកើតមកក្នុងសម្បកកាយស្រស់ឆើតឆាយដូចគេ តែអ្នកបានផ្តល់ទឹកចិត្តដែលថ្លៃថ្លាជាពេជ្រនេះដល់ខ្ញុំ។ ឱ!អ្នកណាអើយ បើអ្នកយករូបជាសំខាន់ នោះអ្នកនឹងមិនសុខបានយូរឡើយ ព្រោះកាយដែលអ្នកកំពុងតែឈ្លក់នេះនឹងរត់ចោលអ្នកទៅតាមពេលវេលានិងហេតុការណ៍ណាមួយ។ តែចិត្តល្អ​នេះ វានឹងមិនដែលទៅណាចោលខ្ញុំ បើទោះថ្ងៃមួយខ្ញុំលែងនៅលើផែនដីនេះ ចិត្តល្អរបស់ខ្ញុំនឹងនៅតែរស់នៅទីនេះដើម្បីរំឮកពីវត្តមានរបស់ខ្ញុំ។ ខ្ញុំលែងចាប់អារម្មណ៍ហើយថាពេលខ្ញុំទៅក្រៅ ខ្ញុំមិនអាចទទួលបានក្រសែភ្នែកកោតសរសើរពីរូបសម្រស់ ខ្ញុំនឹងខំរក្សាតែចិត្តល្អរបស់ខ្ញុំឱ្យគង់ ភ្នែកទាំងឡាយដែលមិនធ្លាប់ចាប់អារម្មណ៍ខ្ញុំតាំងពីដំបូង និងចងចាំខ្ញុំនាពេលដែលខ្ញុំលែងនៅ។ ឈប់កើតទុក្ខទៅណា៎! រូបមិនល្អមិនអីទេ ចិត្តមិនល្អទើបជាក្តីបារម្ភ!

#អត្ថបទអ្នកនិពន្ធរតនា