- កាហ្វេល្វីងណាស់! ខ្ញុំមិនញ៉ាំទេ!
- លីតានិយាយសម្លេងធ្ងន់ស្ទើរផ្អើរភ្ញៀវដទៃនៅក្នុងហាង នាងរុញពែងកាហ្វេចេញ សម្លក់គូស្នេហ៍ដោយភ្នែកមុតមាំ។
- មិនញ៉ាំមិនអីទេ! ចាំបាច់ខឹងអីយ៉ាងនេះ?
- អូនខឹងព្រោះតែបងចូលចិត្តបង្ខំអូនឱ្យញ៉ាំកាហ្វេ! អូនមិនចូលចិត្តកាហ្វេទេ! បងមិនចាំឬបងចង់ឈ្នះ? ស្នេហាហេតុអីចាំបាច់បញ្ជារគ្នា?
- បងធ្វើតាមអូនគ្រប់យ៉ាង តែអូនមិនដែលធ្វើតាមបងសូម្បីតែម្តង! នេះហៅថានរណាបញ្ជារនរណាទៅ? បងមិនចង់ឈ្នះអូនទេ! បងចង់ឱ្យអូនប្តូរមកញ៉ាំកាហ្វេដូចពីមុនវិញ ប៉ុណ្ណឹងមិនបាន? ហេតុអ្វីឱ្យបងមិនបាន? ហេតុមិនញ៉ាំកាហ្វេ? ហេតុអ្វីស្អប់កាហ្វេ? ព្រោះតែអូននៅនឹកសង្សារចាស់របស់អូនមែនទេ?
ចាក់ចំចំនុចរសើបលីតាគោះតុក្រោកឈរ សម្លក់វិចិត្រស្ទើរតែហ៊ុយផ្សែងតាមភ្នែក នាងដើរចេញពីតុ តែវិចិត្រក្រោកឈរពាំងផ្លូវមិនឱ្យនាងទៅ លីតារុញវិចិត្រចេញមួយទំហឹងហើយរត់ចេញពីហាងកាហ្វេលែងងាកក្រោយ។ សម្លេងចាប់ហ្វ្រាំងឡានងឺត! ឮលាន់ពេញទាំងផ្លូវ លីតាងាកក្រោយបានត្រឹមតែឃើញវិចិត្រដេកដួលក្នុងថ្លុកឈាមនៅពីមុខឡាន។ ទឹកភ្នែកហូររហាម រត់បកក្រោយទៅត្រកងវិចិត្រនិយាយទាំងអួលដើមករ៖
- អូនសុំទោស!
- សន្យានឹងបង! ថ្ងៃក្រោយខឹងយ៉ាងណា អូនឈប់រត់គេច! និយាយគ្នាឱ្យចប់សិន ចាំអូនដើរចេញ។ (វិចិត្រខំនិយាយទាំងពិបាកក្នុងខ្លួន)
- អូនដឹងហើយ! អូនឈប់ធ្វើហើយ! បងកុំកើតអីណា៎! បងទ្រាំសិនទៅ ឡានពេទ្យមកដល់ឥឡូវហើយ
- សន្យាមួយទៀត! ពេលបងមិននៅកុំនឹកបងយូរពេក ឆាប់បើកបេះដូងទទួលអ្នកថ្មីឮទេ?
- ឈប់និយាយផ្តេសផ្តាស់ទៅ! បងមិនអាចទៅណាបានទាំងអស់! អូនមិនឱ្យបងទៅណាទេ!
- សន្យាទីបី! បំភ្លេចបងឱ្យបានសិនសឹមចាប់ផ្តើមស្នេហាថ្មី ណា៎!
- បង…! បងឈប់និយាយទៅ បងមិនអាចទៅណាបានទេ! អូនស្រលាញ់បង អូនត្រូវការបង អូនមិនត្រូវការអ្នកណាទាំងអស់ មិនថាអ្នកចាស់ឬអ្នកថ្មី! បងតស៊ូឡើង ឡានពេទ្យមកដល់ឥឡូវហើយ បង…! អូនសុំទោស!
- បងមិនឱ្យអូនខុសទេ បងសុំទោសដែលចេះតែបង្ខំអូនពេក បងគួរតែផ្តល់ពេលវេលាឱ្យអូន តែបងចិត្តចង្អៀតពេក ទ្រាំចាំអូនបំភ្លេចគេមិនបាន ពេលនេះបងអស់ឱកាសហើយ បងមិនបង្ខំអូនញ៉ាំកាហ្វេទៀតទេ។ សូមអូនធ្វើតាមសន្យាទាំង៣នោះផង បើអូនឱ្យតម្លៃការស្រលាញ់របស់បង បង.. បង..លា..អូនហើយ..
- បង! បងវិចិត្រ បង!
- លីតាស្រែកយំនៅលើដងផ្លូវលែងខ្វល់ពីមនុស្សជុំវិញខ្លួន ឡានពេទ្យមកដល់បានត្រឹមដឹកសពសង្សារសំណព្វរបស់នាងចេញទៅ ..
- ហេតុអ្វីទ្រាំចាំឡានពេទ្យប៉ុណ្ណឹងមិនបាន? ដាច់ចិត្តម្ល៉េះទៅចោលអូន? អូនសុំទោស! អូនឈប់ឆេវឆាវហើយ! អូនឈប់រត់គេចហើយ… បងភ្ញាក់ឡើង..
- លីតាកាន់អង្អែលដៃរបស់វិចិត្រ យំរៀបរាប់ពោលពាក្យដដែរៗក្នុងឡានពេទ្យសង្គ្រោះបន្ទាន់ដែលកំពុងដឹងសពសង្សាររបស់នាងទៅផ្ទះវិញ។
………………………
មរណៈភាពរបស់វិចិត្របានផ្លាស់ប្តូរលីតាឱ្យក្លាយជាមនុស្សផ្សេងម្នាក់ទៀត បើទោះជាគេស្លាប់ទៅបីឆ្នាំហើយក៏ដោយ លីតាមិនធ្លាប់ឈប់ស្រលាញ់គេឡើយ នាងនៅតែនឹកគេរាល់ថ្ងៃ នាងស្តាយក្រោយដែលកាលនោះតែងតែមានទម្លាប់ខឹងហើយរត់គេច នាងមានវិប្បដិសារីដែលទម្លាប់ក្មេងខ្ចីមួយនោះធ្វើឱ្យបាត់បង់មនុស្សដែលស្រលាញ់នាងដូចជាវិចិត្រ។ ពេលនេះវិចិត្រលែងនៅទើបនាងចេះអត់ធ្មត់នឹងកំហឹងខ្លួនឯង ព្រមដោះស្រាយជម្លោះមុនពេលដើរចេញ។ នាងចេះគិតហើយ តែមនុស្សដែលនាងស្រលាញ់មិននៅទៀតទេ..
- បងវិចិត្រ! កាហ្វេល្វីងណាស់! ហេតុអីក៏ចេះតែបង្ខំឱ្យអូនញ៉ាំរាល់ថ្ងៃ? អូនសុខចិត្តញ៉ាំកាហ្វេល្វីងរាល់ថ្ងៃ អូនសុខចិត្តធ្វើតាមការបង្ខំរបស់បងហើយ! បងមកវិញមក! មកក្នុងយលសប្តិតែម្តងក៏បានដែរ!
ទឹកភ្នែករហាម ហូរស្រក់ចូលក្នុងពែងកាហ្វេខ្មៅរបស់លីតា នាងហូតក្រដាសជូតមាត់ពីក្នុងកែវលើតុកាហ្វេមកផ្តិតទឹកភ្នែកឱ្យស្ងួតពីថ្ពាល់ លើកកាហ្វេខ្មៅអត់ស្កររបស់នាងផឹកបង្ហើយអស់ពីពែង អង្គុយសម្លឹងទៅថ្នល់នឹកដល់ទិដ្ឋភាពដែលវិចិត្រដេកដួលនៅទីនោះកាលពីបីឆ្នាំមុន។
ទឹកភ្នែករមៀលមកជាថ្មី មានដៃមួយហ៊ុចកន្សែងមកឱ្យនាង។ លីតាងាកមើលម្ចាស់កន្សែងជាមួយទឹកភ្នែកដាបពេញថ្ពាល់ បញ្ចេញពន្លឺភ្នែកជះ លុបទឹកភ្នែកដែលបានហូរ មុខមាំមិនញញឹម កៀសដៃដែលហ៊ុចកន្សែងនោះចេញ នាងហូតក្រដាសជូតមាត់មកផ្តិតទឹកភ្នែកពីថ្តាល់ខ្លួនឯងសារជាថ្មី។
Barista ទម្លាក់ខ្លួនអង្គុយចុះតល់មុខលីតា នាយចាប់ផ្តើមប្រយោគ៖
- ញ៉ាំកាហ្វេបីឆ្នាំហើយ! ហេតុអីមិនស្គាល់រសជាតិកាហ្វេ? កាហ្វេមិនមែនមានរសជាតិល្វីងតែមួយមុខទេ! កាហ្វេគឺជាផ្លែឈើប្រភេទChherry សាច់របស់វាមានរសជាតិផ្អែមទេ វាល្វីងដោយសារតែយើងយកវាមកលីង បើយើងលីងកាន់តែខ្លាំងគ្រាប់កាហ្វេក៏កាន់តែល្វីង បើយើងលីង ស្រាលបន្តិច វានឹងមានភាពផ្អែមបន្តិច ល្វីងបន្តិច។ កាហ្វេខ្មៅដែលលីតាបានញ៉ាំរាល់ដង ខ្ញុំបានឆុងជាមួយ Syphon ។ ការឆុងកាហ្វេជាមួយ Syphon ត្រូវការទឹកដែលមានកំដៅថេរដល់១០០អង្សា នេះខ្ញុំឆុងកាហ្វេជូនលីតាញ៉ាំរាល់ថ្ងៃទៅតាមស្តង់ដារ Special Tea Coffe Association មួយភាគកាហ្វេខ្ញុំប្រើទឹក១៨ រសជាតិកាហ្វេដែលលីតាញ៉ាំ មិនខុសពីរសជាតិតែប៉ុន្មានទេ គ្រាប់កាហ្វេគ្រឿមមិនបានច្រោះជាតិកាហ្វេឱ្យលើសរសជាតិល្វីងនោះទេ
- នែ៎! លោកម៉ាល័យ! ខ្ញុំមកផឹកកាហ្វេ មិនមែនមករៀនឆុងកាហ្វេទេ! ខ្ញុំចូលចិត្តកាហ្វេ! តែខ្ញុំមិនចូលចិត្ត Barista ទេ! ខ្ញុំផឹកកាហ្វេដើម្បីសង្សារចាស់របស់ខ្ញុំតែប៉ុណ្ណោះ! មិនមែនដើម្បីមកជួបមុខលោកទេ!
- ហើយខ្ញុំក៏ដឹងថា លីតាស្អប់Barista ព្រោះ..!
- ព្រោះតែស្អីក៏ស្រេចតែខ្ញុំ! លោកកុំមកចេះដឹងរឿងខ្ញុំច្រើនពេក!
- ខ្ញុំមិនចង់ចេះដឹងរឿងរបស់លីតាទេ! តែខ្ញុំគ្រានតែការពារកិត្តិយសជាBarista របស់ខ្ញុំតែប៉ុណ្ណោះ!
- Barista មួយណាក៏ដូចគ្នា! កាហ្វេផ្អែមនោះវាគ្មានទេ! (លីតាក្រោកឈរសម្លក់មុខម៉ាល័យ) ខ្ញុំប្រកែកជាមួយលោកឯងមិនចេះចប់ទេ! ព្រោះលោកឯងនេះមិនចេះព្រមចាញ់! លោកឯងជាអ្នកណាបានជាហ៊ានរំខានពេលវេលារបស់ភ្ញៀវរាល់ថ្ងៃបែបនេះ? លោកឯងមិនចេះមានថ្ងៃសម្រាក់សោះឬបានជាខ្ញុំតែងតែឃើញមុខលោកឯងបែបនេះ? លោកឯងល្មមលាឈប់ពីហាងនេះហើយបើជាបុគ្គលិក! ហើយជាម្ចាស់ហាងវិញនោះលោកឯងបិទទ្វារទៅបើលោករកស៊ីតែរំខានភ្ញៀវបែបនេះ!
- ខ្ញុំមិនទៅណាទេ! ខ្ញុំនឹងនៅធ្វើBarista នៅទីនេះរហូត! មិនចង់ឃើញខ្ញុំ លីតាមិនបាច់មកទេ!
- ខ្ញុំនឹងឈប់មកនៅថ្ងៃមួយដែលខ្ញុំភ្លេចសង្សារចាស់ខ្ញុំបាន! ខ្ញុំមិនដែលចង់មកដើម្បីតែឃើញមុខលោកឯងទេ! Barista មួយណាក៏ដូចគ្នា! កាហ្វេផ្អែមនោះវាគ្មានទេ!
លីតាគោះតុសម្លក់កម្លោះBarista មុនដើរចេញពីហាងកាហ្វេ។
“ហ៊ើយ! អាចំកួតកក្កដាអើយ! បើឯងមិនចេះស្មោះទេ ឯងធ្វើ Barista ធ្វើអី? ខូចឈ្មោះដោយទាំងយើងទៀត!” ម៉ាល័យរអ៊ូគោះតុ ខឹងកក្កដាមិត្តរបស់គេដែលជាសង្សារទី១របស់លីតា ក្រោយដែលនាងចេញទៅបាត់។ អ្នកកម្លោះសារពែងកាហ្វេដែលជាប់ស្នាមក្រែមបបូមាត់ម្ចាស់បេះដូងយកទៅលាងនិងទុកដាក់នៅកន្លែងមួយមិនឱ្យច្រលំគេ។
ហាងកាហ្វេរបស់ម៉ាល័យគឺកន្លែងជាចុងក្រោយដែលលីតានិងវិចិត្របានជួបគ្នា នៅលើថ្នល់មុខទ្វារហាងនោះហើយ ដែលជាកន្លែងដែលវិចិត្រផុតដង្ហើមនៅលើដៃលីតា។ ចាប់ពីថ្ងៃនោះមកបេះដូងរបស់ម៉ាល័យបានធ្លាក់ទៅក្នុងអន្លង់សមុទ្រទឹកភ្នែករបស់នាងរហូតមកដល់សព្វថ្ងៃនេះ។ នាយឈឺណាស់រាល់ពេលដែលឃើញលីតាយំនឹកវិចិត្រម្តងៗ នាយចង់ធ្វើជាថ្នាំស្អំបេះដូងរបស់នាងណាស់ តែអាម្សៀលកក្កដាដែលជាមិត្តរួមសាលាកាហ្វេនោះបានធ្វើឱ្យនាងស្អប់Barista ទូទាំងពិភពលោកទៅហើយ ព្រមទាំងមានៈជាមួយវិចិត្រដោយមិនព្រមញ៉ាំកាហ្វេ នេះបើសិនជាមិនដោយសារវិចិត្រស្លាប់ទៅ លីតាគ្មានថ្ងៃព្រមផឹកកាហ្វេទេ ម៉ាល័យក៏មិនដឹងថាមានឱកាសបានឃើញលីតារាល់ថ្ងៃដូចសព្វដងនេះឬអត់ដែរ។
យប់ម៉ោង១១ទៅហើយម៉ាល័យនៅមិនទាន់បានសម្រាកផង គេនៅស្វែងរករូបមន្តបន្ថែមរសផ្អែមនៅក្នុងកាហ្វេសម្រាប់លីតានាថ្ងៃស្អែក អ្នកកម្លោះBaristaដឹងណាស់ថាអតិថិជនម្នាក់នេះនាងមកញ៉ាំកាហ្វេមិនសូវរំលងថ្ងៃនោះទេ បើទោះជានាងនិងគេមិនត្រូវគ្នាយ៉ាងណាក៏ដោយ។ រួចរាល់ការហើយ កម្លោះBarista ម៉ាល័យទាញទូរស័ព្ទមកចុចមើលfacebookតាមទម្លាប់ នាយឃើញ Status មួយបង្ហោះឡើង “នឹកអនុស្សាវរីយ៍មួយនោះ” ជាមួយរូបថតArt latte បេះដូង និងឈ្មោះលីតា។
ក្តៅមុខភាយ ម៉ាល័យទ្រាំលែងបានចុចតេតាម messenger ទៅរកកក្តដាដែលជាម្ចាស់status ៖
- Hello ម៉ាល័យ! ឯងចេះនឹកយើងឬ?
- អាមិត្តចង្រៃ! យើងមិននឹកឯងទេ តែយើងខឹងឯង! ឯងមានសិទ្ធអីមកនឹកលីតា?
- យី! ឯងស្គាល់លីតា? នាងត្រូវជាអ្វីជាមួយ?
- នាងត្រូវជាអ្វីជាមួយយើងមិនសំខាន់ទេ! តែយើងឆ្ងល់ឯង បើឯងបែកពីនាងហើយ ឯងនៅទុករូបថតនាងក្នុងFacebookឯងធ្វើអីទៀត? គ្រាន់តែមើល Facebookរបស់ឯង នរណាក៏ដឹងថានាងធ្លាប់ជាសង្សារចាស់ឯងដែរ! បើបែកគ្នាហើយ ហេតុអីឯងមិនរក្សាកិត្តិយសឱ្យនាងផងទៅ នៅទុករូបនាងធ្វើអី?
- ចុះឯងខឹងអីម្ល៉េះអាសម្លាញ់? យើងមានសង្សារច្រើនអ្នកណាក៏ដឹង តែឯងឃើញទេ យើងមិនដែលបង្ហោះរូបមនុស្សស្រីម្នាក់ណាក្រៅពីរូប និងឈ្មោះលីតាទេ! យើងស្រលាញ់លីតា គ្រាន់តែយើងស្តាយស្រីស្អាតៗឯទៀត! យើងមិនដែលចង់បែកជាមួយនាងទេ នាងជាអ្នករត់ចោលយើងដោយខ្លួនឯងទេ! យើងនៅតែស្រលាញ់នាង!
- បានហើយអាសម្លាញ់អាប់! ឯងកំពុងសម្លាប់បេះដូងរបស់យើងដោយសារតែអាចរិតព្រាននារីរបស់ឯងនេះហើយ! លីតាស្អប់Barista ទូទាំងពិភពលោកដោយសារតែឯងហ្នឹងហើយ! ជីវិតរបស់នាងពេលនេះជូរចត់បំផុត ព្រោះមនុស្សដែលនាងស្រលាញ់បន្ទាប់ពីឯងនាពេលនេះបានស្លាប់បីឆ្នាំហើយ! ការស្លាប់របស់គេក៏មានឯងជាដើមហេតុដែរ! នាងគួរតែរស់នៅដោយមានសុភមង្គលបំផុតបើឯងមិនធ្លាប់ក្បត់នាង! បីឆ្នាំមកហើយដែលយើងមិនធ្លាប់ឃើញលីតាញញឹម! បើឯងមានបេះដូងដែរ ល្មមឈប់ទាក់ទងស្រីៗមិនរើសមុខទៀតទៅ! មិនដឹងថាមានមនុស្សស្រីល្អៗប៉ុន្មាននាក់ដែលកំពុងរស់ដូចលីតាដោយសារតែឯងនេះទេ! ហើយក៏មិនដឹងថាមាន Barista ប៉ុន្មាននាក់ដែលត្រូវខូចចិត្តដោយសារឯងដូចជាយើងនេះដែរ!
- យើងសុំចិត្តឯងចុះ! រៀនស្មោះខ្លះទៅ វាមិនស្លាប់ទេ! (ស្ងាត់ឈឹងបាត់សម្លេងរបស់កក្កដា) Hello! ឯងទៅណាហើយ? យី! ម៉េចក៏ស្ងាត់ឈឹង? អានេះសង្ស័យតែដេកលក់បាត់ហើយ!
ម៉ាល័យស្មានតែកក្កដាមិត្តរបស់ខ្លួនដេកលក់បាត់ នាយបិទទូរស័ព្ទរៀបចំទៅបន្ទប់គេងរបស់គេដែរ។ តាមពិតពត៌មានដែលម៉ាល័យប្រាប់ដល់កក្កដាធ្វើឱ្យគេឈឺចាប់ចុកទ្រូងណាស់ បើទោះជាគេមិនចេះស្មោះតែគេក៏ចេះស្រលាញ់ នាយកក្កដាសែនអាណិតដល់លីតា នាយស្តាយកំហុសដែលបានធ្វើឱ្យលីតាខូចចិត្ត កាន់តែមានវិប្បដិសារីនៅពេលដែលនាយដឹងថាលីតារស់នៅក្នុងជីវាភាពជីវិតបែបនេះ។
- លីតា! បងសុំទោស! បើបងចេះស្មោះ អូនមិនកម្សត់ដល់ថ្នាក់នេះទេ! បងខុសហើយ….
កក្កដាពោលខ្សឹបៗម្នាក់ឯងបណ្តើរ មើលរូបថតលីតានៅលើ Facebook របស់នាងបណ្តើរ។ នាយបានឃើញរូប និងសារកម្សត់ៗដែលនាងបង្ហោះយ៉ាងច្រើន កាលពីវិចិត្រទើបតែស្លាប់ថ្មីៗ។ បន្ទាប់ពីសារទាំងនោះ លីតាមិនដែលបង្ហោះអ្វីក្រៅពីរូបកាហ្វេខ្មៅដែលនាងញ៉ាំ និងstatus “កាហ្វេល្វីង” ដដែលៗ គ្រាន់ខុសថ្ងៃគ្នាតែប៉ុណ្ណោះ។
(នៅមានភាគបន្ត)
នៅពេលកាហ្វេប្រៃ អានកាហ្វេផ្អែមហើយ មានអារម្មណ៍រំជួលចិត្តខ្លាំងណាស់។ នៅពេលវិចិត្រស្លាប់ លីតានៅតែនឹក នៅតែស្រឡាញ់វិចិត្រ។ ហើយនាងចេះអត់ធ្មត់នឹងកំហឹង និងព្រមដោះស្រាយជម្លោះមុនពេលដើរចេញ។ វិចិត្រជាមនុស្សតែម្នាក់ដែលអាចធ្វើឱ្យលីតាកែប្រែខ្លួនបាន។