ប្រលោមលោក វេទមន្តចិត្តធម៌

ទើបតែបែកបាក់ពីសង្សារ ម៉ានីនស្រងេះស្រងោចតូចចិត្តខ្លួនឯងដែលតែងតែជួបមនុស្សប្រុសក្បត់ចិត្ត។ នាងសំងំនៅក្នុងបន្ទប់មិនព្រមចេញក្រៅទៅណា ក្រៅតែពីធ្វើការព្រោះជាភារៈចៀសមិនបាន។

យប់មួយដែលឈឺចាប់បំផុត ម៉ានីនរើប្រអប់ដាក់របស់ចាស់ៗចេញមក។ ក្នុងប្រអប់នោះមានឃើញមានសៀវភៅកំណត់ហេតុរបស់នាង… នាងបើកសៀវភៅនោះអាន នឹកឃើញរឿងកន្លង នាងយំយ៉ាងខ្លាំង ដៃរបស់នាងហែកសៀវភៅទាំងនោះចោល ដោយមិនបញ្ជាពីខួរក្បាល នាងប្រមូលយករបស់ចាស់ដែលសង្សារ ឱ្យយកមកកម្ទេចចោលទាំងកំហឹងហើយនិយាយម្នាក់ឯង។ 

“ម៉ានីន! ខ្ញុំសុំទោសដែ​លតែងតែជ្រើសយកបុរសមិនល្អមកដាក់ក្នុងបេះដូងឯង ខ្ញុំសន្យាម្នាក់នេះចុងក្រោយហើយដែលបានឈ្មោះជាសង្សារ ហើយខ្ញុំនឹងរកគ្រប់វិធីមិនឱ្យឯងខូចចិត្តយូរដូចកាលមុនៗទៀតទេ ខ្ញុំនឹងរកឱ្យបានមនុស្សប្រុសល្អម្នាក់មករៀបការជាមួយឯងក្នុងពេលឆាប់ៗនេះ ឈប់យំណាម៉ានីន!”

ជូតទឹកភ្នែកស្អាត  ម៉ានីនប្រមូលកម្ទេចអនុស្សាវរិយ៍ដាក់ប្រអប់ហើយបិទជិត យកចេញទៅចោលក្រៅផ្ទះទាំង   យប់។   ព្រឹកឡើងម៉ានីនក្រោកតាំងពីព្រលឹមរត់ហាត់ប្រាណនៅតាមមាត់ទន្លេមុខព្រះបរមរាជវាំង នាងមានអារម្មណ៍ស្រស់ថ្លាជាងពីយប់។   បន្ទាប់ពីបញ្ចេញញើសដោយកីឡា  ម៉ានីនរៀបខ្លួនក្នុងសម្លៀកបំពាក់បែបសុភាព។  នាងបើកឡានចេញទៅផ្សារឡាក់គីតាមប្របដងវិថីព្រះសីហនុចូលទិញមីយើងមួយកេះ និងទឹកផ្លែឈើម៉ាលីបួនប្រាំប្រអប់  បន្ទាប់មកក៏បន្តរបើកឡានទៅវត្តសំពៅមាស។   ម៉ានីនយករបស់ដែលទិញនោះមករៀបចំដាក់ប្រគេនព្រះសង្ឃដោយមានតាអាចារ្យនិងយាយជីជួយណែនាំផង បន្ទាប់ពីទទួលធម៌ឱវាទពីព្រះសង្ឃហើយម៉ានីនក៏ប្រែខ្លួនមកតាអាចារ្យនិងយាយជីដែលបានជួយធុរៈនាងមុននោះ និងដកលុយដប់ម៉ឺនមកបែងចែកជូនពួកគាត់។

ក្រោយបានទទួលពរពីតាយាយហើយនាងថ្លែងអំណរគុណទៅពួកគាត់

  • ចៅអរគុណលោកតាលោកយាយដែលបានជួយធុរៈចៅមុននេះ។
  • មិនអីទេចៅវាជាកិច្ចរបស់តា។
  • យាយសប្បាយចិត្តឃើញក្មេងៗដូចចៅនេះចេះចូលវត្តធ្វើបុណ្យ។  លោកយាយសរសើរ។​
  • ចា៎លោកយាយ ពេលមិនសប្បាយចិត្តខ្ញុំនឹកឃើញមុនគេគឺមកវត្តហើយ ទើបបានស្ងប់ចិត្តខ្លះ ។
  • ល្អហើយចៅដែលចេះជ្រើសផ្លូវត្រូវ។
  • មែនហើយចៅ បើមិនសប្បាយចិត្តចូលចៅធ្វើបុណ្យដាក់ទានឱ្យបានច្រើន។
  • ឃើញអ្នកដទៃសប្បាយចិត្តដោយទានរបស់ចៅ នោះចៅក៏បានសប្បាយចិត្តដូចគ្នា។ លោកតាញញឹម​បង្ហាញស្នាមជ្រួញ មើលមុខយាយ និងមើលទៅម៉ានីន។  លោកយាយមានប្រសាសន៍បន្ត៖
  • ធ្វើតែល្អទៅចៅ បុណ្យនឹងជួយចៅវិញមិនខាន។

ម៉ានីនញញឺមទន់ស្រាលដាក់ដូនចាស់ទាំងពីរ៖

  • ចា៎! ចៅយល់ហើយលោកតា លោកយាយ ចៅជំរាបលាសិនហើយ។

ក្រោយលាដូនចាស់ទាំងពីរ ម៉ានីនថ្វាយបង្គំលាព្រះពុទ្ធរូប និងព្រះសង្ឃហើយក៏ចេញទៅវិញ។ ចងចាំពាក្យទូន្មានល្អៗរបស់តាយាយទាំងពីរ មានីនតែងឆ្លៀតដាក់បាតព្រះសង្ឃនិងធ្វើទានជាមួយជនខ្សត់ខ្សោយ។

មួយអាទិត្យហើយដែលម៉ានីនប្រតិបត្តិល្អជាប្រចាំបែបនេះ។   ថ្ងៃនេះតាមផ្លូវទៅធ្វើការកំពុងឈប់ចាំស្តុបមានក្មេងសុំទានមកគោះកញ្ចក់ឡានសុំលុយ ម៉ានីនដកប្រាំរយរៀលឱ្យទៅក្មេងម្នាក់នោះ ស្តុបខៀវល្មមនាងក៏ចេញទៅទៀត។ ទំនងជាឃ្លានតិចៗដែរម៉ានីនឈប់ឡានមុខហាងនំបុ័ងប្រ៊េដថក ចូលទិញកាហ្វេខ្ចប់និងនំក្រូសង់មួយដើម្បីញ៉ាំតាមផ្លូវទំរាំដល់កន្លែងធ្វើការរបស់នាង។  ទើបតែទិញហើយដើរមករកឡានវិញនាងឃើញអ្នកសុំទានចំណាស់ម្នាក់ទំនងគួរឱ្យអាណិត នាងដើរទៅជិតហើយដកលុយមួយពាន់រៀលឱ្យអ្នកសុំទានម្នាក់នោះ។    អ្នកសុំទានមើលទៅមានតែខោអាវរញ៉េរញ៉ៃ ឈរសម្លឹងម៉ានីនមួយសន្ទុះទើបលាដៃទទួលលុយ ម៉ានីនប្លែកកាយវិការអ្នកសុំទានម្នាក់នេះបន្តិចតែនាងមិនចាប់អារម្មណ៍ច្រើនក៏បែរខ្លួនដើរចេញ តែអ្នកសុំទាននោះហៅនាងឱ្យឈប់។  

  • ក្មួយ! ក្មួយឈប់សិន។   ម៉ានីនងាកមករម្ចាស់សំឡេងជាមួយអារម្មណ៍ផ្សេងៗ។
  • ចា៎? មីងមានការអីដែរ?

ជាមួយចម្លើយតប   អ្នកសុំទានស្ងាត់បន្តិច រួចហើបមាត់ស្នើអ្វីម្យ៉ាងពីនាង  ព្រមគ្នាជាមួយដៃលើកចង្អុល​របស់​ក្នុងដៃយួររបស់នាង។

  • ខ្ញុំចង់ផឹកកាហ្វេនោះ  ហើយសុំនំនោះផងព្រោះខ្ញុំឃ្លានខ្លាំង។

ម៉ានីនឈរទ្រឹង បញ្ចេញស្នាមញញឹមតូច មុននឹងហុចស្បោងអាហារពេលព្រឹកសម្រាប់ខ្លួនឯងជូនទុគ៌តជននោះ រួច​ក៏ដើរទៅឡានវិញទៅ។  ចំណែកអ្នកសុំទានចំណាស់ម្នាក់នោះទទួលទានពីម៉ានីនទាំងមិនអរគុណហើយឈរមើលនាងដើរទៅឡាននិងបើកឡានចេញរហូតដល់ផ្លូវបត់។

អង្គុយក្នុងការិយាល័យ  ភ្នែកផ្ចង់ទំព័រ​ឯកសារ ដៃចាប់ម៉ៅហ៍ អូសចុះឡើង ខួរក្បាលនាងចាប់គិត  ពោះចាប់ផ្ដើមកូរ  ទើបនាងដឹងខ្លួនថា  ព្រឹកមិញមិនទាន់​មានអ្វីហូរចូលពោះ។  ម៉ានីនមិនសៅហ្មងអីព្រោះនាងសប្បាយចិត្តនិងការធ្វើល្អរបស់នាងទៅជាទម្លាប់ គ្រាន់តែគិតដល់ថាអ្នកទទួលទាន​ពីនាងហើយគេបានផុតទុក្ខនិងរីករាយម៉ានីនមានអារម្មណ៍ធូរស្បើយ​ ​ពោះក៏ឈប់កូរ។

បួនអាទិត្យហើយដែលម៉ានីននៅតែបន្តរធ្វើបុណ្យដាក់ទានបែបនេះ សុខៗនាងក៏ស្រាប់តែភ្ញាក់សួរខ្លួនឯង “ហ្អាក! ខ្ញុំដូចជាភ្លេចខូចចិត្តហើយ?” តាមពិតចិត្តធម៌របស់នាងកន្លងមកនេះជាអានុភាពអ្វីម្យ៉ាងដែលធ្វើឱ្យនាងចាកពីភាពខូចចិត្តបានដោយងាយនាងរៀនយល់ពីកម្ម និងកុសល នាងអាចទទួលស្គាល់ការពិតហើយក៏ចៀសចាកពីការឈឺចាប់ព្រោះស្នេហាក្បត់របស់នាង។

ថ្ងៃសុក្រនេះម៉ានីនមានអារម្មណ៍ល្អណាស់ព្រោះតែក្លិនភាយនៃថ្ងៃចុងសប្តាហ៍បានមកដល់ នាងគ្មានអារម្មណ៍ធ្វើការសោះ។   នាងឆាប់សម្រាកពីការងារបន្តិច ដើម្បីទៅញ៉ាំកាហ្វេនៅហាងមួយដែលឧស្សាហ៍ទៅជាមួយសង្សារចាស់កាលពីនៅស្រលាញ់គ្នា នាងមានបំណងចង់តេស្តខ្លួននាងនៅខូចចិត្តទៀតអត់ តែគ្មានសូម្បីបន្តិច។   ម៉ានីនអង្គុយញ៉ាំកាហ្វេដោយចិត្តរីករាយតាមរបៀបមនុស្សឯករាជ្យ និងចិត្តធម៌របស់នាង នាងតែងមានទឹកមុខញញឹមព្រោះគ្រប់ពេលនាងតែងតែរាប់ និង  រំឭកខ្លួននាងថាបានធ្វើអំពើល្អអីខ្លះក្នុងថ្ងៃនេះ។   បណ្តែតអារម្មណ៍ម្នាក់ឯងអស់ចិត្តហើយម៉ានីនហៅបុគ្គលិកគិតលុយនឹងហ្អាលទៅផ្ទះវិញ។  បុគ្គលិកហាងដើរមកជិតម៉ានីនលំទោនបន្តិចប្រាប់ទៅម៉ានីនថា៖

  • អត់ទោសបង ការចំណាយរបស់បងមានគេបង់រួចហើយ។
  • ហ្អាក អ្នកណាគេ? (ម៉ានីន ភ្ញាក់)

ចប់សម្ដី​អ្នកបម្រើក្នុងហាង​  ម៉ានីន ឆ្ងល់ក្នុងចិត្ត ជាមួយ​ភ្នែករំពៃរកមនុស្សធម៌នោះ។ 

  • បាទបងប្រុសនោះគាត់ថាគាត់ស្គាល់បងស្រី ហើយគាត់ទុកក្រដាក់តូចមួយនេះឱ្យបង។  បុគ្គលិកហុចក្រដាសមកម៉ានីន។

         ម៉ានីនទទួលយកក្រដាស់តូចនោះមកលាមើលឃើញតែអក្សរ “Love” ។  ចម្ងល់បានចាក់ដោតខួរក្បាលនាង​រហូតផុសជាសំណួរទៅបុគ្គលិកវិញ

  • តែប៉ុន្នឹងទេ?
  • បាទ! តែប៉ុន្នឹងទេបង។

          ម៉ានីនធ្វើមុខឆ្ងល់ៗកាន់ក្រដាសតូចនោះដាក់ចូលកាបូបហើយនាងដើរចេញទៅ។   តាំងពីថ្ងៃនោះមកការចំណាយប្រចាំថ្ងៃរបស់ម៉ានីនភាគច្រើនត្រូវមនុស្សអក្សរ “Love” លួចបង់ឱ្យរហូត។   ពេលខ្លះម៉ានីនដូចជាខ្លាចមនុស្សលាក់មុខម្នាក់នោះ  ពេលខ្លះម៉ានីនក៏ចង់លេងជាមួយម្នាក់នោះដែរ។             បួនអាទិត្យហើយដែលម៉ានីនតាមរកមុខមនុស្សម្នាក់នោះ