ប្រលោមលោកវិថីជីវិត

បំណងប្រាថ្នានិងការតាំងចិត្ត
នៅក្នុងបន្ទប់ការិយាល័យធំមួយ ស្រ្តីវ័យប្រហែល៣២ឆ្នាំម្នាក់គ្រងសម្លៀកបំពាក់ហំហួនជាម្ចាស់បន្ទប់នេះ នាងអង្គុយសញ្ជប់សញ្ជឹងសម្លឹងរូបថតចាស់មួយសន្លឹករម្លឹកដល់អតីតកាលមួយ…
  • រីណា! មកខាងនេះ! ឱ្យលឿន ជួយគ្នាបន្តិច! គ្នាមិនហ៊ានទេខ្លាចណាស់ ហាសហា…
    សំឡេងសើចនិងស្រែកដោយភាពរីករាយរបស់វីរិយ៉ា។ រីណាក្រោយឮសំឡេងរបស់មិត្តស្រែកហៅ ស្រែកឆ្លើយទាំងរត់មកផង៖
  • ស្អីទេ វីរិយ៉ា! បើខ្លាចខំលេងធ្វើអ្វី? គ្រាន់តែអុជកាំជ្រួចសោះក៏ខ្លាចដែរ!
    វីរិយ៉ាសើចកាច់កមិនបត រីណាស្រែកហៅមិត្តម្នាក់ទៀត មកជួយ៖
    វិមន្ត! អុជមិនឆេះទេ មកជួយផងមើល!
    វីរិយ៉ាសើចផង តឿនវិមន្តដែលកំពុងដើរមកផង
    “លឿនៗ!” វិមន្តដើរមកជាមួយនឹងកាមេរ៉ាសម្ដែងភាពសង្ហាគួរឱ្យទាក់ទាញ។
  • ស្រីៗពីរនាក់នេះ គ្រាន់តែកាំជ្រួចក៏មិនចេះលេងដែរ! វិមន្តអង្អែលក្បាលវីរិយ៉ា យកកាំជ្រួចពីដៃរីណាមកអុជ៖
    • ឆេះហើយ! ឆេះហើយ! (សំឡេងសើចកក្អឹករបស់វីវិយ៉ា)
    • លើកឱ្យខ្ពស់ទៅវិមន្ត (រីណាបង្គាប់)
      កាំជ្រួចហោះខ្ពស់បែកផ្កាភ្លើងភ្លឺពេញផ្ទៃមេឃ វីរិយ៉ាលោផងទះដៃផងសម្ដែងភាពរីករាយដូចកូនក្មេង។ កែវភ្នែកមួយគូដៀងតាមមើលស្នាមញញឹមរបស់នាងដោយមិនចាប់អារម្មណ៍ថាមានភ្នែកមួយគូទៀតកំពុងតែសម្លឹងមើលខ្លួនដូចគ្នា។
    • អស់ហើយ! ឯណា? អុជមួយដើមទៀតទៅសប្បាយណាស់!
      វីរិយ៉ានិយាយទៅវិមន្តបានត្រឹមតែញញឹម៖
    • មានឯណាទៀត! អស់ហើយវីរិយ៉ា តោះយើង! ទៅ
      ដើរលេងតាមឆ្នេរវិញទៅ! (រីណាឆ្លើយជំនួស)
      វីរិយ៉ារត់ប្រុយទៅមុនគេនាងស្រែកបន្តឿនមិត្តទាំងពីរ៖
    • ឱ្យលឿនឡើង! នៅសាសងគ្នាហ្នឹងហើយពីរនាក់ហ្នឹង!
      ហាសហា!
      រីណាធ្វើមុខអឹមអៀនក្រោយឮពាក្យបង្អាប់របស់វីរិយ៉ា វិមន្តតឿនរីណា៖
    • តោះរីណា! លឿនតិចទៅ មើលទៅវីរិយ៉ាសប្បាយដល់ហើយ! នាងចូលចិត្តសមុទ្រណាស់ មកលើកណាមុខរីករហូតហ្នឹង!
    • រីណាស្គាល់វីរិយ៉ាច្បាស់ណាស់ហ្ន៎!
    • មិនស្គាល់ម៉េច បើជាមិត្តថ្លើមមួយហើយហ្នឹង! សួរដូចមិនដឹង! (រីណាតបទាំងធ្វើមុខក្នាញ់)
    • ក្រែងមានអ្នកណាដែលរីណាស្និទ្ធស្នាលជាងវីរិយ៉ាទៀតណា។
    • គ្មានទេ! វីរិយ៉ាញ៉ិកញ៉ក់បន្តិចតែចិត្តល្អ គ្មានមិត្តឯណាប្រៀបនាងបានទេ វិមន្តឃើញហើយតើ!
    • ដឹងហើយ! តែខ្ញុំចង់សំដៅអ្វីផ្សេងៗ (វិមន្តផ្លែសម្តីបែប
      ខិល)
    • យី! វិមន្តចង់និយាយពីអ្វី ខ្ញុំអត់យល់? (រីណាបង្ហាញ
      ទឹកមុខឆ្ងល់)
    • មិនដែលឃើញរីណានិយាយពីម្ចាស់បេះដូងឱ្យខ្ញុំបានដឹងសោះ ជួបពេលណារអ៊ូតែវីរិយ៉ាធ្វើបាបរហូតហ្នឹង រីណាបែបអៀនដូចមានអ្វីចង់ប្រាប់ទៅវិមន្ត ស្រាប់តែវីរិយ៉ាស្រែកទាំងភ្លាត់ “ជួយផង! ខ្ញុំគ្រេចជើងហើយ” នាងអង្គុយរមួលក្រពើនៅមាត់ឆ្នេរធ្វើមុខយ៉ាងកម្សត់ មិនបានឃើញមុខអៀនរបស់រីណាទេ វិមន្តស្ទុះរត់យ៉ាងលឿនតាមម្ចាស់សំឡេង៖
    • វីរិយ៉ាយ៉ាងម៉េចហើយ? ក្រោកបានទេ? (វិមន្ត)
    • រត់ពេកអ៊ីចឹងហើយ អ្នកនាង!
      សំឡេងត្រហេបត្រហបរបស់រីណាទើបរត់មកដល់តាមក្រោយ វីរិយ៉ាសើចទាំងមុខឈឺ នាងអង្អែលជើងថ្នមៗ៖
    • មិនកើតទេ ធ្វើម៉េចទៅ? (រីណា)
    • តោះ! ខ្ញុំអៀវទៅវិញ យ៉ាប់ណាស់ អ្នកនាងវីរិយ៉ាគួរតែហៅថាកូនស្វាវិញទៅ!
      វីរិយ៉ាធ្វើមុខអៀនៗឱបកកំលោះវិមន្ត ព្រោះមិនអាចគេច
      មិនទទួលការសុំជួយនេះបានទេ។ តាមឆ្នេរសមុទ្រដែលខ្យល់បក់ត្រសៀក រលកបោកច្រាំងគេឃើញវិមន្តបន្តោង
      កាម៉េរានៅនឹងក អៀវវីរិយ៉ាដើរតាមឆ្នេរមានរីណានៅក្បែរជា
      អ្នកកាន់ស្បែកជើងឱ្យមិត្ត។ រូបភាពដ៏កម្រនេះត្រូវាបានBryant ជាប្រធានផ្នែករបស់ពួកគេថតយកបាន។ Bryant
      ជាកំលោះជនជាតិខ្មែរកាត់បារាំងដែលមានកុងត្រាមកធ្វើការនៅក្រុមហ៊ុននេះតែ៣ឆ្នាំគត់។
    • ខ្ញុំធ្ងន់សឹងស្លាប់ មកថតដូចជាទិដ្ឋភាពល្អណាស់អ៊ីចឹង Bryant (វិមន្តនិយាយដោយរអ៊ូ)
      ដៃមួយឱបក ដៃមួយទះថ្ងាស់កំលោះយើង
    • ប្រុសស្អីអ៊ីចេះ អៀវស្រីតូចប៉ុនខ្ញុំហ្នឹងថាធ្ងន់ទៅកើត! (វីរិយ៉ា)
    • មែនហើយ! សមតែត្រូវអ៊ីចឹងទៅវិមន្តឯង! បានអៀវស្រីស្អាតហើយនៅរអ៊ូទៀត
    • ចុះខ្ញុំអត់ស្អាតទេឬ Bryant ទើបបានមកកាន់ស្បែកជើងឱ្យគេអ៊ីចឹង? (រីណា)
    • ឯងស្អាតណាស់ ហើយជាពួកម៉ាកល្អទៀត! (វីរិយ៉ានិយាយលួងសម្លាញ់)
    • សប្បាយណាស់ពួកយើង ត្រឡប់ទៅវិញត្រូវខំធ្វើការ
      បញ្ចេញស្នាដៃឱ្យគេស្គាល់សមត្ថភាពការងាររបស់ក្រុមពួក
      យើង (Bryant រម្លឹកកូនចៅ)
    • ធ្វើមិនកើតទេលោកប្រធាន! ជើងខ្ញុំឈឺហើយ! នេះមិនសួរមួយម៉ាត់ក៏រម្លឹកពីការងារទៀតហើយ។ (វីរិយ៉ារំអួយដាក់ប្រធានក្រុម)
    • មិនបាច់សួរក៏ដឹងថារមួលក្រពើដែរ បើរពិសដូចវីរិយ៉ាទៅហើយនោះ គ្មានរឿងអ្វីទើបចម្លែក (Bryant)
      រីណានិងវិមន្តសើចកក្អឹកឌឺដងឱ្យវីរិយ៉ា នាងតូចមិនសុខចិត្តញ៉ឹងត្រចៀកវិមន្តយ៉ាងខ្លាំង៖
    • ហ្នឹងណា! សើចទៀតទៅ! (វីរិយ៉ាគំរាមទៅវិមន្ត)
    • អ៊ូយៗ! យី! ចុះរីណាក៏សើចដែរតើ ម៉េចបានត្រូវតែខ្ញុំ? (វិមន្ត)
    • ទៅធ្វើអ្វីរីណាបានបើខ្ញុំនៅលើខ្នងវិមន្តឯងហ្នឹង! (វីរិយ៉ា)
    • ថាធ្ងន់តែមាត់ តែឈរអៀវយូរហើយមិនព្រមដាក់ចុះសោះ។ (Bryant លេបខាយដាក់វិមន្ត)
    • ចង់ចំណេញណាស់វិមន្ត! (រីណាបន្ទរ)
      វីរិយ៉ាភ្ញាក់ខ្លួនអឹមអៀនបន្តិច តែមិនឃើញវិមន្តចង់ដាក់
      នាងចុះសោះ៖
    • ម៉េចវីរិយ៉ា ចង់ឱ្យខ្ញុំអៀវដល់ពេលណាទៀត? ខ្ញុំធ្វើ
      សុភាពបុរសយូរហើយណា (វិមន្តបញ្ចើឱ្យវីរិយ៉ាយករួចខ្លួន)
    • អុញ! យីវិមន្តនេះ! ដាក់ខ្ញុំចុះភ្លាម។ (វីរិយ៉ានិយាយទាំងខឹងផងអៀនផង)
      Bryant និងរីណានាំគ្នាសើចនឹងគេទាំងពីរ វិមន្តដើរពីរបី
      ជំហានដាក់វីរិយ៉ាអង្គុយនៅលើប៉ៅអ៊ីជិតហ្នឹង។
    • ម៉ោះ!ខ្ញុំមើលជើងឱ្យ។ (Bryant និយាយទាំងចាប់ច្របាច់ជើងវីរិយ៉ាថ្នមៗរកសរសៃគ្រិច)
    • អ៊ូយ! អ៊ួយ! (វីរិយ៉ាស្រែកតិចៗដោយខ្លាចឈឺ)
    • បាត់ហើយ! កុំរំអួយពេក! (Bryant)
    • មែនហើយ! រំអួយណាស់យើងហ្នឹង! (រីណាបន្ទរ)
      វិមន្តសើចចំអក វីរិយ៉ាទះស្មាគេមួយដៃ៖
    • អ៊ួយ! វ៉ៃខ្ញុំទៀតហើយ! (វិមន្តស្រែក)
    • រំអួយណាស់យើងហ្នឹង! (វីរិយ៉ាឌឺ)
      រីណានិង Bryant សើចហួសចិត្តនឹងកាយវិការគួរឱ្យក្នាញ់របស់វីរិយ៉ា។
    • តោះយើងទៅសម្រាកវិញទៅយប់ហើយ (Bryant)
    • អត់ទេ! អត់ទេ! ខ្ញុំចង់នៅទីនេះយប់នេះ! ខ្ញុំចង់មើល
      ទេពច្យុតធ្លាក់។ (វីរិយ៉ាតវ៉ា)
    • អ៊ីចឹងនៅចុះ! ខ្ញុំទៅមុនហើយ ថ្ងៃនេះលេងពេញមួយថ្ងៃហើយនៅមិនហត់សោះស្រីតូច ធ្វើការក៏សកម្ម លេងក៏សកម្មដែរ! (Bryant និយាយទាំងអង្អែលក្បាលវីវិយ៉ា)
    • ហេតុអ្វីមិននៅលេងជាមួយគ្នាបន្តិចសិនទៅ Bryant? (រីណា)
    • មិននៅទេ ខ្លាចត្រូវនាងតូចនេះឃាត់នៅអង្គុយដល់ភ្លឺណាស់ តែយប់នេះគ្មានទេពច្យុតនោះ! (Bryant ឆ្លៀតឌឺឱ្យវីរិយ៉ា)
    • រាត្រីសួស្ដីBryant! ស្អែកជួបគ្នា! (វិមន្ត)
    • រាត្រីសួស្ដីទាំងអស់គ្នា! (និយាយហើយលោកប្រធានរបស់ពួកគេក៏ដើរទៅបាត់)
      បីនាក់ម៉ង់ៗអង្គុយមាត់ឆ្នេរចាំមើលទេពច្យុតដោយវិមន្តនៅកណ្តាល៖
    • វីរិយ៉ា! បើមានទេពច្យុតចុះមក មានប្រាថ្នាអ្វីទៅ?(វិមន្ត)
    • ខ្ញុំចង់ឱ្យខ្លួនឯងក្លាយជាស្ត្រីដ៏ជោគជ័យក្នុងមុខជំនួញ (វីរិយ៉ា)
    • អស្ចារ្យម្ល៉េះលោកស្រី! រំអួយអ៊ីចឹងចង់ធ្វើស្រ្តីជោគជ័យ
      ស្អីទេ (រីណា)
    • ឯងចាំតែមើលទៅ! មិនដឹងយូរប៉ុនណាទេ តែខ្ញុំនឹងប្រើពេលមួយជីវិតនេះសម្រេចបំណងមួយនេះ (វីរិយ៉ា)
    • បានហើយ! បានហើយ! អ្នកនាងពូកែ មើលទៅមនុស្ស ប្រុសធម្មតាស្រលាញ់វីរិយ៉ាមិនបានទេ។ (វិមន្ត)
    • ទាល់តែខ្លាទើបស្រលាញ់អ្នកនាងហ្នឹងបាន! (រីណា)
    • កុំថាឱ្យខ្ញុំ! ចុះឯងនោះរីណា? ឯងចង់ប្រាថ្នាអ្វី?(វីរិយ៉ា)
    • មែនហើយ! រីណាប្រាថ្នាអ្វីដែរ? (វិមន្ត)
    • គ្រាន់តែចង់បានគ្រួសារដ៏មានសុភមង្គលជាមួយមនុស្សដែលខ្ញុំស្រលាញ់ (រីណា)
    • អ៎! អ្នកនាង! អីក៏លន្លង់លន្លោចម្ល៉េះ? (វីរិយ៉ា)
    • ចុះវិមន្តវិញ! ចង់បានប្រាថ្នាអ្វីដែរ? (រីណា)
    • ខ្ញុំដូចជាមិនជឿរឿងហ្នឹងសោះ។ (វិមន្ត)
    • យី វិមន្តនេះ! អាចសុំបានមែនណា៎! ជឿខ្ញុំទៅ! ហើយមិនមែនចេះតែមាននិស្ស័យបានឃើញនោះទេ! (វីរិយ៉ា)
    • ប្រាប់មកចង់ប្រាថ្នាអ្វី! កុំចង់លាក់ណា! (រីណា)
    • យី! ក្រមុំទាំងពីរនេះ ម៉េចបានព្រួតគ្នាធ្វើបាបខ្ញុំអ៊ីចឹង?
      (វិមន្ត)
    • វិមន្តប្រាប់មក! (រីណា)
    • ខ្ញុំចង់បានបេះដូងរបស់មនុស្សស្រីម្នាក់។ (វិមន្ត)
    • អីយ៉ា…! អ្នកណាគេប្រាប់ភ្លាម! (វីរិយ៉ា)
    • មិនប្រាប់ទេ! ចង់ដឹងរឿងសម្ងាត់គេអ៊ីចឹង? (វិមន្ត)
    • ប្រាប់មកចាំគេជួយធ្វើមេអណ្តើកឱ្យ (រីណា)
    • ឱ្យរីណាជួយទៅខ្ញុំមិនជួយទេ ខ្លាចគេចាប់ស្ងោរហាសហា (វីរិយ៉ា)
    • វីរិយ៉ាឯងនឹងស្ងោរបានដែរ? បើមហិច្ឆតាធំម្ល៉ឹងៗ (វិមន្ត)
    • អ៊ីចឹងទៅស្ងោររីណាទៅ (វីរិយ៉ា)
    • ស្អីគេហ្នឹងពីរនាក់នេះ (រីណាបែបអៀន)
      អស់ពីមួយរឿងចូលមួយរឿងអ្នកទាំងបីដូចមិនអស់រឿងនិយាយសោះ ស្ងាត់ៗបាត់សំឡេងវីរិយ៉ាកំពុងគេងកើយស្មាវិមន្ត។
    • យី! យ៉ាងម៉េចនេះស្រីតូច! ថាមកចាំមើលទេពច្យុតនោះឬ?
    • ហ្អេ៎! មើលគេ ចេះមកគេងអ៊ីចឹងកើត! វីរិយ៉ាក្រោកឡើង!
      វីរិយ៉ាកាន់តែទន់គេងកើយលើដើមទ្រូងកក់ក្តៅរបស់កម្លោះវិមន្ត៖
    • តោះលើកនាងទៅគេងលើកប៉ៅអ៊ីនោះទៅវិមន្ត
    • ចាំខ្ញុំបីនាងទៅ!
    • តែងតែដូចក្មេងអ៊ីចឹងវីរិយ៉ា!
    • មិនអ្វីទេ រីណាអង្គុយហ្នឹងចុះ!
      វិមន្តលើកវីរិយ៉ាត្រកងដើរសំដៅទៅប៉ៅអ៊ីខាងមុខរោងនាយទាញកន្សែងដែលវីរិយ៉ាបង់ក យកមកដណ្តប់កាយនាង ដៃមួយគូស្រវ៉ាតោងកវិមន្តនិយាយទាំងបិទភ្នែក៖
    • យប់ហ្នឹងដឹងតែមានទេពច្យុតចុះហើយ ជួយប្រាថ្នាឱ្យខ្ញុំផងណា។
    • បាទ! ដឹងហើយ!ដឹងហើយ! នឹងទុកបំណងប្រាថ្នាខ្ញុំសិន ហើយយកឱកាសនេះប្រាថ្នាឱ្យស្រីតូចឯង ឱ្យសមបំណង តែម្តងហ្ន៎។
      វិមន្តតបទាំងញញឹមនិងអង្អែលក្បាលនាងតូចដែលលង់លក់ទៅវិញ ហើយនាយក៏ដើរមករករីណាដែលកំពុងអង្គុយចាំ ញញឹមដាក់គ្នាបន្តិច វិមន្តដាក់ខ្លួនអង្គុយប្រកៀករីណា។
    • ធ្ងន់ណាស់នាងតូចនេះ! មិនដឹងជំពាក់អ្វីទេថ្ងៃនេះឱ្យបីផងអៀវផង។
    • ហាសហា… កុំរអ៊ូ! តិចលោក្រោកមកវ៉ៃក្អួតឈាមទៀតឥឡូវហើយ។
    • រីណា! រីណា! នាងតូចហ្នឹងនិយាយមិនខុសមែន យប់ហ្នឹងមានទេពច្យុតមែនមើលន៎!
    • ខ្ញុំប្រាថ្នាសិន!
      អ្នកទាំងពីរក្រោកឈរបិទភ្នែកសំពះមួយភ្លែត ភ្នែកមួយគូសម្លឹងមើលមុខវិមន្ត៖
    • ប្រាថ្នាអ្វីហ្នឹង វិមន្ត?
    • យី! តាមសួរទៀត!
    • ចង់ដឹងហ្នឹងហើយ!
    • មិនប្រាប់ទេ!
    • ចិត្តអាក្រក់ម្ល៉េះ?
    • ខ្លាចមិនស័ក្តិសិទ្ធិណា!
    • ចុះថាមិនជឿទេ ឥឡូវចេះខ្លាចមិនស័ក្តិសិទ្ធិឯណា!
      វិមន្តញញឹមតិចៗសម្លឹងមើលទៅវីរិយ៉ា “មើលន៎! អ្នកចង់ប្រាថ្នាជាងគេ គេងលក់ធ្វើមិនដឹង!”
    • ហាសហា ចាំមើលតែគេដឹង គេមុខតែស្តាយណាស់ ហើយ។
    • តាមពិតទេពច្យុតស្អាតណាស់តើ ន៎រីណា!
    • មែនហើយស្អាតណាស់ សំណាងហើយដែលបានឃើញ
      ត្រូវអរគុណវីរិយ៉ាហើយ មែនហើយ! តោះយើងទៅវិញទៅ ខ្យល់ខ្លាំងត្រជាក់ណាស់។
    • តោះអ៊ីចឹង! ទៅដាស់ស្រីតូចនោះសិន មើលចុះគេងលក់ស្រួលណាស់!
      អ្នកទាំងពីរដើរមកដាស់វីរិយ៉ាកំពុងគេង។
    • វីរិយ៉ា! ភ្ញាក់ឡើង តោះ! យើងទៅវិញ (រីណា)
      នាងតូចប្រែខ្លួន ងាកចេញពីសំឡេងរំខាន ឆ្លើយទាំងភ្នែកមិនបើក។
    • ចង់គេងនៅទីនេះហើយ ត្រជាក់ស្រួលណាស់ (វីរិយ៉ា)
    • នែ៎ស្រីតូច! ក្រោកភ្លាម ខ្ញុំមិនអៀវទៀតទេណា! (វិមន្ត)
      រីណាទាញដៃវីរិយ៉ាឱ្យអង្គុយទាំងខ្ជិល វីរិយ៉ាចងចិញ្ចើមធ្វើមុខស្អុយ។
    • ស្តាយដល់ហើយវីរិយ៉ា អត់បានឃើញទេពច្យុត (វិមន្ត)
    • ទេពច្យុតចុះហើយ? (វីរិយ៉ាភ្លាត់សំឡេង រត់ទៅមាត់សមុទ្ររកមើលតាមវិមន្តប្រាប់)
    • គ្មានទេពច្យុតទៀតទេវីរិយ៉ា! មកវិញ!(រីណាស្រែកហៅ)
    • ឯណាថាមានទេពច្យុត? វិមន្តចេះលេងសើចមនុស្ស
      គេងទៅកើតដែរ! ដឹងទេថាខ្ញុំទន្ទឹងយ៉ាងណា! (វីរិយ៉ានិយាយ
      ទាំងខឹង ភ្នែកសម្លក់វិមន្ត)
    • មិនកុហកទេ! មានមែន តែវីរិយ៉ាគេងលក់បាត់ហើយ។ (វិមន្ត)
    • ម៉េចក៏មិនដាស់ខ្ញុំ? (វីរិយ៉ានិយាយទាំងខឹង)
    • ដាស់ឯងទាន់ទេ? ទេពច្យុតអាចចាំឯងភ្ញាក់ទេ? មើលតែដាស់មិញហ្នឹងទៅ ដឹងហើយ។ (រីណា)
    • អ្នកនាងអើយ! ខ្មាសគេណាស់ ហ្នឹងឬទន្ទឹង? (វិមន្ត)
      វីរិយ៉ាលែងស្តីអង្គុយធ្វើមុខស្អុយ ត្រូវផ្លែផង ខកបំណងផង។
    • កុំខូចចិត្តពេកមើល៍! នៅមានឱកាសទៀត លើកក្រោយមកទៀតខ្ញុំធានាត្រៀមកាហ្វេជូន មិនឱ្យវីរិយ៉ាគេងលក់ចោលទេពច្យុតទៀតទេ។ (វិមន្តលួង)
    • មកអ្នកនាង! កុំកើតទុក្ខពេក! (រីណាតឿនទាំងអូសដៃវីរិយ៉ាដើរទៅ)
      វីរិយ៉ាអត់មានស្តីអ្វីមួយម៉ាត់ ដើរតាមមិត្តទាំងពីរដល់អូតែល
    • ហ្អេ៎! អ្នកនាងទាំងពីរ! រាត្រីសួស្ដីណា៎! បន្ទប់ខ្ញុំនៅជាប់នេះ មានរឿងអ្វីគោះទ្វារកុំខាន។ (វិមន្ត)
    • ដឹងហើយ! រាត្រីសួស្ដីលោកប្រុសឆ្នើម! (រីណាតបហើយ
      រេភ្នែកសម្លឹងទៅវីរិយ៉ា)
      វីរិយ៉ាមិនខ្វល់ឆ្លើយឆ្លងនឹងមិត្តទាំងពីររបស់នាង ដើរចូលបន្ទប់បាត់ធ្វើព្រងើយ។ទាំងពីរនាក់ឈរមើលមុខគ្នាហួសចិត្តនឹងនិស្ស័យក្មេងរបស់នាងតូច។ ទៀបភ្លឺទៅហើយ វីរិយ៉ាគេងប្រាសចុះឡើងនៅគ្រែម្ខាង ឯរីណាដោយអស់កម្លាំងពេក គេងលង់លក់លែងដឹងអ្វី។ សំឡេងសារទូរស័ព្ទទាំងយប់
      វីរិយ៉ារអ៊ូម្នាក់ឯងតិចៗ “អ្នកណាហ្នឹងផ្ញើសារទាំងយប់” ៖
    • គេងមិនលក់ទេមែនទេស្រីតូច?
    • យី! ម៉េចក៏ដឹង?
    • មនុស្សខកបំណងអ៊ីចឹងហើយ!
    • ចុះវិមន្តខកបំណងរឿងអ្វីដែរ បានជាមិនទាន់គេង?
    • ខ្ញុំសមបំណងទៅវិញទេ!
    • មានអ្វីពិសេស?
    • គិតមើលខ្លួនឯងទៅ!
      វីរិយ៉ាអានសារហើយនឹកដល់ពេលដែលវិមន្តអៀវនាងដើរកាត់ឆ្នេរ នឹកអៀនតិចៗមិនតបសារវិមន្តទៀត សំងំគេងលក់បាត់ភ្លេចរឿងខកបំណងមិនបានបន់ទេពច្យុត។
      ម៉ោង១០ព្រឹក ទេសចរណ៍ក្រុមតូចពីយប់មិញកំពុងរៀបចំ
      ចេញដំណើរមកភ្នំពេញវិញ៖
    • លាហើយក្រុងព្រះសីហនុ! លាហើយសមុទ្រ! ជួបគ្នា ឆាប់ៗទៀតណា!(សំឡេងស្រែករបស់វីរិយ៉ាពីមុខទ្វារឡាន)
    • មិនដឹងស្អីទេ! មិនព្រមដាច់អាល័យសោះ ចូលឡានទៅ! (រីណាបង្អាប់មិត្ត)។
    • វីរិយ៉ា បើចូលចិត្តសមុទ្រម្ល៉ឹងៗ ប្តូរមករស់នៅទីនេះវិញទៅ! (វិមន្ត)។
    • ទេ! ទេ! មិនបានទេ! បានអ្នកណាជួយធ្វើការខ្ញុំ? (Bryant ខំតសម្តី)
    • អ្នកទាំងអស់គ្នាកុំបានសម្តីពេក! ខ្ញុំមិនអស់ចិត្តរឿងទេពច្យុតយប់មិញផង។ (វីរិយ៉ា)
    • មានទេពច្យុតមែនឬវីរិយ៉ា? (Bryantសួរបញ្ជាក់)
    • គឺមានមែនណា Bryant ។(រីណា)
    • តែអ្នកចាំទេពច្យុតគេងលក់បាត់ទៅហើយ (វិមន្តបន្ទរ)
      អ្នកទាំងបីសើចនឹងពាក្យចុងក្រោយរបស់វិមន្តចំអកឱ្យស្រីតូចដែលកំពុងអង្គុយធ្វើមុខស្អុយ។
      ដំណើរពីក្រុងព្រះសីហនុត្រឡប់ទៅភ្នំពេញវិញ នៅក្នុង
      ឡានអ្នកទាំងបួនតែងមានប្រធានបទសន្ទនាមិនឈប់ឈរ
      ឡានតូចក្នុងល្បើនលឿនគួរសម មិនយូរប៉ុន្មានបានមកដល់
      គោលដៅ។ Bryant ដោយមានកិច្ចការបន្ទាន់ក៏ជាអ្នក
      ចុះមុន នៅសល់រីណានិងវីរិយ៉ាដែលវិមន្តត្រូវជូនទៅផ្ទះបន្ត។
    • ស្រីៗ! អ្នកណាមានការងារអ្វីបន្ទាន់ទៀត? (វិមន្តសួរ)
    • ខ្ញុំ! (វីរិយ៉ាឆ្លើយរហ័ស)
    • ឯងប្រញាប់ទៅណាវីរិយ៉ា? (រីណា)
    • គ្រាន់តែចង់ឱ្យឆាប់បានទៅផ្ទះហ្នឹងណា (វីរិយ៉ា)
    • តែនេះនៅជិតផ្ទះខ្ញុំជាងហ្នឹង? ម៉េចមិនឱ្យខ្ញុំចុះមុនទៅ? (រីណា)
    • មែនហើយវីរិយ៉ា! ចាំបាច់ខ្ញុំបត់ឡានចុះឡើងធ្វើអី? (វិមន្ត)
    • អ៊ីចឹងចាំបាច់សួរដែរ? (វីរិយ៉ាឆ្លើយបែបងរង៉ក់)
      វិមន្តសើចហួសចិត្តបន្តិច នាយបត់ចង្កូតឡានសំដៅទៅផ្ទះរីណាដែលមិនឆ្ងាយប៉ុន្មានពីខុនដូBryant ស្នាក់នៅ។
    • នែ៎នាងតូច! កុំងរង៉ក់ខ្លាំងពេក ទុកកម្លាំងធ្វើការស្អែកផង ខ្ញុំដល់ផ្ទះមុនហើយណា។ (រីណា)
    • គ្មានងរស្អីទេ! ចេះតែថាឱ្យខ្ញុំហើយ ឯងសម្រាកទៅ
      ស្អែកជួបគ្នា (វីរិយ៉ា)
    • អរគុណហើយវិមន្តដែលខំជូន! ស្អែកជួបគ្នាណាទាំង
      ពីរនាក់! (រីណានិយាយលាទៅមិត្តទាំងដៃបើកទ្វារឡានចុះចេញទៅ)
    • ជាកាតព្វកិច្ចរបស់សុភាពបុរសទេរីណា! ហេហេ… ស្អែកជួបគ្នា។ (វិមន្តក្លែមពាក្យរបៀបខិល)
    • ឆ្អើមណាស់សុភាពបុរស! ជូនខ្ញុំដល់ផ្ទះឱ្យលឿនទៅ! (វីរិយ៉ានិយាយស៊កឱ្យវិមន្តស្របពេលនាយកំពុងបង្វិលចង្កូតឡានចេញពីផ្ទះរីណា)
    • ឆ្អើមខ្ញុំផងឬស្រីតូច? មិនទាន់ចង់ជូនទៅផ្ទះទេ! ចង់នាំទៅញុំាអីបន្ត (វិមន្ត)
    • យី! ម៉េចមិនជូន? មិនចង់ញុំាទេទៅផ្ទះទៅ! (វីរិយ៉ា)
    • បើអ៊ីចឹងប្រាប់មក! ហេតុអ្វីយប់មិញមិនតបសារ? (វិមន្ត)
    • គេងលក់ហ្នឹងណា។ (វីរិយ៉ាឆ្លើយទាំងអឹមអៀននាងឱនមុខចុះដៃកេះក្រចក)
      អាចយល់ការវិមន្តរាដៃវែកសក់ឱ្យស្រី នាងតូចងើបមើលមុខមិត្តកំលោះជាមួយកែវភ្នែកចម្លែក មិនចង់បង្អូសពេលទៀតវិមន្តដូចជាចង់ចាប់ផ្តើមមនោសញ្ចេតនាអ្វីជាមួយស្រីតូចក្រមិចក្រមើមម្នាក់នេះ នាយចាប់ដៃវីរិយ៉ាអង្អែលថ្នមៗ រៀបហ្នឹងនិយាយ តែត្រូវនាងតូចដកដៃមកវិញយ៉ាងលឿន
      ព្រមសម្ដី៖
    • នែ៎ ប្រយ័ត្នខុសផ្លូវ! (វីរិយ៉ា)
    • ពិតជាអត់ចង់ទៅញុំាអ្វីបន្តិចសិនមែន? (វិមន្តសួររបៀបតេស្តចិត្ត)
    • អត់ទេ! ចង់ទៅផ្ទះ! ហត់ណាស់ណា! (វីរិយ៉ា ស្ទើរអៀនស្ទើរខឹង)
    • ដាច់ចិត្តណាស់ស្រីតូច! ដល់ផ្ទះហើយចុះទៅអ្នកនាង (វិមន្តឌឺ)
    • យើស! ដេញខ្ញុំផង ទៅហើយមិនបាច់ដេញទេ! (វីរិយ៉ាតបទាំងង៉ក់ងរ ចុះពីឡានធ្វើមិនដឹង)
      វិមន្តសើចហួសចិត្តនឹងចរិតក្មេងខ្ចីរបស់វីរិយ៉ា នាយបើកកញ្ចក់ទ្វារឡាននិយាយទៅនាង មុននាងដើរចូលផ្ទះ៖
    • វីរិយ៉ា បើមិនញ៉ោះខ្លះ មិនព្រមបញ្ចេញចរិតគួរឱ្យស្រលាញ់ឱ្យគេឃើញទេ
      វីរិយ៉ាសែនក្នាញ់អ្នកកំលោះ នាងឈរសម្លក់មួយភ្លែត
      ហើយចូលផ្ទះបាត់ទៅ។ វិមន្តក្រោយអង្គុយសម្លឹងទ្វារផ្ទះកូន
      ក្រមុំគេមួយសន្ទុះទើបបើកឡានចេញទៅ។

ជំហានទីមួយ

កាន់ទូរស័ព្ទចុចចុះឡើងបន្តិចក៏ដាក់ចុះ បន្តិចក៏លើក​កាន់​ ហើយក៏ដាក់ចុះវិញ មួយសន្ទុះក៏មានសំឡេងសារមួយ​ផ្ញើមក ធ្វើឱ្យវិមន្តសើចស្រស់លើកទូរស័ព្ទចុចសារអាន។
– វិមន្តគេងនៅ? ហត់ណាស់ហើយមែនទេ? បើកឡាន​​ពេញមួយថ្ងៃគួរតែហត់ហើយ។ ឆាប់គេងទៅណា៎ ស្អែកត្រូវ​ធ្វើការ សុបិនល្អ! ស្អែកជួបគ្នា។ អ្នកកំលោះអានសារទាំងមុខមិនសូវសមបំណង។
– អរគុណរីណា សុបិនល្អដូចគ្នា ស្អែកជួបគ្នាណា៎!
ដាក់ទូរស័ព្ទចុះវិញដើរទៅបើកទូទឹកកក   យកទឹកមក​ក្រេប​បន្តិច សំឡេងសារមកមួយទៀតរោទ៍ឡើង។  នាយដូច​ជាលែងអើពើ ដើរមកបើកកុំព្យូទ័រឆែកអ៊ីមែលមើលការងារ​ខ្លះៗ ឃើញអ៊ីមែលរបស់ Bryant ផ្ញើរូបថតនៅសមុទ្រឱ្យពួក​គេ។ នាយនិយាយម្នាក់ឯងតិចៗ “សមជាមេមែន! លឿនណាស់ Bryant!”​ វិមន្តអង្គុយមើលរូបថតដែលគេចូលចិត្តខ្លាំងជាងគេនោះ ជារូបមួយដែល Bryant ថតពេលគេកំពុងអៀវស្រីតូច វីរិយ៉ាមានទាំងរីណាជាអ្នកជួយកាន់ស្បែកជើងនោះផង នាយសើចគ្រវីក្បាលនឹកឃើញកាយវិការដែលគួរឱ្យស្រលាញ់របស់ ​វីរិយ៉ា។ ស្ទុះស្ទាទៅយកទូរស័ព្ទ​បំណងចង់ចម្លងរូបនេះបញ្ចូល។  ចាប់ទូរស័ព្ទកាន់ ចុចឆែកសារដែលផ្ញើមកជាយូរភ្លាត់ម៉ាត់ “ហ្អ៎ា!ស្រីតូចទេ? ព្រះអើយ យូរហើយមិនអានស្មានតែអ្នកផ្សេង!” 
– ថ្ងៃក្រោយកុំធ្វើអ៊ីចឹងទៀត។ វិមន្តញញឹមស្រស់តបសារទៅអ្នកនាងតូចវិញ៖
– ធ្វើអ្វី? និយាយដូចគ្មានមនោសញ្ចេតនាសោះ
– រយលានឆ្នាំហើយទើបមកឆ្លើយ! គេងទៅយប់ហើយ។
– ឈប់! ឈប់សិន! និយាយគ្នាបន្តិចទៅស្រីតូច។
– មានអ្វីចង់និយាយ? ចាំស្អែកទៅ គេងហើយ។
– មិនចង់គេងទេ  ចង់និយាយគ្នាពីរបីម៉ាត់សិនណា?     វីរិយ៉ាព្រះនាងតូចរបស់ខ្ញុំអើយ! អ្នកទទួលសារមិនខ្ចីឆ្លើយ  ធ្វើចិត្តរឹងតែគេងញញឹមរហូតលង់លក់ ឯអ្នកផ្ញើសារអង្គុយចាំគេយូរទៅកាន់តែយូរទៅ​ ដឹងច្បាស់ថាគេចិត្តដាច់ទៀតហើយ ក៏រៀបចំគេងឱបទូរស័ព្ទមើលរូបថតជាទីស្រលាញ់រហូតលង់លក់ដែរ។ ព្រឹកថ្ងៃចន្ទដ៏រវល់មនុស្សម្នារត់ចុះឡើងក្នុងការិយាល័យ​ម្នាក់ៗកំពុងយកចិត្តទុកដាក់លើកិច្ចការរៀងៗខ្លួន។ នៅក្នុងបន្ទប់ធ្វើការរបស់ Bryant មានវីរិយ៉ាកំពុងឈរតវ៉ា៖
     – តែខ្ញុំបានណាត់គាត់រួចហើយ គាត់ជាមនុស្សពិបាកណាត់​ជួបណាស់ Bryant កុំលើកការណាត់នេះបានទេ?
     – តែខ្ញុំមានប្រជុំបន្ទាន់។
     – តែគាត់ជាភ្ញៀវសំខាន់ណា៎!
     – ស្រីតូច! ឥឡូវហ៊ានទៅម្នាក់ឯងទេ? ខ្ញុំឱ្យសិទ្ធិទៅនាង មកនេះខ្ញុំបង្រៀនរបៀបគិតតម្លៃ ហើយនាងតូចអាចសម្រេចចិត្តបានហើយ។  វីរិយ៉ាធ្វើមុខស្ទាក់ស្ទើរ តែដើរទៅជិតទទួលការពន្យល់របស់ Bryant យ៉ាងយកចិត្តទុកដាក់ សៀវភៅតូចមួយកត់ត្រាយ៉ាងប្រយ័ត្ន។
     – Bryant! ខ្ញុំយល់ហើយតែដូចជាស្ទាក់ស្ទើរណាស់ បើមិន​ច្បាស់អ្វី ឱ្យខ្ញុំខលមកបានទេ?
– យើងអាចផ្ញើសារបាន ព្រោះខ្ញុំមានប្រជុំមិនគួរនិយាយទូរស័ព្ទទេ។
– ច៎ា! (ជាមួយទឹកមុខភ័យៗ)
– កុំបារម្ភពេក! វីរិយ៉ាអាចធ្វើបាន!
– តែគាត់ជាភ្ញៀវធំណាស់ បើបាត់បង់ខ្ញុំមុខតែស្តាយខ្លាំងណាស់។
– រឿងអ្វីក៏មានលើកទី១ដែរ ធ្វើឱ្យបានទៅ! ខ្ញុំដល់ម៉ោងហើយ នាងទៅចុះ!
វីរិយ៉ាមានកាយវិកាប្រញាប់ប្រញាល់រៀបចំឯកសារ និង កុំព្យូទ័រយួរដៃដើរយ៉ាងលឿនសំដៅទៅឡាន ជួបជាមួយវិមន្ត ខំញញឹមស្ញាញទៅរកនាង៖
– ទៅណាលឿនម្ល៉េះស្រីតូច?
– កុំសួរ រវល់ណាស់!
អ្នកនាងវីរិយ៉ាបើកទ្វារឡានចូល ហើយបើកឡានចេញទៅយ៉ាងលឿន វិមន្តមិនប្រកាន់នឹងកាយវិការនេះដែរ ព្រោះគេស្គាល់ចរិតនាងទៅហើយ។ នាយដើរចូលទៅក្នុងការិយាល័យ
សំដៅទៅរករីណាដែលកំពុងផ្តោតអារម្មណ៍ធ្វើរបាយការណ៍៖
– វីរិយ៉ាមិនដឹងមានភ្ញៀវសំខាន់ប៉ុនណាទេ ប្រញាប់ដល់ហើយសួរមួយម៉ាត់មិនឆ្លើយផង!
– នាងតូចហ្នឹងឱ្យតែដល់ម៉ោងធ្វើការគេមិនខ្វល់មិត្តភក្ដិស្អីទេ ការងារជាជីវិតនាងហើយ តែរីណាជាមិត្តល្អរបស់នាង ហេតុអ្វីមិនដូចគ្នា?
– ខ្ញុំមានបេះដូងណា៎! ធ្វើមិនដូចនាងតូចនោះទេ!
– ហាសហា វីរិយ៉ាគ្មានបេះដូងទេ?
– ប្រហែលហើយ នាងប្រគល់ឱ្យសមុទ្រអស់ហើយ ហាសហា…! វិមន្តក៏ជាមិត្តល្អរបស់នាងដែរ មកសួរខ្ញុំទៅកើតដែរ!
– ដឹងពីនាងមិនដល់រីណាឯណា! ហើយកំពុងធ្វើអ្វីនេះ?
– ធ្វើការណា៎! របាយការណ៍នេះធ្វើមិនចប់សោះ គង់តែ Bryant បន្ទោសទៀតហើយ មិនដឹងធ្វើយ៉ាងម៉េចឱ្យពូកែដូចនាងតូចនោះទេ មិនចេះត្រូវមាត់សោះ។
– អ៊ីចឹងម៉េចមិនដកបេះដូងទៅផ្ញើនៅសមុទ្រដូចវីរិយ៉ា ដែរទៅ ហាសហា…!
– យី! វិមន្តនេះ ទៅៗ! ទំនេរដល់ហើយន៎!
– មិនទំនេរទេ មានរឿងត្រូវសួរ Bryant តែបើមិនព្រម
ចេញពីប្រជុំអ៊ីចឹងមិនដឹងសួរយ៉ាងម៉េចទេ!
– កុំចាំអី! ស្រីតូចទើបតែខឹង Bryant រឿងនេះហើយ ចង់ផ្អាកការណាត់ជាមួយភ្ញៀវធំរបស់នាង!
– ចប់ហើយអ៊ីចឹង អ្នកនាងជំនួយការជួយខ្ញុំផងទៅ!
– ស្អីអ៊ីចេះនេះ! ខ្ញុំមានសិទ្ធិអ្វី!
វិមន្តដើរទាំងអស់សង្ឃឹមទៅតុខ្លួនឯងបោកសៀវភៅតូចហ្នឹងដៃ បញ្ចេញកាយវិការបៀបតប់ប្រមល់ រីណាមិនខ្វល់គិតតែរវល់ជាមួយរបាយការណ៍របស់នាងដែលធ្វើមិនចប់ ម្នាក់ៗដូចជាលែងមានមនោសញ្ចេតនាក្នុងខ្លួនដូចកាល ទៅលេងសមុទ្រអស់។
វីរិយ៉ាឯណេះបើកឡានទៅដល់កន្លែងជួបភ្ញៀវសំខាន់នាងតូចភ័យអរ បារម្ភនឹងការណាត់ជួបមួយនេះ ណាមួយជាលើកទី១ ដែលជួបភ្ញៀវសំខាន់បែបនេះតែម្នាក់ឯងផងណាមួយខ្លាចមិនអាចជោគជ័យ តែនាងនៅតែត្រេកអរនឹងសិទ្ធិធំដែល Bryant បានប្រគល់ឱ្យនាងក្នុងគម្រោងមួយនេះ។ បើនាងធ្វើបាន នាងមិនដឹងមានមោទនភាពយ៉ាងណាទេ។ ភ្ញៀវសំខាន់រូបសង្ហាបានមកដល់៖
– សួស្ដីបាទ ខ្ញុំគឺបញ្ញវន្ត! ប្អូនជាវីរិយ៉ាឬ?
– ចា៎សួស្ដីបង គឺខ្ញុំ វីរិយ៉ា!
– សុំទោសណាដែលឱ្យចាំយូរ!
– មិនថ្វីទេបង!
បន្ទាប់ពីការប្តូរនាមប័ណ្ណអ្នកទាំងពីរនាក់បន្តចចារពិភាក្សានៅលើកុងត្រាដ៏សំខាន់មួយនេះ វីរិយ៉ាចាប់ផ្តើមបែកញើសតិចៗនៅក្នុងម៉ាស៊ីនត្រជាក់ ដែលមានសីតុណ្ហភាពត្រជាក់ល្មម មានម៉ាស៊ីនគិតលេខផង បើកសៀវភៅតូចរបស់នាងផង ដូចជារញីរញ័របន្តិចតែពោរពេញទៅដោយភាពក្លៀវក្លានៅលើកុងត្រាធំមួយនេះ។ បញ្ញវន្តដែលជាភ្ញៀវសំខាន់លើកពែងកាហ្វេក្រេបសម្លឹងមើលភាពសកម្មរបស់វីរិយ៉ាក្នុងការកោតសរសើរ ៖
– បង!ខ្ញុំគិតរួចហើយ បែបនេះពិបាកបន្តិចណា៎ ឥឡូវខ្ញុំជូនបងនូវលក្ខខណ្ឌមួយនេះវិញ បងមើលបន្តិចទៅ (នាងតូច បង្វែរកុំព្យូទ័រទៅបញ្ញវន្ត)។
– បើសិនជាអាចដូចខ្ញុំស្នើទៅប្រហែលស្រួលនិយាយគ្នាបន្តិចណាវីរិយ៉ា(នាយនិយាយបណ្តើរទទួលកុំព្យូទ័រពីនាងយកមកអានកុងត្រាយ៉ាងលម្អិត)។
វីរិយ៉ានិយាយផ្អែមនឹងគួរសម ដើម្បីបន្ទន់ចិត្តអតិថិជនធំ៖
– បង! នេះខ្ញុំពិតជាខំអស់ពីសមត្ថភាពហើយណា៎បង
(នាងតូចលើកកែវកាហ្វេក្រេបបន្តិចឱ្យបាត់ស្ងួតបំពង់ក) បងមើលលក្ខខណ្ឌដែលខ្ញុំផ្តល់នេះចុះ មិនខុសពីអ្វីដែលបងសុំប៉ុន្មានទេ មិនគួរបងស្ទាក់ស្ទើរទេបង។
បញ្ញវន្តញញឹមតែមិនតប ធ្វើឱ្យវីរិយ៉ាកាន់តែបុកពោះ ដៃដាក់លើភ្លៅលួចឆ្កឹះក្រចកមើលទំនងដូចជាអន្ទះសាខ្លាំងណាស់ មួយភ្លែតនាងលួចសម្លឹងមើលភ្ញៀវកំលោះទាំងមិនទុកចិត្តខ្លួនឯង តែបានត្រឹមតែអង្គុយញញឹមតិចៗយ៉ាងគួរសមរង់ចាំការឆ្លើយតបពីបញ្ញវន្ត។ អានកុងត្រាចប់ អ្នក កំលោះមិនផ្លាស់ប្តូរទឹកមុខឱ្យវីរិយ៉ាបានទុកចិត្តសោះ នាយបង្វែរកុំព្យូទ័រទៅស្រីឱ្យតូចយើងវិញ។ វីរិយ៉ាទទួលទាំងកែវភ្នែកអន្ទះសាតែមិនសួរអ្វីសោះ ព្រោះចង់លាក់អារម្មណ៍ខ្លះកុំឱ្យអ្នកកំលោះនោះបញ្ចេញអំនួតជាភ្ញៀវធំខ្លាំងជាងនេះ ទៀត។ អ្នកកំលោះលើកដៃមើលនាឡិកាស្តីទៅវីរិយ៉ា៖
– ដល់ម៉ោងបាយល្មម តោះ! ឱ្យខ្ញុំអញ្ជើញវីរិយ៉ាទៅញុំាបាយមួយពេលសិនណ៎ា ទៅនិយាយគ្នាបន្តនៅតុបាយទៀតទៅ!
វីរិយ៉ាទាំងទឹកមុខស្ទាក់ស្ទើររៀបចំឯកសារទៅតាមសំណើ
របស់បញ្ញវន្ត អ្នកកំលោះបើកទ្វារបន្ទប់ប្រជុំជូននាងតូចតាមលក្ខណៈសុភាពបុរស។
– យើងទៅហាងបាយជិតនេះចុះណា
– ឯណាក៏បានដែរ តែខ្ញុំបើកឡានមកដែរ។
បញ្ញវន្តតបបែបខិល៖
– អ៊ីចឹងសុំដោយសារទៅផងខ្ជិលបើកឡានខ្លួនឯង។
វីរិយ៉ាឆ្លើយគួរសម៖
– មិនថ្វីទេបង។
ដល់ឡានល្មម នាងតូចចុចបញ្ជាដោះសោពីចម្ងាយ ភ្ញៀវកំលោះបើកទ្វារឡានជូនវីរិយ៉ាចូលកាន់ចង្កូត ហើយដើរទៅចូលអង្គុយនៅកៅអីខាងមុខម្ខាងទៀត។
– សុំទោសបង ឡានមនុស្សស្រីសុំាញុំាបន្តិចហើយ ។
– មានឯណា! ឡានមនុស្សប្រុសខ្ជិលដូចខ្ញុំនេះទើបមិនហ៊ានឱ្យវីរិយ៉ាឃើញ រកកៅអីទំនេរមិនមានទេ ហេហេ…!
វីរិយ៉ាមិនតបគ្រាន់តែញញឹមរួចបង្វិលចង្កូតចេញទៅបញ្ញវន្តជាអ្នកប្រាប់ផ្លូវរហូតដល់ភោជនីយដ្ឋានបារាំងមួយដែលពោរពេញទៅដោយអ្នកមុខមានជំនួញធំៗនៅទីនោះជួបជុំពិភាក្សាក្នុងតុអាហារ។ មានអ្នកបម្រើទាញកៅអីជូនស្រីតូចអង្គុយរៀបចំឥរិយាបថ តែក្នុងចិត្តសែនអន្ទះសា ចង់សួរឱ្យច្បាស់ណាស់ថាព្រម ឬមិនព្រម នាងខ្លាចតែចាញ់គម្រោងធំមួយនេះទេ។
លើកទឹកត្រជាក់ក្រេបបន្តិច ភ្ញៀវកំលោះស្តីទៅវីរិយ៉ាយ៉ាងគួរសម៖
– កុំខ្លាចចិត្តណា ចង់ញុំាអ្វីក៏ហៅទៅ នៅទីនេះខ្ញុំណែនាំឱ្យញុំាស្ដេកសាច់គោអ៊ីតាលីចុះ!
វីរិយ៉ាញញឹមទាំងត្រូវចិត្ត៖
– ជាចំណូលចិត្តខ្ញុំហើយ!
– អ៊ីចឹងចាប់អារម្មណ៍ថែមស្រាក្រហមទៀតទេ?
– អត់ទេ! មិនអាចទេបង ថ្ងៃពេកហើយ!
អ្នកទាំងពីរសើចររបៀបហួសចិត្តរៀងខ្លួន។
– យកស៊ុបបន្លែផងទៅវីរិយ៉ា!
– អ៊ីចឹងខ្ញុំសូមស៊ុបផ្ទីចុះ!
បញ្ញវន្តបែរទៅនិយាយជាមួយអ្នកបម្រើក្នុងហាង ៖
– អូនកត់ទៅ! យកស្ដេកអ៊ីតាលី២ ស៊ុបផ្ទី២ សាឡាដ១
រួចការកុម្មង់នាយបែរទៅនិយាយជាមួយវីរិយ៉ាវិញ។
– វីរិយ៉ាមានអ្វីបន្ថែមទៀតទេ?
– ដូចជាអត់ទេបង!
– បងស្រី បងប្រុសតើមិនត្រូវការកុម្មង់ភេសជ្ជៈទេ?(អ្នកបម្រើ)។
– វីរិយ៉ាទឹកផ្លែឈើស្រស់យ៉ាងម៉េចដែរ? (បញ្ញវន្ត)
– អ៊ីចឹងខ្ញុំសុំទឹកការុតចុះ! (វីរិយ៉ា)
– យី! ស្រលាញ់សុខភាពណាស់វីរិយ៉ា (នាយបន្តទៅអ្នកបម្រើ) អូនយកតាមហ្នឹងទៅហើយថែមទឹកម្នាស់ឱ្យបងផង។
អ្នកបម្រើកត់ត្រារួចរាល់ដើរចេញទៅ ភ្ញៀវមួយគូនេះមានការនិយាយឆ្លើយឆ្លងដោយទាល់តែបញ្ញវន្តជាអ្នកផ្តើម។អាហារលើកដាក់ពេញលើតុ បញ្ញវន្តជាសុភាពបុរសតែងបម្រើសេវាដល់វីរិយ៉ាយ៉ាងគាប់ចិត្ត តែនាងតូចគ្មានអារម្មណ៍ដឹងរសជាតិជាមួយម្ហូបទាំងនេះទេ បញ្ញវន្តដឹងចិត្តតាមរយៈកែវភ្នែវស្រី៖
– វីរិយ៉ាមិនឱ្យខ្ញុំញុំាបាយបានស្រួលសោះ (បញ្ញវន្ត)
វីរិយ៉ាចងចិញ្ចើមធ្វើមុខឆ្ងល់ អ្នកកំលោះយកកុងត្រាមកស៊ីញេលើតុបាយហុចឱ្យទៅនាង ស្រីតូចសើចស្ញាញទម្លាក់កាំបិតសមចុះ ទទួលកុងត្រាពីភ្ញៀវសំខាន់មើលស្នាម ហត្ថលេខាទាំងញញឹមពេញចិត្តយ៉ាងខ្លាំង។
– មានចិត្តញុំាអាហារមួយពេលឱ្យឆ្ញាញ់បាន ឬនៅវីរិយ៉ា?
នាងតូចញញឹមតែមិនស្តីឱនមុខញុំាស្ដេកសាច់គោដ៏មានរសជាតិរបស់នាង។ កំលោះបញ្ញវន្តមិនអស់ចិត្តពោលបន្ត៖
– គ្រាន់តែឱ្យខ្ញុំទទួលបានស្នាមញញឹមដ៏ស្មោះត្រង់ក្នុងអាហារថ្ងៃកំណើតក៏មិនបានដែរ។
វីរិយ៉ារបៀបភ្ញាក់ផ្អើល នាងសម្លឹងទៅបញ្ញវន្តទាំងឆ្ងល់៖
– ហេតុអ្វីបងមិនមានណាត់ពិសេសជាមួយមនុស្សពិសេសឬគ្រួសារ?
– បើមានមិនចាំបាច់មកញុំាបាយជាមួយមនុស្សទើបជួបគ្នាលើកទី១ដូចជាវីរិយ៉ានេះទេ។ គ្មានចិត្តចង់បានមិត្តភាពជាមួយខ្ញុំទេ គិតតែរឿងការងារពេកហើយ។
– អត់ទេ! អត់ទេបង! កុំនិយាយអ៊ីចឹង ខ្ញុំគិតមិនដល់នោះទេថាខ្ញុំមានឱកាសចូលរួមថ្ងៃសំខាន់ម្ល៉ឹងរបស់បង ធម្មតាថ្ងៃនេះគឺសម្រាប់តែអ្នកពិសេសហ្នឹងណា។
– ហ្នឹងហើយ ព្រោះខ្ញុំមិនមានទើបរកជំនួយពីវីរិយ៉ា ដឹងអ្វីនាងគិតតែរឿងការងារ!
– សុំទោសបង កុំប្រកាន់ខ្ញុំអ្វី ការងារជាជីវិតខ្ញុំហើយ។
– អនាគតទៅ មិនអាចធ្វើប្រពន្ធល្អបានទេ វីរិយ៉ា!
– តែអាចធ្វើអ្នកជំនួញដ៏ល្អម្នាក់! ជាមនុស្សស្រីដ៏អស្ចារ្យ!
វីរិយ៉ាតបបែបមិនខ្វល់។ បញ្ញវន្តគ្រវីក្បាលលែងស្តី អ្នកទាំងពីរបន្តអាហារថ្ងៃត្រង់ដោយរីករាយ។ បែរមកមិត្តទាំងពីររបស់វីរិយ៉ាបាត់នាងមួយព្រឹកតើពួកគេមានរកនាងទេ? រីណាដើរកាន់កាហ្វេទឹកកកមួយកែវចូលអង្គុយនៅតុនាងហើយនិយាយទៅវិមន្តដែលកាន់កាហ្វេក្តៅពីរកែវ ទំនងអ្នកទាំង២ទើបមកពីញុំាបាយថ្ងៃត្រង់។ នែ៎វិមន្ត! វីរិយ៉ាបាត់ឈឹងតែម្តងហើយ ភ្ញៀវធំនោះលេបនាងបាត់ហើយដឹង? (រីណា) ហាសហា នាងតូចរបស់យើងនេះតូចតែខ្លួនទេ ចិត្តមិនតូចទេ គ្មានអ្នកណាធ្វើអ្វីនាងបានទេ។ (វិមន្ត) នេះវិមន្តឯងខំកាន់កាហ្វេមកឱ្យនាង មិនដឹងនាងបានញុំា ឬអត់ផង អ្នកស្រីរវល់នោះមុខតែទុកកាហ្វេវិមន្តឯងចោលឱ្យត្រជាក់ ដូចលើកមុនអ៊ីចឹង! (រីណា)
លេចរូបវីរិយ៉ាមួយពព្រិចភ្នែកដើរចូលមក រួចនិយាយទៅកាន់មិត្ត៖ អ្នកណានិយាយដើមខ្ញុំ? អ្នកណាថាខ្ញុំទុកកាហ្វេប្រុសសង្ហាម្នាក់នេះចោលទៀត? កាហ្វេនេះឆ្ញាញ់ជាងកាហ្វេណាៗទាំងអស់ ព្រោះបានដៃវិមន្តនេះកាន់មកទាំងទឹកចិត្តណា៎! និយាយចប់មិនទាន់ វីរិយ៉ាលើកកាហ្វេក្រេបដោយទឹកមុខយ៉ាងមានក្តីសុខ។
– អីយ៉ា! សម្តីផ្អែមណាស់វីរិយ៉ា! កុំចង់បន្ទន់បេះដូង កំលោះខ្ញុំនេះណា! (វិមន្តតបទាំងញញឹមបិទមាត់មិនជិត)។
– មើលទៅរីករាយយ៉ាងនេះ មុខតែមានដំណឹងល្អហើយអ្នកនាង! (រីណានិយាយទៅមិត្តសម្លាញ់)។
– បេះដូងកំលោះម្នាក់នោះទន់ស្រាប់ហើយទេដឹងវិមន្ត?(ជាសំឡេងរបស់ Bryant ចេញពីក្នុងបន្ទប់ការិយាល័យរបស់គេ)។
– យី Bryant មិនទាន់ទៅញុំាបាយទេ? (រីណាសួរទាំងឆ្ងល់)។
– ទៅឯណាបើទើបតែរំសាយប្រជុំមិញហ្នឹង (Bryant តបទៅជំនួយការ)។
– រីណាដាក់ពែងកាហ្វេចុះលើកទូរស័ព្ទចុចទៅផ្នែកសម្អាត
ឱ្យមករៀបចំបន្ទប់ប្រជុំ។
វិមន្តដើរទៅក្បែរ Bryant ទះស្មាមនុស្សដែលនាយគោរពដូចជាបងប្រុសនិងមិត្តល្អផងតិចៗរួចពោល៖
– លោកប្រធានកុំបង្អាប់ខ្ញុំពេក អ្នកនាងវីរិយ៉ានេះខ្ញុំហក់មិនដល់ទេ។
សម្លឹងទៅវីរិយ៉ាចង់ដឹងសកម្មភាពរបស់នាងបន្ទាប់ពីឮពាក្យរបស់គេ។ វីរិយ៉ាមិនបានចាប់អារម្មណ៍អ្នកណាក្លែមពាក្យឱ្យនាងទេ ដកឯកសារចេញពីកាបូបរត់ឆ្លេទៅ Bryant
– តែន! តែន! តែន… ឃើញទេ? ជោគជ័យ! ជោគជ័យធំណាស់ Bryant ខ្ញុំសប្បាយចិត្តណាស់ណា៎!
– អីយ៉ានាងតូច! ធ្វើការធំបានហើយ! គ្រាន់បើណាស់ ខ្ញុំទុកចិត្តនាងមិនខុសមែនវីរិយ៉ា! ជិតជំនួសខ្ញុំបានហើយណា (Bryant អបអរនឹងជ័យជម្នះធំរបស់វីរិយ៉ា)
– អស្ចារ្យមែនវីរិយ៉ា! អបអរសាទរ (វិមន្តសម្តែងការរីករាយទៅនាង)
– អ៊ីចឹងកាហ្វេវិមន្តថ្ងៃនេះមានរសជាតិក៏ដោយសារតែកុងត្រាមួយនេះទេ (រីណាឌឺឱ្យវិមន្ត)
អ្នកទាំងអស់គ្នាបង្ហាញភាពរីករាយពីជោគជ័យធំរបស់វីរិយ៉ា។
វីរិយ៉ាជានារីដែលពូកែខ្លាំងក្នុងសកម្មភាពការងារ បន្ទាប់ពី
សម្រេចការងារធំមួយនេះមក Bryant តែងផ្តល់សិទ្ធិឱ្យនាង
ច្រើនជាងមុន វីរិយ៉ាកាន់តែមានទំនុកចិត្តក្នុងការជួបប្រជុំ ជាមួយអតិថិជនធំៗឯទៀត ហើយនាងបានសម្រេចស្នាដៃយ៉ាងច្រើន។
ចង់អានបន្ត???

អ្នកអាចទំនាក់ទំនងទិញប្រលោមលោកវិថីជីវិត
តាមរយៈផ្នែកលក់នៅខាងក្រោម៖
ភ្នំពេញ៖ 096 2774271/ 010 989829/ 086 878278
សៀមរាប៖ 070 336236
កំពង់ឆ្នាំង៖ 093 919773/ 097 7820946
កំពង់ចាមៈ 069 753886

9 Comments

  1. ខ្ញុំបានអានសៀវភៅនេះចប់ហើយ។ ខ្ញុំជឿថាក្តីស្រមៃដែលមានគោលដៅច្បាស់លាស់ប្រាកដជានាំយើងទៅដល់កន្លែងដែលយើងចង់ទៅ។ តែជីវិតពិតមិនដូចប្រលោមលោក មិនមែនម្នាក់ៗសុទ្ធមានសំណាងទទួលបានការជ្រោមជ្រែងពីអ្នកដទៃគ្រប់ពេលដូចវិរិយា ហើយក៏មិនប្រាកដដែរថាមានមនុស្សប្រុសល្អអាចរង់ចាំមនុស្សស្រីម្នាក់រាប់ឆ្នាំ និង ចាំគាំទ្រនាងដោយស្ងៀមស្ងាត់ដូបបញ្ញវន្តដែរ។ ហិហិ

    1. បងស្រី ប្អូនស្រលាញ់បងស្រីណាស់ អរគុណសម្រាប់ការលះបង់ ចំណាយពេលវេលា និងចំណាយកម្លាំងចិត្តយ៉ាងខ្លាំងសម្បើមសម្រាប់ការស្រលាញ់និងក្តីអាណិតចំពោះអ្នករាល់គ្នា បងជាកម្លាំងចលករយ៉ាងសំខាន់នៅក្នុងដួងចិត្តអ្នកគ្រប់គ្នា .

  2. រីករាយដែលបានស្គាល់បង
    វិថីជីវិតបានបង្កប់សារអប់រំដែលមានន័យដ៏ល្អ
    ពេលអានក៏មានស្នាមញញឹមដោយមិនដឹងខ្លួន
    ចរឹតវីរិយ៉ា ឆន្ទះនាង គួរអោយសសើរ
    សំខាន់អ្នកនិពន្ធស្រស់ស្អាត

  3. វិថីជីវិត! អានហើយជាប់ចិត្តដូចនិទានព្រេង សាច់រឿងវែងឆ្ងាយបើយកសម្ដែង តែនេះថ្លាថ្លែងអត្តន័យលើសលប់។ សមុទ្រល្វឹងល្វើយគ្មានកោះគ្មានត្រើយ គ្មានទីបញ្ចប់ ឯមេឃវិញនោះសាយ៍ពណ៌ល្អល្អប់ ខៀវអើយអ្នកគ្របដណ្ដប់តួហើយ។ វីរិយ៉ារឹងមាំព្រោះចិត្តនាងស៊ាំទៅនឹងសមុទ្រ មហិច្ចតានាងធំព្រោះមេឃដណ្ដប់ នាងគ្មានថ្ងៃឈប់ចាប់ក្ដីស្រមៃ។…….វីរិយ៉ាមានសំណាងព្រោះខ្សែជីវិតនាងត្រូវបានរៀបរៀងដោយអ្នកនិពន្វ បន្តែជីវិតរបស់យើងជាអ្នកអានគ្មាននណាតាក់តែងទេ យើងត្រូវរៀបចំវាដោយខ្លួន ក៏អាចយកវីរិយ៉ាជាគំរូល្អ…..

  4. អរគុណដល់បងស្រី រតនា ខ្លាំងណាស់ ដែលតែងតែផុុុុុសអត្ថបទអប់រំលើកទឹកចិត្តដល់អ្នកគ្រប់គ្នាឱ្យបានរួមទាំងខ្ញុំផងដែរ។ ជាពិសេស ២វគ្គនៃសៀវភៅ វិថីជីវិត នេះ។ វីរិយ៉ានាងរឹងមាំខ្លាំងណាស់ ប៉ុន្ដែឈុតឆាកនៃជីវិតពិតមិនដូចតួនៅក្នុងប្រលោមលោកនោះទេ មានគ្រប់ស្ថានភាពមានគ្រប់រសជាតិនៃជីវិតដែលតម្រូវឱ្យយើងឆ្លងកាត់ និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើង។

  5. ខ្ញុំមានអារម្មណ៍ ថាកក់ក្ដៅណាស់ពេលបងបញ្ចេញតួបញ្ញវ័ន។ ព្រោះគេប្រៀបដូចជាខែលមួយដ៏រឹងមាំសម្រាប់វីរិយ៉ា។ មិនថានាងជួបបញ្ហាអ្វីក៏នាងនៅតែអាចញញឹមពេលនៅមុខប្រុសម្នាក់នេះ។ តែចង់ប្រាប់ថានាងរឹងមាំពេកហើយ នាងរឹងមាំរហូតស្ទើរតែបាត់បង់មនុស្សនៅក្បែរខ្លួន សូម្បីតែមនុស្សដែលស្រឡាញ់នាងជាងគេ។ សួរថានាងមានក្ដីសុខទេ តែខ្ញុំគិតថានាងអាចនឹងស្ដាយក្រោយមួយជីវិត បើនាងមិនដឹងខ្លួនទាន់ពេលនោះទេ។ខ្ញុំអរគូណបងណាស់ដែលចុងក្រោយបងបានសម្រេចចិត្តក្នុងការដែលធ្វើឱ្យវីរីយ៉ាវិលត្រឡប់ទៅស្វែងរកបេះដូងនាងវិញបាាាន។

  6. សៀវភៅប្រលោមលោក វិថីជិវិត ស្នាដៃរបស់បងស្រី អ្នកនិពន្ធ ជា សៀវភៅ ទី០១ ដែលខ្ញុំ អានហើយទទួលបាននៅការគិត ការសំរេចចិត្ត ថ្មីៗជាច្រើន សំរាប់យកមកអនុវត្តន៍ក្នុងជិវិតប្រចាំថ្ងៃ។អ្នកនិពន្ធបានចំណាយពេលវេលាជាមួយបេះដូង ដើម្បី ចង់ក្រងសៀវភៅ ដ៍មានតំលៃមួយនេះអោយ លេចជារូបរាងទ្បើង ។ខ្ញុំសង្ឈឹម ថា អ្នកអានគ្រប់គ្នានិងទទួលបាននៅអារម្មណ៍វិជ្ជមានច្រើន បន្ទាប់ពីអានចប់សៀវភៅវិថីជិវិត។ដោយក្តីស្រលាញ់។❤️❤️ ពី BK Kimleang

    1. វិថីជីវិត… មិនមែនជាសៀវភៅប្រលោមលោកទីមួយដែលខ្ញុំបានអាន តែជាសៀវភៅប្រលោមលោកទីមួយដែលទាញខ្ញុំឲ្យត្រឡប់មកអានរឿងប្រលោមលោកវិញ។ ចែវីរិយ៉ាបានបង្រៀនឲ្យខ្ញុំក្លាយជាមនុស្សរឹងមាំ ឯករាជ្យ មិនបោះបង់ចោលក្ដីស្រម៉ៃ រៀនចាប់យកឱកាស… អានហើយចង់ពូកែដូចគាត់ រិតតែចង់មានបុរសពូកែដូចប្រុសសង្ហាបញ្ញវ័ននៅក្បែរៗថែមទៀត។ អរគុណវិថីជីវិត… អរគុណអ្នកនិពន្ធសំណព្វចិត្តដែលធ្វើឲ្យសៀវភៅមួយក្បាលនេះចេញជារូបរាងឡើង។❤️

Comments are closed.