ចូរអ្នកគិតដល់អារម្មណ៍មួយ នៅពេលដែលអ្នកដើរចូលទៅក្នុងបណ្ណាគាសៀវភៅ។
អ្នកចង់ជ្រើសរើសសៀវភៅមួយក្បាលដើម្បីអាន តើអ្នកនឹងជ្រើសរើសសៀវភៅមួយណា? មុននឹងធ្វើការជ្រើសរើសសៀវភៅដែលគេតាំងលក់នោះ ចូរអ្នកសួរខ្លួនឯងសិន តើអ្នកចូលចិត្តអានសៀវភៅប្រភេទណា? បើអ្នកចូលចិត្តអានសៀវភៅបែបប្រវត្តិសាស្រ្ត ចូលអ្នកកុំឈរនៅក្នុងតំបន់ដែលគេតាំងសៀវភៅប្រលោមលោកអី ព្រោះចំណងជើង និងគ្របសៀវភៅទាំងនេះអាចទាក់ចិត្តអ្នកឱ្យជ្រើសយកវាទៅដាក់តាំងនៅផ្ទះបាន។ ចូរអ្នកសួរអ្នកលក់ ឬមើលផែនទីទីតាំងនៅក្នុងហាងមួយនោះ ដើម្បីរកកន្លែងដែលគេដាក់លក់សៀវភៅប្រវិត្តិសាស្រ្តវិញទៅ។

ទៅដល់កន្លែងដាក់លក់សៀវភៅទាំងនោះហើយ ក៏មិនមានន័យថាអ្នកអាចចាប់យកសៀវភៅមួយក្បាលណាមកអានក៏បាននោះដែរ។ វាតម្រូវឱ្យអ្នកធ្វើការសាកសួរចិត្តខ្លួនឯងម្តងទៀត តើប្រវត្តិសាស្រ្តបែបណាដែលអ្នកចង់ដឹង?
ប្រវិត្តិសាស្រ្តនៅក្នុងលោកនេះមានច្រើនផ្នែកណាស់ ប្រវត្តិនៃប្រទេសនីមួយៗ ឬប្រវត្តិនៃបិតិកភ័ណ្ឌ ឬប្រវិត្តរបស់បុព្វបុរស ឬផ្សេងៗទៀត។
សួរពីកម្រិតនៃការយល់ដឹងរបស់ខ្លួនឯងផងដែលទាក់ទងនឹងការសិក្សាស្វែងយល់ពីប្រវត្តិទាំងនោះដែរ ដើម្បីធ្វើការជ្រើសរើសសៀវភៅណាដែលអ្នកនឹងចំណាយលុយទិញមកអានហើយមិនស្តាយលុយ។
សៀវភៅនីមួយៗមានការរៀបចំឡើងទៅតាមកម្រិតនៃការស្វែងយល់របស់អ្នកនិពន្ធ ប្រសិនបើកម្រិតទាំងនោះទាបឬខ្ពស់ជាងកម្រិតនៃការទទួលយករបស់អ្នកពេក អ្នកនឹងមិនស្តប់ស្កល់ពីគុណភាពរបស់សៀវភៅនោះទេ។

ដូច្នេះ ការជ្រើសរើសសៀវភៅសម្រាប់អាន មិនមែនគ្រាន់តែអានគ្រប ឬចំណងជើងហើយអ្នកអាចធ្វើការសម្រេចចិត្តបាននោះទេ។ មិនថាអ្នកចូលចិត្តអានសៀវភៅប្រភេទណា ប្រលោមលោកក្តី ទស្សនៈវិជ្ជាក្តី សៀវភៅនីមួយៗតែងមានកម្រិតរបស់វា បើអ្នកមិនច្បាស់លាស់ក្នុងការជ្រើសយកសៀវភៅដើម្បីអានដោយខ្លួនឯងទេ វាប្រៀបដូចជាអ្នកអត់មានសមត្ថភាពក្នុងការចាយលុយទិញសៀវភៅដូច្នេះដែរ។
អ្នកអានទាំងឡាយ ប្រសិនបើអ្នកនឹងចាប់សៀវភៅចំណេះដឹងមួយក្បាលមកអាន ចូរអ្នកអានមាតិការបស់សៀវភៅសិន ហើយជ្រើសយកមាតិកាណាមួយដែលអ្នកចាប់អារម្មណ៍មកអានពីរបីទំព័រសិន សឹមអ្នកសម្រេចចិត្តអាន។
