ដោះលែង!

ក្តីស្នេហាមានអត្ថន័យបត់បែនទៅតាមកាលៈទេសៈអារម្មណ៍នៃមនុស្សម្នាក់ៗ។

ប្រសិនបើអ្នកកំពុងតែជួបភាពផ្អែមល្ហែម ស្នេហាក៏មានន័យបានដូចទឹកអម្រឹត។ ប្រសិនបើអ្នកកំពុងតែរួតរឹតនឹងភាពឈឺចាប់ ស្នេហាក៏មានន័យបានដូចកាំបិតមុតស្រួចចាក់បេះដូងឱ្យឈឺរាល់ថ្ងៃ។ ប្រសិនបើអ្នកកំពុងបាត់បង់សេរីភាព ស្នេហាក៏មានន័យដូចខ្សែរចំណង!

ឱស្នេហា! អ្នកចងមិនព្រមស្រាយ តើអ្នកត្រូវគេចងនឹងពិបាកយ៉ាងណា? ស្នេហ៍គេម្នាក់ឯង មិនព្រមទទួលយកការបដិសេធន៍ មិនព្រមលែងដៃ មិនព្រមអស់ចិត្ត។ ចេះតែចង់តែបន្ត ចេះតែចង់ចាប់យកឱកាស ចេះតែរំពឹងថាវានឹងទៅរួច ហើយក៏មិនលែងឱ្យគេទៅ។

ស្នេហាអើយ! បើគេមិនស្រលាញ់អ្នក ហើយអ្នកនៅតែតោងទាមឱ្យគេនៅ វាប្រៀបដូចជាខ្សែរចំណងកម្មដែលនាំឱ្យចិត្តទាំងពីរនាក់រកាំគ្នាមិនចេះចប់។ អ្នកក៏ហត់ គេក៏ហត់ ពេលអ្នកឈឺគេមិនឈឺ តែគេធុញ។ ស្នេហាបែបនេះ មិនហៅថាស្រលាញ់តែចង់បាន។យកគេទៅធ្វើអី? បើបេះដូងគេមិនមានឱ្យអ្នក ការសម្លឹងរូបកាយគេនឹងក្លាយជាកាំបិតចាក់អ្នករាល់ថ្ងៃ។ គ្រប់កាយវិការរបស់គេ ចេតនាក្តី អចេតនាក្តី នឹងធ្វើឱ្យអ្នកឈឺជារឿយៗ..

តើគេស្រួលចិត្តទេ? គេក៏មិនស្រួលចិត្ត គេមិនចង់សាងកម្មនោះទេ តែគេទៅណាមិនបានព្រោះគេជាប់ចំណងចិត្តរបស់អ្នកនេះហើយ។

តែ! បើអ្នកឱ្យគេទៅ គេនឹងអរគុណ គេនឹងលែងបានសាងកម្មឱ្យអ្នក គេនឹងញញឹម។ ទោះអ្នកមិនទាន់ញញឹមបាន តែថ្ងៃមួយដែលអស់កម្មនឹងគ្នា អ្នកនិងគេនឹងញញឹមបានដូចគ្នា ហើយអាចញញឹមដាក់គ្នាក្នុងវេលាណាមួយ..

កុំ! មិនព្រមដោះលែងគេព្រោះខ្លាចបាត់បង់គេ ព្រោះអ្នកមិនធ្លាប់មានគេទេ។ ចិត្តគេមិនស្រលាញ់អ្នក បេះដូងគេមិនមែនកម្មសិទ្ធិរបស់អ្នកដែរ កាយវិការល្អៗទាំងឡាយដែលគេធ្វើ ឬធ្លាប់ធ្វើក៏មិនមែនដើម្បីអ្នកដែរ គ្រាន់តែដើម្បីភាពជាគេតែប៉ុណ្ណោះ។

លែងដៃគេទៅ! បើគេប្រាប់ហើយថាមិនស្រលាញ់ឱ្យគេទៅ ទៅ! បើគេប្រាប់ហើយថាគ្មានចិត្តជូតទឹកភ្នែក.. ប្រាប់ខ្លួនឯងទៅ បើយើងព្រមឱ្យគេទៅថ្ងៃនេះ ថ្ងៃក្រោយយើងនឹងមានឱកាសបានជួបក្តីស្នេហាពិត។

#ដោះលែង #អត្ថបទអ្នកនិពន្ធរតនា

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>