ផ្ដើមដោយសំណេរអក្ខរាឆ្លើយឆ្លងគ្នា ក្នុងសម័យគ.ស ២០០៣ បានត្រដាងពីភ្លើងស្នេហាសារភាព រវាងនាងក្រមុំឆោមស្រស់ល្អ ដែលហ៊ានរំលងវប្បធម៌អៀនខ្មាស សរសេរសំបុត្រផ្ញើទៅកាន់នាយកំលោះមានឋានៈជាមិត្តសម្លាញ់ម្នាក់ ក្រោមខ្លឹមសារនៃពាក្យថា “ខ្ញុំបាក់ចិត្តទៅលើអ្នក! ខ្ញុំស្រឡាញ់អ្នក”។
ឱអនិច្ចាអក្ខរាអប្រិយ! ក្រោយទទួលបានសំបុត្រត្រលប់ សបញ្ជាក់ពីការបដិសេធទឹកចិត្តស្មោះស្ម័គ្ររបស់ស្ងួនក្រមុំហើយ នាងបានសម្ពាយនូវក្ដីអៀនខ្មាសជាពន់ពេក លែងហ៊ានប្រឈមមុខនឹងគេ ស៊ូទ្រាំលាក់ខ្លួនក្នុងដែនងងឹត សង្ឃឹមថាខ្លួនអាចនឹងបំភ្លេចរូបកំលោះនោះបាន។ កាន់តែព្យាយាម ក៏កាន់តែមិនអាច! បេះដូងស្រែកសួរពីចម្ងាយ តើនាយធ្លាប់នឹកគិតដល់នួននារី ដែលស្រឡាញ់អ្នកដោយស្មោះម្នាក់នេះដែរទេ?
រងើកស្នេហាយុវជំទង់ក្មេងខ្ជី បានចាប់រង្គោះរង្គើរឡើងជាថ្មីម្ដងទៀត ក្រោយវាចាអក្ខរាសំបុត្ររបស់អ្នកកំលោះ បង្ហាញនួននាងយ៉ាងច្បាស់ថា “ខ្ញុំនឹកអ្នកគ្រប់ពេល! ប្រសិនបើខ្ញុំទុកអ្នកគ្រាន់តែជាមិត្ត ហេតុអ្វីចិត្តខ្ញុំត្រូវគិតខ្វល់ខ្វាយពីអ្នកដល់ម្លឹង? តាមពិតខ្ញុំក៏ស្រឡាញ់អ្នក ហើយក៏ស្រឡាញ់ជាយូរមកហើយដែរ”។ ក្ដីរំភើបមួយដែលមានមិនដល់ប៉ុន្មានថ្ងៃនោះ ក៏ក្លាយជាទុក្ខញ៉ាំញីចិន្តានាយកំលោះ ក្រោយបានទទួលសំបុត្រដែលបានបញ្ជាក់យ៉ាងច្បាស់ថា នាងត្រូវឃ្លាតឆ្ងាយ ក្នុងវេលាដ៏ខ្លីខាងមុខនេះហើយ។
ស្នេហាតាមសំបុត្រ ពិតមិនសមប្រកប ចុងក្រោយសុំត្រឹមតែជូនដំណើរឡើងយន្តហោះក៏អស់ចិត្ត បើទោះបីនួននារីមិនព្រមទទួលការសណ្ដោសប្រណី ធ្វើជាគូសង្សារក៏ដោយចុះ។ ឱ! ស្នេហា! បើមិនឆ្លងកាត់ឧបសគ្គខ្លះ វាគ្មានន័យអ្វីទេ តើពិតមែនទេ?
ឆាកនិទានសំបុត្រឆ្លងឆ្លើយ បានបញ្ជប់ទៅហើយ នៅឡើយដំណើររឿងរកាំរកូស មិនសមបំណងអ្នកអានអ្វីបន្តិចសោះ។ ប្រណីឲ្យអ្នកទាំងពីរជួបគ្នា មិនបានទេមែនទេ? ខ្ញុំសួរថា មិនបានទេឬអី? មែនហើយ! អ្នកនិពន្ធពិតជាចិត្តដាច់ណាស់។
សំណោកអនុស្សាវរីយ៍ ត្រដាងយ៉ាងច្បាស់ ថាអ្នកនិពន្ធគិតបែបណា ប្រសិនបើមានគូស្រករ ដែលតោងជាប់ស្អិតដោយអតីតកាល។ ព្រមទម្លាក់អំរែកនោះចោលបានទេ? ព្រមប្រគល់បេះដូងម្ខាងទៀតនោះ មកឲ្យខ្ញុំបានទេ?
សាច់រឿងបានច្រានអារម្មណ៍អ្នកអាន ញែកលែងដាច់ រវាងមនុស្សដែលយើងបានបាក់ចិត្តស្រឡាញ់អស់កាលជាយូរ ជាមួយនឹងមនុស្សដែលយើងបានសម្រេចចិត្ត សាងគ្រួសារជាមួយគ្នារួចទៅហើយ។ បើមានអំរែកសាកសពស្នេហាបែបនេះមែន ស្នាមញញឹមក្លែងក្លាយនោះ មិនសមនឹងប្រើជាមួយកូនយើងទេ។
ប៉ុន្មានវគ្គចុងក្រោយនៃឆាកនិទាននេះ សម្ដីអ្នកនិពន្ធពិតជាមុតស្រួច ចាក់ចំកណ្ដាលចំណុចរសើបរបស់គូស្វាមីភរិយាណា ដែលមានកូនចិត្ត នឹកគិតពីអតីតសង្សារ។ តើការរៀបការរបស់ពួកយើង គ្រាន់តែជាការបំភ្លេចសំណោកអនុស្សាវរីយ៍នោះ ឬយ៉ាងណា? តើវត្តមានរបស់ខ្ញុំ ជាចំណែកលើសនៃសាកសពស្នេហាមួយនោះមែនទេ?
និទានស្នេហារវាងអ្នកកំលោះ វិសេស ជាមួយនាងក្រមុំ ណារ័ត្ន ស្ថិតក្នុងសៀវភៅក្របពណ៌ស្វាយ ស្នាដៃ អ្នកនិពន្ធរតនា ចូលមកអន្ទោងអារម្មណ៍អ្នកអាន ឲ្យញញឹម លាយឡំទឹកភ្នែក នាំមកជូនជាពិសេសសម្រាប់អ្នកដែលមានអតីតកាលស្នេហា មិនទាន់ដាច់ស្រលះ។
យើងពិតជាអាចនឹកគិតពីអតីតកាលបាន តែយើងត្រលប់ទៅកាន់អតីតកាលម្ដងទៀតមិនបានឡើយ។
#សំណោកអនុស្សាវរីយ៍
#អ្នកនិពន្ធរតនា
Review – ធឿន វុទ្ធី (អត្ថបទរក្សាសិទ្ធិ)