ខ្ញុំឃើញព្រះអាទិត្យលិចនិងរះឡើងវិញជាប្រចាំ។ ព្រះអាទិត្យជះពន្លឺសាចដល់មនុស្សរូបដោយមិនរើសអើង។
តែខ្ញុំឃើញភាពរើសអើងរបស់មនុស្សចំពោះព្រះអាទិត្យទៅវិញទេ!
ជាច្រើនដងដែលខ្ញុំតែងនឹកដល់មនុស្សកំពុងទូលទុក្ខក្នុងបន្ទប់ងងឹតសូន្យ នៅពេលដែលខ្ញុំឃើញព្រះអាទិត្យរះ និងលិច។
ព្រះអាទិត្យស្អាតណាស់! តែអ្នកមានទុក្ខមិនចាប់អារម្មណ៍ទេ! ក្នុងចិត្តរបស់ពួកគាត់ចង់តែដួល មិនចង់ក្រោកមកទទួលថ្ងៃថ្មីវិញសោះ។ ខ្ញុំមិនដឹងទេថាគាត់បានដួលប៉ុន្មានដងមកហើយ តែខ្ញុំចង់ឱ្យគាត់សួរទៅព្រះអាទិត្យ តើព្រះអាទិត្យធ្លាប់លិចប៉ុន្មានដងហើយ? ព្រះអាទិត្យមានធ្លាប់បោះបង់លែងចង់ជះពន្លឺមកលើផែនដីនេះម្តងណាទេ?
ព្រះអាទិត្យរះរាល់ថ្ងៃ បើទោះជាត្រូវលិចទៅវិញនៅពេលល្ងាច បើទោះជាថ្ងៃខ្លះមានពពកខ្មៅបាំង មានភ្លៀង តែព្រះអាទិត្យមិនធ្លាប់ចុះចាញ់ទេ រាល់ពេលដែលថ្ងៃថ្មីមកដល់ព្រះអាទិត្យនៅតែខំរះ។
ជីវិតមនុស្សក៏ដូចគ្នា
អ្នកទទួលបានថ្ងៃថ្មីរាល់ថ្ងៃ បើទោះថ្ងៃខ្លះពិបាកក្រោកបន្តិច
ថ្ងៃខ្លះអួលអាប់បន្តិច បើខំតែក្រោករាល់ថ្ងៃដូចព្រះអាទិត្យ
គង់តែមានថ្ងៃអ្នកអាចជះពន្លឺបានដូចគ្នា។
កុំទន់ជ្រាយណា៎ រាល់ជីវិតតែងជួបបញ្ហា ថ្ងៃនេះស្រាយមិនទាន់បាន ខំព្យាយាមបន្តិចទៀត ថ្ងៃស្អែកលែងអីហើយ។
រឹងមាំណា៎! មនុស្សជាទីស្រលាញ់❤️
#អត្ថបទអ្នកនិពន្ធរតនា