ពេលវេលានៅម្នាក់ឯង
ជាពេលដែលអំណោយផលបំផុត ពេលនេះហើយដែលអ្នកមានឱកាសស្គាល់ខ្លួនឯងបានច្រើន និងមានឱកាសបានស្និទ្ធស្នាលជាមួយខ្លួនឯង។
ដូច្នេះអ្នកអាចសួរនាំខ្លួនឯងបានច្រើន
ថាតើអ្នកបានធ្វើអ្វីខ្លះហើយអ្វីទាំងនោះមានចំណុចណាខ្លះ គួរ ឬមិនគួរធ្វើ
ហើយអាចពន្យល់ប្រាប់ខ្លួនឯងថាតើគួរឬមិនគួរធ្វើអ្វីនៅពេលបន្ទាប់ ថ្ងៃនេះនិងថ្ងៃស្អែក
ឬថ្ងៃខាងមុខ។
ពេលវេលានេះហើយដែលអំណោយផលបំផុតដល់អ្នក
អ្នកអាចសម្លឹងមើលមនុស្សជុំវិញខ្លួនអ្នក
នៅក្នុងបរិយាកាសដែលអ្នកកំពុងអង្គុយតាំងនៅ មើលពីតថភាពរស់នៅរបស់ពួកគេ
ហើយធ្វើការប្រៀបធៀបនឹងខ្លួនឯង
សួរខ្លួនឯងថាតើមានអ្វីខ្លះដែលអ្នកត្រូវតែធ្វើបន្ថែមដើម្បីបានជីវិតមួយដែលអ្នកត្រូវការ?
បន្ទាប់ពីនោះហើយ អ្នកនឹងត្រូវគិតថាដើម្បីធ្វើរឿងទាំងនោះ
តើអ្នកគួរតែចាប់ផ្ដើមពីអ្វី? គួរចាប់ផ្តើមពីពេលណា? រួចហើយកំណត់ពេលបញ្ចប់មួយ ដើម្បីដើរទៅរកផ្លូវមួយដែលអ្នកត្រូវការ។
ឆាកជីវិតរបស់មនុស្សមិនមែនរស់នៅសម្រាប់តែមួយថ្ងៃនោះទេ។
មួយជីវិតអាចរស់បានប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំ រស់បានយូរប៉ុណ្ណាវាក៏សំខាន់
តែសំខាន់ជាងនេះគឺការរស់នៅដោយអភិវឌ្ឍន៍។ អ្នកត្រូវដឹកនាំខ្លួនឯងទៅមុខជានិច្ច
តែងតែដាក់គោលដៅ កំណត់គោលការណ៍ក្នុងការរស់នៅ បង្កើតក្តីស្រមៃជាបន្តបន្ទាប់។
ជីវិតបែបនេះហើយទើបជាជីវិតដែលគួរឱ្យចង់រស់នៅ ព្រោះអ្នកចេះផ្តល់ភាពជោគជ័យឱ្យជីវិតជាបន្តបន្ទាប់
ជីវិតបែបនេះហើយទើបជាសេចក្តីសុខ តែត្រូវចាំទុកថា
សុខយ៉ាងណាកុំឱ្យទុក្ខទៅអ្នកដទៃ
នោះទើបអ្នកអាចមានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត។
