ថ្ងៃរំឭកសេចក្តីស្រឡាញ់

ថ្ងៃរំឭកសេចក្តីស្រឡាញ់ជិតមកដល់ ហាងផ្កាជាច្រើនបង្ហោះបង្ហើររូបភាពបាច់ផ្កាអន្ទងបេះដូងមនុស្សស្រី។

អ្នកខ្លះលួច like អ្នកខ្លះ comment អ្នកខ្លះ Share

ចិត្តរំពៃគិត តើគេទិញឱ្យទេ? ចុះបើគ្មានគូស្នេហ៍ គិតបែបណាវិញ? Like comment share ទាំងចិត្តក្រៀមក្រំឬ?

ប្រពៃណីរបស់មនុស្សគឺចូលចិត្តការទទួលជាងការឱ្យ ដូច្នេះឃើញហើយច្រើនគិតរំលង តែបើសាកគិតបញ្ច្រាសវិញ អ្នកប្រហែលបានរីករាយជាងនេះ។

ផ្កាតំណាងឱ្យក្តីស្រឡាញ់ ក្តីស្រឡាញ់មិនសម្រាប់តែគូសង្សារ ស្វាមីភរិយា តែក្តីស្រឡាញ់អាចមានសម្រាប់មនុស្សគ្រប់គ្នា។

គ្មានបុរសជូនផ្កាដល់អ្នក អ្នកអាចជូនផ្កាដល់មនុស្សជាទីស្រឡាញ់ គោរពរបស់អ្នកបាន វាអាចធ្វើឱ្យអ្នកទទួលបានការស្រឡាញ់កាន់តែច្រើនពីពួកគាត់។ ឬគ្មានមនុស្សដែលអ្នកចង់ជូនទេ? ជូនខ្លូនឯងទៅ! បើខ្លួនយើងនេះក៏ចង់បានដែរ ភ្លេចហើយឬអី ថាយើងនេះក៏ត្រូវចេះស្រឡាញ់ខ្លួនឯងដែរ។ គ្រាន់តែចង់បានផ្កាមួយបាច់ ចាំបាច់អីត្រូវរង់ចាំការជូនពីនរណាម្នាក់?

ខ្លាចគេសើចមែនទេ បើទិញផ្កាជូនខ្លួនឯង? បើអ៊ីចឹង ដឹងខ្លួនទៅ យើងហ្នឹងយកសេចក្តីសុខទៅផ្ញើលើចុងបបូរមាត់អ្នកដទៃទៀតហើយ។

រៀនបង្កើតសេចក្ដីសុខឱ្យខ្លួនឯងដោយខ្លួនឯងណា៎