មានអារម្មណ៍បែបណាប្រសិនបើមនុស្សដែលអ្នកទុកចិត្ត បែរជាក្បត់អ្នក?
រឿងសម្ងាត់ដែលអ្នកនិយាយប្រាប់គាត់ គាត់យកទៅនិយាយបន្តឲ្យអ្នកអាម៉ាស់ ពេលវេលាដែលអ្នកខំលះបង់ឲ្យគាត់បានត្រឹមតែជាការរង់ចាំ ក្តីស្រលាញ់ទាំងឡាយដែលអ្នកមានឲ្យគាត់ គាត់មិនឲ្យតម្លៃ…
ច្រើនណាស់ហើយដែលអ្នកលះបង់ឲ្យគាត់ ហើយអ្វីដែលជាលទ្ធផលគឺការខកចិត្ត ព្រោះតែអ្នកមានភ្នែកមិនល្អ អ្នកមើលមនុស្សខុស អ្នកជឿមនុស្សខុស អ្នកកំពុងខកចិត្តណាស់មែនទេ?
……………………..
ចុះបើពេលនេះ អ្នកកំពុងធ្វើរឿងទាំងនេះដាក់នរណាម្នាក់..
ដឹងទេ? គាត់ក៏កំពុងទទួលអារម្មណ៍ដូចដែលអ្នកមាននៅសំណេរខាងលើដែរ គាត់ប្រហែលឈឺខ្លាំងជាងអ្នកផង។
អ្នកប្រហែលភ្លេចខ្លួនហើយ ថាកំពុងធ្វើដាក់អ្នកណា
ប្រហែលម្នាក់នោះមិនសំខាន់ ទើបអ្នកមិនចាប់អារម្មណ៍។
តែ.. ព្រោះតែអ្នកសំខាន់ទើបគាត់រង់ចាំ ព្រោះតែអ្នកគួរឲ្យទុកចិត្តបាននៅក្នុងចិត្តគាត់ ទើបអ្នកអាចដឹងរឿងសម្ងាត់ណាមួយរបស់គាត់។
ថ្ងៃនេះមានច្រលំនិយាយអាថ៌កំបាំងរបស់អ្នកណាទេ?
មានជ្រុលម៉ោងឲ្យអ្នកណារង់ចាំយូរទេ?
កុំស្តាប់រឿងអាថ៌កំបាំងគេបើអ្នកមិនអាចរក្សាអាថ៌កំបាំងនោះបាន។
កុំកំណត់ពេលវេលា បើអ្នកមិនអាចធ្វើអ្វីឲ្យទៀងពេលបាន
កុំសន្យាអ្វីទាំងអស់ បើអ្នកមិនច្បាស់ថាអាចធ្វើបាន
កុំបង្ហាញការគោរពចំពោះអ្នកដទៃ បើអ្នកមិនអាចសូម្បីតែគោរពខ្លួនឯងបាននោះ។
ដឹងច្រើននិយាយតិច
សន្យាក្នុងចិត្ត ប្រព្រឹត្តបានច្រើនជាងសន្យាដោយសម្តី។
ប្រសិនបើអ្នកមិនចង់បានអ្វីនោះពីគេ សូមកុំធ្វើរឿងនោះចំពោះគេអី
