ចង់បានសុភមង្គល កុំចោលបេះដូង

ហេតុអ្វីពេលខ្លះអ្នករីករាយនឹងការញ៉ាំអាហារធម្មតា?
ត្រឹមបានញ៉ាំជ្រក់មមាញមួយម៉ាត់ ដូចបានញ៉ាំម្ហូបពីឋានសួគ៌ ហេតុអ្វីអារម្មណ៍សែនល្អយ៉ាងនេះ?
នៅពេលដែលអ្នកចង់បានអ្វីមួយយ៉ាងងប់ងល់ អ្នកនឹងមិនខ្វល់ឡើយថាអ្នកដទៃឃើញវានៅក្នុងរូបរាងបែបណា
រសជាតិបែបណា ឬស្ថិតក្នុងតម្លៃបែបណា អ្វីដែលអ្នកខ្វល់គឺសេចក្តីពេញចិត្តតែប៉ុណ្ណោះ
អារម្មណ៍ដែលស្រលាញ់ ចង់បានដោយពិតប្រាកដនឹងបង្ហាញឲ្យអ្នកឃើញថា ការយល់ឃើញរបស់អ្នកដទៃ តម្លៃនិងទិដ្ឋភាពនៃរបស់មួយនោះនៅក្នុងសង្គមពិតប្រាកដ មិនមានតម្លៃអ្វីស្មើនឹងចិត្តងប់ងល់របស់អ្នកឡើយ។
ហេតុអ្វីពេលនេះជ្រក់មមាញមួយស្លាបព្រា ធ្វើឲ្យអ្នកអាចញ៉ាំបាយដោយមានរសជាតិបំផុត ក៏ព្រោះតែនេះជាក្តីបំណង ជាការចូលចិត្ត និងសេចក្តីពេញចិត្តរបស់អ្នក។
ចុះហេតុអ្វីមនុស្សដែលមានស្រមោលខ្មៅនៃអតីតកាលរាប់មិនអស់ អាចធ្វើឲ្យអ្នកមានសុភមង្គលបាន?
ក៏ព្រោះតែគាត់ជាមនុស្សដែលបេះដូងអ្នកត្រូវការ ការយល់ឃើញរបស់អ្នកដទៃ តម្លៃនិងទិដ្ឋភាពរបស់គាត់នៅក្នុងសង្គម មិនមានតម្លៃស្មើនឹងភាពងប់ងល់នៃបេះដូងរបស់អ្នកឡើយ។
សុភមង្គលរបស់បេះដូង មិនបានស្ថិតនៅលើអ្វីផ្សេងក្រៅពីសេចក្តីស្រលាញ់ពេញចិត្តនោះទេ។
បើអ្នកមិនជឿទេ អ្នកអាចពិសោធន៍ខ្លួនឯងបាន
នៅពេលមួយដែលអ្នកចង់ញ៉ាំអាហារសាមញ្ញយ៉ាងខ្លាំង តែក៏ត្រូវបង្ខំចិត្តទៅញ៉ាំអាហារថ្លៃជំនួស ពេលនោះហើយដែលអ្នកនឹងអាចជ្រួតជ្រៀបខ្លះៗពីអារម្មណ៍ខកបំណង។
ចង់បានសុភមង្គល កុំចោលបេះដូង