ខ្លួនឯងត្រូវធ្វើជាគ្រូរបស់ខ្លួនឯង

កុំច្រណែនបើឃើញគេប្រសើរជាង
កុំតូចចិត្តបើខ្លួនឯងមិនធ្វើបានដូចគេ

ព្រោះខ្លួនឯងកាន់ជើងខ្លួនឯងរហូតមក
ខ្លួនឯងមិនចេះខុសតាំងពីដើមមក
ខ្លួនឯងនេះតែងតែត្រូវរហូតមក
ខ្លួនឯងតែងតែត្រូវបានលើកលែងរាល់កំហុសឆ្គង។
ព្រោះខ្លួនឯងវាយខ្លួនឯងមិនបានទេ ដូច្នេះហើយទើបបណ្តោយឲ្យខ្លួនឯងអត្មានិយម និងអវិជ្ជមានយ៉ាងនេះ។

មិនសប្បាយចិត្តទេបើគេល្អជាង មិនសុខចិត្តទេបើខ្លួនមិនប្រសើរជាងគេ។
ប្រសើរបែបណា? បើខ្លួនឯងទម្រើសខ្លួនឯងឲ្យខូចអស់ហើយ?

បើខ្លួនឯងមិនអាចអប់រំ លួងខ្លួនឯងឲ្យកែប្រែបានទេ ភាពរឹងមានៈនឹងនាំអ្នកទៅរកភាពមិនជោគជ័យរហូត កុំថាឡើយជីវភាពរស់នៅ សូម្បីសម្ព័ន្ធភាពក៏មិនជោគជ័យឡើយ។

ដើម្បីឲ្យជីវិតបានប្រសើរ ខ្លួនឯងត្រូវធ្វើជាគ្រូរបស់ខ្លួន ប្រដៅអប់រំចិត្តខ្លួនឯងឲ្យបានល្អ។
ចង់ទទួលបានសេចក្តីល្អ លុះណាអ្នកអាចដាំសេចក្តីល្អនោះក្នុងចិត្តអ្នកឲ្យដុះសិន។