ស្នេហាបរិសុទ្ធណាស់ ផ្អែមល្ហែមណាស់!

ភ្លៀងធ្លាក់ខែកតិ្តក មិនត្រជាក់ទេតែរងាណាស់។
ខ្ញុំរងាចិត្តហេតុអី ខ្ញុំនៅតែឯកាបើស្នេហាជារបស់ខ្ញុំហើយ?
ពេលខ្លះមានអារម្មណ៍ដូចជាបាត់បង់មនុស្សយល់ចិត្តម្នាក់។
តាំងពីពេលដែលយើងចាប់ផ្តើមទំនាក់ទំនងនេះមក ខ្ញុំកាន់តែឯកាជាងមុន។
តើហេតុអីទៅ?
ក្នុងនាមជាមនុស្សពិសេស ខ្ញុំចង់បានភាពពិសេសនៅក្នុងចិត្តគេ។ បើគេមិនធ្វើបានដូចចិត្តខ្ញុំទេ ខ្ញុំនឹងអន់ចិត្ត យើងនឹងឈ្លោះគេ។
គេក៏ដូចគ្នា គេចង់បានភាពពិសេសនៅក្នុងចិត្តខ្ញុំ បើពេលខ្លះខ្ញុំធ្វើមិនបាន គេអន់ចិត្ត និយាយមិនត្រូវគ្នា ពួកយើងមិនស្តីរកគ្នា។
គេមិនលួងខ្ញុំ ខ្ញុំមិនលួងគេ ពួកយើងខាននិយាយគ្នាពីរ បីថ្ងៃ។
កាលពីមុន មិនអ៊ីចឹងទេ! គេមិនទាមទារ គេមិនចង់ឈ្នះ
ខ្ញុំក៏ដូចគ្នាព្រោះកាលនោះយើងត្រឹមតែជាមិត្ត។
មិត្ត! ព្រោះតែពាក្យថាជាមិត្ត ទើបយើងផ្តល់គម្លាតឲ្យដៃគូ
ព្រោះតែជាមិត្ត ទើបយើងមិនទាមទារ ឬហួងហែងហួសហេតុពេក។
ចុះមនុស្សពិសេសនេះ ជាមនុស្សរំខានឬ? បានជាយើងត្រូវទាមទារអ្វីដែលហួសហេតុ រហូតដល់អន់ចិត្តគ្នាពីរបីថ្ងៃ?
ចុះកាលពីនៅជាមិត្ត មិនបាននិយាយគ្នាពីរបីថ្ងៃ តើគួរតែអន់ចិត្ត លួចកត់សម្គាល់គ្នាខ្លះដែរទេ?
ល្មមៗបានហើយ! កុំព្យាយាមយកស្នេហាជាសម្ពាធនៃទំនាក់ទំនងអី។
ស្នេហាបរិសុទ្ធណាស់ ផ្អែមល្ហែមណាស់!
ស្នេហាមិនបានធ្វើឲ្យនរណា ឯកា ឬឈឺចាប់ទេ!
មានតែអ្នកដែលមិនចេះសាងទំនាក់ទំនងស្នេហាប៉ុណ្ណោះទើបមិនបានទទួលភាពបរិសុទ្ធ និងផ្អែមល្ហែមពីសេ្នហា។

ឈប់ព្យាយាមធ្វើជាម្ចាស់របស់ដៃគូទៅ!
ស្នេហាគឺភាពជឿជាក់ និងយោគយល់!
បើកចិត្តឲ្យទូលាយ រក្សាចិត្តឲ្យបរិសុទ្ធ ទើបស្នេហាអាចគង់វង្ស។