ព្រះនាងនិងព្រះអង្គម្ចាស់

ព្រះនាងនិងព្រះអង្គម្ចាស់
ស្តាប់ហើយស្រមៃដល់ជីវិតស្រស់ស្អាតមួយ
ដែលរស់នៅដោយទទួលការថ្នមថ្នាក់ ខ្វល់ខ្វាយ យកចិត្តយកថ្លើម។
ឱ! បើនរណាបានជីវិតបែបនេះមិនដឹងល្អយ៉ាងណាទេ!
ការថ្នាក់ថ្នមដូចជាព្រះនាង ឬព្រះអង្គម្ចាស់ វានឹងបានមកពីមនុស្សដែលស្រលាញ់អ្នកតែប៉ុណ្ណោះ ម្នាក់នោះអាចជាមនុស្សក្នុងគ្រួសារ ដៃគូស្នេហា ឬមិត្តដែលកម្រ។
ការស្រលាញ់ថ្នាក់ថ្នមបែបនេះ បើបានហើយឲ្យខំថែ
តែបើមិនបានទេ កុំខំទាមទារអី។
ចូរកុំតាំងខ្លួនជាព្រះអង្គម្ចាស់ ឬព្រះនាងចំពោះមនុស្សគ្រប់គ្នាអី។ ព្រោះឋានៈទាំងពីរនេះវាខ្ពង់ខ្ពស់ណាស់ក្នុងការយកមករាប់អានមនុស្សធម្មតា អ្នកដែលមិនបានតាំងចិត្តជាអាមាត្យឬភិលាងរបស់អ្នក នឹងមិនសប្បាយចិត្តក្នុងការប្រណិប័តន៍អ្នកទេ។
ប៉ុន្តែប្រសិនបើអ្នកតែងតែអាចទទួលបានការប្រណិប័តន៍បែបនេះពីមនុស្សដែលអ្នកជួប សូមឲ្យអ្នកមានស្មារតីប្រុងប្រយ័ត្នឲ្យបានច្រើន ព្រោះថាភាពជាព្រះនាងឬព្រះអង្គម្ចាស់របស់អ្នកនេះ បានមកពីការខំឲ្យប្រយោជន៍ឬអង្វរសូមសេចក្តីអាណិតអ្វីមួយពីគេតែប៉ុណ្ណោះ។
ចូររស់នៅក្នុងពិភពពិតប្រាកដ ទើបអ្នកនឹងមិនសូវជួបមនុស្សបោកបញ្ឆោត
ចូររស់នៅដោយរឹងមាំ ទើបមិនរំខានមនុស្សដែលស្រលាញ់មកអាណិតអ្នក។