ថ្ងៃនេះខ្ញុំស្រាប់តែមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់
ខ្ញុំស្រាប់តែមានអារម្មណ៍ថាការខំប្រឹងប្រែងកន្លងមកដូចជាមិនទៅមុខសោះ
ខ្ញុំល្វើយណាស់! ខ្ញុំចង់គេងណាស់… ចង់គេងរហូត….
គេនិងខ្ញុំមិនដូចគ្នា ខ្ញុំឃើញគេមិនសូវខំ តែគេមើលទៅហំជាងខ្ញុំ។
ខ្ញុំខំរកពេលសម្រាកមិនបាន តែមិនអាចបានសូម្បីតែពាក់កណ្តាលគេ។
ឱ!ជីវិត! អ្នកណាកំណត់?
បើជឿលើវាសនា ខ្ញុំមិនបាច់ខំ គ្រាន់តែចាំសំណាង។ ចុះ
តើខ្ញុំមានសំណាងទេ?
តែបើជឿលើខ្លួនឯង ខ្ញុំខំយូរហើយ ហេតុអីមិនបានដូចដែលចង់បាន?
ការដើរទៅរកគោលដៅមួយដែលអ្នកចង់ទៅ មិនមែនឱ្យតែខំក៏បានដូចចិត្តនោះទេ
បើអ្នកមិនប្រើភាពឆ្លាតផងនោះ។ ហើយបើអ្នកមានសំណាង
អ្នកនឹងមិនចាំបាច់ខំដល់ហត់ខ្លាំងឡើយ។
មនុស្សឆ្លាត នឹងមិនសំងំតែធ្វើអ្វីដដែលៗនោះទេ
តែគេតែងសិក្សាស្វែងយល់ពីអ្វីដែលថ្មីៗ ហើយរកវិធីបង្កើតសំណាងឱ្យខ្លួនឯង។
សំណាងដែលបានពីភាពឆ្លាតផង ពីកុសលផង បូកផ្សំការខំប្រឹងប្រែងផង
មិនយូរប៉ុន្មានអ្នកនឹងមកដល់ទីមួយដែលអ្នកប៉ងប្រាថ្នា។
ហត់ខ្លាំងអាចសម្រាកបាន គេងមួយភ្លែតក៏គេងចុះ តែកុំគេងរហូត!
ភ្ញាក់ពីភាពទន់ជ្រាយ ហើយពង្រឹងខ្លួនឯងសារជាថ្មី!
ក្តីស្រមៃរបស់អ្នកនៅមិនឆ្ងាយពីអ្នកទេ! ខំបន្តិចទៀតណា៎
