ខ្ញុំគ្រាន់តែជាក្មេងស្រីសាមញ្ញម្នាក់ដែលរស់នៅក្នុងគ្រួសារកសិករ នៅក្នុងខេត្តកំពត គ្រួសាររបស់ខ្ញុំមិនមែនជាអ្នកធូរធានោះទេ ប៉ុន្តែឪពុកម្តាយរបស់ខ្ញុំតែងតែជម្រុញ និង លើកទឹកចិត្តខ្ញុំឲ្យខិតខំប្រឹងប្រែងរៀនសូត្រ អ្វីដែលម៉ែតែងតែប្រាប់ខ្ញុំនិងបងប្រុសរបស់ខ្ញុំគឺ ” ម៉ែនិងពុកគ្មានអ្វីចែកឲ្យកូនទេ មានតែវិជ្ជានេះឯង វិជ្ជាជួយឲ្យកូនអាចរស់ស្រួលបើកូនមានវាជាប់ខ្លួន “!
ខ្ញុំមានបងប្រុសម្នាក់ ដែលស្រលាញ់ប្អូនស្រីឆ្នាស់ម្នាក់នេះណាស់ ខ្ញុំតែងតែរករឿងឈ្លោះនិងគាត់រហូតជាប្រចាំ តែគាត់មិនហ៊ាននិងខ្ញុំទេព្រោះថា ខ្ញុំពេលនោះជាកូនពៅ ( តែពេលនេះមិនពៅទេចា៎) ។
កាលខ្ញុំមានអាយុ ១៣ឆ្នាំ នេះជាលើកទីមួយដែលម៉ែពុករបស់ខ្ញុំឲ្យខ្ញុំរៀនដើរដោយគ្មានគាត់ ។ កាលឆ្នាំនោះខ្ញុំបានទៅរៀនរាំរបាំបុរាណ និង ប្រពៃណី នៅក្នុងខេត្តបាត់ដំបង រយះពេល២សប្តាហ៏ ជាមួយ មិត្តភក្តិរបស់ខ្ញុំ ស្រីនិច្ច រតនា រស្មី និងអ្នកគ្រូ សុភី ។
ពេលដែលនៅទីនោះខ្ញុំយល់ថាខ្ញុំក្លាហានណាស់ ពីក្មេងស្រីទម្រើស ( កូនពៅ) មិនដែលចេញឆ្ងាយពីគ្រួសារ តែខ្ញុំអាចធ្វើបាន។ នៅបាត់ដំបងអ្វីដែលឲ្យខ្ញុំចាំមិនភ្លេចគឺ រាល់ពេលញុំាបាយ ខ្ញុំមិនដែលបានញុំាឆ្អែត ឬទាន់គេឡើយ ព្រោះថាបាយនៅទីនោះមានសុទ្ធតែផ្កាស្មៅខ្មៅៗក្នុងបាយ មួយពេលណាក៏អង្គុយរើសផ្កាស្មៅចេញដែរ តែមានអ្នកគ្រូដួសម្ហូបដាក់ក្នុងចានឲ្យ មិនចឹងទេប្រាកដជាអស់ហើយ។
ក្រោយពីខ្ញុំបានត្រឡប់មកពីបាត់ដំបងវិញ ខ្ញុំបានក្លាយជាអ្នកណែនាំក្មេងៗអំពីរបាំបុរាណរយះពេល ៩ឆ្នាំ ។
====================
នៅពេលដែលខ្ញុំរៀនថ្នាក់ទី៨ ខ្ញុំបានស្គាល់មិត្តម្នាក់ឈ្មោះ ស្រីនាដែលគាត់បានប្តូរមកពីខេត្តបាត់ដំបង មករៀននៅវិទ្យាល័យ ហ៊ុនសែនអងចក ទោះបីខ្ញុំទើបស្គាល់គាត់តែយើងស្និតស្នាលគ្នាខ្លាំងណាស់ ហើយមិនដែលនិងឈ្លោះគ្នាទៀតផង
រហូតដល់ឆ្នាំ ២០១៤ ឆ្នាំដែលខ្ញុំត្រូវប្រលងបាក់ឌុប ពេលនោះខ្ញុំចាំបានថា ម៉ាក់របស់ខ្ញុំបានជូនខ្ញុំទៅប្រលង នៅពេលដែលខ្ញុំចេញពីប្រលងភ្នែករបស់ខ្ញុំរំពៃរកមើលតែម៉ាក់ម្នាក់គត់ ម៉ាក់តែងតែលើកទឹកចិត្តនិងជម្រុញខ្ញុំឲ្យទៅមុខជានិច្ច ។
អ្វីដែលឲ្យខ្ញុំរីករាយបំផុតក្នុងឆ្នាំនោះគឺ ខ្ញុំបានប្រលងជាប់បាក់ឌុប ហើយបានមករៀននៅសាកលវិឡាល័យក្នុងរាជធានីភ្នំពេញ ។
ក្រោយពីខ្ញុំបានមករស់នៅក្រុងភ្នំពេញ ខ្ញុំបានរស់នៅក្នុងមណ្ឌលកាតូលិក មួយនៅបឹងត្របែក ។ នៅក្នុងមណ្ឌលរាល់ការចំណាយថ្លៃសាលា ស្នាក់នៅ ញុំា គេចេញជំនួសទាំងអស់ ប៉ុន្តែសិស្សទាំងអស់ត្រូវឆ្លងកាត់ការតេស្ត និងសម្ភាសន៍ផ្ទាល់មាត់។ ពីក្មេងស្រីដែលមិនចេះធ្វើអ្វីសោះ ប្រែមកជាមនុស្សដែលមានវិន័យ ការងាផ្ទះ កីឡា តុបតែង សប្បុរសធម៌ ជួយគ្នា ចែករំលែកគ្នា មិនថាចំណេះដឹង បទពិសោធន៍ ម្ហូបអាហារ បង្រៀនក្មេងនៅតំបន់លូទឹកស្អុយ …. សុទ្ធតែជាអ្វីដែលខ្ញុំទទួលបានពីនោះ ។
មកដឹងពីជីវិតក្នុងសាកលវិទ្យាល័យ ខ្ញុំរៀននៅ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រ ផ្នែកធនាគារ និង ហិរញ្ញវត្ថុ។ ចូលក្នុងថ្នាក់ មិត្តដែលខ្ញុំស្គាល់មុនគេគឺ ស្រីពុជ ហើយក៏ក្លាយជាមិត្តស្និតស្នាលណាស់ ។ នៅសាកលវិទ្យាល័យជាលើកទីមួយក្នុងជីវិត្តដែលមានអ្នកស៊ុប្រាយធ្វើខួបកំណើតឲ្យ ៣ឆ្នាំជាប់។
នៅឆ្នាំ២០១៨ ខ្ញុំបានប្រលងបញ្ចប់ឆ្នាំទី៤បានដោយជោគជ័យដែលនេះជាជោគជ័យទី២ដែលខ្ញុំទទួលបាន ។
ខ្ញុំបានចូលធ្វើនៅ UCMAS ជាគណនេយ្យករនៅទីនោះ ខ្ញុំសប្បាយចិត្តរាល់ថ្ងៃព្រោះបុគ្គលិកទាំងអស់សាម្គីរគ្នា ស្រលាញ់គ្នា ចែករំលែកគ្នាគ្រប់យ៉ាង ពិសេសគីស្នាមញញឹម #ILoveTeamWork
ទាំងអស់នេះវាជាការចងចាំដែលខ្ញុំមានកន្លងមក ដែលមិនមានច្រើនគ្នាដែលដឹង ក្រៅពីខ្ញុំ
ចុងក្រោយនាងខ្ញុំ កញ្ញាវ៉ែនតា សូមអរគុណដល់បងស្រី អ្នកនិពន្ធ រតនា ដែលបានតាក់តែងវិថីជីវិតខ្លួនឯងនៅក្នុង អនុស្សាវរីយ៍៣៤ឆ្នាំ ដើម្បីចែករំលែកអ្នកអ្នកអានគ្រប់គ្នា រួមទាំងខ្ញុំផង ឲ្យមានអារម្មណ៏ហោះហើរត្រឡប់ទៅយករូបភាពពីអាឌិតដែលល្អៗ និងបានសរសេរឡើងមកទុកជាអនុស្សាវរីយ៍ក្នុងនាមជាអ្នកអាន និងក្នុងនាមអ្នកមនុស្សដែលបានឆ្លងកាត់គ្រប់រឿងរ៉ាវទាំងទឹកភ្នែកឈឺចាប់ និងទឹកភ្នែករំភើប ។
#កញ្ញាវ៉ែនតា_2K19
#បំភ្លេចរឿងដែលធ្លាប់យំហើយនឹកដល់រឿងដែលធ្លាប់សើច
#អនុស្សាវរីយ៍២៤ឆ្នាំ