ទំនេរម៉ោងភ្លាម ខ្ញុំរត់រលៀម ទៅបណ្ណាល័យ
ខ្ញុំអានសៀវភៅ ស្ទើតែរាល់ថ្ងៃ ជក់ចិត្តពេកក្រៃ
អានប្រលោមលោក។
សៀវភៅផ្ទៃមេឃ ស្រស់ស្អាតអនេក ទាក់ភ្នែកខ្ញុំខ្ទោក
គួរឱ្យចង់អាន លើកដៃទាញមក សៀវភៅយោលយោគ
គេចង់បានដែរ។
រឿងប្រលោមលោក សៀវភៅគគោក ម្តេចមិនទៅស្នេហ៍
ដណ្តើមទៅមក សាំចិត្តតាប៉ែ ឱ្យខ្ញុំចង់តែ
ឃើញមុខម្នាក់ហ្នឹង។
ងាកទៅខាងនោះ មានមួយប្រឡោះ ខ្ញុំអើតទៅវឹង
ចង់ដឹងខ្លាំងណាស់ អ្នកណាមុខរឹង សៀវភៅប៉ុណ្ណឹង
ក៏ដណ្តើមដែរ។
ព្រះអើយ! មើលគេ Styleដូចកូរេ គេពាក់កាសខ្សែ
កាសជាប់ត្រចៀក គេងាកមុខបែរ សម្លឹងខ្ញុំថ្មែរ
ឱ្យខ្ញុំឡើងអៀន។
ខំរៀបឫកពារ ញញឹមមាយា រវល់តែខ្វៀន
គេយកទៅបាត់ សៀវភៅលែងមាន ដណ្តើមលែងហ៊ាន
ចិត្តអន់ចង់អាន។
ខ្ញុំដើរទៅគៀន អង្គុយក្រវៀន លួចមើលកល្យាណ
Styleឡួយម្ល៉េះទេ សម្រស់សែនបាន ទាក់ចិត្តភុំផាន
មើលមិនដកភ្នែក។
អង្គុយសង្ហា គងអន្ទាក់ខ្លា បន្ទន់ប្រាណផ្តេក
អានប្រលោមលោក គួរទាក់ចិត្តពេក សៀវភៅផ្ទៃមេឃ
វិថីជីវិត។
ជាងបីម៉ោងស្ងាត់ ខ្ញុំដេកលក់បាត់ គេដើរមកជិត
ដាស់ខ្ញុំឱ្យភ្ញាក់ គេសើចបន្តិច ដល់ខ្ញុំអៀនខ្វិច
គេធ្វើមុខរឹង។
សៀវភៅតូចស្រស់ គេហុចស្ទើបោះ លើតុខ្ញុំហ្នឹង
គេសួរចប់អត់ ពេលខ្លីអ៊ីចឹង ពីរម៉ោងអានប្រឹង
បើចប់គេកោត។
កែងចោតពណ៌ប្រាក់ មួយជំហៀងឆ្លាក់ កប់ន័យជាក់ផ្តោត
មើលគ្របសៀវភៅ ខ្ញុំលើកកាន់សើច ឆ្លើយទាំងមុខឆោត
ថាអត់បញ្ហា។
គេវាយចិញ្ចើម ធ្វើមុខលែងសើម ហើយដើរញាក់ស្មា
ពេលគេទៅបាត់ ខ្ញុំផ្តើមឆ្លេឆ្លា ពីរម៉ោងទេណា
អានចប់អត់អើយ!។
រាប់ពីថ្ងៃនោះ ដល់ថ្ងៃនេះចុះ បីខែទៅហើយ
ខ្ញុំលួចCrushគេ គេមិនដឹងឡើយ ឫកគេព្រងើយ
មិនខ្វល់ខ្ញុំសោះ។
ពេលខ្លះធុញដែរ ខឹងចិត្តតាប៉ែ ទៅCrushម្នាក់នោះ
មិនដឹងល្អអី ចិត្តវិញកក្រោះ សម្តីក៏ខ្សោះ
ពេលគេឆ្លើយឆ្លង។
ក្រៅពីStyleហំ ទម្រង់មុខសម មាឌខ្ពស់ដំបង
តែប៉ុណ្ណឹងទេ គ្មានលើសគេផង មិនដឹងខំប៉ង
ដល់ពេលណាទៀត។
Crushបីខែហើយ គេនៅព្រងើយ ចិត្តសែនចង្អៀត
បើដាក់ខ្លួនខ្លះ ខ្ញុំស្នេហ៍មិនវៀច ឫកពេកអស់ស្នៀត
ទាក់ចិត្តខ្ញុំហើយ។
ត្រឹមStyleកូរេ មិនស្អាតលើសគេ តែម្នាក់ហ្នឹងឡើយ
មួយបណ្ណាល័យ សៀវភៅហ្នឹងអើយ តែហ៊ានបណ្តោយ
ខ្ញុំរាប់ឱ្យស្តាប់។
ឥឡូវសម្រេច ប្រាប់ចិត្តឱ្យភ្លេច Crushហ្នឹងឱ្យឆាប់
ឫកខ្ពស់ជាងខែ ម៉ែមហាយ៉ាប់ គង់តែមុខផ្តាប់
ដោយដៃខ្ញុំទេ!។
ស្រអែមខ្ញុំអើយ មិនសូវប៉ិនឈ្លើយ សុភាពជាងគេ
តែជ្រេញខ្លាំងពេក គង់តែមានពេល វាយដេកកន្ទេល
លែងរាប់Crushអស់។
ស្រអើមស៊ើងចិត្ត មិនខ្ចីខ្វល់គិត ស្តាយរឿងស្នេហ៍សោះ
ស្រលាញ់មិនបាន តិចអង្វរនោះ ទុកក្តីស្នេហ៍ស្មោះ
ឱ្យសៀវភៅវិញ។
កំណាព្យអ្នកនិពន្ធរតនា
២១ កញ្ញា ២០១៩