ខ្ញុំហាក់មានការមិនពេញចិត្តខ្លះ នឹងតួអង្គស្រីវីរិយ៉ា

ចំណាប់អារម្មណ៍លើប្រលោមលោក “វិថីជីវិត”

មិនទាន់ជាប្រលោមលោកល្អផ្តាច់ក្នុងចំណោមរឿងនានាដែលខ្ញុំបានអាននោះទេ។ ប៉ុន្តែ វាជាប្រលោមលោកដំបូងបំផុតដែលធ្វើឱ្យខ្ញុំសួរខ្លួនឯងទៅលើគ្រប់ស្ថានការណ៍ដែលវិរីយ៉ាបានជួប ថាបើរឿងរបស់នាងកើតលើខ្ញុំ តើខ្ញុំនឹងធ្វើយ៉ាងណា។ និយាយយ៉ាងខ្លីវាជាសាច់រឿងដែលធ្វើឱ្យខួរក្បាលខ្ញុំដើររហូត ។ ជាពិសេស ក្រោយពេលដែលអានចប់ ខ្ញុំក៏នៅតែបន្តសួរខ្លួនឯងទៀតថា តើអ្វីទៅជាមហិច្ឆតាដ៏ធំនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំហាក់មានការមិនពេញចិត្តខ្លះ នឹងតួអង្គស្រីវីរិយ៉ា ព្រោះនាងហាក់ដូចជាអាត្មានិយមបន្តិច ដើម្បីទៅកាន់គោលដៅជីវិតរបស់ខ្លួន។ តែខ្ញុំភ្លេចគិតថាមនុស្សគ្រប់រូបសុទ្ធតែអាត្មានិយម (រួមទាំងខ្ញុំ) គ្រាន់តែថាតិច ឬច្រើន បង្ហាញ ឬលាក់លៀម។ ខ្ញុំបានរកឃើញនូវសម្តីរបស់តួអង្គ និងការរៀបរាប់របស់អ្នកនិពន្ធ ដែលវាបានជួយទៅដល់ការសម្រេចក្តីស្រមៃរបស់ខ្ញុំ។ ចំណុចមួយទៀត ដែលខ្ញុំទទួលបានពីរឿងនេះ គឺក្នុងនាមជាមិត្ត ជាគូស្នេហ៍ ឬជាគ្រួសារ តើយើងគួរធ្វើយ៉ាងណា ដើម្បីគាំទ្រមនុស្សដែលយើងស្រឡាញ់ ឱ្យដើរទៅដល់របស់ខ្លួន។

ខ្ញុំសូមនិយាយពីតួអង្គទាំង ៤ ក្នុងរឿងនេះ៖

១. រីណា៖ ខ្ញុំសរសើរចិត្តរីណាណាស់។ នាងជាមិត្តដ៏ល្អ។ នាងមិនស្រឡាញ់សមុទ្រខ្លាំងដូចវីរីយ៉ា តែចិត្តនាងចំពោះមិត្តនារីខ្លួន គឺមិនតូចជាងសមុទ្រនោះទេ។ នាងមានក្តីសុបិនបង្កើតគ្រួសារមួយដ៏កក់ក្តៅ ហើយមិនមានមហិច្ឆិតាធំដូចវិរីយ៉ាទេ ប៉ុន្តែនាងមិនដែលពោលថានាងអន់ចិត្តនឹងជីវិតរបស់ខ្លួន ឬច្រណែននឹងមិត្តនារីឡើយ ឬក៏មានដែរ តែខ្ញុំអានរំលង។ ជីវិតនាងមិនលេចធ្លោ មិនល្បីល្បាញ តែពិតជាជីវិតដ៏ធម្មតាមួយដែលពោរពេញដោយសុភមង្គល ដែលមនុស្សចង់ជោគជ័យមួយចំនួនមើលរំលង។

២.វិមន្ត៖ ខ្ញុំចូលចិត្តអាប៉ិហ្នឹង ៦០ % ។ មនុស្សប្រុសអីមិនច្បាស់ពីអារម្មណ៍ខ្លួនឯង។ ផ្តល់ក្តីសង្ឃឹមដល់អ្នកនេះបន្តិច ដល់អ្នកនោះបន្តិច។ ខ្ញុំគិតថាបើសិនជាវីរិយ៉ា មិនប្រាប់ចម្លើយច្បាស់លាស់ដល់គេ ច្បាស់ជាគេនៅតែជាអំពិលអំពែករហូតហ្នឹង។ ភ្លឺបន្តិច ងងឹតបន្តិច ជាមួយនឹងរីណា។ មនុស្សប្រុសប្រភេទវិមន្ត មិនខ្វះទេក្នុងជិវិតរស់នៅពិតប្រាកដ។ ទោះយ៉ាងណា ខ្ញុំក៏ពេញចិត្តដែលចុងក្រោយគេរកបេះដូងពិតប្រាកដរបស់ខ្លួនឃើញ។ វិមន្តអាចជាមនុស្សមិនល្អ(សម្រាប់ខ្ញុំ ) ក្នុងរឿងស្នេហា តែចំពោះការងារ និងមិត្តភាព ខ្ញុំគិតថា គេមិនខ្វះខាតត្រង់ចំណុចណានោះទេ។ មនុស្សមិនល្អគ្រប់ដប់ទេ!

៣.បញ្ញាវន្ត៖ ខ្ញុំពេញចិត្តចរិតរបស់គេ ដែលមិនចេះបង្ខំ យល់ចិត្តអ្នកដទៃ និងជាពិសេសគឺជាប្រភេទមនុស្សប្រុសដែលចេះគាំទ្រ ជំរុញ និងលើកទឹកចិត្តនារីដែលខ្លួនស្រឡាញ់ឱ្យដើរទៅដល់គោលដៅ។ មនុស្សប្រុសបែបនេះ មិនងាយមានទេ ព្រោះមនុស្សប្រុសខ្លះរវល់តែមហិច្ឆតារបស់ខ្លួន ហើយគ្មានសូម្បីតែពេលវេលាជាមួយមនុស្សដែលខ្លួនស្រឡាញ់ កុំថាឡើយដកពេលរបស់ខ្លួន ទៅជួយនាងនោះ។ គេថាក្នុងសង្គមខ្មែរ ស្រីៗតែរៀនខ្ពស់ពេក ការងារធំពេក ឬបំណងធំពេក ច្រើនតែត្រូវប្រុសៗមើលរំលង ឬមិនហ៊ានស្រឡាញ់។ ចុះម៉េច ក៏បញ្ញាវន្តដែលជាបុរសមានគ្រប់យ៉ាងទាំងអស់ បែរជានៅរក្សាក្តីស្រឡាញ់យ៉ាងសម្ងាត់លើវីរីយ៉ា? អូខេ ឈប់និយាយហើយ! បញ្ញាវន្តល្អ តែសម្រាប់វីរីយ៉ាទេ! ហិហិ តែចង់ប្រាប់ថា he is my crush goal! ហិហិ

៤.វីរិយ៉ា៖ មើលទៅនាងគឺជាមនុស្សអាត្មានិយម តែនាងមិនខុសនោះទេ ព្រោះនាងមិនបានយកភាពអាត្មានិយមនេះមកបំផ្លាញសង្គមឡើយ។ នាងបែបនេះ ព្រោះតែនាងគឺនាង។ នាងមានក្តីសុបិនដ៏ធំធេង។ នាងមិនខុស។ នាងមិនបានធ្វើឱ្យអ្នកណាឈឺចាប់ទេ ក្នុងវិថីជីវិតរបស់នាង។ តែមកពីមនុស្សដែលចង់ដើរលើវិថីនេះជាមួយនាង ចេះតែចង់ទាញនាងចូលទៅក្នុងវិថីផ្សេងដែលខុសពីគោលដៅរបស់នាង។ បើស្រឡាញ់នាង សម្របតាមនាងទៅ ហេតុអ្វីក៏ត្រូវឱ្យនាងសម្របតាមអ្នកដែលស្រឡាញ់នាង? យើងស្រឡាញ់គេ យើងចង់បានគេក្នុងជីវិត ដូច្នេះគឺយើងទេជាអ្នកត្រូវចេះទទួលស្គាល់ការពិតរបស់គេ ចរិតរបស់គេ និងសម្របខ្លួននឹងគេ។ ខ្ញុំគិតថាប្រហែលជាមានអ្នកអានខ្លះ អាចមិនសូវចូលចិត្តនឹងភាពគ្មានមនោសញ្ចេតនារបស់វីរីយ៉ា តែយើងប្រហែលជាភ្លេចហើយថា ពេលខ្លះយើងអាចប្រព្រឹត្តទង្វើដូចនាងដោយមិនដឹងខ្លួនផងក៏ថាបាន។

​ បើយើងមិនអាចជួបមនុស្សដែលយល់ពីយើងគ្រប់យ៉ាង យើងត្រូវតែយល់ពីអ្នកដទៃវិញ ព្រោះប្រកាន់ច្រើន ទុក្ខច្រើនតែខ្លួនឯង។ នេះជាអ្វីដែលខ្ញុំទទួលបានក្រោយអានរឿងនេះ។

សម្រាប់ខ្ញុំ សាច់រឿងនេះហាក់នៅស្មើៗ ប៉ុន្តែទោះអានវាចប់ហើយ តែការគិតរបស់ខ្ញុំចំពោះការសម្រេចចិត្តរបស់តួសំខាន់ៗនៅក្នុងរឿងនេះ ផ្សារភ្ជាប់មកជីវិតពិតរបស់ខ្ញុំ នៅមិនទាន់បញ្ចប់នៅឡើយទេ។ តើអ្វីទៅដែលខ្ញុំកំពុងគិត? សុភមង្គល និងមហិច្ឆតា! ចង់ដឹងថា សុភមង្គល ឬមហិច្ឆតា ទើបជារឿងដែលគួរប្រកាន់យក សូមអានរឿងនេះដោយខ្លួនឯងទៅ!

ជាចុងក្រោយ ទោះរឿងនេះនិយាយពីមហិច្ឆតារបស់នាងតូចវីរីយ៉ា តែខ្ញុំជឿជាក់ថារឿងនេះបានឆ្លុះបញ្ចាំងពីជីវិតស្រដៀងគ្នានេះច្រើនទៀត និងអាចចូលរួមជាគំនិតសម្រាប់យើងក្នុងវិថីជិវិតផ្ទាល់ខ្លួនបាន។ ខ្ញុំឃើញប្រធានបទសំខាន់ៗ ដែលគួរតែលើកយកមកពិភាក្សាពីក្នុងរឿងនេះ ដែលវាអាចជាគំនិតដ៏ល្អសម្រាប់យុវវ័យ។ ខ្ញុំមិននិយាយថាគ្រប់គ្នាត្រូវតែអានរឿងនេះនោះទេ ព្រោះចំណូលចិត្តនៃអ្នកអានម្នាក់ៗគឺខុសគ្នា។ តែខ្ញុំសប្បាយចិត្តដែលខ្ញុំមិនបានរំលងអានរឿងមួយនេះបាន។

ខ្ញុំមិនដឹងថារឿង “វិថីជីវិត” ធ្វើឱ្យជីវិតរបស់អ្នកនិពន្ធរតនាជោគជ័យក្នុងអាជីពនិពន្ធបានប៉ុណ្ណាទេ។ ប៉ុន្តែ ក្នុងបេះដូងអ្នកអានដូចខ្ញុំហើយ ទោះខ្ញុំអានរឿងនេះចប់មែន តែការគំនិតដែលខ្ញុំទទួលបានពីសាច់រឿងមួយនេះ នៅតែបន្តឆ្លើយឆ្លងគ្នារវាងបេះដូង និងខួរក្បាលរបស់ខ្ញុំ រហូតដល់ពេលនេះ។


#វិថីជីវិត
#ប្រលោមលោកខ្មែរ