នៅម៉ោង ០៧:៤៩ នាទី ( ពេលល្ងាចមួយថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៩ ការអានប្រលោមលោកវិថីជីវិតត្រូវបានបញ្ចប់ ) ។ សៀវភៅប្រលោមលោក “វិថីជីវិត” ជាស្នាដែរបស់ អ្នកនិពន្ធ រតនា គឺជាសៀវភៅមួយដែលមានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកអានរួមទាំងខ្ញុំផងដែរ ។ សៀវភៅប្រលោមលោកមួយនេះល្បីយូរមកហើយ ជាពិសេសនាងតូច វីរិយ៉ា គ្រប់គ្នាសុទ្ធតែបានលើកសរសើរអំពីនាង រហូតធ្វើឱ្យបេះដូងរបស់ខ្ញុំប៉ះទង្គិចយ៉ាងខ្លាំង រឹតតែចង់ឃើញនិងស្វែងយល់ពីនាងតូច
ចង់ដឹងថានាង ស្រស់ស្អាត ពូកែ និងរឹងមាំខ្លាំងប៉ុណ្ណា ជាពិសេសនោះគឺ
ប្រាថ្នាចង់បានបេះដូង “វិថីជីវិត” មកថ្នាក់ថ្នមផ្ទាល់ដៃទាំងទ្វេ ។
ពេលនេះបានថ្នាកថ្នមហើយ…ចុះអ្នកវិញមានសៀវភៅមួយនេះកាន់ក្នុងដៃហើយឬនៅ ???
សៀវភៅប្រលោមលោក “វិថីជីវិត” គឺអ្នកនិពន្ធចង់បង្ហាញអំពីខ្សែជីវិតរបស់នាងតូច វីរិយ៉ា ដែលនាងមានមហិច្ឆិតាដ៏ធំធេងចំពោះកិច្ចការងាររបស់នាងក្នុងការ #ក្លាយជាស្រ្ដីដ៏ជោគជ័យក្នុងមុខជំនួញ ជាមនុស្សស្រីម្នាក់ដែលពូកែ និងរឹងមាំខ្លាំងបំផុត រឹងមាំខ្លាំងរហូតធ្វើឱ្យបុរសដែលប៉ងប្រាថ្នានាង ពិបាកក្នុងការចូលមកក្បែរជីវិតរបស់នាង ( ខ្ញុំគិតថាបេះដូង វីរិយ៉ា ប្រហែលសាងឡើងពីទឹកកកហើយ ត្រជាក់ស្រេបសូម្បីតែខ្ញុំអ្នកអានពេលខ្លះក៏ពាល់អារម្មណ៍របស់នាងតូចមិនត្រូវដែរ…អ៎!!! ភ្លេចទៅថាបេះដូងរបស់នាងតូចយកទៅផ្ញើនិងសមុទ្រអស់ហើយ ហិហិ )
ខ្ញុំពេញចិត្តនូវវគ្គផ្សេងៗនៅក្នុងសៀវភៅប្រលោមលោកមួយនេះជាពិសេស វគ្គ៦ រសជាតិកាហ្វេ ។ ចំណុចមួយដែលខ្ញុំរឹតតែចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ “កាហ្វេខ្មៅពិតជាល្វីងណាស់ លេបចូលដល់បំពងក ក៏ប្រែរសជាតិទៅជាផ្អែម” ( ខ្ញុំជឿជាក់ថាអ្នកក៏ចាប់អារម្មណ៍នូវឃ្លាមួយនេះដែរ )។ ជាការពិតនាងតូច គឺជាមនុស្សស្រីម្នាក់ដែលជោគជ័យ និងខ្លាំងពូកែក្នុងមុខជំនួញ ( តែនេះមិនមែនជាសុភមង្គលដ៏ពិតប្រាកដរបស់នាងទេ ) ខ្ញុំចាំបានពាក្យសម្ដីរបស់ Bryant ដែលបាននិយាយត្រង់ចំណុចមួយថា ជោគជ័យមានពីរប្រភេទគឺ ១. ជោគជ័យដោយគ្មានសល់អ្វី ២. ជោគជ័យដោយសុភមង្គម
ខ្ញុំសូមស្ងើចសរសើរដល់បងស្រីអ្នកនិពន្ធខ្លាំងណាស់ ក្នុងការបង្កើតនិងលើកយកបញ្ហាជាច្រើននៅក្នុងរឿងមួយនេះ ជាពិសេសអារម្មណ៍មួយដែលជាស្នេហារវាងមិត្តភក្ដិ ដែលមិនមានការបែងចែកឱ្យដាច់ស្រេច ( ស្នេហាក្រឡាអុកដ៏សែនសាំញុាំរបស់អ្នកទាំងបួន វីរិយ៉ា បញ្ញវន្ដ វិមន្ដ និងរីណា សូម្បីតែខ្ញុំអ្នកអានផ្ទាល់ក៏វង្វេងវង្វាន់ខ្លាំងណាស់ដែរ ) ។
ខ្សែជីវិតរបស់នាងតូច វីរិយ៉ាអ្នកនិពន្ធបានដឹកនាំឱ្យនាងសម្ដែងក្លាយជា មនុស្សស្រីម្នាក់ដែលជោគជ័យក្នុងមុខជំនួញផ្ទាល់ខ្លួនរបស់នាង តែស្ថិតក្នុងការជោគជ័យមួយនេះ នាងបែរជាបដិសេដនូវមនោសញ្ចេតនាក្នុងបេះដូងរបស់នាង
ចំពោះបញ្ញវន្ដ ជាបុរសម្នាក់ដែលតែងតែ ចាំលើកទឹកចិត្ត គាំទ្រនាងគ្រប់ពេល
និងរង់ចាំនាងរហូតមក…( ដឹងទេថាអ្នកនិពន្ធបានធ្វើឱ្យអ្នកអានដូចជាខ្ញុំអួលដើមក សំឡេងក្នុងការអានក៏បានផ្លាស់ប្ដូរ មើលៗទឹកអីដក់ក្នុងកែវភ្នែកខ្ញុំទៀតហើយ…ខ្ញុំយំនៅពេលដែលបានអានសំបុត្ររបស់ បញ្ញវន្ដ ដែលបានបន្សល់ទុកឱ្យនាងតូច វីរិយ៉ា ក្រោយពេលនាងតូច ចាត់ទុកគេត្រឹមតែជាបងប្រុសដ៏ល្អម្នាក់…ហា៎ហា៎ តាមពិតខ្ញុំយំតាមតួស្រីពេលអានសំបុត្រហ្នឹងទេ ) ។
ចុងបញ្ចប់អ្នកនិពន្ធក៏ចង់បង្ហាញដល់អ្នកអាននូវមេរៀនជីវិតជាច្រើនជាពិសេសត្រង់វគ្គបញ្ចប់ “មហិច្ឆិិតាមិនមែនសុភមង្គល” នាងតូចយើងបានសម្រេចមហិច្ឆិតារបស់នាងយ៉ាងត្រចះត្រចង់ ប៉ុន្ដែអ្វីដែលនាងត្រូវបាត់បង់នោះគឺមនោសញ្ចេតនា ក្ដីស្រឡាញ់ពីមនុស្សម្នាក់ដែលស្រឡាញ់នាង មនុស្សម្នាក់ដែលបេះដូងរបស់នាងប្រាប់ថាមិនអាចខ្វះគេបាន ( មនុស្សម្នាក់ដែលនាងស្រឡាញ់ ) ដូចឃ្លាមួយនោះថា #មហិច្ឆតាកាន់តែធំ_មនោសញ្ចេតនាក៏កាន់តែតូច ( មិនមែនជាចំណុចសំខាន់ តែក៏តម្រូវឱ្យអ្នកអានដូចជាខ្ញុំត្រូវធ្វើការគិតពិចារណា ) ។ នាងតូច វីរិយ៉ា នៅមិនទាន់ហួសពេលដើម្បីកែប្រែកំហុសរបស់នាង នាងតូចសុខចិត្តដើរស្វែងរក បញ្ញវន្ដ ( ❤ ) ដូចដែលនាងខិតខំស្វែងរកហិច្ឆិតារបស់នាងដូច្នោះដែរ
( សម្រេចមហិច្ឆិតាបានហើយ ក៏ខិតខំសម្រេចបេះដូងផងដែរ ដើម្បីសុភមង្គលមួយ ណ៎!
អ្នកដែលកំពុងតែអាន )។ អ្នកណាដែលថាមិនធ្លាប់ធ្វើខុស អ្នកណាដែលថាមិនធ្លាប់មានកំហុស…សំខាន់យើងទទួលស្គាល់និងរៀនសូត្រពីកំហុសនោះ និងដើម្បីធ្វើការកែសម្អវានៅថ្ងៃក្រោយ ។
អ្នកនិពន្ធបានតាក់តែងឡើងនូវខ្សែេជីវិតរបស់នាងតូច
វីរិយ៉ា ប៉ុន្ដែខ្សែជីវិតរបស់ខ្ញុំ ខ្ញុំខ្លួនឯងជាអ្នកតាក់តែង ដឹកនាំ
និងរៀបចំជាឈុតជាឆាក និងត្រូវសម្ដែងដោយខ្លួនឯងផ្ទាល់ នាងតូច វីរិយ៉ា គឺជាគំរូដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ ❤ ( យើងម្នាក់ៗសុទ្ធតែជាអ្នកនិពន្ធ គិតបែបហ្នឹងទេ??? ជាអ្នកនិពន្ធសម្រាប់ខ្សែជីវិតរបស់ខ្លួនយើង )។
អរគុណយ៉ាងខ្លាំងដល់បងស្រី អ្នកនិពន្ធរតនា ដែលបានផ្ដល់កាដូប្រលោមលោក “វិថីជីវិត” ដ៏វិសេសមួយនេះដល់ប្អូនស្រីម្នាក់នេះ ( ចាត់ទុកថានេះជាកាដូមុនថ្ងៃខួបកំណើតខ្ញុំហើយ…ចុះអ្នកកំពុងតែអាន កាលណាបានផ្ញើកាដូមកឱ្យហ្នឹងជិតដល់ថ្ងៃខួបកំណើត សីហា ហើយណា៎ ហា៎ហា៎ផ្ញើបណ្ដើរៗមកបើកទទួលហើយណា៎ )
#បេះដូងរបស់ខ្ញុំវាបានខ្សឹបប្រាប់ខ្ញុំ់ថា_វាលង់និងសៀវភៅប្រលោមលោកមួយនេះដកចិត្តមិនរួចទេ ❤
ដោយ: ពណ៌ខ្មៅ
រូបភាព: ពណ៌ខ្មៅ (មើលរូបដដែរៗទៅកុំទាន់ធុញ😁✌)
ទីតាំង: សួនមានជ័យ ( ខេត្តបន្ទាយមានជ័យ )

សៀវភៅនេះញុមមិនទាន់បានអាននៅឡើយទេតែបងស្រី ពណ៌ខ្មៅ បានធ្វើអោយខ្ញុំកាន់តែចង់អានខ្លាំងទៀតហើយ ❤❤❤❤
ជូនពរឱ្យប្អូនស្រីបានអានប្រលោមលោកមួយនេះឆាប់ៗណា៎ ❤❤❤
អរគុណ! បងស្រី ❤❤❤