ក្តីស្រលាញ់ស្មោះត្រង់

ស្ករមួយស្លាបព្រាដាក់ទៅក្នុងទឹកមួយកែវ រំពឹងអីឱ្យទឹកមួយកែវនោះអាចផ្អែមខះដូចទឹកឃ្មុំបាន? ទទួលយកទៅ! ស្ករមួយស្លាបព្រា ទឹកមួយកែវ វាផ្អែមបានតែប៉ុណ្ណឹង។ បើទាមទារពេក វានឹងធ្វើឱ្យអ្នកញ៉ាំទឹកស្ករដោយគ្មានរសជាតិនោះទេ។

ក្តីស្រលាញ់មិនមែនជាការធ្វើជំនួញ បើផ្តល់ក្តីស្រលាញ់ដើម្បីតែចង់បានមកវិញ នោះមិនហៅថាក្តីស្រលាញ់ដោយចិត្តស្មោះទេ។ មានការស្រលាញ់ដោយក្តីរំពឹង ដ្បិតមនុស្សរស់នៅក្នុងផែនដីនេះត្រូវការប្រាស្រ័យនឹងពំនាក់ ធ្វើល្អចំពោះនរណាម្នាក់ក៏រំពឹងបានភាពល្អនោះមកវិញ។ វាអាចបាន! តែវានឹងបានក្នុងកម្រិតមួយនៃអធ្យាស្រ័យរបស់គេដែលមានចំពោះអ្នក។ គេអាចជាមនុស្សដែលមានសទ្ធាចិត្តតិច ឬគេអាចមិនមានសេចក្តីលម្អៀងទោរទន់មកកាន់អ្នក នោះផលល្អដែលអ្នកបានពីគេវាមិនស្មើរអ្វីដែលអ្នករំពឹង។

គួរខឹងគេទេ បើគេមិនស្រលាញ់ មិនស្មោះត្រង់នឹងអ្នកដូចដែលអ្នកបានផ្តល់ឱ្យគេ? ខឹងធ្វើអី! បើគេមិនអ្នក! អ្នកមិននៅក្នុងចិត្តគេ ធ្វើម៉េចនឹងដឹងបានថាហេតុផលអីគេតបចិត្តអ្នកមិនបាន?

ចង់បញ្ជាចិត្តគេ រៀនបញ្ជាចិត្តខ្លួនឯងសិន! បើឱ្យក្តីស្រលាញ់ ភាពស្មោះត្រង់ ដើម្បីតែចង់បានមកវិញ ឈប់ស្រលាញ់ ឈប់ស្មោះនឹងគេទៅ! ដើរចេញពីទំនាក់ទំនងដែលផ្តល់តែម្ខាង កុំឱ្យចិត្តហត់ខ្លាំងពេក។

ក្តីស្រលាញ់ដែលមានតែការចង់ឱ្យ ទោះបានឬមិនបានអ្វីជាសំណងអត់បញ្ហា ។ ស្មោះ! ព្រោះអ្នកមិនចេះក្បត់ ស្មោះ! ព្រោះអ្នកមិនអាចក្បត់។
តែបើស្រលាញ់ពេញចិត្តហើយ ពិតជាចង់ផ្តល់ឱ្យ ចង់តែឃើញមនុស្សដែលអ្នកស្រលាញ់បានទទួលអ្វីដែលល្អ បើទោះគេឱ្យអ្នកវិញបានប៉ុនណាក៏ដោយចុះ! ទទួលបែបនោះបាន គឺអ្នកមានក្តីស្រលាញ់បរិសុទ្ធចំពោះគេហើយ។

អ្នកមិនបានល្ងង់ទេ! តែអ្នកកំពុងតែរឹងមាំក្នុងការធ្វើជាអ្នកហើយ។ មិនមានអ្វីអាចផ្លាស់ប្ដូរអ្នកបាន អ្នកអាចឱ្យក្តីស្រលាញ់ ក្តីស្មោះត្រង់ទៅមនុស្សទូទៅបាន មិនថាគេជាមនុស្សបែបណា អ្នកអាចអរគុណគេដែលផ្តល់ឱកាសឱ្យអ្នកបានស្រលាញ់ បានស្មោះចំពោះគេ ឱ្យអ្នកមានលទ្ធភាពបញ្ចេញពន្លឺដ៏ប្រសើរនៃភាពល្អរបស់អ្នកបាន។

ពន្លឺនៃក្តីស្រលាញ់បរិសុទ្ធ ពន្លឺនៃភាពស្មោះត្រង់នេះ វាមិនចេះតែមានលើគ្រប់មនុស្សទេ បើមានហើយខំរក្សាវាទៅ កុំឱ្យភាពអាក្រក់របស់មនុស្សដែលអ្នកបានជួបមកបិទបាំងឬធ្វើឱ្យពន្លឺអ្នកចុះខ្សោយបាន។

កុំតូចចិត្តបើគេមិនស្រលាញ់ កុំតូចចិត្តបើគេមិនស្មោះ! នេះគ្រាន់តែជាភាពអន់ ភាពតូចទាបរបស់គេចំពោះអ្នក។ស្រលាញ់មនុស្សខុស ស្មោះមនុស្សខុស អ្នកមិនល្ងង់ទេ កាត់ចិត្តដែលធ្លាប់ឱ្យជាទាន! ឱ្យរួចហើយគឺបានលះហើយ លះបង់ហើយគឺមិនដើម្បីយកមកវិញឡើយ។
ធ្វើជាមនុស្សល្អកុំខ្លាចគេថាល្ងង់! មនុស្សល្អមិនល្ងង់ទេ! មនុស្សល្ងង់គឺមនុស្សដែលមិនព្រមធ្វើល្អតែប៉ុណ្ណោះ មនុស្សល្ងង់តែងគិតថាខ្លួនឯងឆ្លាត ហើយមនុស្សដែលច្រលំថាខ្លួនឯងឆ្លាតតែងមានវិប្បដិសារីលើកំហុសខ្លួនឯង។ មនុស្សទូលវិប្បដិសារីគ្មានថ្ងៃគេងបានស្កប់ស្កល់ទេ! មនុស្សឆ្លាតព្រោះបានក្បត់គេមុខនឹងទទួលផលដែលបានសាងក្នុងថ្ងៃមួយ។

One Comment

  1. ហិហិ អរគុណ! បងស្រីជាទីស្រឡាញ់ ❤❤❤❤❤❤❤❤❤❤

Comments are closed.