បើមិនចង់បានទំនាក់ទំនងក្លែងក្លាយ ក្តីស្រលាញ់ក្លែងក្លាយ ឈប់ធ្វើជា

មាននរណាខ្លះដែលមិនចង់បានក្តីស្រលាញ់ស្មោះត្រង់នោះ? គ្មានទេ!

មិនមានមនុស្សចង់បានក្តីស្រលាញ់ដែលមិនស្មោះត្រង់សោះ តែមនុស្សចូលចិត្តឱ្យក្តីស្រលាញ់ក្លែងក្លាយមួយនោះទៅអ្នកដទៃទៅវិញ។ ព្រោះអ្វី?

ហេតុផលទី១ គឺព្រោះតែការចង់បាន។ ហេតុផលទី២ គឺព្រោះតែភាពអាត្មានិយម។

ចង់បាននោះគឺអ្វី?

ចង់បានក្តីស្រលាញ់មួយ ចង់បានភាពស្និទ្ធស្នាលមួយ មនុស្សចូលចិត្តកុហក លាក់លៀមនិស្ស័យមិនល្អរបស់ខ្លួននៅពេលចាប់ផ្តើមទំនាក់ទំនងនិមួយៗ។ ការគោរពគ្នា ខ្វល់ខ្វាយគ្នា រអាលចិត្តគ្នា និងលះបង់ចំពោះគ្នាដែលមានតែមួយរយៈពេលខ្លី មិនខុសអីពីការកុហក ឬហៅបានថាលាក់លៀមចរិតពិត។

រឿងល្អៗដែលបានខំធ្វើត្រឹមមួយរយៈខ្លីដើម្បីឱ្យបានទំនាក់ទំនងមួយនោះ វានឹងរលាយទៅតាមពេលវេលា។ វានៅមិនយូរឡើយ ព្រោះមនុស្សមិនអាចបង្ខំខ្លួនឯងឱ្យធ្វើរឿងដែលខ្លួនមិនចូលចិត្តបានយូរនោះទេ។

ទំនាក់ទំនងដែលខំសម្តែងភាពល្អទៅប្តូរវានឹងរង្គើរនាពេលដែលភាពអាត្មានិយមរបស់មនុស្សក្រោកឡើង។

តើមាននរណាតែងតែគិតដល់អ្នកដទៃមុនខ្លួនឯងរហូតនោះ? មនុស្សថាមិនខ្វល់ពីខ្លួនឯង តែនៅតែខំដកដង្ហើមឱ្យខ្លួនឯងបានរស់គ្រប់វិនាទី។

បើការដែលចង់បានទំនាក់ទំនងមួយត្រូវបង្ខំខ្លួនឯងឱ្យស្ថិតនៅក្នុងការដាស់តឿនចិត្តរហូតមក ការប្រើពិធិការរហូត ឬការលះបង់ភាពជាខ្លួនឯងរហូត តើមាននរណាអាចទ្រាំបាន?

ភាពអាត្មានិយមនឹងដាស់មនុស្សឱ្យភ្ញាក់ ហើយលះបង់ទំនាក់ទំនងមួយនោះដើម្បីមករស់ជាខ្លួនឯងវិញ។

ក្រោយពេលដែលទំនាក់ទំនងមួយបានបាត់បង់ មនុស្សតែងនិយាយថា គេបានទទួលក្តីស្រលាញ់ក្លែងក្លាយ។

គេមិនគិតទេថាក្តីស្រលាញ់ក្លែងក្លាយនោះ គេក៏មានចំនែកបង្កើតវាដែរ។

ធ្វើឱ្យខ្លួនឯងក្លាយជាខ្លួនឯងដែលក្លែងក្លាយដើម្បីទំនាក់ទំនងក្លែងក្លាយមួយតាំងពីពេលចាប់ផ្តើម សួរថានរណាចាប់ផ្តើម?

ដូច្នេះ បើមិនចង់បានទំនាក់ទំនងក្លែងក្លាយ ក្តីស្រលាញ់ក្លែងក្លាយ ឈប់ធ្វើជាខ្លួនឯងក្លែងក្លាយទៅ! បើគេចង់រាប់អានយើង បើគេស្រលាញ់អ្នក គេនឹងទទួលយកបានភាពអ្នកជាអ្នក ហើយក្តីស្រលាញ់ ឬទំនាក់ទំនងមួយនោះនឹងមិនក្លែងក្លាយឡើយ ហើយក៏មិនរលាយទៅតាមពេលវេលា ឬភាពអាត្មានិយមឡើយ។

កុំដើម្បីតែទំនាក់ទំនងមួយ ត្រូវរៀបចំឬកពារ ឬបង្កើតខ្លួនឯងក្លែងក្លាយដើម្បីទៅចាប់យកវា។

បើមិនចង់បាត់បង់មនុស្សដែលអ្នកស្រលាញ់ ទៅរកគេក្នុងភាពអ្នកជាអ្នក! ទោះគេមិនទទួលយកអ្នកបានឬមិនបាន យ៉ាងហោចអ្នកនឹងគេគឺមិនមានទំនាក់ទំនងក្លែងក្លាយ មិនខាតពេល ទោះខកចិត្តក៏មិនឈឺចាប់។

ចាំណា៎! អ្វីដែលក្លែងក្លាយវានឹងមិនស្ថិតថេរឡើយ មួយរយៈកន្លងវាអាចរលាយទៅវិញតាមភាពអាត្មានិយមរបស់មនុស្សនេះឯង។

#អត្ថបទអ្នកនិពន្ធរតនា