សំឡេងឈ្លោះគ្នារវាងប្តីប្រពន្ធមួយគូចេញពីក្នុងខ្ទមមួយ ៖
- ខ្ញុំប្រាប់ឯង! ខ្ញុំជាប្តីមិនមែនពួកអាអស់នោះជាប្តីឯងទេ
- បង! កុំប្រើពាក្យធ្ងន់ពេក ពួកគាត់គ្រាន់តែអាណិតព្រោះខ្លាចបងវាយខ្ញុំ
- ខ្ញុំគ្មានចង់វាយប្រពន្ធទេ តែប្រពន្ធចូលចិត្តឲ្យខ្ញុំវាយ បើមិនឲ្យលុយខ្ញុំផឹក ខ្ញុំនឹងវាយឯង!
- បង! លុយរកបានតិចតួចបងយកទៅផឹក ខ្ញុំបានអីផ្គត់ផ្គង់គ្រួសារ កូនយើងទៅរៀន គ្នាក៏ត្រូវការលុយ។
- កុំនិយាយពីអាកូនហ្នឹង! វានៅឯណា អញចង់ទៅវាយវាឲ្យណាណី! កើតមកភ្លាមវានាំចង្រៃអោយអញក្រដូចរាល់ថ្ងៃនេះ! អញស្អប់វា!
ថាហើយបុរសជាប្តីដើរទាំងស្រវឹងទ្រេតទ្រូតទៅរកវាយកូនប្រុស តែប្រពន្ធតាមឃាត់ ៖
- បងកុំណា! កូនគ្នាមិនដឹងអីទេកុំវាយកូន
កូនប្រុសអាយុរ11ឆ្នាំពួនយំក្រោមតុពេលដឹងខ្លួនជាដើមហេតុនៃជម្លោះឪពុកម្តាយរាល់ថ្ងៃបែបនេះ។ បន្ទាប់ពីទាញដៃប្តីឲ្យចេញក្រៅផ្ទះអតីតលោកស្រីផល្លា មកក្រសោបឱបកូនប្រុសតែមួយនិងពោលលួងលោម៖
- កូនបុត្រ! កូនប្រុសមាសម្តាយ កូនកុំយំ! កុំខឹងនឹងលោកប៉ាណាកូន
បុត្រយំឱបម្តាយសួរទាំងអណ្តើតអណ្តក៖
- ម៉ាក់! គ្រួសារយើងធ្លាក់ខ្លួនក្រព្រោះកូនមែនទេម៉ាក់?
- អត់ទេកូន! អត់ទេ! កូនបុត្ររបស់ម៉ាក់ល្អប្រពៃណាស់ គ្រួសារយើងរកស៊ីខាតមកតែពីគ្រោះទេ កូនកុំយកពាក្យលោកប៉ាដាក់ក្នុងចិត្តណាកូនណា៎
- ម៉ាក់! ចុះលោកប៉ាគាត់ស្រលាញ់កូនទេ?
លោកប៉ាកូនស្រលាញ់កូនជាងម៉ាក់ទៅទៀត តែគាត់ផ្លាស់ប្តូរបែបនេះមកពីគាត់ខូចចិត្តពេកណាកូន។ កូនប្រុសល្អរបស់ម៉ាក់! ទុកពេលឲ្យលោកប៉ាណាកូន!
ម្តាយយំអង្វរកូនប្រុសមិនឲ្យខឹងគុំគួននឹងឪពុកខ្លួនឯង បុត្រមិនឆ្លើយតបត តែយំឱបម្តាយរហូតគេងលក់ក្នុងរង្វង់ដៃម្តាយ។
តាមទម្លាប់មីងផល្លាក្រោកពីព្រលឹមរាល់ព្រឹកដើម្បីធ្វើនំយកទៅលក់ឯផ្សារ ក៏មានបុត្រជាជំនួយការផងដែរ។
រៀបចំនំដាក់ល្អីបណ្តើរបុត្រសួរទៅអ្នកម្តាយ៖
- ម៉ាក់! លោកប៉ាធ្លាប់ស្រលាញ់កូនមែនដែរទេ?
មីងផល្លាផ្តើមទឹកភ្នែករលីងរលោងតបទៅកូនប្រុសតែមួយ៖
- កូន! កាលកូននៅក្នុងផ្ទៃម្តាយនៅឡើយគ្រួសារយើងធ្លាប់ជាអ្នកមានស្កឹមស្កៃ ចង់បានអ្វីក៏មិនបាច់ធ្វើដោយខ្លួនឯងដែរ គ្រាន់តែប្រើបាវព្រាវទៅរក រឺទៅធ្វើក៏បានភ្លាម។ តែកូនមើលនុះ នោះគឺអ្វី? ជាអង្រឹងឈើដ៏មានតម្លៃបំផុតកូនដឹងទេ គឺលោកប៉ាធ្វើឲ្យកូនដោយផ្ទាល់ដៃលោក។
បុត្រងាកទៅមើលអង្រឹងឈើដែលដើមឡើយគ្រាន់តែគិតថាជារបស់ចាស់មួយ តាមពិតវាមានន័យដល់ថ្នាក់នេះសោះ ទឹកភ្នែករមៀលស្រក់ចុះស្តាប់ម្តាយពោលបន្ត៖
- កូនម្តាយ កុំតូចចិត្តនឹងលោកប៉ាមិនបានយកចិត្តទុកដាក់ដូចរាល់ថ្ងៃ។ ក្រោយលោកប៉ារកស៊ីខាតធ្ងន់ធ្ងរ លោកប៉ាក៏បាក់ទឹកចិត្តនឹងធ្លាក់ខ្លួនបែបនេះទៅ។ កូនសន្យានឹងម្តាយបានទេថាមិនខឹង តូចចិត្តនឹងលោកប៉ា?
- កូនអាណិតលោកប៉ាណាស់ម៉ាក់ ពេលកូនធំឡើងកូននឹងខំរកលុយធ្វើឲ្យគ្រួសារយើងក្លាយជាអ្នកមានដូចមុនវិញ ហើយលោកប៉ានឹងស្រលាញ់កូនដូចពីមុនវិញ។ កូនសន្យា! កូននឹងមិនខឹងរឺអន់ចិត្តនឹងលោកប៉ាទៀតឡើយ។ ម៉ាក់កូនស្រលាញ់អង្រឹងឈើដែលលោកប៉ាធ្វើឲ្យកូន។
អតីតលោកស្រីផល្លាអួលដើមកអង្អែលក្បាលកូនថើរៗ ហើយឱនមកថើបថ្ងាសកូនប្រុសតែមួយ។
ជីវភាពប្រចាំថ្ងៃរបស់គ្រួសារនេះកាន់តែដុនដាបទៅ ឪពុករបស់បុត្រធ្លាក់ខ្លួនឈឺដោយការរាតត្បាតនៃសុរា។ អតីតលោកស្រីផល្លាមិនអាចយកកម្រៃលក់នំមកផ្គត់ផ្គង់គ្រួសារឲ្យបានគ្រប់គ្រាន់ឡើយ ណាមួយត្រូវចំណាយលើថ្នាំសង្កូវរបស់ស្វាមី ណាមួយត្រូវចំណាយលើថ្លៃសិក្សាកូនប្រុសតែមួយ លោកស្រីតែម្នាក់ឯងទ្រទ្រង់លែងបានគិតតែចង់ចេញទៅធ្វើការឲ្យបានកម្រៃច្រើនជាងនេះ និងដើម្បីព្យាបាលជំងឺស្វាមីផង លោកស្រីផល្លាដាច់ចិត្តយកកូនប្រុសស្រលាញ់ស្មើកែវភ្នែកទៅផ្ញើនឹងមណ្ឌលកុមារកំព្រា។
ពីរនាក់ម្តាយកូនឡើងឡានពីបាត់ដំបងមកដល់ភ្នំពេញ ដោយទុកស្វាមីកំពុងឈឺឲ្យនៅផ្ទះតែម្នាក់ឯង។
ក្រោយធ្វើឯកសារផ្តិតមេដៃព្រមទុកបុត្រឲ្យនៅមណ្ឌលកុមារកំព្រាទួលស្វាយព្រៃរួចមក គាត់ងាកមកផ្តាំកូនប្រុសជាចុងក្រោយ៖
- កូនម្តាយ! ម្តាយសុំទោសដែលម្តាយអស់លទ្ធភាពថែកូនដោយដៃឯង តែម្តាយមិនដែលឈប់ស្រលាញ់កូនទេ ម៉ាក់និងលោកប៉ា ស្រលាញ់កូនប្រុសម្នាក់នេះគ្មានថ្ងៃបញ្ចប់ទេកូន។ នៅពេលលោកប៉ាកូនជាសះស្បើយហើយ ម៉ាក់នឹងមកទទួលកូនទៅវិញ។ ម៉ាក់សន្យា!
បុត្រចាប់ផ្តើមញ័រខ្លួនដូចកូនមាន់ដែលត្រូវមេត្រដាងស្លាបឲ្យក្អែក តើមានមេមាន់ឯណាត្រដាងស្លាបឲ្យក្អែកឆក់កូននោះ វាគ្រាន់តែជាអារម្មណ៍ហេលហាលរបស់កូនប្រុសកំសត់នេះតែប៉ុណ្ណោះ។ បុត្រមិនចង់យំតែទឹកភ្នែកហូរទប់មិនជាប់និយាយទាំងញ័រមាត់ទៅម្តាយ៖
- ម៉ាក់! កុំភ្លេចសន្យា បើថ្ងៃស្អែកនៅតែមាន កូនចាំម៉ាក់រហូត។
ពីរនាក់ម្តាយកូនយំឱបគ្នាយ៉ាងខ្លោចផ្សារ ឱបយូរប៉ុនណាក៏មិនអាចជួយមិនឲ្យម្តាយកូនទាំងពីរមិនបែកគ្នាបានដែរ ព្រហ្មលិខិតមិនអាណិតឡើយ។
បារម្ភប្តីពេក អតីតលោកស្រីផល្លាមិនបង្អង់បំបែកកូនចេញពីដើមទ្រូងរត់តម្រង់ចេញក្រៅបរិវេណមជ្ឈមណ្ឌល បុត្ររត់ទៅតាមក្រោយ ស្រែកហៅម្តាយ៖
- ម៉ាក់! ឈប់សិន! ម៉ាក់បែរក្រោយមើលមុខកូនសិន!
ម្តាយកម្សត់ឈរធ្មឹងបន្តិច បែរក្រោយមើលកូនពីចម្ងាយទាំងទឹកភ្នែករហាម។ បុត្របន្តស្រែកប្រាប់ទៅម្តាយដែលឈរនៅមួយចំងាយ៖
- ម៉ាក់កុំយំ បើទឹកភ្នែកម៉ាក់ហូរ ម៉ាក់មើលមុខកូនមិនច្បាស់ទេ កូនចង់ឲ្យម៉ាក់ចាំមុខកូនទុកបើទោះជាកូនធំទៅ សូមម៉ាក់កុំភ្លេចមុខកូនណា៎
និយាយចប់បុត្ររត់ចូលទៅក្នុងមណ្ឌលវិញដោយមានគ្រូឈរចាំទទួលដោយក្តីអាណិតអាសូរជាពន់ពេក។
នៅតែអ្នកម្តាយកម្សត់ឈរយំដល់ទន់ខ្លួនដួលលើដី ខ្លោចចិត្តនឹងសម្តីកូនប្រុសតែមួយ នៅតូចសោះមិនគួរត្រូវព្រាត់ពីដើមទ្រូងម្តាយ…
…រយះពេលមួយឆ្នាំដែលបុត្ររស់ជ្រកកោនក្នុងមជ្ឈមណ្ឌល ព្រោះតែបុត្រជាក្មេងស្លូតនិងឧស្សាហ៍ព្យាយាម លោកគ្រូអ្នកគ្រូនៅក្នុងមណ្ឌលស្រលាញ់និងអាណិតបុត្រគ្រប់ៗគ្នា។ ក្នុងនោះមានអ្នកគ្រូម៉ាឡៃដែលតែងតែចំណាយពេលមើលថែបុត្រជាងគេ ព្រោះតែសេចក្តីដឹងគុណលោកប៉ារបស់បុត្រធ្លាប់ជួយទំនុកឲ្យគាត់បានរៀនផងធ្វើការផង កាលពីលោកមិនទាន់ធ្លាក់ខ្លួនក្រ។
ថ្ងៃនេះក៏ដូចថ្ងៃណាដែរ ទំនេរម៉ោងរៀនបុត្រតែងទៅអង្គុយចាំម្តាយនៅក្បែររបងទ្វារមណ្ឌល ហើយតែងមានអ្នកគ្រូម៉ាឡៃជាអ្នកលួងលោមជាប្រចាំ៖
- បុត្រ! នៅទីនេះសោះអ្នកគ្រូខំដើររក
- ខ្ញុំមកចាំម៉ាក់ខ្ញុំណាអ្នកគ្រូ! យូរហើយគាត់មិនឃើញមកសោះ មកលេងក៏មិនដែលមក
និយាយតែប៉ុណ្ណេះបុត្រចាប់ផ្តើមអួលដើមក អ្នកគ្រូម៉ាល័យយល់ស្ថានការណ៍ចាប់ផ្តើមពន្យល់បកស្រាយ៖
- បុត្រអើយ! ប្រហែលម៉ាក់របស់បុត្រកំពុងពិបាកខ្លាំងហើយណា មើលទៅលោកប៉ារបស់បុត្រមិនទាន់ជាសះស្បើយទេ បើមកលេងបុត្របានលុយឯណាទិញថ្នាំជូនលោកប៉ា?
- ហេតុអីលោកប៉ាឈឺយូរម៉្លេះអ្នកគ្រូ? លោកប៉ាឈឺអ៊ីចឹងមាននឹកខ្ញុំទេ?
- លោកប៉ាមុខតែជាឆាប់ៗ អ្នកគ្រូហ៊ានធានាថាលោកប៉ាស្រលាញ់បុត្រខ្លាំងជាងអ្នកណាទាំងអស់ ហើយពេលនេះមិនដឹងនឹកបុត្រយ៉ាងណាទេ។
- ហេតុអីអ្នកគ្រូដឹងច្បាស់ម៉្លេះ?
- អ្នកគ្រូធ្លាប់ជាបុគ្គលិកធ្វើការជូនលោកប៉ាបុត្រ កាលនោះគ្រាន់តែដឹងថាអ្នកម៉ាក់បុត្រមានផ្ទៃពោះ លោកប៉ារបស់បុត្រធ្វើកម្មវិធីជប់លាងយ៉ាងធំហើយប្រាប់គេគ្រប់គ្នាថាបុត្រជាកូនសំណព្វតែមួយ គ្រប់បែបយ៉ាងនឹងប្រគល់ជូនបុត្រទាំងអស់។ ហើយថ្ងៃដែលបុត្រកើតបានមួយខែ លោកប៉ាធ្វើកម្មវិធីបង្កក់យ៉ាងធំហើយលោកប៉ាបីបុត្រដើរអួតអ្នកចូលរួមទាំងអស់គ្នា ថាបុត្រមានមុខដូចលោកប៉ា ធំឡើងមុខតែពូកែដូចលោកប៉ា។
ស្តាប់អ្នកគ្រូនិយាយយ៉ាងជក់ចិត្ត បុត្រភ្លេចនឹកម៉ាក់បានមួយគ្រា។ យ៉ាងណាគេអាចទទួលដឹងថាប៉ារបស់គេពិតជាស្រលាញ់គេមែន បើទោះជាតាំងពីដឹងក្តីមកមិនធ្លាប់បានដៃឪពុកថ្នមក៏ដោយ។
ធ្មេចបើកបុត្ររស់នៅក្នុងមណ្ឌលពីរឆ្នាំហើយ កើនវ័យ13ឆ្នាំបុត្រនៅតែជាក្មេងប្រុសដែលជាទីស្រលាញ់របស់មនុស្សជុំវិញខ្លួន។ ថ្ងៃនេះនៅមណ្ឌលមានការរៀបចំកម្មវិធីពិសេស ដូចជាសម្រាប់ទទួលភ្ញៀវកិត្តិយសណាម្នាក់ ក្មេងៗក្នុងមណ្ឌលស្លៀកពាក់សមសួនឈរចាំទទួលវត្តមានរបស់ប្តីប្រពន្ធជនជាតិអាមេរិកមួយគូ។ ពួកគេជាគូស្នេហាមនុស្សធម៌ ដែលបានដាក់ឆន្ទៈដើរជួយឧបត្ថមមណ្ឌលកុមារកំព្រាចំនួន9ប្រទេស ហើយប្រទេសកម្ពុជាជាប្រទេសចុងក្រោយដែលគេមកដល់។
វាសនាល្អរបស់បុត្របានមកដល់ ប្តីប្រពន្ធមួយគូនេះឃើញបុត្រភ្លាម ហាក់មាននិស្ស័យ ដោយនិស្ស័យល្អពីកំណើតនិងភាពឆ្លាតវៃរបស់បុត្រ ធ្វើឲ្យពួកគេស្រលាញ់ពេញចិត្តយ៉ាងខ្លាំងក៏បានស្នើសុំបុត្រធ្វើជាកូនចិញ្ចឹម ចង់យកទៅរស់នៅជាមួយ តែគ្រូៗទាំងអស់ក្នុងមជ្ឈមណ្ឌលបានបដិសេធព្រោះខ្លាចអ្នកស្រីផល្លាមកទទួលបុត្រវិញមិនឃើញ នឹងមិនមានអ្វីបកស្រាយជូនគាត់។ ស្របពេលគ្រូៗទាំងអស់និងប្តីប្រពន្ធជនជាតិអាមេរិកកំពុងពិភាក្សាររឿងនេះ បុត្រប្រាកដខ្លួនទាំងទឹកភ្នែករហាម ត្បិតបុត្រជាក្មេងឆ្លាតរៀនពូកែគេអាចយល់ការសន្ទនាជាភាសាអង់គ្លេសបាន។ អ្នកគ្រូម៉ាល័យបារម្ភដល់ទឹកចិត្តបុត្រ នាងស្ទុះមកឱបលួងលោម៖
- បុត្រកុំយំ! ពួកយើងមិនបានអនុញ្ញាតអោយពួកគាត់យកបុត្រទៅទេ ពួកយើងចាំអ្នកម៉ាក់របស់បុត្រមកទទួលបុត្រទៅវិញតាមសន្យាណា៎ កុំយំអី!
- ខ្ញុំមិនបានយំទេ គ្រាន់តែទឹកភ្នែកខ្ញុំហូរណា៎អ្នកគ្រូ តែខ្ញុំចង់ទៅជាមួយពួកគាត់បើគាត់មិនប្រកាន់ខ្ញុំចង់មានម៉ាក់ពីរនាក់ និងលោកប៉ាពីរនាក់។
ក្រោយពេលអ្នកគ្រូម៉ាល័យបកប្រែជាភាសាអង់គ្លេសឲ្យប្តីប្រពន្ធទាំងពីរនាក់បានយល់ អ្នកទាំងពីរនោះស្ទុះមកឱបបុត្រដោយក្តីត្រេកអរ។
ពួកគេនិយាយទៅកាន់បុត្រថា៖
- ពួកយើងសន្យា ថានឹងមើលថែបុត្រទុកជាកូន ហើយយើងមិនហាមឃាត់បុត្រជួបនឹងឪពុកម្តាយបង្កើតវិញឡើយ។
ដោយការយល់ព្រមដោយផ្ទាល់ពីសាម៉ីខ្លួន លោកគ្រូអ្នកគ្រូទាំងអស់ក៏មិនហ៊ានបដិសេធន៍ទៀតដែរ តែអ្នកគ្រូម៉ាល័យនៅមិនអស់ចិត្តនឹងការយល់ព្រមដោយងាយបែបនេះ ពេលស្ងាត់ៗអ្នកគ្រូទៅសួរបុត្រដែលអង្គុយដូចជាចាំផ្លូវម្តាយមកទទួល។
- បុត្រ! ចាំម៉ាក់ទៀតហើយមែនទេ?
- បាទអ្នកគ្រូ ខ្ញុំចង់ឲ្យម៉ាក់មកឆាប់ៗនេះ ខ្ញុំតែងយល់សប្តិឃើញម៉ាក់មកទទួលខ្ញុំទៅវិញ។
អ្នកគ្រូម៉ាល័យដកដង្ហើមធំសួរទាំងមិនយល់ពីការសម្រេចចិត្តរបស់បុត្រ ៖
- បើអ៊ីចឹងម៉េចក៏បុត្រព្រមទៅជាមួយម៉ាក់ប៉ាថ្មី?
- ព្រោះខ្ញុំគិតថាមានតែផ្លូវនេះទេដែលអាចឲ្យខ្ញុំមានឱកាសសាងអនាគតល្អបាន
- នៅក្មេងសោះគិតបានវែងឆ្ងាយណាស់បុត្រ ចុះឲ្យអ្នកគ្រូប្រាប់អ្នកបងផល្លាយ៉ាងណាបើគាត់មកមិនឃើញបុត្រ?
- អ្នកគ្រូប្រាប់ឲ្យគាត់ចាំបុត្រ បុត្រនឹងត្រឡប់មករកពួកគាត់វិញ។ បុត្រសន្យា!
នេះជាប្រលោមលោកមួយដែខ្ញុំបានប្លន់ទម្រង់សរសេរយកមកប្រើ