ប្រលោមលោក អំណាចពិសេស

យ១៦ឆ្នាំ នាងប្រែរូបជានារីពេញរូបពេញរាង ធំធាត់នៅក្នុងស្រុកជនបទមួយក្នុងខេត្តកំពង់ចាម។
ក្នុងវ័យដែលកំពុងទទួលការប្រែប្រួល សុភាពចូលចិត្តស្រមើស្រមៃ អណ្តែតអណ្តូងមិនឈប់ មិនថានៅស្ងៀមឬកំពុងធ្វើការ មានពេលខ្លះនាងស្រមៃដល់ដេកលក់ទាំងថ្ងៃ។
ថ្ងៃមួយពេលទំនេរពីការងាផ្ទះ នាងទៅអង្គុយលេងនៅគៀនគំនរចំបើងម្នាក់ឯង អណ្តែងអណ្តូងស្រមើស្រមៃពីរឿងមួយទៅរឿងមួយ ទៅតាមអារម្មណ៍ស្រាលរបស់នាង

“បើថ្ងៃមួយស្រាប់តែសុខៗមានអំណាចអ្វីមួយមកបបួលដោះដូរអីមួយពីខ្ញុំ តើខ្ញុំគួរតែព្រមឬអត់ហ្ន៎? ហើយតើខ្ញុំចង់បានអី? ខ្ញុំប្រហែលជាចង់ឲ្យខ្លួនឯងក្លាយជាស្រីស្អាតជាងគេនៅក្នុងភូមិនេះ? ឬក៏គួរតែសុំគេជួយឲ្យខ្ញុំមានមនុស្សស្រលាញ់ឲ្យច្រើនៗ?”

មេឃងងឹតខ្យល់ខ្លាំងបក់មួយឆ្វាត់ប៉ើងចំបើងពេញលើខ្លួនសុភាព លេចចេញស្រមោលស្ទង់ៗនៅពីមុខនាង នាងក្រោកឈរបោសចំបើងចេញពីខ្លួន ឈរសម្លឹងស្រមោលទាំងព្រឺឆ្អឹងខ្នង។

មិនទាន់បានស្តីសួរអីផងមានសម្លេងល្វើយៗដែលដូចជាការនិយាយរបស់ស្រមោលនោះនិយាយទៅកាន់សុភាព

 ខ្ញុំឲ្យវត្ថុពីរដែលនាងត្រូវការ ខ្ញុំនឹងឲ្យនាងក្លាយជាស្រីស្អាតជាងគេក្នុងភូមិ និងមានបុរសជាច្រើនតាមស្រលាញ់នាង តែនាងត្រូវធ្វើការងាពីរឲ្យខ្ញុំ
ទី១ នាងត្រូវយកខោអាវដែលនាងស្រលាញ់ជាងគេមួយកំប្លេទៅកប់នៅក្រោមដើមស្វាយក្រោយផ្ទះនាង ត្រូវយកទៅកប់នៅម៉ោង១២យប់នេះកុំខាន។
រឿងទី២ យប់ស្អែកម៉ោង១២នាងត្រូវទៅជីករករបស់អ្វីមួយនៅក្រោមដើមព្រីង ក្រោយផ្ទះយាយរបស់នាងជីកទាល់តែឃើញរបស់នោះទើបឈប់ជីក ហើយយកវាទៅទុកក្រោមគ្រែរបស់នាងគ្រប់ប្រាំពីរថ្ងៃ របស់នោះនឹងរលាយបាត់ ហើយខ្ញុំនឹងបំពេញប្រាថ្នារបស់នាង។ 
នាងត្រូវធ្វើតាមយើង! នាងត្រូវធ្វើវាឲ្យបាន!

សម្លេងស្រមោលនោះស្រែកល្វើយៗ សម្លុតឲ្យសុភាពត្រូវតែធ្វើតាម។
សុភាពភ័យឡើងញ័រសព្វខ្លួន ឆ្លើយយល់ព្រមតាមការដោះដូរទាំងសម្លេងញ័រៗ បាត់ស្រមោលដ៏គួរឲ្យខ្លាចទៅនាងលែងមើលឃើញអ្វីទាំងអស់ ឮតែសម្លេងហៅឈ្មោះនាងមិនឈប់ 

 សុភាព! សុភាព! សុភាព! (ដៃកន្ត្រាក់ទាញឲ្យនាងភ្ញាក់ពីយល់សប្តិមមើមមាយ)
 ម៉ែ! ខ្ញុំយល់សប្តិទេ? 
 អឺ! ហើយមកដេកអីនៅគំនរចំបើងហ្នឹង? ធំប៉ុណ្ណេះហើយណា! កុំដេកថ្ងៃអញ្ចឹងក្រែងថ្ងៃជាន់!

និយាយតែប៉ុណ្ណឺងម្តាយនាងក៏ដើរចូលក្នុងផ្ទះបាត់នៅ នៅសល់សុភាពមិនទាន់ស្វាងពីយល់សប្តិ នៅតែព្រឺឆ្ងឹងខ្នង។

ថ្ងៃជ្រេលណាស់ហើយសុភាពអង្គុយភ្លឹកៗនឹកដល់យល់សប្តិពីថ្ងៃ ទោះជាយល់សប្តិមែនតែដូចជាការពិតណាស់ ក្នុងយលសប្តិនិយាយច្បាស់ៗហើយដោះដូរតាមការចង់បានរបស់នាងទៀត បើមិនជឿ លោតែអំណាចមួយនោះមករករឿងនាងទៅ? បើធ្វើតាមដូចជាគួរឲ្យខ្លាចណាស់ ម៉ោង១២អធ្រាតមិនគួរចេញពីផ្ទះសោះ គ្រាន់ក៏នឹកឃើញក៏គួរឲ្យខ្លាចណាស់ទៅហើយ។

យល់សប្តិមួយនេះតាមលងសុភាពមិនឲ្យស្រួលចិត្តសោះ នាងគិតតាំងពីថ្ងៃដល់យប់ ពេលនេះម៉ោង១១កន្លះជិតរំលងអធ្រាតទៅហើយ ឆ្កែលូល្វើយពីក្រៅផ្ទះ សុភាពមិនហ៊ានចូលដេកក៏មិនហ៊ានចុះដី។

រអ៊ូតិចៗម្នាក់ឯង “អញអើយអញ ម៉េចក៏ទៅស្រមៃផ្តេសផ្តាសអ៊ីចឹងឥឡូវមកមែនទែនហើយ មិនចង់ធ្វើក៏មិនហ៊ានមិនធ្វើដែរ តែព្រឺដល់ហើយម៉េចក៏ឆ្កែលូអីលូម្ល៉េះ?”

នាងបើកទូខោអាវឮសម្លេងងឺតៗ កាន់តែព្រឺទៀតហើយ យប់ស្ងាត់ឈឹងឮសម្លេងអីក៏គួរឲ្យខ្លាចដែរ។ ទាញយកមួយកំប្លេដែលម្តាយនាងទើបកាត់ឲ្យ ទុកពាក់ទៅលេងបុណ្យភូមិឥឡូវត្រូវយកទៅកប់ក្នុងដីចោល “បើម៉ែដឹងមិនដឹងគាត់ជេរយ៉ាងណា”

យកមកបត់ដាក់ចូលក្នុងបង្វេចតូចមួយ សុភាពដើរកាន់ចង្កៀងប្រេងកាតលបៗបើកទ្វារចុះទៅក្រោមផ្ទះ ដើរជាន់ស្លឹកឈើឮសូរស្រិបៗ នាងបន្តដើរទៅក្រោយផ្ទះ តម្រង់ទៅដើមស្វាយធំ។ ខ្យល់ត្រជាក់ស្រឹបដូចមានចំហាយទឹកកកមកប៉ះខ្លួននាងធ្វើឲ្យរងាព្រឺសម្បុរ សម្លេងស្លឹកស្វាយទង្គិចគ្នាប្រោកៗដោយកម្លាំងខ្យល់ បន្តិចឮដូចសម្លេងកូនង៉ាយំ នាងខំគិតបន្លប់ថាជាសម្លេងឆ្មាស្រែក ធ្វើមិនដឹងមិនឮ តែឆ្កែលូល្វើយៗធ្វើឲ្យសុភាពកាត់ចិត្តមិនខ្លាចមិនបានសោះ នាងញញីញញ័រកាន់ចបជីកទៅអង្គុយជីកដីនៅម្តុំគល់ស្វាយនោះ ទ្រាំជីកទម្រាំបានជ្រៅល្មមអាចកប់បង្វេចបាន ស្រាប់តែមានខ្យល់ត្រជាក់បក់មួយភឹបមកយ៉ាងចម្លែក រលត់ភ្លើងចង្កៀងងឹតស្លុប សុភាពលែងខ្វល់រត់បាតជើងសព្រាតចូលផ្ទះដេកឃ្លុំភួយទាល់តែលង់លក់។

ព្រឹកព្រលឹមព្រាងៗម្តាយសុភាពមកដាស់កូនស្រីឲ្យភ្ញាក់ឡើយ ត្បិតនាងកម្រដេកស្ពឹកណាស់។

 សុភាព! សុភាព! ភ្ញាក់ឡើងមើលដាំស្លផងថ្ងៃហ្នឹង យាយឯងគាត់ចង់សម្លកកូរ ឯងមើលស្លឲ្យទាន់ម៉ោងគាត់ពិសាផង។
 ច៎ាម៉ែ! ខ្ញុំដឹងហើយ (ឆ្លើយទាំងសើងមម៉ើង ត្បិតដេកមិនឆ្អែតកាលពីយប់)

ម្តាយសុភាពមិនចាប់អារម្មណ៍ច្រើនក៏ចេញទៅចម្ការបាត់ទៅ។ តាមបង្គាប់ម្តាយ សុភាពក្រោកឡើងរួតរះធ្វើការងាផ្ទះដាក់ដាំស្លម្ហូបដែលជីដូនថាចង់។
ជិតដល់ម៉ោងបាយថ្ងៃត្រង់ នាងរៀបបាយដាក់ស្ពកយកទៅជូនជីដូនដល់ផ្ទះ។ ផ្ទះជីដូនរបស់សុភាព ក្នុងដីឡូត៍តែមួយនឹងផ្ទះម្តាយនាង ផ្ទះទាំងពីរមិនបានខណ្ឌរបងកាត់ផ្តាច់ព្រំប្រទល់ផ្ទះទេ ដែលជាការងាយស្រួលដល់ម្ចាស់ផ្ទះទាំងពីរចេញចូលរកគ្នា។ 

យាយរបស់សុភាពអាយុ៩០ឆ្នាំហើយ គាត់ចូលចិត្តឲ្យសុភាពទៅលេងនិងកំដរគាត់។ ពេលខ្លះគាត់ក៏វង្វេង តែគាត់ក៏នៅមាំទាំណាស់ដែរ។
 យាយពិសាបាយ នេះនែ៎សម្លកកូរដែលយាយថាចង់នោះអី 
 អឺមកហើយ! យកមក កំពុងតែឃ្លាន 

សុភាពរៀបបាយដាក់ជូនជីដូនពិសា ហើយអង្គុយមើល និងជួយដួសម្ហូប បេះសាច់ជូនគាត់ រហូតដល់ជីដូននាងពិសារួច។ ជីដូនរបស់សុភាពទទួលទានអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសា ម្តងៗនាងសម្លឹងមើលជីដូនដោយក្តីស្រលាញ់និងពេញចិត្តដែលឃើញគាត់ពិសាបាន ស្រាប់តែសុខៗនាងក៏នឹកឃើញរឿងយល់សប្តិរបស់នាង ហើយក៏សួរទៅជីដូនត្បិតជឿថាគាត់ជាមនុស្សចាស់ មុខតែ ដឹងរឿងអីខ្លះៗមិនខាន។

 យាយ! យាយ! លើលោកនេះមានអំណាចពិសេសអីអត់ហ្ន៎យាយ? 
 មានអីតើ! 
 អំណាចនោះជាស្អីទៅយាយ? ខ្មោចមែនទេយាយ? 
 អឺ! អាចជាខ្មោច ឬជាអារក្ស ទេវតា 

សុភាពគិតក្នុងចិត្ត “ចុះអ្វីដែលខ្ញុំឃើញនោះជាស្អីទៅ? ទេវតាឬក៏ខ្មោច?” នាងសួរទៅយាយបន្តទៀត

 យាយ! អាចទេបើសុខៗគេមកពន្យល់សប្តិចង់ឲ្យយើងធ្វើអីឲ្យគេ?
 អឺ! 
 ចុះបើយើងថាព្រមធ្វើ ហើយមិនធ្វើវិញគេខឹងអត់យាយ?
 បើព្រមហើយត្រូវតែធ្វើ 
 ចុះបើធ្វើពាក់កណ្តាលហើយឈប់ធ្វើ គេខឹងអត់យាយ? 
 អឺ! គេអាចខឹង ហើយគេនឹងធ្វើទុក្ខយើង 

សុភាពកាន់តែខ្លាចក្រោយឮជីដូនរបស់នាងប្រាប់បែបនេះ នាងសម្លឹងមើលទីធ្លាទៅឆ្ងាយពីក្រោយផ្ទះ៖
 យាយដើមព្រីងក្រោយផ្ទះយាយដាំប៉ុន្មានឆ្នាំហើយយាយ? 
 ២០ឆ្នាំហើយមើលទៅ ភ្លេចហើយ!
 យាយគេថាដើមឈើធំៗមានអ្នកនៅមែនអត់ យាយ?
 អឺ! តែវាមិនទាំងអស់ទេ 
 អញ្ចឹងដើមព្រីងហ្នឹងមានអត់ហ្ន៎យាយ? 
 មិនដឹងទេ! 
 យាយ! បើសុខៗយើងទៅជីករកអីក្រោមហ្នឹង មានអីអត់យាយ? 
ជីដូននាងមិនឆ្លើយបានត្រឹមតែសើច៖
 យាយមានអត់? 
 កុំទៅជីក! របស់ខ្លះគេមិនចង់ឲ្យយើងឃើញបានគេកប់ចោល 

សុភាពធ្វើមុខស្លេកជាមួយពាក្ររបស់ជីដូននាង នាងគិតក្នុងចិត្ត “ចុះអញ្ចឹងម៉េចឲ្យខ្ញុំឃើញ?”

ក្រោយរៀបចំស្ពកបាយដែលជីដូននាងពិសារួច សុភាពក៏លើកបំរុងយកទៅផ្ទះនាងវិញ។ រៀបនឹងងើបចេញទៅ ជីដូនរបស់នាងហៅ៖
 ភាព! កុំទៅរញេរញៃនៅដើមព្រីង! 

សុភាពមិនឆ្លើយធ្វើមុខស្មើៗ កាន់ស្ពកដើរទៅផ្ទះ។
មួយថ្ងៃកន្លងផុត ជិតពាក់កណ្តាលយប់បានមកដល់ សុភាពអង្គុយឱបក្បាលជង្គង់កំប្រោនៗសម្លឹងភ្លើងចង្កៀងផ្លុងៗ ទាំងចង់យំផង។ សម្លេងគ្រឹកៗនៅមាត់បង្អួតនាង ដូចជាមានអ្នកណាកំពុងគោះបង្អួចហៅឲ្យនាងទៅបញ្ចប់បេសកកម្ម។

សម្លេងខ្យល់វឺតៗដូចជាសម្លេងថ្ងូរពីចម្ងាយរបស់អ្នកណា យប់នេះសុភាពកាន់តែបាត់បង់ភាពក្លាហាននាងអង្គុយញ័រខ្លួនយំខ្សឹកខ្សួល សម្លេងយំរបស់កូនង៉ាកាន់តែជិតត្រចៀកនាង ធ្វើឲ្យសុភាពកាន់តែញ័រខ្លួនទន់ដៃទន់ជើងក្រោកមិនរួច។

ឆ្កែលូគ្រលួចនៅពីមុខផ្ទះ សុភាពស្រាប់តែនឹកដល់ពាក្យជីដូនរបស់នាងថា “គេអាចខឹង ហើយគេនឹងធ្វើទុក្ខយើង” ខាំមាត់បិទភ្នែកប្រាប់ខ្លួនឯង “តែម្តងហ្នឹងទៀតទេទ្រាំទៅវាមិនអីទេ។”

ដើរលបៗចេញទៅក្រៅផ្ទះទាំងកណ្តាលយប់ម្តងទៀត ដៃកាន់ជបចីកដើរទាំងជើងទន់ញញីញញ័រទៅក្រោយផ្ទះរបស់ជីដូននាង ដើរជិតទៅដល់ដើមព្រីងនាងក៏នឹកដល់ពាក្យយាយរបស់នាងទៀត “ ភាព! កុំទៅរញេរញៃនៅដើមព្រីង!”

រអ៊ូតិចៗម្នាក់ឯង “យាយ!អើយយាយ! បើមិនធ្វើខ្លាចគេខឹង បើធ្វើក៏គេខឹង ខ្ញុំធ្វើម៉េចទៅ?”

នាងបន្តដើរយឺតៗ លបៗទៅដល់ក្រោមដើមព្រីង ដូចកូនង៉ាកំពុងយំសម្លេងល្វើយៗដល់ត្រចៀក សុភាពគ្មាន