រឿងមួយដែលមនុស្សភាគច្រើនចូលចិត្តធ្វើ ទោះដឹងថាវាមិនល្អ។
អ្នកខ្លះព្យាយាមហាមឃាត់ដែរ តែចេះតែភ្លេចខ្លួនម្តងម្កាល
តែអ្នកខ្លះបែរជារីករាយនឹងការធ្វើបែបនេះណាស់ គាត់ប្រើនិស្ស័យបែបនេះជាប្រចាំ។
នៅពេលដែលអ្នកដទៃមិនមានអ្វីដូចដែលគាត់មាន
នៅពេលដែលអ្នកដទៃមិនធ្វើអ្វីដូចដែលគាត់ធ្វើ
គាត់ចាត់ទុកថានោះជាកំហុស ជាអ្វីដែលមិនត្រឹមត្រូវ
គាត់មិនបានធ្វើការពិចារណាឬវែកញែក ថ្លឹងថ្លែងអ្វីទាំងអស់
អ្វីតែម្យ៉ាងដែលគាត់អាចប្រតិបត្តិបានយ៉ាងលឿននោះគឺ រិះគន់ និងពេបជ្រាយ។
តាមពិតជីវភាពនៅក្នុងសង្គម តម្រូវឲ្យមនុស្សយល់ឃើញ និងធ្វើរឿងផ្សេងៗគ្នា បើទោះជាការគិតមិនដូចគ្នា ក៏មិនអាចបញ្ជាក់ថាម្នាក់ណាខុសឬត្រូវដែរ។
ទង្វើមួយដែលមិនដឹងថាត្រូវឬខុសចំពោះមតិទូទៅទេ ប៉ុន្តែវាត្រូវចំពោះមនុស្សម្នាក់ ឬជាជម្រើសដែលគាត់ត្រូវតែធ្វើ។
គាត់ក៏មិនចាំបាច់បកស្រាយប្រាប់អ្នកដទៃដែលមិនពាក់ព័ន្ធបានយល់ពីហេតុផលរបស់គាត់ឡើយ ព្រោះគ្រប់ជីវិតតែងមានឯកជនភាព។
គ្មាននរណាម្នាក់ចង់ឲ្យអ្នកដទៃដឹងឮ ឈឺឆ្អាល ត្រួតត្រានូវភាពឯកជនរបស់ខ្លួនឡើយ ដូច្នេះហើយទើបការបកស្រាយនៅក្នុងជម្រើសរបស់មនុស្សម្នាក់ៗមិនងាយនឹងបង្ហាញ។
ព្រោះតែអ្នកមិនបានដឹងពីហេតុផលនៃជម្រើស
ព្រោះតែអ្នកមិនស្ថិតនៅក្នុងស្ថានភាពមួយនោះ
ព្រោះតែអ្នកមិនមែនជាមនុស្សម្នាក់នោះ
សូមកុំធ្វើការវាយតម្លៃ រិះគន់ទៅលើជម្រើសរបស់អ្នកដទៃ
ព្រោះអ្នកក៏មិនចង់ឲ្យនរណាម្នាក់ធ្វើរឿងនេះដាក់អ្នកដូចគ្នា
ដូច្នេះដើម្បីសេចក្តីសុខរៀងខ្លួន មិនគួរចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនរបស់អ្នកដទៃពេកទេ។
គួរយកចិត្តគេមកទុកក្នុងចិត្តអ្នកឲ្យបានច្រើន រស់នៅកុំឲ្យប៉ះពាល់គ្នា។
បែបនេះមនុស្សនឹងមិនសូវស្អប់គ្នា និងរស់នៅកាន់តែមានសេចក្តីសុខទាំងអស់គ្នា។❤️