ខ្ញុំមានអារម្មណ៍ដូចជាខ្លួនឯងកំពុងរស់នៅក្នុងក្តីសុបិន។ ចេះតែដាស់ខ្លួនឯងឱ្យភ្ញាក់ឡើង ព្រោះខ្ញុំមិនចង់ឱ្យខ្លួនឯងកាន់តែលង់ បន្ទាប់មកក៏ខកចិត្តនោះទេ។
នេះហើយជាអារម្មណ៍នៅពេលដែលខ្ញុំអាចដើរមកដល់ក្តីស្រមៃរបស់ខ្លួនឯង។
កំពុងតែមានអារម្មណ៍ថាគេមើលមកខ្ញុំនេះអស្ចារ្យណាស់ ខ្ញុំនេះគួរអោយសរសើណាស់។
មនុស្សដែលជោគជ័យនិយាយអ្វីក៏ត្រូវដែរ តែត្រូវចាំទុកថាជោគជតាជីវិតមានឡើងនិងចុះ ម្តងគេម្តងយើង។
ខ្ញុំព្រមរីករាយជាមួយជោគជ័យដែលខ្ញុំកំពុងទទួលបាន តែខ្ញុំមិនព្រមឈប់ដាស់ខ្លួនឯងអោយភ្ញាក់ពីភាពភ្លើតភ្លើននេះឡើយ។
បើទោះជាថ្ងៃនេះខ្ញុំបានធ្វើជាមនុស្សដែលខ្ញុំស្រមៃចង់ធ្វើ
តែខ្ញុំនឹងនៅតែមិនបោះបង់ខ្លួនឯងពីម្សិលមិញនោះដែរ ខ្ញុំនៅតែជាខ្ញុំ។
រក្សាភាពជាខ្ញុំបែបនេះ រហូតទៅ…
ព្រោះខ្ញុំដឹងថាអ្វីដែលខ្ញុំមិនធ្លាប់មាន ហើយកំពុងតែមាន ឬអាចនឹងបាត់បង់ទៅវិញនៅថ្ងៃណាមួយនោះ វាគ្រាន់តែជាគ្រឿងលម្អរជីវិតរបស់ខ្ញុំតែប៉ុណ្ណោះ។ ហើយគ្រឿងលម្អរទាំងនេះ មាននាទីត្រឹមតែជាអ្នកប្រែក្រឡាសម្បកខាងក្រៅរបស់ខ្ញុំប៉ុណ្ណោះ ចិត្តនឹងបេះដូងរបស់ខ្ញុំដែលបានថែរក្សាយ៉ាងរឹងមាំកន្លងមកនេះនឹងមិនឱ្យគ្រឿងលម្អរដែលមិិនទៀងទាត់នោះមកផ្លាស់ប្តូរបានឡើយ។
កេរ្តិ៍ឈ្មោះ កិត្តិយស យសស័ក្កិ សម្បត្តិទាំងឡាយ គ្រាន់តែជាគ្រឿងលម្អរជីវិតអ្នកតែប៉ុណ្ណោះ។ ទោះថ្ងៃមួយអ្នកមានឬមិនមានវា សូមកុំឱ្យវាមានអំណាចមកផ្លាស់ប្តូរចិត្តនិងបេះដូងអ្នកបានឱ្យសោះ។