មនុស្សផ្លាស់ប្តូរទៅតាមបទពិសោធន៍

ខ្ញុំមើលឃើញភាពផ្លាស់ប្តូររបស់មនុស្សទៅតាមពេលវេលា។

គេធ្លាប់ចូលចិត្ត ហើយក៏ប្រែជាលែងចូលចិត្ត។ គេធ្លាប់មិនចូលចិត្ត ហើយក៏ប្រែមកជាចូលចិត្តខ្លាំង។ គេធ្លាប់ត្រគោះបោះបោក ហើយក៏ប្រែមកនិយាយផ្អែមល្ហែម។

ខ្ញុំប្រាប់ខ្លួនឯងថា នេះហើយជាភាពទៀតទាត់របស់ភាពធម្មតា។ គ្រប់យ៉ាងប្រែប្រួលគឺជាធម្មតាទេ!

ខ្ញុំឈរមុខកញ្ចក់ហើយសួរខ្លួនឯងថា តើខ្ញុំមានផ្លាស់ប្តូរទេ?

ស្នាមញញឹមចុងបបូរមាត់លេចឡើងលើមុខខ្ញុំ ខ្ញុំលើកដៃស្តាំផ្អឹបកញ្ចក់ បេះដូងខ្ញុំខ្សឹបប្រាប់ខ្លួនឯងថា ខ្ញុំប្តូរច្រើនណាស់។

ខ្ញុំធ្លាប់និយាយច្រើន ហើយក៏លែងសូវចង់និយាយ ខ្ញុំធ្លាប់ចូលចិត្តណែនាំគេច្រើនហើយក៏ប្រែជាមនុស្សបណ្តោយឱ្យរឿងកើតទៅតាមយថាហេតុ។

ខ្ញុំលែងរួសរាយ លែងខ្វល់ខ្វាយពីមនុស្សជុំវិញខ្លួនហើយ?

អត់ទេ! ខ្ញុំនៅតែខ្វល់! តែខ្ញុំប្តូរ! ប្តូរវិធីនៃការរាប់អាន និងណែនាំគេតែប៉ុណ្ណោះ។ ខ្ញុំឱ្យគេរៀនពីកំហុសរបស់គេ ខ្ញុំឱ្យគេឃើញទឹកចិត្តខ្ញុំនៅពេលដែលគេចង់ឃើញតែប៉ុណ្ណឹង។

ការផ្លាស់ប្តូររបស់ខ្ញុំមួយនេះ ខ្ញុំបានបាត់បង់ក្តីស្រលាញ់ជាច្រើន ខ្ញុំក៏ដឹង! តែខ្ញុំប្តូរហើយ! ខ្ញុំប្តូរមិនមែនព្រោះពេលវេលា តែបទពិសោធន៍!

តែមនុស្សដែលរកការផ្លាស់ប្តូររបស់ខ្ញុំ ក៏រអ៊ូដូចខ្ញុំដែរ!

មនុស្សផ្លាស់ប្តូរតាមពេលវេលា! គេថាខ្ញុំផ្លាស់ប្តូរតាមពេលវេលា តែការពិតនៃយើងទាំងអស់គ្នា គឺមិនបានផ្លាស់ប្តូរទៅតាមពេលវេលានោះទេ គឺយើងផ្លាស់ប្តូរទៅតាមបទពិសោធន៍ វាស្របពេលដែលពេលវេលាមកដល់ យើងក៏ផ្លាស់ប្តូរ។

អត្ថបទអ្នកនិពន្ធរតនា

មតិអ្នកអានចំពោះសៀវភៅប្រលោមលោក “វិថីជីវត”

#វិថីជីវិត ជាសៀវភៅប្រលោមលោកបែបមនោសញ្ចេតនា លាយ ជាមួយ មហ្ហិច្ឆតានិងការតស៊ូ
ដែលអ្នកនិពន្ធបានលើកបង្ហាញពីគំនិតផ្សេងៗ គ្នានៃតួនិមួយៗ ក្នុងនោះវីរីយ៉ាជាតួអង្គសំខាន់ក្នុងសាច់រឿង។

សង្ខេបខ្លីសម្រាប់ខ្ញុំ វីរីយ៉ាទោះបីឆ្គាំងឆ្គងក្នុងរឿងមនោសញ្ចេតនាស្នេហាខ្លះ តែពិតជាស្ញប់ស្ញែងណាស់មិនត្រឹមតែមានមហ្ហិច្ឆតាខ្ពស់ទេ ថែមទាំងជាមនុស្សដែលមានមនុស្សធម៌
ទៀតផង, ចំណែកបញ្ចវន្តឯណោះវិញ មិនសរសើរ មិនបាននូវទឹកចិត្តស្មោះត្រង់ហ៊ានលះបង់គ្រប់យ៉ាង ដោយមិនគិតថាលទ្ធផលគឺបែបណា។ បើនិយាយពីវិមន្តវិញ អាត្មានិយមណាស់ មិនគួរឲ្យចង់សេពគប់ ដូចមិនមានការសម្រេចចិត្តជារបស់ខ្លួនសោះ។