ពីប្អូនស្រី Krel Kimleang សំណោកអនុស្សាវរីយ៍ Book’s Review

ក្រោយពីអានសៀវភៅនេះចប់ហាក់ដូចជាមានអ្វីជំរុញឲ្យខ្ញុំចង់សរសេរពាក្យពេចន៍មួយចំនួននេះឡើង។ ខ្ញុំមិនដឹងថាគួរពិពណ៌នាអារម្មណ៍ខ្លួនឯងយ៉ាងមិចទេ ដឹងត្រឹមថាបេះដូងពណ៌ត្របែកព្រៃរបស់បងរតនាមួយនេះបានឆក់យកបេះដូងខ្ញុំម្ដងទៀតហើយ។

ពេលដែលខ្ញុំចាប់ផ្ដើមបើកសៀវភៅនេះអានពីមួយទំព័រទៅមួយទំព័រមានឃ្លាមួយចំនួនបានជ្រៀតចូលទាំងខួរក្បាល ទាំងបេះដូងរបស់ខ្ញុំ។

រសជាតិជីវិតថ្មីនៅក្នុងស្នាដៃទី៣របស់បង អ្នកនិពន្ធរតនា (ហ៊ឹហ៊ឹ! ពិបាកនិយាយ! គឺនិយាយមិនត្រូវតែម្ដង)។

ជីវិតដែលរស់នៅក្នុងសំណោកអនុស្សាវរីយ៍ពិតជាឈឺចាប់ណាស់! ឯកាបំផុត! ហើយបានបន្សល់ទុកនូវវិប្បដិសារីដ៏ធំក្នុងជីវិតតួអង្គពីរនាក់(វិសេសនិងណារ័ត្ន)។

ជិវិត! ឲ្យតែអាចរស់នៅ គឺអាចដើរទៅមុខបានរហូត តែអាចដើរទៅជាមួយវិប្បដិសារី ឬសុភមង្គលបរិសុទ្ធវាអាស្រ័យលើភាពម៉ត់ចត់របស់អ្នកហើយ!

ដោយសារតែខ្ញុំមានការឈឺចាប់ក៏មិនតិចជាងតួអង្គដែរ អីចឹងសូមអស់វាចាតែត្រឹមនេះចុះ!

ស្រលាញ់និងគាំទ្រគ្រប់ស្នាដៃរបស់បង

ប្រភពហ្វេសប៊ុក https://www.facebook.com/photo.php?fbid=460673404817783&set=a.117901385761655&type=3&theater

កុំខ្លាចមនុស្សបាប

កុំខ្វល់ខ្វាយពីមនុស្សដែលស្អប់អ្នកខ្លាំងពេករហូតដល់ធ្វើឱ្យធ្វើបាត់បង់ភាពរីករាយនៅក្នុងចិត្ត។
កុំខ្លាចគេសាងទោសឱ្យអ្នកដល់បាត់បង់ភាពសុខនៅក្នុងចិត្ត។
មនុស្សមិនស្រលាញ់អ្នក គេមុខមិនឱ្យអ្នកសុខទេបើគេជាប្រភេទមនុស្សឈ្នានីសផងនោះ។

តែអ្នកក៏មិនចាំបាច់ខ្លាចគេធ្វើទោសដល់ទៅរកវិធីឱ្យទោសគេវិញនោះដែរ។ ខ្លាចបាត់បង់ក្តីសុខ កុំដុតសុខអ្នកដទៃ បើទោះគេនោះជាមនុស្សបាប ក៏ទុកឱ្យកម្មទៅរកគេចុះ!
ជឿទៅ! មនុស្សបាប មនុស្សឈ្នានីស មនុស្សឱ្យទោសអ្នកដទៃនេះគេពុំធ្លាប់សុខទេ បើគេញញឹមដែលបានឈ្នះក៏ចិត្តគេនៅតែមានភាពភ័យខ្លាច។

មនុស្សអាក្រក់មិនដែលគិតល្អ ចិត្តគាត់មិនដែលល្អ គាត់មិនហ៊ានគិតថាអ្នកដទៃនឹងល្អដាក់គាត់នោះទេ។
ឱ្យគេល្អដាក់បែបណា បើគាត់រាល់ថ្ងៃដើរដេកឈរអង្គុយ នឹករកតែរឿងព្យាបាទគេ?

អ្នកជឿហើយថាគាត់មិនសុខទេ អ្នកដឹងហើយថាគាត់មិនសុខព្រោះអ្វី ដូច្នេះកុំណា៎ កុំធ្វើតាមគាត់! ឱ្យគាត់ដេកឱបទុក្ខភ័យ និងរកវិធីឱ្យទោសគេបន្តទៀតចុះ!

អ្នកឯណេះ មិនចាំបាច់ខ្លាចអី! មាសសុទ្ធមិនខ្លាចភ្លើង!
គេឱ្យទោស គេលាបពណ៌ គេឈ្នានីស!
បើអ្នករឹងមាំ មនុស្សថោកទាបទាំងនោះមិនឈ្នះអ្នកបានទេ ទេគេធ្វើឲ្យអ្នករង្គើ តែពេលវេលា និងការពិត នឹងបញ្ជាក់គ្រប់បែបយ៉ាង។

កុំបារម្ភ! កុំខ្លាច! ជឿជាក់លើភាពត្រឹមត្រូវ ភាពល្អរបស់អ្នក ហើយបន្តរឹងមាំទៅមុខទៀត!
ចាំណា៎! អ្នកគឺអ្នក! អ្វីដែលបញ្ជាក់សញ្ញាណជាអ្នកមិនស្ថិតលើមាត់អ្នកណាសោះ!

#កុំខ្លាចមនុស្សបាប
#អត្ថបទអ្នកនិពន្ធរតនា

ក្រើននាងមាត់ដាច

មុខមាត់ស្អាតស្អំ
រៀនចេះឡើងហំ
ឋានៈខ្ពស់ផង
មិនគួរមាយាទ
នាំខុសគន្លង
អាប់យសសៅហ្មង
ថោកគ្មានលេខដាក់។
ដង្ហើមចូលចេញ
ខួរគិតរមេញ
តែរឿងអប្បលក្ខណ៍
ដើរអាសោចិ៍គេ
មាត់ព្រោកសស្រាក់
មិនរអាលស្លាក់
សម្តីខ្លួនឯង។
នាងអើយមាត់ដាច
មាយាទកំណាច
នាងអាចចម្បែង
ព្រោះថាថ្ងៃមួយ
ការពិតនឹងថ្លែង
រាល់ពាក្យអំបែង
ផ្លាតរកនាងវិញ។
នាងអើយចាំចុះ
បាបកម្មទាំងនោះ
នឹងមកបំពេញ
រាល់កម្មអំពើរ
នាងសាងរមេញ
នឹងតាមបណ្តេញ
សុខនាងមិនខាន។
#ក្រើននាងមាត់ដាច
១៤ មករា ២០២០
កំណាព្យអ្នកនិពន្ធរតនា

ខ្ញុំរឹងមាំខ្ញុំជឿជាក់

ម្សិលមិញខ្ញុំមិនបានញញឹមទេ ថ្ងៃនេះក៏មិនអាចញញឹមបាន ខ្ញុំមិនសង្ឃឹមថាថ្ងៃស្អែកអាចធ្វើឱ្យខ្ញុំញញឹមបានទេ…

ថ្ងៃនេះខ្ញុំយំដាក់ព្រះអាទិត្យរះ ខ្ញុំសួរព្រះអាទិត្យថា តើត្រូវតែបែបនេះមែនទេ?
ព្រះអាទិត្យមិនឆ្លើយទេ តែខ្ញុំនៅតែទទួលបានការលួងលោមពីព្រោះអាទិត្យ កំដៅស្រទន់ជះមកលើថ្ពាល់ដែលដាមដោយទឹកភ្នែកកំសត់របស់ខ្ញុំ ខ្ញុំទទួលសម្លេងខ្សឹបក្នុងបេះដូងដែលកំពុងឈឺថា “មិនអីទេណា៎ បន្តិចទៀតលែងអីហើយ” ខ្ញុំខំដកដង្ហើមធំបញ្ចេញភាពឈឺចាប់ពីប្រអប់ទ្រូង ថ្ងៃនេះខ្ញុំខកបំណង ខ្ញុំញញឹមមិនទាន់បានមែន ថ្ងៃស្អែកស្នាមញញឹមមិនទាន់រត់មកដល់ខ្ញុំមែន តែខ្ញុំជឿថាភាពស្រពាប់ស្រពោននេះក៏មិនស្មោះត្រង់នឹងខ្ញុំដែរ ថ្ងៃមួយវានឹងចេញទៅ..

ខ្ញុំជឿ! ក្នុងផែនដីនេះអត់មានអ្វីជារៀងរហូតទេ! ដូច្នេះ ភាពរីករាយ ឬឈឺចាប់ វាគង់តែប្តូរវេនគ្នាមកលេងខ្ញុំតែប៉ុណ្ណឹង។
ខ្ញុំជឿ! ជីវិតមានច្រើនរសជាតិណាស់! ច្រើនដល់គួរឱ្យខ្លាចនឹងទទួលយករសជាតិថ្មីៗ..
តែទាំងនោះគឺជាជម្រើស! ជ្រើសហើយក៏គួរទទួលយកវា!

ខ្ញុំទទួលយកការពិតរហូតមក ខ្ញុំហត់នឹងខ្វល់ថាអារម្មណ៍នេះវាយ៉ាងណា ខ្ញុំគ្រាន់តែអាចប្រាប់ខ្លួនឯងថា “មិនអីទេណា៎ បន្តិចទៀតលែងអីហើយ” ដៃស្តាំអង្អែលដៃឆ្វេងខ្លួនឯង លួងលោមខ្លួនឱ្យដើរទៅមុខទៀត…
ខ្ញុំចង់ដឹងណាស់ថាថ្ងៃស្អែករបស់ខ្ញុំទៅជាយ៉ាងណា ដូច្នេះខ្ញុំគ្មានផ្លូវចុះចាញ់រឿងរ៉ាវដែលរត់មករកខ្ញុំមិនឈប់ឈរនោះទេ។

ខ្ញុំរឹងមាំ! ខ្ញុំជឿជាក់❤️

#ខ្ញុំរឹងមាំខ្ញុំជឿជាក់
#អត្ថបទអ្នកនិពន្ធរតនា

សំណោកអនុស្សាវរីយ៍ ពីប្អូនប្រុសធឿនវុទ្ធី Book’s Review

ផ្ដើមដោយសំណេរអក្ខរាឆ្លើយឆ្លងគ្នា ក្នុងសម័យគ.ស ២០០៣ បានត្រដាងពីភ្លើងស្នេហាសារភាព រវាងនាងក្រមុំឆោមស្រស់ល្អ ដែលហ៊ានរំលងវប្បធម៌អៀនខ្មាស សរសេរសំបុត្រផ្ញើទៅកាន់នាយកំលោះមានឋានៈជាមិត្តសម្លាញ់ម្នាក់ ក្រោមខ្លឹមសារនៃពាក្យថា “ខ្ញុំបាក់ចិត្តទៅលើអ្នក! ខ្ញុំស្រឡាញ់អ្នក”។

ឱអនិច្ចាអក្ខរាអប្រិយ! ក្រោយទទួលបានសំបុត្រត្រលប់ សបញ្ជាក់ពីការបដិសេធទឹកចិត្តស្មោះស្ម័គ្ររបស់ស្ងួនក្រមុំហើយ នាងបានសម្ពាយនូវក្ដីអៀនខ្មាសជាពន់ពេក លែងហ៊ានប្រឈមមុខនឹងគេ ស៊ូទ្រាំលាក់ខ្លួនក្នុងដែនងងឹត សង្ឃឹមថាខ្លួនអាចនឹងបំភ្លេចរូបកំលោះនោះបាន។ កាន់តែព្យាយាម ក៏កាន់តែមិនអាច! បេះដូងស្រែកសួរពីចម្ងាយ តើនាយធ្លាប់នឹកគិតដល់នួននារី ដែលស្រឡាញ់អ្នកដោយស្មោះម្នាក់នេះដែរទេ?

រងើកស្នេហាយុវជំទង់ក្មេងខ្ជី បានចាប់រង្គោះរង្គើរឡើងជាថ្មីម្ដងទៀត ក្រោយវាចាអក្ខរាសំបុត្ររបស់អ្នកកំលោះ បង្ហាញនួននាងយ៉ាងច្បាស់ថា “ខ្ញុំនឹកអ្នកគ្រប់ពេល! ប្រសិនបើខ្ញុំទុកអ្នកគ្រាន់តែជាមិត្ត ហេតុអ្វីចិត្តខ្ញុំត្រូវគិតខ្វល់ខ្វាយពីអ្នកដល់ម្លឹង? តាមពិតខ្ញុំក៏ស្រឡាញ់អ្នក ហើយក៏ស្រឡាញ់ជាយូរមកហើយដែរ”។ ក្ដីរំភើបមួយដែលមានមិនដល់ប៉ុន្មានថ្ងៃនោះ ក៏ក្លាយជាទុក្ខញ៉ាំញីចិន្តានាយកំលោះ ក្រោយបានទទួលសំបុត្រដែលបានបញ្ជាក់យ៉ាងច្បាស់ថា នាងត្រូវឃ្លាតឆ្ងាយ ក្នុងវេលាដ៏ខ្លីខាងមុខនេះហើយ។

ស្នេហាតាមសំបុត្រ ពិតមិនសមប្រកប ចុងក្រោយសុំត្រឹមតែជូនដំណើរឡើងយន្តហោះក៏អស់ចិត្ត បើទោះបីនួននារីមិនព្រមទទួលការសណ្ដោសប្រណី ធ្វើជាគូសង្សារក៏ដោយចុះ។ ឱ! ស្នេហា! បើមិនឆ្លងកាត់ឧបសគ្គខ្លះ វាគ្មានន័យអ្វីទេ តើពិតមែនទេ?

ឆាកនិទានសំបុត្រឆ្លងឆ្លើយ បានបញ្ជប់ទៅហើយ នៅឡើយដំណើររឿងរកាំរកូស មិនសមបំណងអ្នកអានអ្វីបន្តិចសោះ។ ប្រណីឲ្យអ្នកទាំងពីរជួបគ្នា មិនបានទេមែនទេ? ខ្ញុំសួរថា មិនបានទេឬអី? មែនហើយ! អ្នកនិពន្ធពិតជាចិត្តដាច់ណាស់។

សំណោកអនុស្សាវរីយ៍ ត្រដាងយ៉ាងច្បាស់ ថាអ្នកនិពន្ធគិតបែបណា ប្រសិនបើមានគូស្រករ ដែលតោងជាប់ស្អិតដោយអតីតកាល។ ព្រមទម្លាក់អំរែកនោះចោលបានទេ? ព្រមប្រគល់បេះដូងម្ខាងទៀតនោះ មកឲ្យខ្ញុំបានទេ?

សាច់រឿងបានច្រានអារម្មណ៍អ្នកអាន ញែកលែងដាច់ រវាងមនុស្សដែលយើងបានបាក់ចិត្តស្រឡាញ់អស់កាលជាយូរ ជាមួយនឹងមនុស្សដែលយើងបានសម្រេចចិត្ត សាងគ្រួសារជាមួយគ្នារួចទៅហើយ។ បើមានអំរែកសាកសពស្នេហាបែបនេះមែន ស្នាមញញឹមក្លែងក្លាយនោះ មិនសមនឹងប្រើជាមួយកូនយើងទេ។

ប៉ុន្មានវគ្គចុងក្រោយនៃឆាកនិទាននេះ សម្ដីអ្នកនិពន្ធពិតជាមុតស្រួច ចាក់ចំកណ្ដាលចំណុចរសើបរបស់គូស្វាមីភរិយាណា ដែលមានកូនចិត្ត នឹកគិតពីអតីតសង្សារ។ តើការរៀបការរបស់ពួកយើង គ្រាន់តែជាការបំភ្លេចសំណោកអនុស្សាវរីយ៍នោះ ឬយ៉ាងណា? តើវត្តមានរបស់ខ្ញុំ ជាចំណែកលើសនៃសាកសពស្នេហាមួយនោះមែនទេ?

និទានស្នេហារវាងអ្នកកំលោះ វិសេស ជាមួយនាងក្រមុំ ណារ័ត្ន ស្ថិតក្នុងសៀវភៅក្របពណ៌ស្វាយ ស្នាដៃ អ្នកនិពន្ធរតនា ចូលមកអន្ទោងអារម្មណ៍អ្នកអាន ឲ្យញញឹម លាយឡំទឹកភ្នែក នាំមកជូនជាពិសេសសម្រាប់អ្នកដែលមានអតីតកាលស្នេហា មិនទាន់ដាច់ស្រលះ។

យើងពិតជាអាចនឹកគិតពីអតីតកាលបាន តែយើងត្រលប់ទៅកាន់អតីតកាលម្ដងទៀតមិនបានឡើយ។

#សំណោកអនុស្សាវរីយ៍
#អ្នកនិពន្ធរតនា
Review – ធឿន វុទ្ធី (អត្ថបទរក្សាសិទ្ធិ)

ចិត្តប្រច័ណ្ឌ

ស្នេហ៍អើយស្នេហ៍កម្ម
នាំបេះដូងស្រាំ
រស់លែងមានន័យ
ឲ្យតែមានស្នេហ៍
មិនដឹងហេតុអ្វី
ឲ្យឈឺឥតបី
ព្រោះរឿងស្នេហា។

ពេលដែលស្រលាញ់
តែងមានប្រច័ណ្ឌ
ហួងហែងកាយា
មិនចង់ឲ្យគេ
នៅស្និទ្ធអ្នកណា
បារម្ភចិន្តា
គេមានលម្អៀង។

ចិត្តអើយទន់ហើយ
មិនចង់សោះឡើយ
បាត់បង់រូបនាង
ស្រលាញ់នាងពិត
ស្មោះឥតមានល្អៀង
ខ្លាចតែគេផ្អៀង
ចិត្តឱ្យអ្នកផ្សេង។

សំគាល់ទង្វើ
ពេលខ្លះនាងធ្វើ
ឱ្យខ្ញុំវង្វេង
ហាក់ដូចមានគេ
ដែលនាងស្ម័គ្រមែន
ឯខ្ញុំនាងលេង
មិនជាស្នេហ៍ពិត។

មិនអីទេណា៎!
ឈប់នៅសោកា
សម្ងំតូចចិត្ត
បើគេមិនយល់
មិនបាច់ខំគិត
នៅឈឺចាប់ស្អិត
ដើមទ្រូងធ្វើអី?

បើគេស្ម័គ្រពិត
គង់គេយល់ចិត្ត
យើងឈឺព្រោះអ្វី
បើគេមិនខ្វល់
ឈឺចិត្តគ្មានន័យ
ឆ្ងាយច៎ុះណា៎ស្រី
ទៅខ្វល់គេទៅ!

#ចិត្តប្រច័ណ្ឌ
#កំណាព្យអ្នកនិពន្ធរតនា
១៩ មករា ២០២០

សួនភ្លើងពណ៌

ឱសួនភ្លើងពណ៌
ពេលខ្ញុំបានស្គាល់
ចិត្តសែនសប្បាយ
ភ្លើងពណ៌ច្រើនណាស់
លឿងក្រហមស្វាយ
ឃើញហើយខ្ញុំស្រាយ
អស់ទុកសៅហ្មង។

ក្នុងសួនមានល្បែង
ខ្ញុំលេងប្រលែង
រីករាយកន្លង
ខ្ញុំគប់ប៉ោងៗ
ផ្ទុះបែកត្រសង
ខ្ញុំអរកន្លង
ឈ្នះរង្វាន់កាន់។

សួនពណ៌ចម្រុះ
ខ្ញុំឃើញស្រីប្រុស
ល្អូកល្អើនក្នក់ក្នាញ់
ដឹងច្បាស់ព្រោះគេ
ជាគូកំណាញ់
ព្រោះគេស្រលាញ់
ទើបគេស្និទ្ធស្នាល។

កណ្តាលសួនភ្លើង
ខ្ញុំដើរស៉ើងម៉ើង
ម្នាក់ឯងឯកា
តើសួនពណ៌នេះ
សម្រាប់អ្នកណា
បើគ្មានសង្សារ
គេមកបានទេ? 😂

#សួនភ្លើងពណ៌
#កំណាព្យអ្នកនិពន្ធរតនា
២០ មករា ២០២០

អរគុណថ្ងៃថ្មី

អរុណរស្មី
ជះលើថ្ងៃថ្មី
ព្រឹកថ្ងៃអាទិត្យ
អរុណពន្លឺ
កម្ចាយងងឹត
កម្ចាយទុក្ខស្អិត
ឱ្យចិត្តបានស្បើយ។

សុរិយារះភ្លឺ
ចិត្តជាអស់ឈឺ
ទ្រូងបានរហើយ
សុរិយាព្រឹកនេះ
ហាក់គ្មានកន្តើយ
ភ្លឺសព្វអស់ហើយ
ពាសពេញចិន្តា។

អរគុណខ្លួនឯង
តែងខំប្រជែង
ឈ្នះអស់បញ្ហា
កន្លងមកនេះ
នឿយហត់ហើយណា៎
អរគុណសុរិយា
ដែលតែងកំដរ។

#អរគុណថ្ងៃថ្មី
#កំណាព្យអ្នកនិពន្ធរតនា
២៦ មករា ២០២០

លោមស្នេហ៍នារាត្រីអង្គារ

រាត្រីអង្គារ
ចិត្តទន់នឹកនា
ដល់ម្ចាស់ស្នេហា
បើទោះទើបជួប
ឱបថើបកាយា
អារម្មណ៍ជីវ៉ា
នៅតែរឮក។

រាត្រីអង្គារ
ស្នេហ៍ងប់ពុំងារ
បន់ឱ្យជួបញឹក
ចង់តែក្រសោប
ឱបកាយល្ងាចព្រឹក
បំពេញចិត្តនឹក
ធំវាស់លែងបាន។

រាត្រីអង្គារ
បើនាងរងារ
ប្រាប់ផងកល្យាណ
ទោះមិនអាចហោះ
ទៅជួបឱបប្រាណ
អាចឱបភុំផាន
តាមខ្យល់ស្រលាញ់។

រាត្រីអង្គារ
ជ្រុលចិត្តស្ម័គ្រគ្នា
នាងកុំចុះចាញ់
ទោះផ្លូវស្នេហ៍នេះ
ឧបសគ្គត្របាញ់
ទុក្ខវេញសំណាញ់
យើងកុំបោះបង់។

រាត្រីអង្គារ
សូមចិត្តស្ងួនភ្ងា
រឹងមាំអាចអង់
រក្សាជំហរ
ថែស្នេហ៍យូរលង់
ឈឺយ៉ាងណាគង់
មិនលែងដៃគ្នា។

#កំណាព្យអ្នកនិពន្ធរតនា
#លោមស្នេហ៍នារាត្រីអង្គារ
២១ មករា ២០២០

កើយភ្លៅលោមស្នេហ៍

កើយភ្លៅគន់មេឃ
នាងល្អខ្លាំងពេក
សែនលង់កល្យាណ
ស្នេហ៍នាងខ្លាំងណាស់
នឹកនាមិនស្រាន្ត
ចង់តែកៀកប្រាណ
បានចាប់ដៃកាន់។

កើយភ្លៅរាប់ផ្កាយ
គន់ភ័ក្ត្រឆោមឆាយ
ស្រស់ជាងដួងច័ន្ទ
គន់មើលយូរទៅ
ចិត្តសែនស្រលាញ់
នាងល្អពេញក្នាញ់
ឱ្យខ្ញុំស្នេហ៍ពេក។

កើយភ្លៅកន្និដ្ឋា
អង្អែលភ័ក្ត្រា
សម្លឹងមន្តភ្នែក
ពន្លឺស្នេហា
ជះមកអនែក
ស្រោចស្រពគ្រប់ផ្នែក
គ្រប់ថតបេះដូង។

កើយភ្លៅថើបដៃ
ស្នេហ៍កើនរាល់ថ្ងៃ
ជាងផ្កាយទាំងហ្វូង
រាប់ទាំងខែផង
ដែលរះព្រាតព្រោង
មិនអាចយិតយោង
ស្មើចិត្តស្នេហ៍ពៅ។

កើយភ្លៅលោមស្នេហ៍
នាងអើយសុំក្បែរ
សុំបានថ្នមនៅ
ក្តីស្នេហ៍មួយនេះ
សុំជ្រកឱ្យជ្រៅ
ឱ្យស៊ីជម្រៅ
ក្នុងបេះដូងនាង។

#កើយភ្លៅលោមស្នេហ៍
#កំណាព្យអ្នកនិពន្ធរតនា
២៦ មករា ២០២០

ពីប្អូនស្រី Pleng Chan វិថីជីវិត Book’s Review

ចង់ប្រាប់ថាស្រលាញ់វីរិយ៉ាពេញបេះដូង។ អ្វីដែលខ្ញុំរៀនបានពីសៀវភៅមួយនេះគឺជាមនុស្សស្រីត្រូវតែរឹងមាំ ហ៊ានតតាំងដើម្បីក្ដីស្រមៃ។ ជាមនុស្សប្រុសត្រូវតែច្បាស់លាស់ចំពោះអ្វីដែលខ្លួនឯងបានធ្វើ។
មនោសញ្ចេតនា! បើគេពិតជាស្រលាញ់យើងមែន គេគួរតែជាមនុស្សដែលគាំទ្ររាល់ក្ដីស្រមៃរបស់យើង និងអាចរង់ចាំយើងសម្រេចវាបាន។
ជ្រើសរើសសេពគប់មនុស្សវិជ្ជមានព្រោះពួកនឹងក្លាយជាផ្នែកដែលជំរុញយើងឱ្យដល់គោលដៅ។

មិនថាយើងមានប្រភពមកពីណានោះទេ យើងមានសិទ្ធដើរទៅរកក្ដីប្រាថ្នារបស់យើងឱ្យតែយើងមិនបោះបង់
ពេលខ្លះជីវិតប្រៀបដូចជាកាហ្វេ បើមិនព្រមលេបយករសជាតិល្វីងនោះទេ ក៏គ្មានថ្ងៃបានស្គាល់រសជាតិផ្អែមនោះដែរ សាកដួលខ្លះទៅ!

ប្រភពហ្វេសប៊ុក https://www.facebook.com/naknipunratana2018

អរុណកាហ្វេ

អរុណសួស្តី
អរុណព្រឹកថ្មី
ដែនដីកម្ពុជា
អរុណត្រជាក់
ឆាប់ភ្ញាក់ម្នីម្នា
ហៅរកគ្នីគ្នា
មកញ៉ាំកាហ្វេ។

ទឹកខ្មៅគ្មានស្ករ
រសកាហ្វេល្អ
ក្រេបគ្មានល្វីងទេ
ក្លិនឆ្ងប់ឆ្ងុយឆ្ងាញ់
ពិសេសតាមពេល
ពិសេសជាងគេ
ពេលផឹកនឹងប្រាជ្ញ

ព្រឹកនេះសំណាង
មានអ្នកស្អិតស្អាង
ឱ្យបានចរចាច
បានផឹកកាហ្វេ
សន្ទនាកក្អាច
រៀនចេះសសាច
ពីប្រាជ្ញរៀមច្បង។

#អរុណកាហ្វេ
#កំណាព្យអ្នកនិពន្ធរតនា
២៧ មករា ២០២០