ភ្នែកមួយគូដែលកំពុងសម្រក់ទឹកភ្នែកនៅលើផ្ទៃមុខស្មើធេងដៃស្តាំអង្អែលដៃឆ្វេងហើយគោះថ្នម
ស្របពេលដែលបេះដូងកំពុងប្រេះស្រាំ ចិត្តប្រាប់ខ្លួនឯងថាមិនអីទេ!
ម្នាក់នេះមិនបានយំទេ តែទឹកភ្នែកវាហូរព្រោះតែអារម្មណ៍ទន់ខ្សោយពេក
តែមិនអីទេ! ចិត្តខ្ញុំរឹងមាំណាស់!
ខ្ញុំមិនអាចឃាត់ទឹកភ្នែកខ្លួនឯងបាន
តែខ្ញុំតែងឈ្នះចិត្តខ្លួនឯងជានិច្ច ខ្ញុំមិនទន់ខ្សោយទេ! ខ្ញុំមិនភ័យខ្លាចទេ!
ខ្ញុំមិនបារម្ភនឹងអ្វីដែត្រូវផ្លាស់ប្តូរឡើយ ព្រោះខ្ញុំបានត្រៀមរួចហើយ។
អ្វីដែលត្រូវបាត់បង់ ខ្ញុំនឹងលែងដៃឱ្យវាទៅ អ្វីដែលត្រូវមកដល់ ខ្ញុំនឹងលាដៃទទួលវា ហើយរស់នៅឱ្យបានល្អ
ជាមួយការពិតរបស់ខ្ញុំ។
គេថាលើលោកនេះមិនមានអ្វីជារៀងរហូតទេ! តែខ្ញុំថាមាន!
នោះគឺ ភាពមិនទៀតទាត់! គឺវាហើយដែលមានជារៀងរហូតនោះ!
ហើយខ្ញុំស្គាល់វាណាស់! ខ្ញុំព្រមរស់នៅជាមួយវា! ព្រោះគឺវានោះហើយ
ដែលជាការពិតមិនប្រែទេ ទោះពេលខ្លះអារម្មណ៍ខ្ញុំទន់ខ្សោយ តែខ្ញុំត្រៀមចិត្តជានិច្ច។
ដូច្នេះបើភាពមិនទៀតទាត់ធ្វើឱ្យទឹកភ្នែកខ្ញុំហូរ
ចិត្តខ្ញុំក៏ប្រាប់ខ្លួនឯងឱ្យយកដៃជូតទឹកភ្នែក ប្រាប់មាត់ឱ្យញញឹម
ហើយប្រាប់ខ្លួនឯងឱ្យនៅតែបន្តជីវិតរស់នៅជាមួយភាពមិនទៀតទាត់នោះទៀត។
កុំបោះបង់ភាពមិនទៀងទាត់នេះអី កុំស្អប់ កុំខឹងវាអី
ព្រោះវាមិនដែលកុហកអ្នកទេ វាដាស់តឿនអ្នកជានិច្ច
កុំឱ្យលង់នឹងអ្វីមួយខ្លាំងពេក ហើយដឹងទេ? ជីវិតអ្នកមានន័យក៏ព្រោះតែវាដែរ។
ទទួលទៅ! បើអ្នកបានឃើញការបង្ហាញខ្លួនរបស់វា ប្រាប់ខ្លួនឯងទៅ
ថាអ្នកគេចពីវាមិនបាននោះទេ ទទួលយកវាទៅ! នេះហើយជាជីវិត!
លែងដៃឱ្យគេទៅ
អរុណសួស្តីថ្ងៃថ្មីនៃសករាជ
យប់មិញខ្ញុំដូចជាសប្បាយជ្រុលហើយ
យប់មិញខ្ញុំដូចជាយំច្រើនហើយ
យប់មិញខ្ញុំមិនចូលរួមឆ្លងឆ្នាំឡើយ
យប់មិញគឺជារឿងឆ្នាំចាស់ រឿងយប់មិញគឺជារឿងហួសហើយ។ ល្អអាក្រក់យ៉ាងណា
នៅសល់តែអនុស្សាវរីយ៍
ថ្ងៃនេះ ម៉ោងនេះ នាទីនេះទើបជាបច្ចុប្បន្ន បើមានរឿងមិនល្អពីយប់
ខ្ញុំមានតែសុំទោសខ្លួនឯងដែលផ្តល់ការចងចាំឈឺចាប់មួយនេះ តែមិនអីទេ ថ្ងៃថ្មីអ្វីៗក៏ថ្មីដែរ។
ព្រះអាទិត្យបញ្ចេញពន្លឺដោយក្តីសង្ឃឹម
ព្រះអាទិត្យប្រាប់ឱ្យខ្ញុំញញឹម ព្រះអាទិត្យប្រាប់ខ្ញុំថា
ផែនដីនេះនៅត្រូវការខ្ញុំណាស់។
ខ្ញុំមិនគួរអស់សង្ឃឹម អន់ចិត្តអ្វីទៀតដែរ
ដ៏រាបណាផែនដីនៅតែត្រូវការខ្ញុំ ព្រះអាទិត្យនៅតែរះផ្តល់កម្លាំងចិត្តឱ្យខ្ញុំ
ខ្ញុំនឹងនៅតែរឹងមាំរស់ប្រឈមនឹងគ្រប់រឿងរ៉ាវទាំងអស់។
ខ្ញុំមិនទន់ជ្រាយទេ ខ្ញុំមិនល្ងង់ទៀតទេ
ហើយក៏មិនធ្វើក្មេងមិនដឹងអីទៀតដែរ!
ឆ្នាំថ្មីចិត្តថ្មី ខ្ញុំដឹងក្តីហើយ
ខ្ញុំមិនខ្ជះខ្ជាយពេលវេលារបស់ខ្ញុំទៀតទេ
ខ្ញុំនឹងតាក់តែងដំណើរជីវិតរបស់ខ្ញុំខ្លួនឯង ហើយដើរទៅរកក្តីស្រមៃរបស់ខ្ញុំ។
បញ្ហាតូចតាចលែងរំខាន អារម្មណ៍ខ្ញុំបានហើយ បញ្ហាធំៗខ្ញុំលែងខ្លាចហើយ
ខ្ញុំដើរឆ្លងអ្នកឱ្យបានដោយភាពរឹងមាំរបស់ខ្ញុំ។
ចំណែកមនុស្សដែលមកដើម្បីតែផ្តល់ភាពអស់សង្ឃឹមឱ្យខ្ញុំ
ខ្ញុំនឹងលែងដៃឱ្យគេទៅ ទុកដៃទំនេរចាប់យកក្តីស្រមៃវិញ
ប្រសើរជាងចាប់ដៃមនុស្សដែលគេចង់ទៅ
ខ្លួនឯង
យប់នេះពិសេសណាស់ហើយ!
តើគួរតែធ្វើអ្វីឱ្យកាន់តែពិសេសទៅ?
មនុស្សបាត់បង់ស្នេហាតើគួរធ្វើអ្វីឱ្យយប់នេះពិសេសទៅ?
ប្រហែលត្រូវយំនឹកអនុស្សាវរីយ៍
ឬយំតូចចិត្តនឹងរឿងមិនសមបំណងគ្រប់យ៉ាងហើយ
យប់ពិសេសបែបនេះគួរយំឱ្យហើមភ្នែកតែម្តងមែនទេ?
ហ៊ើយ! ដឹងអត់ថាមនុស្សចំនួនតែងតែបោះបង់មនុស្សពិសេសពិតប្រាកដរបស់គាត់
ហើយទៅធ្វើរឿងផ្សេងរាល់ថ្ងៃពិសេសបែបនេះ
ព្រោះគាត់រកនឹកមិនឃើញមនុស្សម្នាក់ដែលពិសេសបំផុតនោះទេ។
មួយចំនួននោះអត់មានសំដៅលើអ្នកណាទេ ក្រៅពីអ្នកកំពុងយំតូចចិត្តហ្នឹង!
រាល់ថ្ងៃពិសេសម្តងៗ អត់ធ្វើអីបានក្រៅពីនឹកអតីតកាល សម្រក់ទឹកភ្នែក
ដែលទាំងនេះជាការធ្វើបាបយ៉ាងតំណំដល់ផ្លូវចិត្ត
រាងកាយរបស់មនុស្សពិសេសបំផុតរបស់ខ្លួន។
មនុស្សដែលកំដរអ្នករស់ តាំងពីកើតមករហូតដល់អាយុប៉ុណ្ណេះ
គ្រាន់តែមានកំហុសបង់បេះដូងលើមនុស្សខុស មិនត្រឹមតែមិនបានទទួលការលួងលោម
បែជាត្រូវឱ្យទទួលភាពសោកសៅ យំសោក ឬដល់ថ្នាក់ធ្វើបាបរាងកាយ។
តើមនុស្សពិសេសម្នាក់នោះជានរណា? គឺខ្លួនឯងដែលកំពុងទួញសោកនេះហើយ!
ដឹងទេ? ថាមានតែខ្លួនឯងទេ ដែលជាមនុស្សពិសេសបំផុតរបស់ខ្លួនឯង
យំយែកនឹកនាចង់ឱ្យអតីតកាលមកវិញ ក៏ដើម្បីតែខ្លួនឯងដែរ។
ពេលនេះឈប់ខ្វល់ទៅថាធ្វើយ៉ាងណាឱ្យអតីតកាលត្រឡប់មកវិញ
ថែមនុស្សពិសេសម្នាក់នេះសិន ផ្តល់អ្វីដែលល្អៗឱ្យម្នាក់នេះសិន ថ្ងៃថ្មីមកដល់!
ពេលដែលមនុស្សពិសេសបំផុតម្នាក់នេះបានទទួលអ្វីដែលពិសេសពីខ្លួនឯងហើយ
ចាំគិតទៀតថាគួររង់ចាំអតីតកាលឬស្រវ៉ាយកអនាគត?
ជូនពរអ្នកមិនសប្បាយចិត្តក្នុងយប់នេះ ទទួលបានកម្លាំងចិត្តមកវិញ
និងអាចខ្វល់ខ្វាយឱ្យតម្លៃខ្លួនឯងជាងនេះបន្តិចណា៎!
ដោយក្តីស្រលាញ់ពីអ្នកនិពន្ធរតនា
របស់គ្មានតម្លៃ
មួយថ្ងៃហើយដែលអ្នករវល់
ព្រោះតែកាតព្វកិច្ចជីវភាព អ្នកស្ទើរតែគ្មានពេលសម្រាប់ខ្លួនឯង។ អ្នកហត់ណាស់ហើយ!
សម្រាកខ្លះទៅ!
បើកាតព្វកិច្ចធ្វើឱ្យអ្នករវល់យ៉ាងនេះទៅហើយ
អ្នកមិនគួរបណ្តោយឱ្យវិបិត្តផ្លូវចិត្ត រំខានដល់ដំណេកអ្នកទៀតទេ
សូម្បីដើមឈើក៏ចេះដេកដែរ ចុះហេតុអ្វីភ្នែកអ្នកនៅតែបើក?
អាណិតខ្លួនទេបើរាងកាយដ៏រវល់នេះប្រែជាឈឺ? អន់ចិត្តទេបើឈឺហើយគ្មានអ្នកថែ?
ចង់ឱ្យអ្នកណាថែ បើខ្លួនឯងមិនចង់ថែខ្លួនឯងផង?
បើស្រលាញ់ខ្លួន កុំបណ្តោយឱ្យរាងកាយឈឺ
បើអាណិតខ្លួន កុំផ្តល់ឱកាសឱ្យចិត្តឈឺ
បើសូម្បីតែខ្លួនឯងមិនស្រលាញ់ខ្លួនឯងផង មានន័យថាខ្លួនឯងនេះ គ្មានតម្លៃអីសោះ។
របស់គ្មានតម្លៃ គ្មានអ្នកដទៃណាគេចាប់អារម្មណ៍ទេ! អ៊ីចឹងហើយ
កុំអន់ចិត្ត កុំឈឺចាប់បើគេមិនខ្វល់។
ហេតុអីបានជាឈឺ!
មានថ្នាំអីលេបហើយធ្វើឲ្យភ្លេចរឿងគ្រប់យ៉ាងបាន?
ថ្នាំជំនួយការចងចាំពិតជាមាន តែថ្នាំបំបាត់ការចងចាំមិនដឹងថាមានឬអត់ទេ?
មិនដឹងថាហេតុអី
បានជាមានមនុស្សមួយចំនួនចូលចិត្តចង់បំភ្លេចមេរៀនដែលទើបតែរៀនហើយថ្មីៗអ៊ីចឹង?
អ្នកគួរប្រៀបធៀបថា រយៈពេលដែលកំពុងតែឈឺចាប់ វាដូចជាពេលដែលអ្នកត្រូវទន្ទេញមេរៀនអ៊ីចឹង
បើមេរៀនមួយហ្នឹងទន្ទេញមិនចាំទេ ច្បាស់ណាស់ថាប្រលងមិនជាប់
នឹងបានរៀនត្រួតថ្នាក់មិនខាន។
ដូច្នេះកុំគេចវេសអី បើមិនចង់រៀនមេរៀនដដែលៗ
បានមេរៀនហើយត្រូវតែខំទន្ទេញឱ្យចាំទៅណា៎ ទោះជាទឹកភ្នែកហូរស្រក់ជោគជាំយ៉ាងណា
ត្រូវប្រឈមនឹងការឈឺចាប់នេះ ត្រូវតែខំទន្ទេញវាឱ្យចាំកុំភ្លេចឱ្យសោះ! ពេលដែលអ្នកចាំមេរៀនទាំងនេះបានច្បាស់លាស់ហើយ
អ្នកនឹងមិនប្រលងធ្លាក់ទៀតទេ ការឈឺចាប់ក៏មិនមានទៀតដែរ។
ដូច្នេះឈប់ចង់បំភ្លេចមេរៀនដែលទើបតែរៀនទៀតទៅណា៎
រៀនទន្ទេញ! រៀនចាំ! រៀនចំណាំ ហេតុអីបានជាឈឺ!
ទឹកចិត្តពិតប្រាកដ
តើមានមនុស្សប៉ុន្មាននាក់ដែលមានទង្វើយកចិត្តទុកដាក់ច្រើនជាងសម្តី?
នៅពេលមួយដែលបញ្ហាមកដល់ បើខ្ញុំអាចនឹកដល់នរណាម្នាក់ គឺម្នាក់នោះហើយដែលខ្ញុំជឿជាក់ថាគាត់អាចផ្តល់ភាពកក់ក្តៅឱ្យខ្ញុំបាន។
ធាតុពិតជាក់ស្តែង ប្រសិនបើម្នាក់នោះមានតែសម្តី
ខ្ញុំនឹងធ្វើការកំណត់ព្រំដែនចិត្តចំពោះគាត់ម្តងទៀត។
ឬប្រសិនបើខ្ញុំស្រាប់តែមិនអាចនឹកឃើញដល់នរណាម្នាក់សោះក្រៅពីខ្លួនឯង
គឺព្រោះតែខ្ញុំធ្លាប់តែស្តាប់ឮសម្តីច្រើនជាងបានឃើញទង្វើ។
ខ្ញុំលែងមានការចាប់អារម្មណ៍ជឿជាក់ថា មានការខ្វល់ខ្វាយពិតប្រាកដហើយ ខ្ញុំទម្លាប់នឹងការប្រើភាពរឹងមាំរបស់ខ្លួនឯងជាជាងការរង់ចាំជំនួយ។
មានភាពរឹងមាំគឺប្រសើរណាស់ ខ្ញុំមិនចាំបាច់រស់ជាបន្ទុករបស់អ្នកណា
ហើយក៏មិនបង្កក្តីបារម្ភដល់អ្នកណា។ ជីវិតបែបនេះមានសេរីភាពណាស់ ព្រោះវាជួយកាត់បន្ថយ
ការខ្លាចចិត្ត ជំពាក់ចិត្ត ជំពាក់គុណ អន់ចិត្ត បាត់បង់ទំនាក់ទំនង។
ច្បាស់ណាស់ថាជីវិតរស់ត្រូវប្រាស្រ័យគ្នា តែប្រាស្រ័យមិនមែនជាការរំខានទេ
កុំរំពឹង កុំទាមទារ ប្រសិនបើអ្នកចង់បានអ្វីដែលកើតឡើងពីទឹកចិត្តពិតប្រាកដ
ស្នាមញញឹម
ខ្ញុំចូលចិត្តញញឹមដាក់ព្រះអាទិត្យពេលព្រឹកព្រហាម
ខ្ញុំចូលចិត្តញញឹមដាក់ទេសភាពពណ៌បៃតង
ខ្ញុំចូលចិត្តញញឹមដាក់ផ្កា
ជួបរបស់ទាំងបីនេះខ្ញុំតែងញញឹមទាំងមានក្តីសុខ។
តែខ្ញុំក៏នៅមានសមត្ថភាពញញឹមដាក់របស់មួយទៀត គឺបញ្ហា!
មិនមែនខ្ញុំមិនចេះយំទេ តែខ្ញុំគ្រាន់តែពូកែញញឹមជាងយំតែប៉ុណ្ណោះ។
ខ្ញុំព្យាយាមញញឹមឱ្យបានច្រើន ខ្ញុំញញឹមជាទម្លាប់។
ខ្ញុំដឹងថាគ្មានមនុស្សជូតទឹកភ្នែកឱ្យទេ នៅពេលដែលខ្ញុំយំ
ដូច្នេះហើយទើបខ្ញុំមិនទម្លាប់យំ។ ហើយខ្ញុំដឹងថាមានមនុស្សចូលចិត្តឱ្យខ្ញុំញញឹមដាក់
ទើបខ្ញុំជ្រើសយកស្នាមញញឹមធ្វើជាសញ្ញាណ។
ពេលនឹកខ្ញុំក៏នឹកដល់ស្នាមញញឹមរបស់ខ្ញុំ
ពេលចង់ឱ្យគេញញឹមដាក់ក៏នឹកដល់ខ្ញុំ
ជាពាក្យដែលខ្ញុំបានទទួលពីមនុស្សរាប់អានគ្នា។
ត្រឹមតែស្នាមញញឹមក៏អាចបង្កើតភាពល្អបានដល់មនុស្សច្រើនបែបនេះ
ហេតុអីមិនខំញញឹម?
ពិបាកចិត្តយ៉ាងណាក៏ដោយ ញញឹមបន្តិចទៅហើយប្រាប់ខ្លួនឯងថាមិនអីទេ
បន្តិចទៀតលែងអីហើយ។
ជួបមនុស្សផ្សេងៗក៏ត្រូវតែញញឹម មិនស្គាល់ក៏ដោយ មិនចូលចិត្តក៏ដោយ
ញញឹមដាក់គេទៅ បានឱ្យមុខយើងស្រស់ដែរ កុំកំណាញ់ស្នាមញញឹមណា៎
អ្នកអានហើយញញឹមផង មិនបានញញឹមដាក់បង ញញឹមដាក់អត្ថបទបងក៏បានដែរ
ស្នេហាពិត
ប្រាប់បានទេហេតុអ្វីបានជាអ្នកស្រលាញ់មនុស្សម្នាក់នោះ?
ឆ្លើយសិនចាំអានបន្ត ok?
……….. ❤️❤️❤️………
ក្តីស្រលាញ់បច្ចុប្បន្ននេះមានច្រើនហេតុផលណាស់
មនុស្សពីរនាក់ស្រលាញ់គ្នាតែងប្រើហេតុផលនៅពីក្រោយពាក្យស្រលាញ់ទាំងនោះ។
ស្រលាញ់ព្រោះតែចង់បាន
គឺជាមនោសញ្ចេតនាពេញនិយមបំផុតដែលមនុស្សជាច្រើនកំពុងតែមាន។
ស្រលាញ់ព្រោះគាត់តាមចិត្តអ្នក ស្រលាញ់ព្រោះគាត់មានបែបនោះ
ស្រលាញ់ទាំងនោះដែលគាត់មាន ស្រលាញ់ព្រោះតែស្ញប់ស្ញែង។ ក្តីស្រលាញ់ដែលកើតពីការស្ញប់ស្ញែងចំពោះនរណាម្នាក់
មិនថាជារូបសម្បត្តិ ចំណេះវិជ្ជា ទឹកចិត្ត ចរិយាមារយាទ ឬលក្ខណៈសម្បត្តិផ្សេងៗ
ជាការស្រលាញ់ព្រោះតែចង់បាន។
ព្រោះអ្នកចង់បានអ្វីដែលល្អទាំងអស់នោះ ទើបអ្នកស្រលាញ់គាត់។
ថ្ងៃមួយដែលគាត់លែងមានរបស់ទាំងអស់នោះអ្នកនឹងមិនស្រលាញ់គាត់ទៀតទេ។
ស្រលាញ់ព្រោះតែចង់ឈ្នះ វាជាការស្រលាញ់មួយឆាវៗប៉ុណ្ណោះ
ផ្តើមស្រលាញ់គ្នាក៏ព្រោះតែការឈ្នះចាញ់
ចុងក្រោយបែកគ្នាវិញក៏ព្រោះតែការឈ្នះចាញ់ដដែរ។ ស្នេហាដែលមានតែហេតុផលឈ្នះនិងចាញ់
នឹងមិននាំអ្នកទៅរកសុភមង្គលឡើយ។
ស្រលាញ់ព្រោះតែអាណិត វាមិនមែនជាស្នេហា តែវាគ្រាន់តែជាចិត្តមេត្តា
ហើយវានឹងរំខានដល់មនោសញ្ចេតនាអ្នកទាំងពីរនាថ្ងៃក្រោយ។
ក្តីស្រលាញ់ពិតនឹងមានបង្កប់ការអាណិតមេត្តា
តែក្តីអាណិតមេត្តាមិនបានបង្កប់ស្នេហានោះទេ
ចូរបែងចែកអារម្មណ៍ឱ្យបានច្បាស់លាស់មុនចាប់ផ្តើមទំនាក់ទំនង
ព្រោះថ្ងៃមួយដែលស្នេហាពិតកើតឡើង មនុស្ស
ដែលអ្នកអាណិតអាចមិនមែនជាមនុស្សដែលអ្នកស្រលាញ់
ហើយអំពើល្អកន្លងមកនឹងក្លាយជាអនុស្សាវរីយ៍ឈឺចាប់សម្រាប់ជនរងគ្រោះមិនខាន។
តើមានមនុស្សប៉ុន្មាននាក់ដែលពោលពាក្យថាស្រលាញ់ព្រោះតែស្រលាញ់?
ស្រលាញ់មនុស្សម្នាក់ពិតប្រាកដនឹងមានហេតុផលមានតែមួយគត់
គឺស្រលាញ់ព្រោះតែស្រលាញ់។ ចង្វាក់បេះដូងដែលលោតខុសធម្មតាសូម្បីត្រឹមតែអ្នកនឹកឃើញដល់គេ
ច្បាស់ណាស់ថាអ្នកមានអារម្មណ៍ពិសេសចំពោះគេ។
នៅពេលដែលអ្នកស្រលាញ់នរណាម្នាក់ក្នុងហេតុផលព្រោះតែស្រលាញ់
នឹងមិនខ្វល់ថាម្នាក់នោះជានរណា មានប្រវត្តិយ៉ាងណា នៅក្នុងកាលៈទេសៈណា
រូបរាងបែបណានោះទេ។ បែបណាក៏ដោយលែងសំខាន់ហើយ សំខាន់បេះដូងអ្នកត្រូវការគេតែប៉ុណ្ណោះ
អ្វីដែលអ្នកត្រូវធ្វើគឺ ទទួល យករាល់គុណវិបត្តិរបស់មនុស្សម្នាក់នោះ
ឬលះបង់គ្រប់យ៉ាងដើម្បីបានក្បែរមនុស្សដែលអ្នកស្រលាញ់
ឬដើម្បីមនុស្សដែលអ្នកស្រលាញ់មានក្តីសុខ។
ពេលខ្លះមិនចាំបាច់បានរួមរស់ ត្រឹមតែបេះដូងបានយល់ពីគ្នា
តែប៉ុណ្ណឹងក៏បាន។ នេះហើយជាស្នេហាពិត
ការវាយតម្លៃសាច់រឿងសំណោកអនុស្សាវរីយ៍ពីអ្នកអានម្នាក់
#សំណោកអនុសាវរិយ៍ ពីអ្នកនិពន្ធអារម្មណ៍ បងស្រី អ្នកនិពន្ធរតនា និយាយបានថាកប់សារីៗៗ។
រចនាបទ បែបផែននៃការសរសេរគឺប្លែកថ្មី ខុសពីគេ ទាក់ទាញ។ អ្នកអានប្រៀបបានកំពុងលួចបើកកូនសៀវភៅកំណត់ហេតុស្នេហ៍របស់គេដូច្នោះដែរ។
រឿងរ៉ាជំពាក់ជំពិនរវាងមនុស្សបួននាក់ បន្តការឈឺចាក់ ទុក្ខសោកឥតស្រានដោយសារតែទង្វើរកាលក្មេងខ្ចី ដែលហៅថាសំណោកអនុស្សាវរិយ៍។ តើការដោះស្រាយរឿងរ៉ាវបញ្ហាអស់នោះ អ្នកនិពន្ធនឹងប្រើវិធីណាទិញអានទាំងអស់គ្នា។
សាច់រឿងមនោសញ្ចេតនា ប៉ុន្តែអ្នកនិពន្ធមិនភ្លេចបញ្ចូលនូវគតិដាសតឿន ដល់យុវជននោះដែរ។ និយាយឱ្យខ្លី គឺវាលើសពីពាក្យថារឿងស្នេហា។ ជាការប្រសើរបើយុវជនបានអានរឿងមួយនេះ ព្រោះគេនឹងអាចរឭកខ្លួន មិនប្រើយុវភាពខុស ហើយអាចដកខ្លួនចេញពីសំណោកអតិតកាល ក៏ដូចជាបញ្ចៀសខ្លួនពីកំហុសដដែល។
តែប្រាប់ថាអានរឿងហ្នឹងហាមយំ! 🤣😅
ដោយណៃយ៉េ
សន្យាក្នុងចិត្ត
មានអារម្មណ៍បែបណាប្រសិនបើមនុស្សដែលអ្នកទុកចិត្ត បែរជាក្បត់អ្នក?
រឿងសម្ងាត់ដែលអ្នកនិយាយប្រាប់គាត់ គាត់យកទៅនិយាយបន្តឲ្យអ្នកអាម៉ាស់ ពេលវេលាដែលអ្នកខំលះបង់ឲ្យគាត់បានត្រឹមតែជាការរង់ចាំ ក្តីស្រលាញ់ទាំងឡាយដែលអ្នកមានឲ្យគាត់ គាត់មិនឲ្យតម្លៃ…
ច្រើនណាស់ហើយដែលអ្នកលះបង់ឲ្យគាត់ ហើយអ្វីដែលជាលទ្ធផលគឺការខកចិត្ត ព្រោះតែអ្នកមានភ្នែកមិនល្អ អ្នកមើលមនុស្សខុស អ្នកជឿមនុស្សខុស អ្នកកំពុងខកចិត្តណាស់មែនទេ?
……………………..
ចុះបើពេលនេះ អ្នកកំពុងធ្វើរឿងទាំងនេះដាក់នរណាម្នាក់..
ដឹងទេ? គាត់ក៏កំពុងទទួលអារម្មណ៍ដូចដែលអ្នកមាននៅសំណេរខាងលើដែរ គាត់ប្រហែលឈឺខ្លាំងជាងអ្នកផង។
អ្នកប្រហែលភ្លេចខ្លួនហើយ ថាកំពុងធ្វើដាក់អ្នកណា
ប្រហែលម្នាក់នោះមិនសំខាន់ ទើបអ្នកមិនចាប់អារម្មណ៍។
តែ.. ព្រោះតែអ្នកសំខាន់ទើបគាត់រង់ចាំ ព្រោះតែអ្នកគួរឲ្យទុកចិត្តបាននៅក្នុងចិត្តគាត់ ទើបអ្នកអាចដឹងរឿងសម្ងាត់ណាមួយរបស់គាត់។
ថ្ងៃនេះមានច្រលំនិយាយអាថ៌កំបាំងរបស់អ្នកណាទេ?
មានជ្រុលម៉ោងឲ្យអ្នកណារង់ចាំយូរទេ?
កុំស្តាប់រឿងអាថ៌កំបាំងគេបើអ្នកមិនអាចរក្សាអាថ៌កំបាំងនោះបាន។
កុំកំណត់ពេលវេលា បើអ្នកមិនអាចធ្វើអ្វីឲ្យទៀងពេលបាន
កុំសន្យាអ្វីទាំងអស់ បើអ្នកមិនច្បាស់ថាអាចធ្វើបាន
កុំបង្ហាញការគោរពចំពោះអ្នកដទៃ បើអ្នកមិនអាចសូម្បីតែគោរពខ្លួនឯងបាននោះ។
ដឹងច្រើននិយាយតិច
សន្យាក្នុងចិត្ត ប្រព្រឹត្តបានច្រើនជាងសន្យាដោយសម្តី។
ប្រសិនបើអ្នកមិនចង់បានអ្វីនោះពីគេ សូមកុំធ្វើរឿងនោះចំពោះគេអី
ចង់បានសុភមង្គល កុំចោលបេះដូង
ហេតុអ្វីពេលខ្លះអ្នករីករាយនឹងការញ៉ាំអាហារធម្មតា?
ត្រឹមបានញ៉ាំជ្រក់មមាញមួយម៉ាត់ ដូចបានញ៉ាំម្ហូបពីឋានសួគ៌
ហេតុអ្វីអារម្មណ៍សែនល្អយ៉ាងនេះ?
នៅពេលដែលអ្នកចង់បានអ្វីមួយយ៉ាងងប់ងល់
អ្នកនឹងមិនខ្វល់ឡើយថាអ្នកដទៃឃើញវានៅក្នុងរូបរាងបែបណា
រសជាតិបែបណា ឬស្ថិតក្នុងតម្លៃបែបណា
អ្វីដែលអ្នកខ្វល់គឺសេចក្តីពេញចិត្តតែប៉ុណ្ណោះ
អារម្មណ៍ដែលស្រលាញ់ ចង់បានដោយពិតប្រាកដនឹងបង្ហាញឲ្យអ្នកឃើញថា
ការយល់ឃើញរបស់អ្នកដទៃ តម្លៃនិងទិដ្ឋភាពនៃរបស់មួយនោះនៅក្នុងសង្គមពិតប្រាកដ
មិនមានតម្លៃអ្វីស្មើនឹងចិត្តងប់ងល់របស់អ្នកឡើយ។
ហេតុអ្វីពេលនេះជ្រក់មមាញមួយស្លាបព្រា
ធ្វើឲ្យអ្នកអាចញ៉ាំបាយដោយមានរសជាតិបំផុត ក៏ព្រោះតែនេះជាក្តីបំណង ជាការចូលចិត្ត
និងសេចក្តីពេញចិត្តរបស់អ្នក។
ចុះហេតុអ្វីមនុស្សដែលមានស្រមោលខ្មៅនៃអតីតកាលរាប់មិនអស់ អាចធ្វើឲ្យអ្នកមានសុភមង្គលបាន?
ក៏ព្រោះតែគាត់ជាមនុស្សដែលបេះដូងអ្នកត្រូវការ ការយល់ឃើញរបស់អ្នកដទៃ
តម្លៃនិងទិដ្ឋភាពរបស់គាត់នៅក្នុងសង្គម មិនមានតម្លៃស្មើនឹងភាពងប់ងល់នៃបេះដូងរបស់អ្នកឡើយ។
សុភមង្គលរបស់បេះដូង
មិនបានស្ថិតនៅលើអ្វីផ្សេងក្រៅពីសេចក្តីស្រលាញ់ពេញចិត្តនោះទេ។
បើអ្នកមិនជឿទេ អ្នកអាចពិសោធន៍ខ្លួនឯងបាន
នៅពេលមួយដែលអ្នកចង់ញ៉ាំអាហារសាមញ្ញយ៉ាងខ្លាំង
តែក៏ត្រូវបង្ខំចិត្តទៅញ៉ាំអាហារថ្លៃជំនួស ពេលនោះហើយដែលអ្នកនឹងអាចជ្រួតជ្រៀបខ្លះៗពីអារម្មណ៍ខកបំណង។
ចង់បានសុភមង្គល កុំចោលបេះដូង
ខ្លួនឯងត្រូវធ្វើជាគ្រូរបស់ខ្លួនឯង
កុំច្រណែនបើឃើញគេប្រសើរជាង
កុំតូចចិត្តបើខ្លួនឯងមិនធ្វើបានដូចគេ
ព្រោះខ្លួនឯងកាន់ជើងខ្លួនឯងរហូតមក
ខ្លួនឯងមិនចេះខុសតាំងពីដើមមក
ខ្លួនឯងនេះតែងតែត្រូវរហូតមក
ខ្លួនឯងតែងតែត្រូវបានលើកលែងរាល់កំហុសឆ្គង។
ព្រោះខ្លួនឯងវាយខ្លួនឯងមិនបានទេ
ដូច្នេះហើយទើបបណ្តោយឲ្យខ្លួនឯងអត្មានិយម និងអវិជ្ជមានយ៉ាងនេះ។
មិនសប្បាយចិត្តទេបើគេល្អជាង មិនសុខចិត្តទេបើខ្លួនមិនប្រសើរជាងគេ។
ប្រសើរបែបណា? បើខ្លួនឯងទម្រើសខ្លួនឯងឲ្យខូចអស់ហើយ?
បើខ្លួនឯងមិនអាចអប់រំ លួងខ្លួនឯងឲ្យកែប្រែបានទេ
ភាពរឹងមានៈនឹងនាំអ្នកទៅរកភាពមិនជោគជ័យរហូត កុំថាឡើយជីវភាពរស់នៅ
សូម្បីសម្ព័ន្ធភាពក៏មិនជោគជ័យឡើយ។
ដើម្បីឲ្យជីវិតបានប្រសើរ ខ្លួនឯងត្រូវធ្វើជាគ្រូរបស់ខ្លួន
ប្រដៅអប់រំចិត្តខ្លួនឯងឲ្យបានល្អ។
ចង់ទទួលបានសេចក្តីល្អ
លុះណាអ្នកអាចដាំសេចក្តីល្អនោះក្នុងចិត្តអ្នកឲ្យដុះសិន។