គ្រាន់បើព្រោះអ្នកណា?

ភាពអំនួតរបស់មនុស្សតែងតែធ្វើឲ្យគាត់ភ្លេចខ្លួន ចេះតែគិតថាគាត់គ្រាន់បើព្រោះតែគាត់គ្រាន់។
តែការពិតវាមិនដូច្នោះទេ!
បើសិនអ្នកជាថៅកែ អ្នកគ្រាន់បើព្រោះតែមានបុគ្គលិកក្រោមបង្គាប់។ បើគ្មានអ្នកព្រមធ្វើបុគ្គលិកឲ្យអ្នក អ្នកនឹងធ្វើការជាបុគ្គលិកដោយខ្លួនឯង អ្នកនឹងគ្មានពេលដើរក្រពាត់ដៃចង្អុលបញ្ជានោះទេ។
បើអ្នកជាអ្នកល្បី អ្នកក៏គ្រាន់បើព្រោះតែមានអ្នកគាំទ្រ។ បើគ្មានអ្នកគាំទ្រនូវភាពប៉ិនប្រសប់អ្វីមួយរបស់អ្នក អ្នកនឹងមិនអាចល្បីបាននោះដែរ។
បើអ្នកបានជោគជ័យ អ្នកគ្រាន់បើព្រោះតែមានគ្រួសារនៅពីក្រោយ។ បើគ្មានគ្រួសារនៅពីក្រោយ អ្នកនឹងមិនមានសមត្ថភាព និងកម្លាំងចិត្តជម្នះឧបសគ្គដល់បានជោគជ័យដែរ។
ត្រូវចាំថាបើអ្នកបានឡើងខ្ពស់ក៏ព្រោះតែមានមនុស្សព្រមនៅខាងក្រោមដើម្បីជំរុញអ្នកដែរ។
ដូច្នេះបើទោះជាអ្នកគ្រាន់បើប៉ុនណា បើគ្មានមនុស្សនៅខាងក្រោម អ្នកនឹងធ្លាក់ចុះមកវិញមិនខាន។
ដូច្នេះមិនគួរអំនួត ក្អេងក្អាង វាយឫក ដាក់មនុស្សដែលតាមជំរុញអ្នកឡើយ។

ការស្រលាញ់និងការយោគយល់

គាត់ត្រូវតែខ្វល់ពីអ្នកឲ្យបានច្រើន
គាត់ត្រូវតែផ្តល់ឲ្យអ្នកឲ្យបានច្រើន
គាត់ត្រូវតែតាមចិត្តអ្នកឲ្យបានច្រើន
អ្នកជានរណាបានជាអ្នកទាមទារច្រើនម្ល៉េះពីគាត់?
អ្នកអាងថាអ្នកជាមនុស្សដែលគាត់ស្រលាញ់ខ្លាំង
អ្នកត្រូវតែឲ្យគាត់ផ្តល់នូវអ្វីដែលអ្នកចង់បាន។
អ្នកថាប៉ះពាល់អារម្មណ៍ខ្លាំងណាស់បើគាត់ទាំងពីរមិនចុះសម្រុងគ្នា
អ្នកតាំងខ្លួនជាអ្នកកាត់សេចក្តីឲ្យមានអ្នកខុសនិងត្រូវរវាងពួកគាត់ទាំងពីរ
អ្នកហាមឃាត់មិនឲ្យគាត់ប្រើបេះដូងលើសពីការទទួលខុសត្រូវ
អ្នកជានរណា?
អ្នកត្រឹមតែជាកូនបំណុលពួកគាត់តែប៉ុណ្ណោះ
ត្រឹមតែជាសម្ពាធរបស់់ពួកគាត់តែប៉ុណ្ណោះ
បើជួយអ្វីគាត់មិនបានទេ ក៏គួររៀនយល់ចិត្តគាត់ឲ្យបានច្រើន
បើគាត់មិនចុះសម្រុងគ្នា កុំបង្ខំឲ្យគាត់ទ្រាំមើលមុខគ្នាដើម្បីតែអ្នក
បើគាត់កំពុងនៅម្នាក់ឯង កុំហាមគាត់មិនឲ្យបើកបេះដូងទទួលអ្នកថ្មី
ឪពុកម្តាយមានតួនាទីបីបាច់ថែរក្សាបុត្រគឺពិតមែន តែគាត់ក៏ជាមនុស្សដែលចង់រស់នៅជាមួយបេះដូងនៃស្នេហារវាងប្រុសនិងស្រីដែរ។
ចូរធ្វើជាកូនដែលព្រមយល់ពីហេតុផល កុំធ្វើជាកូនដែលអាត្មានិយម
ការស្រលាញ់និងការយោគយល់ នឹងធ្វើឲ្យអ្នកនិងមនុស្សដែលអ្នកស្រលាញ់មានសុភមង្គល

រឿងពិតដែលមិនគួរនិយាយលេង

អ្នកអាចធ្វើជំរឿនបាន តើមានមនុស្សប៉ុន្មាននាក់ដែលចូលចិត្តឲ្យគេយករឿងអាស្រូវរបស់ខ្លួនមកលេងសើច?
ចាប់ផ្តើមសួរពីចិត្តខ្លួនឯងសិនមុនទៅសួរអ្នកដទៃផ្សេងទៀត។
បើអ្នកជាមនុស្សដែលធ្លាប់លែងលះ តើអ្នកស្តាប់ទៅកំបែ្លងទេបើសិនគេនិយាយថាដូច្នេះហើយបានជាលែងគ្នា?
មិនត្រឹមតែមិនកំប្លែងទេ តែកាន់តែក្តៅត្រចៀកដែលឮពាក្យពោះម៉ាយ ឬមេម៉ាយ តើមានមនុស្សប៉ុន្មាននាក់ដែលចង់បានឈ្មោះនេះ? ឈ្មោះដែលតំណាងពីប្រវត្តិបែកបាក់ គ្មានមនុស្សចង់បានទេ ក៏ព្រោះតែជាជម្រើសមួយដើម្បីសុខទើបមនុស្សត្រូវប្តូរមកទទួលពាក្យនេះ។
ក្រ! ល្ងង់! ធាត់! ស្គម! ខ្មៅ! ទាប! ខ្នងកោង…
បរាជ័យក្នុងការសិក្សារ រឺការងារ ? សង្សារទាត់ចោល? មានអីចង់បន្ថែមទៀតទេ?
ជីវិតក្នុងផែនដីនេះ តើមាននរណាចង់កើតមកជាមួយរាងកាយមិនជាទីចាប់អារម្មណ៍? តើមាននរណាមិនចង់សមបំណងក្នុងផ្លូវជីវិត?
មិនមាននោះទេ!
ទោះជាមិនមានអ្នកចង់បាន ក៏នៅតែមានមនុស្សទទួលបានទាំងអស់នោះ ហើយត្រូវព្រមរស់នៅជាមួយគុណវិបត្តិទាំងនោះ!
វាអាចជាការឈឺចាប់មួយ នៅពេលដែលមនុស្សបានអ្វីផ្ទុយពីគាត់ចង់បាន។
បើនាងជានារីដែលស្រលាញ់រូប ហើយបានកើតមកជាមួយរាងកាយខ្មៅមិនស្អាត តើនាងនឹងមានអារម្មណ៍បែបណា?
បើគាត់ជាមនុស្សដែលមានការរៀបចំជីវិតយ៉ាងម៉ត់ចត់ តែទីបញ្ចប់ក៏ត្រូវសង្សារទាត់ចោល.. តើគាត់នឹងមានអារម្មណ៍បែបណា?
ប្រើពាក្យ “បើ” នេះចំពោះខ្លួនឯង ហើយគិតថាអ្វីៗទាំងនោះធ្លាក់មកលើខ្លួនអ្នក តើអ្នកនឹងមានអារម្មណ៍បែបណា?
វានឹងមិនកំប្លែងទៀតទេដែលត្រូវយករឿងអាស្រូវរបស់នរណាម្នាក់មកនិយាយឲ្យបានសើចនោះ។
អ្នកនិយាយអាចសើចក្នុងរយៈពេលដែលខ្លី តែអ្នកដែលត្រូវគេបញ្ឈឺ គាត់នឹងឈឺក្នុងរយៈពេលវែង ឬអាចដល់មួយជីវិត។
ការបង្កើតសំណើចដោយជះក្តីអាម៉ាស់ដល់អ្នកដទៃ វាជាទារុណកម្មផ្លូវចិត្តដែលឃោរឃៅមួយ
បើទោះជាអ្នកមិនមានបំណងអាក្រក់ តែការលេងសើចរបស់អ្នកអាចធ្វើឲ្យអ្នកដទៃទទួលការបាក់ទឹកចិត្តបាន។
ពាក្យសម្រាប់លេងសើចមានច្រើនណាស់ ចូលប្រើតែពាក្យណាដែលមិនធ្វើឲ្យអ្នកដទៃឈឺចាប់ផងចុះ។

ឪពុកម្តាយដែលពូកែ

បុរសវ័យជិត ៥០ឆ្នាំ អង្គុយទល់មុខក្មេងស្រីជំទង់វ័យប្រហែល ១៥ឆ្នាំ នៅក្នុងហាងកាហ្វេមួយ។
ទាំងពីរនាក់ក្នុងសម្លៀកបំពាក់ ហំហួន កាយវិការថ្លៃថ្នូរ។
ជាបិតាដែលគួរឱ្យគោរព កំពុងប្រើពាក្យទូន្មានទៅកូនស្រីដែលកំពុងស្ថិតក្នុងវ័យភ្លើតភ្លើន ធ្វើឱ្យនាងស្រក់ទឹកភ្នែកផង សើចផង ពេលខ្លះក៏ប្តូរកាយវិការស្រគត់ស្រគំ ពេលខ្លះក៏ញិញ៉ក់គួរឱ្យស្រលាញ់។
គាត់ប្រើពេលតែ ៣០នាទីទូន្មានបុត្រី ឱ្យនាងយល់ហើយមិនឱ្យនាងទទួលអារម្មណ៍អាប់អួរសម្រាប់ថ្ងៃថ្មីរបស់នាងឡើយ។
ខ្ញុំលួចអានដោយស្ងប់ស្ងាត់ហើយវិភាគ:
មានបុត្រពេលមានជីវភាពល្អសមរម្យ
មានបុត្រពេលមានអាយុចាស់ទុំបន្តិច
គឺល្អណាស់!
នៅពេលដែលជីវភាពមិនលំបាក ការផ្តល់ឱ្យបុត្រកាន់តែបានច្រើន ទាំងការអប់រំ សម្ភារៈលើកទឹកចិត្ត ការមើលថែ…
គ្រួសារដែលមានជីវភាពប្រសើ បុត្រនឹងមិនមានសំពាធ ឬទទួលការបាក់ទឹកចិត្ត ដោយសារបញ្ហាជីវភាពរបស់ឪពុកម្តាយឡើយ។
ឪពុកម្តាយក្នុងវ័យចាស់ទុំមានលទ្ធភាពអប់រំបុត្របានប្រសើ
រ។
ដោយយោងទៅលើ អាយុ បទពិសោធន៍ សង្គម និងភាពជិតស្និទ្ធរបស់ឪពុកម្តាយ ពួកគាត់អាចស្វែងយល់និងឃុំគ្រងភាពលូតលាស់ផ្លូវគំនិតរបស់បុត្របានច្រើន អាចទាយដឹងថាបុត្រពួកគាត់កំពុងធ្វើអី និងចង់ធ្វើអ្វី។
ដូច្នេះឪពុកម្តាយអាចត្រៀម និងមានយុទ្ធសាស្ត្រទប់ស្កាត់ និងបណ្តុះបណ្តាល។
ហើយគ្រប់សកម្មភាពតែងតែមានការបញ្ជាក់ចំពោះហេតុ និងផល ដែលធ្វើឲ្យបុត្ររបស់ពួកគាត់កាន់តែជឿជាក់ទៅលើគាត់។
ឪពុកម្តាយដែលពូកែ តែងតែអាចផ្តល់អារម្មណ៍ជា Hero សម្រាប់បុត្ររបស់ពួកគាត់បាន។

យើងនឹងមិនចាំបាច់អន់ចិត្តគ្នារាល់ថ្ងៃពិសេស

មាននំខេកថ្ងៃកំណើតគឺល្អណាស់

មានកាន់តែច្រើនអារម្មណ៍កាន់តែល្អ

ថែមសារជូនពរ អំណោយមួយគំនរ

អ្នកទទួលទាំងអំណរ អ្នកពោលអរគុណជាមួយពាក្យស្រលាញ់។

បានទេ? បើស្រលាញ់ខ្ញុំបែបនេះរហូតទៅ

កុំស្រលាញ់ត្រឹមតែពេលដែលខ្ញុំឱ្យ ព្រោះថាឆ្នាំក្រោយៗមិនដឹងថាខ្ញុំ អាចជូនអំណោយទៅអ្នកបានទៀតឬអត់។

បើថ្ងៃកំណើតឆ្នាំនេះហួសហើយ ឆ្នាំក្រោយនឹងមានទៀត

បើខ្ញុំអាចឆ្លៀត ខ្ញុំក៏មិនចង់ឱ្យមានឆ្នាំណាចន្លោះដែរ។

បើសិនជាអាច ខ្ញុំចង់ធ្វើថ្ងៃកំណើតឱ្យអ្នករាល់ថ្ងៃ

ចង់ឱ្យអ្នកដឹងថាខ្ញុំស្រលាញ់អ្នករាល់ថ្ងៃ

ហើយក៏ចង់ឱ្យអ្នកស្រលាញ់ និងសើចដាក់ខ្ញុំរាល់ថ្ងៃដូចជាថ្ងៃនេះ។

បានទេ? បើសូមឱ្យគិតថារាល់ថ្ងៃសុទ្ធតែជាថ្ងៃពិសេស

បានទេ? បើសូមឱ្យអ្នកទទួលអំណោយត្រឹមតែជាចិត្តស្រលាញ់?

បើសិនជាព្រម យើងនឹងមិនចាំបាច់អន់ចិត្តគ្នារាល់ថ្ងៃពិសេសទៀតទេ។

បើសិនជាព្រម យើងនឹងមិនងាយបែកបាក់មិត្តភាព ឬស្នេហារបស់យើងឡើយ។

អ្នកមិនចាប់អារម្មណ៍ភាពស្មោះត្រង់

មានមនុស្សប្រុសមិនច្រើននាក់ទេដែលព្រមអានអត្ថបទនេះដល់ចប់

អ្នកប្រហែលធ្លាប់ខូចចិត្តខ្លាំងពីមុនមក

ឬអាចមកពីនេះជានិស្ស័យពីកំណើតរបស់អ្នក

អ្នកមិនជឿជាក់លើសេចក្តីស្នេហា អ្នកមិនចាប់អារម្មណ៍ភាពស្មោះត្រង់។ ស្រីពេញនគរអ្នកចង់លលេងជាមួយមនុស្សស្រីប៉ុន្មាននាក់ក៏មិនអីដែរ។

ពេលតែមួយ អ្នកមានទំនាក់ទំនងពិសេសជាមួយមនុស្សស្រីលើសពីម្នាក់ ឬអ្នកចូលចិត្តសាងទំនាក់ទំនងជិតស្និទ្ធរយៈពេលខ្លីប្តូរមនុស្សស្រីម្នាក់ហើយម្នាក់ទៀត

មនុស្សស្រីសម័យនេះរឹងមាំតែសំបកក្រៅ

ងាយស្រលាញ់ ងាយជឿជាក់ ងាយផ្តល់ឱ្យ

ពេលនាងឱ្យអ្នកក៏យក ពេលនាងហៅរកអ្នកក៏គេច

ធ្វើម៉េចបើស្រីស្អាត ស្រីល្អមានច្រើនម្លឹងៗ ស្រលាញ់លេងក៏ចង់បានមនុស្សស្រីល្អ ស្រលាញ់យកក៏ចង់បានមនុស្សស្រីល្អ។ ទម្រាំតែដល់ពេលដែលចិត្តចេះស្រលាញ់យក មិនដឹងស្រីល្អប៉ុន្មាននាក់ដែលត្រូវស្រោបឈ្មោះជាស្រីមិនត្រឹមត្រូវ?

ខែឆ្នាំកន្លងទៅ នឹកឃើញរឿងអាស្រូវដែលធ្លាប់សាង សម្រាប់អ្នកគ្រាន់តែជាកំហុសមួយ តែសម្រាប់នាងដែលធ្លាប់ជាស្រីល្អ វានឹងនៅតែជាវិប្បដិសារីដល់ថ្ងៃនាងត្រូវលាពីពិភពលោកនេះ។

ក្តីស្រលាញ់ស្មោះស្ម័គ្រទើបធ្វើឱ្យនាងក្លាយជាស្រីមិនត្រឹមត្រូវ ជាស្រីមិនត្រឹមត្រូវបាន ព្រោះនាងមិនមែនជាប្អូនស្រី មិនមែនជាកូនស្រី មិនមែនជាសាច់ញាតិជាទីស្រលាញ់របស់អ្នក។ ជាស្រីមិនត្រឹមត្រូវបាន ក៏ព្រោះតែមានភ្លើងចិត្តអន្តរាយពីអ្នកនេះហើយ។

មនុស្សស្រីល្អៗដែលអ្នកជាន់ឈ្លី នាងក៏ជាព្រះនាងនៅក្រោមតំបូលណាមួយដែរ

អ្នកអាចមិនស្រលាញ់ មិនខ្វល់ខ្វាយពីនាង តែនៅមានមនុស្សក្រោមដំបូលជាមួយនាងខ្វល់ខ្វាយពីនាងណាស់។

បើសិនជាថ្ងៃមួយអ្នកមានឱកាសបានធ្វើជាឪពុករបស់កូនស្រី ជាបងរបស់ប្អូនស្រី

សូមឱ្យស្រមៃថា អ្នកអាចយកបេះដូងដែលស្រពោនរបស់នាងទៅដាក់ក្នុងទ្រូងកូនឬប្អូនស្រីរបស់អ្នកមួយភ្លែត

អ្នកនឹងបានឃើញភាពឈឺចាប់របស់មនុស្សនៅក្បែរនាង កុំចាំបាច់ស្រមៃដល់ការឈឺចាប់របស់នាង ព្រោះអ្នកនឹងមិនអាចជ្រួតជ្រាបនោះទេ តែបើយល់ខ្លះដែរសូមឱ្យបញ្ឈប់សកម្មភាពលេងសើចនឹងស្នេហាត្រឹមនាទីនេះ ហើយព្រមស្មោះនឹងមនុស្សស្រីដែលអ្នកកំពុងតែមានសម្ព័ន្ធជាមួយនេះ តែប៉ុណ្ណឹងចុះ!

សេចក្តីស្រលាញ់ និងគោរព

ចង់រក្សាតម្លៃខ្លួនឯងគប្បីអោយឧស្សាហ៍ប្រើពាក្យ អរគុណ និង សុំទោស។

ការអរគុណធ្វើអោយមនុស្សដែលបានធ្វើគុណលើអ្នកមានសេចក្តីពេញចិត្តក្នុងការធ្វើគុណនោះ។ មិនថាជាគុណតូចតាច ឬធំដុំ បំណាច់នឹងព្រមទទួលគុណនោះហើយ ក៏គួរអ្នកចេះប្រើពាក្យអរគុណដើម្បីសម្តែងពីការដឹងគុណ ឬរីករាយទទួលគុណនោះដែរ។

បើទោះជាអ្នកមិនទទួលគុណនោះ អ្នកក៏បានទទួលទឹកចិត្តពីមនុស្សដែលចង់ធ្វើគុណមកលើអ្នក ដូច្នេះមិនក៏ធ្ងន់អ្វីនឹងនិយាយពាក្យអរគុណដើម្បីជាការបង្ហាញពីសុជីវធម៌ដែរ។

ពាក្យសុំទោស អ្នកខ្លះក៏ចាត់ទុកថាការនិយាយវាចេញមកធ្វើបាក់មុខ អស់តម្លៃ។ តែផ្ទុយទៅវិញតម្លៃរបស់អ្នកនឹងមិនបាត់បង់ទេ បើអ្នកប្រើពាក្យសុំទោសដោយសេចក្តីដឹងកំហុស។

ផ្ទុយទៅវិញបើអ្នកដឹងខុសហើយមិនទទួលខុស មិនសុំទោស ឬមិនទទួលដឹងថាខ្លួនបានធ្វើខុស នោះតម្លៃរបស់អ្នកនឹងធ្លាក់ចុះទៅតាមទង្វើរបស់អ្នកដូចគ្នា។

ពេលខ្លះ អ្នកមិនបានខុសនឹងកំហុសមួយនោះទេ តែអ្នកអាចប្រើពាក្យសុំទោស ក្នុងហេតុផលមួយ គឺដើម្បីធ្វើអោយមនុស្សដែលអ្នកស្រលាញ់បានសប្បាយចិត្ត។

ឧស្សាហ៍និយាយពាក្យសុំទោសធ្វើអោយមនុស្សនៅក្បែរទទួលអារម្មណ៍ថាគាត់ទទួលបានការស្រលាញ់ និងគោរពអំពីអ្នក។

តែយ៉ាងណាមិនគួរធ្វើអោយមានកំហុសច្រើន ឬកំហុសដដែលហើយអាងលើពាក្យសុំទោសនោះទេ។

ពាក្យ អរគុណ និងពាក្យ សុំទោស សម្រាប់ខ្ញុំគឺជាសុជីវធម៌ដ៏ប្រពៃ ក៏ជាទង្វើសម្តែងនូវសេចក្តីស្រលាញ់ និងគោរព ហើយក៏បង្ហាញពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។

ខ្ញុំតែងព្យាយាមដាស់តឿនខ្លួនឯងអោយប្រើពាក្យនេះអោយបានញឹកញាប់ មិនថាអ្នកនោះមានអាយុ ឬឋានៈតូចទាបជាងខ្ញុំក៏ដោយ។