ទឹកភ្នែក

តើអ្នកចាត់ទុកទឹកភ្នែករបស់អ្នកជាអ្វី?
ឆ្លើយសិនចាំបន្តអានណា៎!
ព្រោះតែពាក្យចាស់ថាទឹកភ្នែកមនុស្សស្រីអាចទម្លុះកំហែងចិត្តដ៏រឹងមាំរបស់មនុស្សប្រុសបាន។ ដូច្នេះមែនទេបានជាមនុស្សស្រីតែងតែបណ្តោយខ្លួនឯងឲ្យទន់ជ្រាយ នៅចំពោះបុរសដែលនាងស្រលាញ់?
បើបុរសម្នាក់នោះស្រលាញ់នាងហើយ តើចាំបាច់អីឲ្យនាងទៅបំបែកចិត្តរឹងមាំរបស់គាត់ទៀត?
បើគាត់មិនបានស្រលាញ់នាងទេ តើនាងចង់បានស្នេហាដែលកើតចេញពីក្តីអាណិតនោះតើមែនទេ?
សំណួរទាំងនេះសម្រាប់តែនាងឆ្លើយប៉ុណ្ណោះ
នាងឆ្លើយដោយយោងតាមហេតុផលរបស់នាង និងដើរតាមផ្លូវដែលនាងយល់ថាសុខទៅចុះ។
តែនាងអាចប្តូរចិត្តបាន ប្រសិនបើនាងចង់ប្តូរនិយមន័យទឹកភ្នែករបស់នាង។
ខាងក្រោមនេះជាការបកស្រាយដោយការប្រើទឹកភ្នែករបស់មនុស្សស្រី
ព្រោះតែនាងមានមនោសញ្ចេតនាជ្រាលជ្រៅពេក នាងតែងប្រើទឹកភ្នែកជំនួសវាចា។
ព្រោះតែអារម្មណ៍ទន់ខ្សោយ ទឹកភ្នែករបស់នាងហូរដូចទឹកភ្លៀង។
តើនរណាទៅ ដែលចូលចិត្តឃើញមេឃភ្លៀងរាល់ថ្ងៃ?
មេឃភ្លៀងគឺរំខានដល់ការធ្វើដំណើរខ្លាំងណាស់ ពិតណាស់ពេលខ្លះត្រូវការឲ្យមនុស្សចូលជ្រកភ្លៀងបន្តិចដើម្បីធ្វើដំណើរបន្ត តែបើដឹងថាភ្លៀងមិនរាំង គ្មាននរណាសុខចិត្តជ្រកភ្លៀងមិនបន្តដំណើរនោះទេ ពួកគាត់នឹងជម្នះធ្វើតំណើរក្រោមភ្លៀងមិនខាន។
ប្រៀបទៅនឹងភ្លៀងទឹកភ្នែករបស់នាង តើមានមនុស្សប៉ុន្មាននាក់ទៅ ដែលព្រមអង្គុយចាំតែជូតទឹកភ្នែកឲ្យនាងដោយមិនទៅណាសោះ?
ជីវិតមនុស្សម្នាក់ៗមានកាតព្វកិច្ចត្រូវធ្វើជាច្រើន បើនាងចង់ធ្វើតែកាតព្វកិច្ចមនោសញ្ចេតនាមួយមុខ នាងក៏ធ្វើចុះ!
តែគប្បីកុំរំខានបុរសដែលនាងស្រលាញ់ទៅបំពេញកាតព្វកិច្ចជីវិតរបស់គាត់អី ព្រោះបើសិនជានាងនៅតែមានៈធ្វើជាភ្លៀងដែលរំខាន គាត់នឹងជម្នះបន្តដំណើរទាំងភ្លៀងកំពុងធ្លាក់ខ្លាំងដូចគ្នា។
ប្រសិនបើនាងចេះរក្សាទឹកភ្នែកឲ្យដូចជាគ្រាប់ត្បូងគ្រីស្តាល់
តើមានមនុស្សប៉ុន្មាននាក់ទៅ អាចមានឱកាសបានឃើញត្បូងគ្រីស្តាល់ដែលធ្លាក់ចុះពីកែវភ្នែកដ៏មានពន្លឺរបស់នាង?
តើមានមនុស្សប៉ុន្មាននាក់ទៅ ដែលឃើញគ្រីស្តាល់ជ្រុះហើយមិនអើពើទៀតនោះ?
ទឹកភ្នែករបស់មនុស្សស្រីគឺមានឥទ្ធិពលណាស់
ទឹកភ្នែករបស់មនុស្សស្រីមិនមែនសម្រាប់យំសុំក្តីអាណិតនោះទេ តែជាមន្តគ្រីស្តាល់ដែលអាចបំបែកចិត្តថ្មដារបស់មនុស្សប្រុសបាន។

កុំយំ! កុំឲ្យត្បូងគ្រីស្តាល់ក្លាយជាទឹកភ្លៀង!

មិត្តល្អ

មនុស្សកាន់តែស្និទ្ធស្នាល កាន់តែលែងមានពាក្យល្អឲ្យគ្នា
មនុស្សកាន់តែស្និទ្ធស្នាល កាន់តែលែងមានការគោរពគ្នា
តើភាពស្និទ្ធស្នាលត្រូវបានគេហាមឃាត់មិនឲ្យប្រើពាក្យល្អដាក់គ្នាពីពេលណាមក?
ជាពិសេសបើមានម្នាក់មានភាពលេចធ្លោបន្តិចនៅក្នុងចំណោម ម្នាក់ទៀតនឹងហៅឬបង្ហាញកាយវិការមិនគោរពចំពោះមិត្តខ្លួនឯង ប្រហែលជាគាត់ចង់បង្ហាញមនុស្សគ្រប់គ្នាឲ្យដឹងថា មនុស្សដែលលេចធ្លោម្នាក់នោះជាមិត្តជិតស្និទ្ធរបស់គាត់ វាអាចជាមោទកភាពហួសហេតុពេក ឬជាការតោងភាពលេចធ្លោរបស់មិត្ត ដើម្បីឲ្យខ្លួនឯងបានអណ្តែតបន្តិចបន្តួចដែរ។
ការតាំងខ្លួនជាមិត្តជិតស្និទ្ធ ដោយមិនបានរក្សាភាពជាមិត្តល្អ ជាការនាំអាម៉ាស់ទៅឲ្យមិត្តរបស់ខ្លួននៅក្នុងចំណោមមនុស្ស ព្រោះថា ការដែលមកសម្តែងភាពស្និទ្ធស្នាលដោយកាយវិការ វាយទាត់ធាក់ស្រាលៗ ឬការហៅអា មឹង ឬនាមបង្អាប់ណាមួយនោះ គឺមិនបានជួយលើកតម្កើងឲ្យមិត្តរបស់អ្នកកាន់តែលេចធ្លោយ៉ាងពិតប្រាកដ។

រឿងបែបនេះ ពេលខ្លះមិនមែនជាចេតនា តែដោយភាពស្និទ្ធស្នាលពេក ក៏ភ្លេចខ្លួន តែបើសិនជាយើងជាមិត្តល្អពិត គួរព្យាយាមធ្វើយ៉ាងណាកុំឲ្យមិត្តរបស់ខ្លួនដែលកំពុងតែលេចធ្លោនោះ ប្រែជាលិចលង់ដោយសារយើងឲ្យសោះ។

ចង់បានជីវិតបែបនេះទេ?

ជីវិតមិនចាំបាច់អស្ចារ្យពេកទេ
ត្រឹមតែសាមញ្ញៗគ្រប់គ្រាន់ហើយ។
ដឹងទេ? ជីវិតដែលសាមញ្ញគឺជាជីវិតដែលប្រសើបំផុត បើប្រៀបធៀបទៅហ្នឹងជីវិតផ្សេងៗទៀត។
មិនចាំបាច់ដាក់បំណងប្រាថ្នាខ្ពស់ពេកទេ
មិនចាំបាច់រស់ក្នុងជីវភាពហឺហាហួសពេកដែរ
មិនចាំបាច់ត្រូវតែមានគ្រប់បែបយ៉ាងដូចដែរគេមាន ឬលើសគេឡើយ។
ជីវិតដែលមានក្តីសុខបំផុត គឺជាជីវិតដែលរស់នៅដោយពេញប្រៀបគ្រប់បែបយ៉ាង។
បែបណាទៅដែលពេញប្រៀបគ្រប់បែបយ៉ាងនោះ?
គឺជាសេចក្តីស្កប់ស្កល់ និងការត្រៀមទុកនោះហើយ។
ស្កប់ស្កល់ អ្នកប្រហែលយល់ហើយ គឺការពេញចិត្តនូវអ្វីដែលខ្លួនមាន។
តែ តើសេចក្តីត្រៀមទុកនោះគឺបែបណាទៅ?
ស្កប់ស្កល់នឹងម៉ូតូចាស់មិនមានន័យថា នឹងមិនផ្លាស់ប្តូរថ្មីនោះទេ ដូច្នេះអ្នកត្រូវរៀបចំគ្រប់គ្រងជីវភាពឲ្យបានល្អ ចៀសវាងកុំឲ្យជីវិតមានបញ្ហានឹងផ្នែកសេដ្ឋកិច្ចខ្លាំងពេក។ ការភ្លើតភ្លើននឹងសម្ភារៈនិយម អាហារថ្លៃ ឬចំណាយលើការកំសាន្តច្រើនជាងចំណូល វាមិនធ្វើឲ្យជីវភាពរបស់អ្នកមានស្ថេរភាពនោះទេ វាអាចល្អមើលសម្រាប់ភ្នែកអ្នកដទៃ តែវាជាក្តីឈឺចាប់និងភាពអៀនខ្មាសនៅក្នុងចិត្តរបស់អ្នកខ្លួនឯងទៅវិញទេ។
ការស្កប់ស្កល់នឹងសេចក្តីស្រលាញ់ដែលគេបានឲ្យ មិនមែនមានន័យថា ត្រូវតែព្រមទទួលយកគ្រប់បែបផែនដែលគេបានឲ្យនោះទេ។
ស្រលាញ់នរណាក៏ដោយ ប្រើបេះដូងហើយកុំភ្លេចប្រើខួរក្បាលផង។ បើការស្រលាញ់នោះធ្វើឲ្យអ្នកសៅហ្មងច្រើនពេក ចូរប្រើចិត្តដែលត្រៀមហើយនោះមកដោះស្រាយបញ្ហា ពេលខ្លះអាចនឹងត្រូវដោះលែងគេឬខ្លួនឯងឲ្យបានឆាប់ ដើម្បីឆាប់មានឱកាសអាចទទួលឬផ្តល់ការស្រលាញ់ថ្មីទៀត។

ការស្កប់ស្កល់នឹងរូបសម្រស់ក៏មិនមានន័យថាអ្នកត្រូវបណ្តោយឲ្យគ្រប់បែបយ៉ាងកន្លងទៅតាមពេលវេលាដែរ។
បើស្រលាញ់ខ្លាំង ត្រូវថែឲ្យខ្លាំងដែរ តែយ៉ាងណាក៏ត្រូវតែត្រៀមចិត្តទុកមុនដែរ ព្រោះថាធម្មជាតិគឺយុត្តិធម៌ណាស់ ស្អាតនៅតែស្អាត តែចាស់ក៏ត្រូវតែចាស់ដែរ 😁
ជីវិតរស់នៅបែបសាមញ្ញ សេចក្តីសុខដោយគុណភាព
ចង់បានជីវិតបែបនេះទេ?
បើសិនចង់បាន ត្រូវស៊ូសម្លាប់ចិត្តស្រាលរបស់ខ្លួនឯងរាល់ថ្ងៃ។
កុំហោះហើរតាមសង្គម កុំលិចលង់តាមមនោសញ្ចេតនា
កុំប្រាថ្នាអ្វីដែលផុតពីដៃខ្លាំងពេក ឡើងមួយកាំហើយចាំហ៊ានប្រាថ្នាមួយកាំទៀត តែចាំណា៎! កុំលោភលន់

កែប្រែអ្វីដែលមិនល្អគឺជាការប្រសើរ តែកុំកែដើម្បីតែពាក្យសរសើរ

ដឹងហើយថាគ្មាននរណាល្អឥតខ្ចោះទេ តែមនុស្សតែងចង់ឲ្យខ្លួនឯងល្អឲ្យបានច្រើន។
ខ្លាចខ្វះខាតពេក ធ្វើឲ្យខ្លួនឯងកាន់តែខ្វះខាត ដល់ថ្នាក់បាត់បង់សូម្បីតែខ្លួនឯង។
ឧទាហរណ៍ទៅលើសម្ផស្សនារី នាងល្អទាំងអស់តែទាស់ត្រង់ច្រមុះមិនសូវខ្ពស់។
នាងមិនចង់បានពាក្យសរសើរបែបនេះទេ នាងខំកែខៃឲ្យបានច្រមុះស្អាត។
បន្ទាប់មកនាងក៏ទទួលបានទៀត នាងល្អទាំងអស់តែទាស់ច្រមុះកែ។
ចប់ហើយពេលនេះ បែបណាក៏នៅតែមានពាក្យទាស់។
មនុស្សម្នាក់មិនដឹងប្តូរចិត្ត ប៉ុន្មានដងផង។
ចុះទម្រាំមនុស្សពេញទាំងផែនដី មិនដឹងសរុបប៉ុន្មានចិត្ត?
បើនាងគ្រាន់តែស្តាប់ហើយឲ្យវាហួសទៅ ប្រហែលវានឹងមិនពិបាកខ្លួនជាងនេះ។
អ្នកដទៃមានសិទ្ធិនិយាយ រិះគន់ វាយតម្លៃ ទៅតាមនិស្ស័យ ចរឹតរបស់គេ ទៅតាមការស្រលាញ់ ការស្អប់របស់គេចំពោះនាង។
បើនាងមិនហត់ទេ នាងបត់បែនតាមគេរហូតចុះ
បើនាងហត់ដែរ ចូរធ្វើតែអ្វីដែរនាងគិតថាត្រូវចុះ

ត្រូវចាំហើយយល់ ថាមនុស្សគ្មាននរណាល្អឥតខ្ចោះទេ
ត្រូវព្រមទទួលយកភាពខ្វះខាតរបស់ខ្លួន
ត្រូវរៀនរស់រីករាយនឹងអ្វីដែលខ្លួនមាន
អត្ថបទនេះមិនបង្អាក់ឲ្យមានការអភិវឌ្ឍន៍ទេ

ចង់កែប្រែអ្វីដែលមិនល្អនោះគឺជាការប្រសើរ តែបើកែដើម្បីតែពាក្យសរសើរ សូមនាងគិតជាថ្មី។
តើនាងរស់ដើម្បីនរណា ឬដើម្បីអ្វី?

ឈប់ទន់ជ្រាយទៀតទៅ!

ខ្យល់រងាមិនបានធ្វើឲ្យអ្នករីករាយទេ បើអ្នកមិនបានឆ្លងកាត់រឿងមិនសប្បាយចិត្តពីម្សិលមិញ។
ខ្យល់រងានឹងធ្វើឲ្យអ្នកកាន់តែកំព្រាប្រសិនបើអ្នកមិនព្រមដើរទៅមុខ។
ដឹងទេ? រយៈពេលរស់នៅ មានមិនច្រើនដូចរឿងហេតុក្នុងផែនដីនេះទេ។
ពេលវេលាតែមួយ មនុស្សច្រើនណាស់កំពុងទទួលអារម្មណ៍ ឬធ្វើរឿងផ្សេងៗគ្នា។
បើពេលនេះអ្នកមិនសប្បាយចិត្តទេ ត្រូវខំធ្វើរឿងនោះឲ្យហើយ ដើម្បីឆាប់បានទៅចាប់យករឿងហេតុថ្មីៗដែលនឹងកើតឡើងទៀត។
រឿងថ្មីអាចធ្វើឲ្យអ្នកកាន់តែពិបាកចិត្តខ្លាំង ឬអាចធ្វើអ្នកបាន សប្បាយចិត្តវិញ ឬអាចឲ្យអ្នកជួបនឹងអ្វីដែលរំភើបខ្លាំងទៀតផង។
ដូច្នេះហើយ រស់នៅត្រូវតែមានសង្ឃឹុុម ត្រូវតែរឹងមាំ។
កុំបារម្ភខ្លាំងពេក កុំបណ្តោយឲ្យចិត្តស្មុគខ្លាំងពេក
ដឹងទេ? ជីវិតណាក៏មិនចៀសផុតពីបញ្ហាដែរ
ប៉ុន្តែ នៅពេលដែលបញ្ហារលាយទៅ ភ្នែកមួយគូរបស់អ្នកនឹងមើលឃើញផែនដីស្រស់ស្អាតបំផុត។
ផែនដីនេះស្រស់ស្អាតណាស់ ខ្យល់អាកាសក៏ល្អដែរ
គ្រប់ទីកន្លែងពោរពេញទៅដោយស្នាមញញឹម
គ្រប់ទីកន្លែងគួរឲ្យចង់រស់នៅណាស់។
ដោះស្រាយបញ្ហាបានហើយ អ្នកនឹងទទួលបានក្តីសុខពេញលេញ។
ឆាប់ដោះស្រាយបញ្ហារបស់អ្នកទៅ!
ឈប់ទន់ជ្រាយទៀតទៅ!

អំនួត

ពាក្យសម្តីដែលមានអំនួត វាអាចនឹងធ្វើអ្នកអាម៉ាស់ បើសិនអំនួតនោះមិនដល់លទ្ធភាពដែលអ្នកមាន។
យ៉ាងណាបើទោះអ្នកមានគ្រប់យ៉ាង សមនឹងអំនួតហើយ ក៏គង់មានមនុស្សស្អប់ តាមផ្ចាញ់ផ្ចាលសេចក្តីអំនួតរបស់អ្នកដែរ។
អំនួតនឹងមិនត្រូវបានទទួលការសរសើរឡើយ
អំនួតនឹងនាំតែមនុស្សឲ្យស្អប់ ជិនឫកអ្នកប៉ុណ្ណោះ
សេចក្តីស្រលាញ់ និងសេចក្តីគោរព នឹងបានមកពីការដាក់ខ្លួន ឱនលំទោនប៉ុណ្ណោះ។
បើអ្នកបានឡើងកាន់តែខ្ពស់ ចូរខំឱនឲ្យកាន់តែទាប
បើអ្នកខ្ពស់ហើយមិនចោលគុណ នោះអ្នកនឹងចម្រើនសេចក្តីស្រលាញ់ពេញចិត្ត និងការគោរពកាន់តែស្មោះស្ម័គ្រ។
ចង់បង្ហាញពីភាពមានបាន ចូរអ្នកខំឲ្យ
ចង់បង្ហាញពីភាពខ្ពង់ខ្ពស់ ចូរអ្នកខំឱន
ត្រឹមតែការអួតក្អេងក្អាង នឹងមិននាំអ្នកទៅរកសេចក្តីស្រលាញ់ គោរពដោយមេត្រីភាពនោះទេ

គិតវិជ្ជមាន ធ្វើវិជ្ជមាន

ត្រូវប្រកែកឬទាស់សម្តីគ្នា ត្រូវខឹងឈប់រាប់អានគ្នា ពេលខ្លះក៏ដល់ថ្នាក់ស្អប់ហើយឈ្នានីសគ្នា សុទ្ធតែជាលទ្ធផលចេះរៀងខ្លួន។
មានមនុស្សមិនតិចនាក់ទេដែលតាំងខ្លួនជាអ្នកចេះ
វាយតម្លៃ ផ្តល់ឱវាទ ទាមទារឲ្យគេធ្វើតាមនិងជឿជាក់លើខ្លួន។ ប្រសិនបើការយល់ឃើញមិនដូចគ្នា នឹងមានការប្រកែករកត្រូវតែរៀងខ្លួន។
ខ្មាសទេ បើធ្លាប់ធ្វើចេះហើយចុងក្រោយគឺខ្លួនល្ងង់សោះ?
អ្នកអាចមើលឃើញតែជ្រុងម្ខាងនៃគំនិតមួយ ហើយមតិមួយទៀតក៏ដូចគ្នា។ ការបកស្រាយវែកញែករបស់អ្នកទាំងពីរសុទ្ធតែត្រឹមត្រូវ តែភាពត្រឹមត្រូវដែលអ្នកអះអាងឡើង វាមិនត្រូវទៅតាមប្រធានបទមួយដែលមតិទីបីលើកឡើងឡើយ។
វាគួរឲ្យអៀនបន្តិចដែរ ប្រសិនបើថា ការប្រកែកឲ្យគំនិតរបស់ខ្លួនទទួលបានការគាំទ្រនោះ ជាការសម្ញែងកំហុស សម្ញែងភាពល្ងង់ខ្លៅរបស់ខ្លួនទៅវិញ។
មិនបង្អាក់ឲ្យអ្នកឈប់មានការបញ្ចេញមតិនោះទេ គ្រាន់តែដាស់តឿនឲ្យមានការបញ្ចេញមតិដោយវិជ្ជមាន។
អ្នកបញ្ចេញមតិដោយវិជ្ជមាន នឹងមិនមានការវាយបំបាក់មតិផ្ទុយរបស់ខ្លួនឡើយ។
អ្នកបញ្ចេញមតិដោយវិជ្ជមាន នឹងមានការសិក្សាទៅលើប្រធានបទមួយឲ្យបានច្បាស់លាស់មុនធ្វើការវែកញែក។
អ្នកគិតវិជ្ជមាន នឹងមិនខ្វល់ថាមតិរបស់គាត់ត្រូវបានទទួលការគាំទ្រ ឬយកទៅអនុវត្តន៍ឬអត់នោះទេ សំខាន់គាត់គ្រាន់តែជឿជាក់ថា គាត់បានធ្វើរឿងល្អរួចហើយ។
គិតវិជ្ជមាន ធ្វើវិជ្ជមាន

ចិត្ត

🍃 ខ្ញុំអន់ចិត្តដែលមិត្តភក្តិខ្ញុំយកចិត្តទុកដាក់ចំពោះអ្នកផ្សេងច្រើនជាងខ្ញុំ

អន់ចិត្តដែលគាត់ចំណាយពេលឲ្យគេច្រើនជាងខ្ញុំ

អន់ចិត្តដែលឃើញគាត់លះបង់ឲ្យគេច្រើនជាងខ្ញុំ

អន់ចិត្តគ្រប់យ៉ាងព្រោះគាត់មិនបានចាត់ទុកថាខ្ញុំពិសេសដូចខ្ញុំធ្វើដាក់គាត់

ពេលដឹងថាគាត់មិនសប្បាយចិត្តខ្ញុំមិនដែលបាត់មុខ តែពេលខ្ញុំមិនសប្បាយចិត្តគាត់ក៏មិនចាប់អារម្មណ៍។🍃

តើខ្ញុំជ្រើសរាប់អានមិត្តភក្តិខុសឬ?

ផែនដីនេះគ្មានមនុស្សអាក្រក់ទាំងអស់នោះទេ រាប់អានអ្នកណាក៏មិនខុសដែរ

បើខុសគឺខុសខ្លួនឯងដែលមិនចេះគ្រប់គ្រងចិត្ត និងទាមទារហួសហេតុតែប៉ុណ្ណឹង។

គប្បីបង្រៀនចិត្តឲ្យចេះធ្វើរឿងដែលយុត្តិធម៌ និងមេត្តាធម៌។

អ្នកគួរស្រលាញ់ តបស្នងនូវអំពើល្អទាំងឡាយដែលអ្នកទទួលបានពីនរណាម្នាក់នោះឲ្យទៅគាត់វិញ។ សាកគិតទៅមើល តើមាននរណាខ្លះដែលអ្នកនឹកឃើញ ឬហុចដៃឲ្យអ្នកពេលដែលអ្នកជួបទុក្ខ? មាននរណាខ្លះតែងតែផ្តល់អ្វីដែលអ្នកចង់បាន?

ប្រសិនបើរកនឹកមិនឃើញ មិនមែនមិនមានទេ តែមកពីអ្នកមើលរំលង ហើយអ្នកក៏បានធ្វើឲ្យមនុស្សទាំងនោះទទួលអារម្មណ៍ដូចដែលអ្នកជួបនៅចំណុច 🍃 ខាងលើនោះអ៊ីចឹងដែរ។

បើសិនរកនឹកឃើញហើយថាជានរណាខ្លះ គប្បីបើកចិត្តស្រលាញ់មនុស្សទាំងនោះហើយតបគុណទៅពួកគាត់វិញផង។

រីឯមនុស្សដែលធ្វើឲ្យអ្នកជួបអារម្មណ៍នៅចំណុច🍃 ខាងលើនេះ ចូលប្រើតែចិត្តស្រលាញ់គាត់ដោយមេត្តាធម៌ចុះ។

ឲ្យតាមដែលអាចឲ្យបាន ឲ្យទៅតាមលទ្ធភាពដែលមិនត្រូវការសំណង មិនថាចិត្តស្រលាញ់ ពេលវេលា ឬអំណោយផ្សេងៗ។

គប្បីស្រលាញ់មនុស្សដែលស្រលាញ់អ្នក

តែ! ទោះស្រលាញ់នរណាក៏ដោយ កុំភ្លេចស្រលាញ់ខ្លួនឯងផង

ព្រះអាទិត្យ

ខ្ញុំឈរសម្លឹងមើលព្រះអាទិត្យកំពុងខំរះ
ខ្ញុំឈោងដៃចាប់ពន្លឺដែលជះមកនោះ ក្តាប់ដាក់ទ្រូងខាងឆ្វេងហើយញញឹម។
អ្នកមិនយល់គេថាខ្ញុំឆ្កួត ហិហិ..
មានតែខ្ញុំទេដែលដឹងថាខ្លួនឯងមិនឆ្គួតហើយគួរឲ្យស្រលាញ់ទៀតផង។
ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ព្រះអាទិត្យប្រើពេលមិនតិចម៉ោង ដើម្បីឲ្យពន្លឺមានកម្តៅ។
ព្រះអាទិត្យស៊ូណាស់ ទោះកម្តៅនេះមិននៅស្ថិតថេរ ក៏នៅតែខំធ្វើបែបនេះរាល់ថ្ងៃ។
ជីវិតក៏ដូចគ្នា លំបាកផង ស្រណុកផង ទុក្ខផង សុខផង ផ្លាស់ប្តូរគ្នាដូចវដ្តនៃព្រះអាទិត្យ។
ព្រះអាទិត្យគង់រក្សាកម្តៅខ្លួនឯងមិនបានយូរ
ចុះមនុស្សធម្មតាដូចខ្ញុំ អាចស៊ូបានប៉ុនណាដើម្បីឲ្យសុខនោះនៅនឹងខ្ញុំរហូត?
ដឹងថាធ្វើមិនបាន មានតែលែងបើវាចង់ទៅ ហើយខំលំបាកម្តងទៀតដើម្បីយកវាមកវិញ។
ព្រោះតែខ្ញុំយកព្រះអាទិត្យជាគំរូ ទើបគ្រាន់តែសុំពន្លឺនៃក្តីសង្ឃឹមខ្លះៗមកដាក់ក្នុងទ្រូង បានកម្តៅចិត្តដែលគ្រាំឈឺឲ្យបានស្រាកស្រាន្តបន្តិច។
ព្រោះតែខ្ញុំមិនចង់លំបាកនរណា ទើបបានត្រឹមតែយកព្រះអាទិត្យមករួមទុក្ខជាមួយ។
ខ្លួនឯងរៀន លួងលោមខ្លួនឯង រៀនដោះស្រាយបញ្ហាដោយខ្លួនឯង។
ធ្វើបានទេ?

វិប្បដិសារី

ស្តាយក្រោយ! វិប្បដិសារី!
ពាក្យដែលនិយាយដល់ ក៏បន្សល់នូវអារម្មណ៍ស្រងូតស្រងាត់.. ពេលខ្លះក៏ឈឺ!
គួរធ្វើយ៉ាងណាជៀសឲ្យផុតពីពាក្យទាំងនេះ?
ដឹងទេ? ថ្ងៃនេះជាអតីតកាលរបស់ថ្ងៃស្អែក បើអ្នកមិនចង់ឲ្យជីវិតមានវិប្បដិសារី ឬការចងចាំមិនល្អនោះ គប្បីអ្នកត្រូវប្រយ័ត្នណាស់ ក្នុងសម្តែងគ្រប់កាយវិការទាំងឡាយប្រចាំថ្ងៃ។
ពេលយប់ បើមិនទាន់គេងលក់ គួរគិតឡើងវិញពីអ្វីដែលបានធ្វើកាលពីថ្ងៃ បើយល់ថាមានអ្វីមិនសមគួរ
ស្អែកថ្មីគួរតែកាត់បន្ថយ ឬលុបបំបាត់ទង្វើនោះចេញ។
ការធ្វើបែបនេះ ដូចជាដាក់កម្រិតឲ្យជីវិតពេកហើយមែនទេ?
តែយ៉ាងណា ទោះជាអ្នកតាំងចិត្តនឹងធ្វើ ក៏អ្នកមិនអាចធ្វើបានរាល់ថ្ងៃ រាល់យប់ដែរ។
គង់អីនឹងល្មើសច្បាប់របស់ខ្លួនឯង តែប្រសិនបើអ្នកអាចធ្វើបែបនេះបានខ្លះ អ្នកនឹងមានឱកាសអភិវឌ្ឍន៍ខ្លួនឯងឲ្យប្រសើររាល់ថ្ងៃ។
ហើយអ្វីដែលសំខាន់ អ្នកនឹងមានឱកាសទាន់ពេលក្នុងការកែប្រែកំហុស។
នេះហើយ ដែលអាចជួយអ្នកឲ្យផុតពីវិប្បដិសារីបានខ្លះ។
ត្រូវឧស្សាហ៍សួរខ្លួនឯងថា “តើខ្ញុំខុសឬទេដែលធ្វើរឿងនោះ?”
បន្ទាប់មក: គិត! ឆ្លើយ! កែប្រែ!
ជូនពរអ្នកអានរបស់ខ្ញុំរស់នៅដោយភាពរីករាយ និងមានតែអនុស្សាវរីយ៍ល្អៗក្នុងជីវិត។

ប្រពន្ធ

ខ្ញុំមិនមែនសម្លកកូរ ឬសម្លម្ជូរ ខ្ញុំមិនមែនបាយឬបង្អែម
ខ្ញុំមិនមែនឆ្នាំងចាស់ ក៏មិនជាធនាគារដាក់លុយនោះដែរ។
ខ្ញុំគឺជាមនុស្សមានសាច់ មានឈាម មានបេះដូង មានអារម្មណ៍
ខ្ញុំមានងារជាភរិយា ខ្ញុំមានកិត្តិយស ព្រោះយើងបានរួមរស់ដោយពេញច្បាប់។
សូមកុំយកខ្ញុំទៅប្រៀបនឹងរសជាតិឬតំណាងផ្សេងៗ
សូមកុំតម្លើងអំនួតរបស់អ្នកដោយបន្ទាបកិត្តិយសខ្ញុំ
សូមកុំយកនាមរបស់ខ្ញុំទៅលេងសើច
ភរិយាគឺភរិយា ភរិយាមិនមែនជាអ្វីដែលអ្នកអាចយកទៅប្រៀបធៀបបានដោយពាក្យខ្លីៗ
ព្រោះភរិយាជានារីម្នាក់ដែលព្រមដើរលើផ្លូវជីវិតតែមួយជាមួយអ្នក
ភរិយាជាមនុស្សតែម្នាក់ដែលព្រមស្និទ្ធស្នាល ថែរក្សាអ្នកនិងគ្រួសារ មិនថានៅក្នុងកាលៈទេសៈបែបណា។
ភរិយា… បានធ្វើការងាររាប់មិនអស់ចាប់តាំងពីនាងដើរចូលមកក្នុងជីវិតរបស់អ្នក។
បើអ្នកមានសំណាងបានភរិយាដែលអាចបំពេញងារទាំងនោះហើយ សូមឲ្យអ្នកជាស្វាមីដែលបំពេញងារឲ្យបានដូចគ្នា។
ការសម្តែងភាពក្អេងក្អាងដោយបន្ទាបនរណាម្នាក់ មិនបង្ហាញពីភាពល្អប្រសើរលើផ្លូវជីវិតគូរបស់អ្នកឡើយ។
ក្រោយអាពាហ៍ពិពាហ៍ មនុស្សពីរនាក់ក៏បានបញ្ចូលបេះដូងគ្នាតែមួយ ស្រលាញ់លើកតម្កើង ផ្តល់កិត្តិយសឲ្យគ្នា ការពារថែរក្សា លះបង់និងផ្គត់ផ្គង់ឲ្យគ្នា យល់ចិត្តគ្នា។
ទាំងនោះហើយទើបជាសុភមង្គល
ទាំងនោះហើយទើបអាចទទួលបានការគោរព កោតសរសើរស្ញប់ស្ញែង កិត្តិយសថ្លៃថ្លាបំផុតនៅក្នុងសង្គមសុទិដ្ឋិនិយម។
ជូនពរអ្នកដែលមានគូស្រលាញ់គ្នាដោយសុភមង្គល

ជីវិត

មនុស្សជាច្រើនជឿថា នៅលើផែនដីនេះមិនមានអ្វីជារៀងរហូតនោះទេ។
តែមនុស្សជាច្រើនមិនព្រមភ័យខ្លាចការបាត់បង់ដ៏សំខាន់នោះសោះ។
ដឹងទេ? ក្តីសុខវាមិននៅជារៀងរហូតនោះទេ ក្តីទុក្ខក៏ដូចគ្នា ហើយសូម្បីតែជីវិតដែលកំពុងទទួលទុក្ខ ឬរីករាយនេះ ក៏មិនដឹងថារស់នៅបានយូរប៉ុន្មានទៀតដែរ។
បើអ្នកកើតទុក្ខយូរ ព្រោះតែអ្នកស្រលាញ់ទុក្ខ
បើអ្នកស្អប់ទុក្ខ កុំឱបវាយូរពេក!
អាណិតផ្ទៃមុខដែលស្រស់ផូរផង់ តែមិនអាចញញឹម។
អាណិតរាងកាយដែលខំទ្រទ្រង់អ្នក ត្រូវខ្សោះអស់កម្លាំង បាក់សម្រស់ ស្គមស្គាំង ឬឈឺ។
អាណិតក្តីសុខដែលគ្នាខំមករក ហើយត្រូវអ្នកព្រងើយ ព្រោះតែរវល់រង់ចាំទុក្ខដែលនឹងមកដល់ ឬនឹកនាទុក្ខសោកពីអតីតកាល។
ក្រសោបតែទុក្ខ ក៏ភ្លេចឃើញសុខ
ហើយរអ៊ូថា គ្មានអ្វីទៀងទាត់សោះ! ជីវិតជួបតែទុក្ខ!
បើដឹងថាបែបនេះហើយ ហេតុអ្វីមិនខំរស់នៅឲ្យបានល្អ?
ទៅខ្វល់ធ្វើអីទុក្ខដែលនឹងរលាយនៅពេលណាមួយ ខ្វល់ពីការថែរក្សាសេចក្តីសុខដែលកំពុងមាន និងជីវិតដែលមានសុខភាពល្អនិងភាពរីករាយនេះវិញទៅ។