ពេលនេះ ម៉ោងនេះ
ខ្ញុំមិនមានអ្វីដែលអ្នកមានទេ
តែពេលនេះ ម៉ោងនេះ ខ្ញុំកំពុងក្តោបក្តាប់អ្វីដែលខ្ញុំមិនធ្លាប់មានពីមុន!
ខ្ញុំមិនប្រាថ្នាភាពហ៉ឺហាឡើយ ចង់បានត្រឹមតែភាពសមរម្យ។
ពេលវេលាដែលខ្ញុំប្រើកន្លងមក គឺបានអភិវឌ្ឍន៍ខ្លួនឯងឱ្យប្រសើរជាងអតីតកាលរបស់ខ្ញុំ
ហើយខ្ញុំបានខំអស់លទ្ធភាពហើយដើម្បីទទួលបានភាពសមរម្យមួយនេះ។
ខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំកំពុងតែមាននេះហើយ
ខ្ញុំស្កប់ស្កល់ហើយ..
ហើយអ្វីដែលខ្ញុំគួរធ្វើបន្ទាប់ គឺថែសុខភាពខ្លួនឯងឱ្យបានល្អ ព្រោះសុខភាពជាទ្រព្យដ៏មានតំលៃបំផុតរបស់យើង!
សុខភាពល្អទើបអាចឱ្យខ្ញុំសុខបានយូរ ហើយមានឱកាសបានឃើញស្នាមញញឹម
និងបានញញឹមដាក់មនុស្សទាំងឡាយដែលស្រលាញ់ខ្ញុំ។
គិតវិជ្ជមានរស់បានសុខជាងណា៎
កុំរំជើបរំជួល
កុំរំជើបរំជួលជាមួយអ្វីដែលកំពុងតែមាន
ព្រោះថាវាដូចជាភ្លៀង បើទោះជាធ្លាក់ជោកជាំប៉ុនណា ភ្លៀងគង់តែរាំង។
គ្រប់សភាពក្នុងផែនដីនេះមិនថាជាភាពវិជ្ជមាន ឬអវិជ្ជមានទេ ជឿទៅ!
វាមិនស្ថិតនៅជារៀងរហូតទេ។
កុំតក់ស្លុត ក៏កុំរំភើបហួសហេតុពេក។
គ្រាន់តែទទួលដឹងទៅថាពេលនេះវាកំពុងកើតហើយ ហើយចាំមើលបន្តថាវានឹងទៅជាយ៉ាងណា
និឹងមានអ្វីកើតឡើងបន្ទាប់ពីហេតុមួយនេះ?
កុំលង់ដល់កើតអំនួតពេកអី
បើពេលនេះអ្នកកំពុងគ្របដណ្តប់ដោយសេចក្តីចម្រើន
ក៏កុំលង់ដល់អស់កម្លាំងរស់ បើពេលនេះជីវិតអ្នកកំពុងតែធ្លាក់ចុះជាទម្ងន់។
បន្តិចទៀតវានឹងផ្លាស់ប្តូរហើយ នៅពេលដែលវាចង់ទៅ មិនថាសេចក្តីល្អ
ឬអាក្រក់ក៏ដោយ.. លែងវាទៅ!
បន្តិចទៀត វានឹងមកវិញហើយ មកតាមរូបរាងបែបណាយើងមិនដឹងទេ
គ្រាន់តែដឹងថាមានតែពីររសទេ គឺល្អ និងអាក្រក់។
ប្រាប់ខ្លួនឯងឱ្យសាំនឹងវា ហើយទប់ចិត្តកុំរំជើបរំជួល។
ធម្មតាៗបានហើយ! បន្តិចទៀតវាទៅវិញហើយ
ទំនុកចិត្ត
ទំនុកចិត្តគឺជាតម្លៃរបស់មនុស្ស
ដឹងទេបើមាននរណាម្នាក់អាចនិយាយរឿងជាច្រើនប្រាប់ទៅអ្នក
ព្រោះតែគាត់ទុកចិត្តអ្នកខ្លាំង ព្រោះតែគាត់ឱ្យតម្លៃអ្នកខ្ពស់។
បើថ្ងៃមួយអ្នកចែករំលែករឿងនោះទៅមនុស្សទីបី ទោះគាត់មិនដឹង តម្លៃរបស់អ្នកក៏នឹងទាបចុះ។
រឿងខ្លះមិនមែនជារឿងអាថ៌កំបាំងអ្វីឡើយ
តែវាក៏មិនមែនជាការងារអ្វីដែលអ្នកត្រូវយកទៅចែកចាយ។ រឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ
រឿងក្នុងចិត្តរបស់គេ តើវាសមអីឱ្យអ្នកយកទៅដើរនិយាយពីមាត់មួយទៅមាត់មួយ តៗគ្នា?
កិរិយាល្អ គឺជាកិរិយាដែលមិនបរិហាអ្នកណាឡើយ
កិរិយាល្អ គឺជាកិរិយាដែលមិនក្បត់មនុស្សដែលគេខំជឿ
កិរិយាល្អ នឹងផ្តល់សេចក្តីថ្លៃថ្នូរដល់អ្នក
កិរិយាល្អ នឹងនាំឱ្យអ្នកជួបតែមនុស្សល្អដូចគ្នា។
ជឿទៅ! មិនមែនរឿងយើង កុំនិយាយអី!
គេមិនពឹងឱ្យប្រកាសយើងខំធ្វើអី? បើគេពឹងមែន
តើយើងមានមាត់ជាមេក្រូឬ?
ជឿទៅណា៎! និយាយដើមគេ វាមិនថ្លៃថ្នូទេ!
ឯកា
នៅម្នាក់ឯងធ្លាប់ឯកាទេ?
ឯកាមិនធ្លាប់ទេ តែបើអផ្សុកប្រហែលជាធ្លាប់។
ភាពឯកាមិនកើតឡើងចំពោះតែមនុស្សដែលនៅម្នាក់ឯងទេ
វាកើតឡើងបានបើទោះជាអ្នកកំពុងនៅក្នុងចំនោមមនុស្សយ៉ាងច្រើន
ឬកំពុងតែគេងឱបមនុស្សជាទីស្រលាញ់ក៏ដោយ។
ភាពឯកាវាមិនរើសអើងស្ថានភាពជីវិតរបស់អ្នកណាឡើយ
វាទៅរកប្រភពអារម្មណ៍ទន់ខ្សោយគ្នាវាតែប៉ុណ្ណោះ។
បើអ្នកណាចូលចិត្តសន្សំសំបុកអារម្មណ៍ទន់ខ្សោយ រវើររវាយ
អ្នកហ្នឹងហើយជាមិត្តជិតស្និទ្ធរបស់ភាពឯកា។
ចាំណា៎!
បើចិត្តអ្នកទន់ខ្សោយ ភាពឯកានឹងមកលេងអ្នកហើយ
ភាពឯកានេះណា វាស្មោះត្រង់នឹងមិត្តភក្តិវាណាស់!
ឈប់សួរថាមនុស្សនៅម្នាក់ឯងឯការឬអត់!
ការនៅម្នាក់ឯងមិនពាក់ព័ន្ធនឹងភាពឯកាទេ! បើមិនជឿទេសួរអ្នកដែលកំពុងអន់ចិត្ត
រកាំរកូសជាមួយគូស្នេហ៍ ឬមិត្តល្អៗទៅ ថាឯកាទេ?
គេងមួយភ្លែតក៏គេងចុះ តែកុំគេងរហូត
ថ្ងៃនេះខ្ញុំស្រាប់តែមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់
ខ្ញុំស្រាប់តែមានអារម្មណ៍ថាការខំប្រឹងប្រែងកន្លងមកដូចជាមិនទៅមុខសោះ
ខ្ញុំល្វើយណាស់! ខ្ញុំចង់គេងណាស់… ចង់គេងរហូត….
គេនិងខ្ញុំមិនដូចគ្នា ខ្ញុំឃើញគេមិនសូវខំ តែគេមើលទៅហំជាងខ្ញុំ។
ខ្ញុំខំរកពេលសម្រាកមិនបាន តែមិនអាចបានសូម្បីតែពាក់កណ្តាលគេ។
ឱ!ជីវិត! អ្នកណាកំណត់?
បើជឿលើវាសនា ខ្ញុំមិនបាច់ខំ គ្រាន់តែចាំសំណាង។ ចុះ
តើខ្ញុំមានសំណាងទេ?
តែបើជឿលើខ្លួនឯង ខ្ញុំខំយូរហើយ ហេតុអីមិនបានដូចដែលចង់បាន?
ការដើរទៅរកគោលដៅមួយដែលអ្នកចង់ទៅ មិនមែនឱ្យតែខំក៏បានដូចចិត្តនោះទេ
បើអ្នកមិនប្រើភាពឆ្លាតផងនោះ។ ហើយបើអ្នកមានសំណាង
អ្នកនឹងមិនចាំបាច់ខំដល់ហត់ខ្លាំងឡើយ។
មនុស្សឆ្លាត នឹងមិនសំងំតែធ្វើអ្វីដដែលៗនោះទេ
តែគេតែងសិក្សាស្វែងយល់ពីអ្វីដែលថ្មីៗ ហើយរកវិធីបង្កើតសំណាងឱ្យខ្លួនឯង។
សំណាងដែលបានពីភាពឆ្លាតផង ពីកុសលផង បូកផ្សំការខំប្រឹងប្រែងផង
មិនយូរប៉ុន្មានអ្នកនឹងមកដល់ទីមួយដែលអ្នកប៉ងប្រាថ្នា។
ហត់ខ្លាំងអាចសម្រាកបាន គេងមួយភ្លែតក៏គេងចុះ តែកុំគេងរហូត!
ភ្ញាក់ពីភាពទន់ជ្រាយ ហើយពង្រឹងខ្លួនឯងសារជាថ្មី!
ក្តីស្រមៃរបស់អ្នកនៅមិនឆ្ងាយពីអ្នកទេ! ខំបន្តិចទៀតណា៎
មិនចាំបាច់តែហ៊ឺហាទេ
មានរូបថត pre-wedding ស្អាតៗគឺឡូយណាស់
មានផ្កាស្រស់តុបតែងពិធីក៏កាន់តែឡូយទៀត
អញ្ជើញភ្ញៀវគ្រឹកគ្រេងរឿងអីមិនអស្ចារ្យ?
មង្គលការរបស់ខ្ញុំ មួយជីវិតការម្តង
ខ្ញុំចង់ឱ្យគ្រប់យ៉ាងអស្ចារ្យបំផុត អស្ចារ្យជាងគេ ឬអស្ចារ្យជាងអ្នកនេះ អ្នកនោះ…
អស្ចារ្យហើយបានអីមក?
ថ្ងៃរៀបការកូនជាថ្ងៃដែលឪពុកម្តាយសងខាងរវល់បំផុត
ហត់បំផុត ជាថ្ងៃដែលបងប្អូនជិតស្និទ្ធរត់ដាច់ជើងចោល
ដើម្បីតែភាពពិសេសដែលអ្នកទាំងពីរចង់បាន ឪពុកម្តាយត្រូវទូលបំណុល
ឬខ្លួនឯងក៏ទូលបំណុល..
ដើម្បីតែភាពពិសេសដែលអ្នកចង់បាន
ចង់ឲ្យុមានចំនួនភ្ញៀវចូលរួមច្រើនមនុស្សស្គាល់គ្នាល្មមៗក៏ត្រូវតែរំខាន
ខ្មាស់ទេបើគ្រាន់តែការចង់បានរបស់មនុស្សពីរនាក់
ត្រូវនាំពិបាកមនុស្សមិនតិចនាក់? ខ្លាចបាក់មុខទើបត្រូវធ្វើបែបមែនទេ?
បើធ្វើបែបនេះហើយវាពិសេសដល់ជាប់ឈ្មោះបំបែកឯកត្តកម្មពិភពលោកទេ?
បើជាប់ហើយមានប្រយោជន៍អីដល់ផែនដីដែលអ្នករស់នៅទេ?
មើលចុះមង្គលការប្រារព្ធរួចហើយ
គគ្រឹកគគ្រេងប៉ុនណាក៏មិនបានប្រយោជន៍អីដល់ផែនដីដ៏ស្រស់បំព្រងមួយនេះ
នៅសល់តែមនុស្សឈឺដោយការហត់ អស់កម្លាំង
ការប្រកែកគ្នាព្រោះលទ្ធផលមិនដូចគិត នៅសល់តែបំណុលដែលត្រូវរ៉ាប់រង…
តើប្រើពេលយូរប៉ុនណាទើបដោះស្រាយបញ្ហាលោភមុនមង្គលការចប់?
មង្គលការដែលអស្ចារ្យមិនចាំបាច់តែហ៉ឺហាទេ
គ្រាន់តែអាចជំនះចិត្តខ្លួនឯងឲ្យប្រព្រឹត្តទៅតាមលទ្ធភាពទឹកលុយ និងកម្លាំងពលកម្ម
គឺវាអស្ចារ្យណាស់ហើយ
មង្គលការដែលគគ្រឹកគគ្រេង គួរតែគ្រឹកគ្រេងដោយក្តីស្រលាញ់និងអំណរ
មិនគួរមានវត្តមានអ្នកចូលរួមដោយចិត្តទើសទាល់នោះទេ។
មនុស្សដែលស្រលាញ់មានប៉ុន្មាននាក់អញ្ជើញប៉ុណ្ណឹងទៅ
ស្គាល់គ្នាល្មមៗអញ្ជើញធ្វើអី? រំលងខ្លះទៅចាត់ទុកថា
កាត់បន្ថយការចំណាយទូទៅ
ជីវិតមនុស្សម្នាក់ៗមានតម្លៃណាស់
ចេះហត់ខ្លះផងដែលទៅតាមអង្វរមនុស្សដែលកំពុងតែចង់ទាត់អ្នកចោល!
អត់មានស្នេហាក្បត់នោះ ជីវិតអ្នកក៏មិនគួរទំនេរដែរ!
ពេលញ៉ាំត្រូវញ៉ាំ ពេលគេងត្រូវគេង
ពេលរៀនត្រូវទៅរៀន ពេលធ្វើការក៏ត្រូវធ្វើការ
ហើយពេលសាងអនាគត ក៏ត្រូវសាងដូចគ្នា។
គិតផង! គេគ្រប់គ្នាអត់មាននរណាខ្វះមនុស្សដែលទាត់អ្នកចោលនោះមិនបានទេ
អ្នកខ្លះមិនទាំងស្គាល់ម្នាក់ហ្នឹងផង ហើយគេរស់បានសុខណាស់ សប្បាយណាស់!
សាកធ្វើលែងស្គាល់មនុស្សប្រែពណ៌ម្នាក់នោះសិនទៅមើល រស់បានសុខឬអត់?
អ្នកផ្តល់តម្លៃបំផុតឱ្យគេ តែគេមិនបានឱ្យអ្នកបែបនោះទេ
តម្លៃរបស់អ្នកវាផ្ទុយពីគេ! ព្រមទទួលយកតម្លៃទាបៗបែបនេះមែនទេ?
បើអត់ទេ ល្មមរៀនចេះស្រលាញ់ខ្លួនឯងម្តងទៅ
បើអ្នកចេះស្រលាញ់មើលថែខ្លួនឯងបានល្អ ធ្វើខ្លួនជាមនុស្សដែលគេចង់បាន
ចង់ក្បែរនឹងមិនជួបមនុស្សដែលបោះបង់អ្នកដែរ តែបើអ្នកជាមនុស្សដែលខ្វះគេមិនបាន
កុំខឹងដែលគេទៅ! មនុស្សដែលសាងសម្ពាធឱ្យគេ គ្មានអ្នកចង់ក្បែរទេ។
ភ្ញាក់ខ្លួនណា៎! ជីវិតមនុស្សម្នាក់ៗមានតម្លៃណាស់
ហើយមនុស្សម្នាក់ៗកើតមកសម្រាប់ធ្វើជាដួងផ្កាយដែលមានពន្លឺ! ស្វែងរកពន្លឺរបស់អ្នកណា៎!
កុំបណ្តោយឱ្យចិត្តបាបរបស់មនុស្សក្បត់មកបំផ្លាញការដើរទៅរកពន្លឺរបស់អ្នកបាន។
ដោយក្តីស្រលាញ់