យំ

អ្នកទាំងពីរនៅលើម៉ូតូរៀងខ្លួន ខ្ញុំឃើញដៃទាំងគូររបស់នាងខំចាប់ដៃម្ខាងរបស់គេមិនលែង

(ខ្ញុំសម្លឹងមើលពីក្នុងកញ្ចក់ឡាន ខ្ញុំបើកទៅហួសបន្តិច។ ដោយផ្លូវខាងមុខមានរោងការធំមួយសង់បាំងផ្លូវ ខ្ញុំបើកឡានត្រឡប់ក្រោយវិញ)

ខ្ញុំឃើញនាងឱនមុខយំម្នាក់ឯងលើម៉ូតូ…

ខ្ញុំស្មានដឹងថាគេចាកចេញទៅទាល់តែបាន គេមិនស្តាប់ពាក្យអង្វររបស់នាងទេ…

ហេតុអ្វីមនុស្សជ្រើសសាងអនុស្សាវរីយ៍ឈឺចាប់ក្រោមតំណក់ទឹកភ្លៀង? ហេតុអ្វីនាងខំបន្ទាបខ្លួនអង្វរមនុស្សដែលលែងចង់នៅ?

ក្នុងទ្រូងដែលគ្មានបេះដូង ទោះមានបេះដូងក៏អស់ក្តីស្រលាញ់… ចង់បានយកមកធ្វើអី?

ទឹកភ្នែកលាយតំណក់ទឹកភ្លៀង

នាងយំព្រោះនាងមិនចង់បាត់បង់

នាងយំព្រោះនាងរំពឹងបានក្តីអាណិតចុងក្រោយ…

តែម្នាក់នោះទៅហើយ… នាងធ្វើខ្លួនឱ្យកំសត់ធ្វើអី? នាងយំនៅទីសារធារណៈបែបនេះ អ្នកឃើញនាងយំ នឹងអាណិតនាង សើចចំអក ឬហួសចិត្ត ឬមិន សូម្បីតែទុកក្នុងចិត្ត…

នាងយំនៅទីសារធារណៈបែបនេះ នាងមិនខ្មាសគេទេឬ? នាងលែងខ្មាសហើយ ព្រោះនាងឈឺចាប់ជាងសេចក្ដីខ្មាស!

តែទឹកភ្នែកដែលហូរមកនឹងសួរថាមានមនុស្សប៉ុន្មាននាក់ឱ្យតម្លៃទឹកភ្នែកនាង? ហេតុអ្វីនាងយំបែបនេះ?

ទោះទឹកភ្នែកប្រៃ តែភ្នែកនាងត្រូវទឹកភ្លៀងធ្វើឱ្យសាបអស់ទឹកភ្នែកលែងមានតម្លៃព្រោះនាងយំស្តាយមនុស្សគ្មានតម្លៃ

ទឹកភ្នែកដូចជាគ្រាប់ពេជ្រ បើជ្រុលជារមៀលចេញពីនេត្រា យ៉ាងហោចនាងត្រូវបានអ្វីឱ្យគាប់ចិន្តាដែរ។

យំចុះ បើអាចបង្វិលចក្រវាឡបាន

យំចុះ បើប្តូចិត្តគេកុំឱ្យទៅបាន

យំចុះ បើអាចប្តូឱ្យចិត្តឈប់ស្រលាញ់គេបាន

យំចុះ បើអាចលាងភាពល្ងង់ដែលមានកន្លងមកបាន

តែបើមិនបាន!

កុំចេះតែយំ កុំចេះតែឱ្យគេឃើញទឹកភ្នែក!

កំសត់ណាស់ដែលទៅអង្វរចិត្តគេកុំឱ្យទៅ

កំសត់ណាស់ដែលត្រូវអង្គុយយំម្នាក់ឯងក្រោមភ្លៀងរលឹម

ប្អូនស្រី…

ហួសហើយដែលបានធ្វើវា.. ខ្មាសគេប៉ុណ្ណឹងបានហើយ។

ដោះលែងខ្លួនឯងពីសេចក្តីអភ័ព្វនេះ ត្រូវខំរឹងមាំ រស់គ្មានគេឱ្យបាន។

អត់មានម្នាក់នោះ ផែនដីមិនទាន់រលាយទេ

រក្សាដង្ហើមរស់ឱ្យប្រសើរ ឱ្យគេស្តាយដែលលែងដៃអូននៅថ្ងៃនេះ។

ប្អូនស្រីរបស់បង… បើយើងមិនមែនជាអ្នកដទៃ ពេលនោះបងមិនឱ្យអូននៅយំម្នាក់ឯងទេ។

ជីវិត

ហត់ដល់ហើយដែលត្រូវមកអង្គុយខ្វល់ថា តើអ្នកណាគិតអីខ្លះពីខ្ញុំ អ្នកណាធ្វើអីខ្លះក្រោយខ្នងខ្ញុំ ឬអ្នកណាបានធ្វើរឿងប្រសើជាងខ្ញុំ។

ជីវិតរបស់ខ្ញុំបើមួយថ្ងៃៗគិតតែរឿងអស់នេះ មិនដឹងថាត្រូវរស់បានយូរប៉ុនណាទេ? ហើយមិនដឹងថារកសុខបានដោយរបៀបណាដែរ។

បើគេគិតមិនល្អចំពោះខ្ញុំ ក៏ត្រូវតែកាត់ចិត្តឱ្យគេទៅតាមការគិតរបស់គេទៅ ព្រោះការគិតរបស់គេមិនមែនជាទង្វើររបស់ខ្ញុំទេ គ្រាន់តែជាអធ្យាស្រ័យនៃចិត្តរបស់គេចំពោះខ្ញុំតែប៉ុណ្ណោះ ធ្វើម៉េចបើគេមិនចូលចិត្តខ្ញុំ ទោះខ្ញុំខំធ្វើល្អប៉ុនណាក៏គេគង់មិនគិតឱ្យខ្ញុំល្អជាងគេ ឬជាងមនុស្សដែលគេស្រលាញ់ដែរ។

បើគេស្រលាញ់តែចំពោះមុខ ហើយឱ្យទុក្ខនៅក្រោយខ្នងខ្ញុំ ខ្ញុំក៏មិនអាចធ្វើអ្វីចំពោះមនុស្សចិត្តមិនស្មោះបែបនេះបាន បើដឹងមុន ឬដឹងក្រោយចាត់ទុកថាសំណាង ព្រោះខ្ញុំនឹងបានចាកចេញពីមនុស្សនិស្ស័យមិនល្អ ។

រស់នៅសព្វថ្ងៃគឺរវល់ណាស់ ហត់ណាស់! ហត់ជាងគេ ពិបាកជាងគេគឺប្រជែងនឹងខ្លួនឯងពីម្សិលមិញ មួយថ្ងៃៗគិតថាធ្វើយ៉ាងម៉េចឱ្យខ្លួនឯងល្អប្រសើរជាងខ្លួនឯងពីមុន មានពេលឯណាទៅយកខ្លួនឯងប្រៀបធៀបនឹងអ្នកដទៃដែលគេឡើងដល់ចុងត្នោតទៅហើយនោះ? តែបើទៅប្រៀបធៀប ហើយវង្វេងចង់ទៅចុងត្នោតតាមគេខ្ញុំអាចធ្លាក់បាក់កមិនខាន ព្រោះគោលបំណងរបស់ខ្ញុំគឺចង់ឡើងដល់ចុងស្វាយ ហើយខ្ញុំក៏កំពុងនៅលើដើមស្វាយ មិនអាចសម្រេចលទ្ធផលទៅនៅលើចុងត្នោតបានទេ ហិហិ…

ខំរស់ជាខ្លួនឯងណា៎! អ្នកណាថាអី គិតអី ឱ្យវាទៅតាមអធ្យាស្រ័យរបស់គេចុះ!

កុំរំពឹងដល់ឱ្យគេស្រលាញ់រហូតអី!

មនុស្សច្រើនណាស់ដែលចេញចូលក្នុងជីវិតអ្នក ហើយមិនមានអ្នកណាស្រលាញ់អ្នករហូតដែរ មានត្រឹមតែអ្នកដែលស្រលាញ់អ្នកបានយូរឬឆាប់។

អ្នកស្រលាញ់នេះក៏មិននៅក្បែរយើងរហូតដែរ ព្រោះគាត់ជាប់នៅក្បែរមនុស្សផ្សេងទៀតដែលគាត់ស្រលាញ់ដូចគ្នា។

ហើយមនុស្សដែលកំពុងនៅក្បែរអ្នកនេះ ក៏មិនដឹងថាក្បែរបានយូរប៉ុនណាដែរ។ នៅក្បែរយូរឬឆាប់មិនដឹង នៅក្បែរដោយសារក្តីស្រលាញ់ ឬអ្វីផ្សេងក៏មិនដឹង។

ហ្នឹងណា៎! គេហៅថាជីវិត! ជួបសព្វជួបគ្រប់ ក្តីស្រលាញ់ក្លែងក្លាយ ឬពិតប្រាកដនៅច្របូកច្របល់គ្នា ក្តីស្រលាញ់យូរអង្វែងឬមួយឆាវក៏មិនឆ្ងាយគ្នា។

បែងចែកមិនបានទេថាមួយណាក្លែងក្លាយ មួយណាពិតប្រាកដ មួយណាយូរអង្វែង មួយណាមួយឆាវ។ ពេលវេលាមកដល់ទើបពណ៌ពិតប្រាកដរបស់មនុស្សចាប់ផ្តើមបង្ហាញមក។ ឃើញហើយទទួលមិនបានមានតែឈឺចាប់ខកចិត្ត បើទទួលបានក៏មិនមែនមានន័យថាមិនឈឺ គ្រាន់តែឈឺក្នុងកម្រិតដែលអាចទប់ទល់បាន។

រឹងមាំណា! ប្រាប់ខ្លួនឯងជានិច្ចឱ្យត្រៀមចិត្តរួចជាស្រេចក្នុងការទទួលការពិត និងអ្វីថ្មីៗដែលកើតមាន។

កុំជ្រួលច្របល់! នៅឱ្យស្ងៀមៗហើយចាំមើលវាកើតឡើង ឱ្យច្បាស់ថាវាបែបណា ហើយក៏គ្រាន់តែប្រាប់ខ្លួនឯងតាមក្រោយថា វាអ៊ីចឹងហើយ ទទួលវាទៅ!

បើឈឺខ្លាំងត្រូវខំព្យាបាលចិត្ត!

កុំទន់ជ្រាយ បើចង់ជាឆាប់!

ការប្រជែង

កន្លែងណាមានមនុស្ស កន្លែងនោះមានការប្រជែង។ ទោះយើងចង់ស្ងាត់ក៏គេមិនព្រមស្ងាត់ យើងឱ្យគេឈ្នះ គេឈ្នះមិនស្កប់។

អត់មានអីក្រៅពីពាក្យថា ជាងគេ លើសគេ

មនុស្សចូលចិត្តរស់នៅជាមួយអំនួត និងភាពលោភ មនុស្សខ្លួនឯងបង្វក់ខ្លួនឯងឱ្យឆ្គួត។

បើយកពេលដែលចោលភ្នែកមើលអ្នកដទៃហើយច្រណែន ចង់ជាន់គេកុំឱ្យឡើងលើសអ្នក ទៅខំគិតរកចំណុចខ្វះខាតរបស់ខ្លួនឯងហើយខំអភិវឌ្ឍន៍ឲ្យបានប្រសើរ អ្នកនឹងប្រសើរដោយសេចក្តីថ្លៃថ្នូរ។

វាខ្មាសណាស់ដែលខំទៅច្រណែនគេ ហើយខំស្វះស្វែងបន្ទាបគេ និងខំឱ្យខ្លួនបានលើសគេ ទាំងដែលគេមិនដែលខ្វល់ មិនដែលចាប់អារម្មណ៍អ្វីដែលអ្នកចង់បាន ហើយត្រដរធ្វើគ្រប់វិធីទាំងល្អទាំងអាក្រក់ ព្រោះតែការប្រជែង។

សម្រាកខ្លះទៅ! បើមិនហត់ទេ ក៏អាចធ្វើឱ្យអ្នកប្រើសៃប្រសាទនឹងការប្រជែងនេះដែរ។ ចង់ឈ្នះទៅណា? រស់គង់តែស្លាប់ ម៉េចចាំបាច់សល់ឈ្មោះឱ្យគេស្អប់?

ជាមនុស្ស នរណាក៏មានសេចក្តីលោភ តែបើអ្នកបណ្តោយឲ្យវាមានហួសហេតុពេក វាអាចធ្វើឱ្យអ្នកវិនាសបាន។

ជាមនុស្ស ចង់រស់នៅបានសុខកុំលង់ក្នុងការប្រជែងពេក ហត់ណាស់! សម្រាកខ្លះទៅ!

ម្តាយអ្នកក្រមានកូនអ្នកមាន

ព្រឹកម៉ោង៨.២០នាទី ខ្ញុំបង្ខំខ្លួនឯងឲ្យក្រោកចេញពីភាពគេងកម្ចិល។ ចេញមកក្រៅបន្ទប់ស្រូបយកថាមពលពន្លឺព្រះអាទិត្យ

ទេសភាពពេលព្រឹកនៅតែស្អាតបំផុតសម្រាប់ខ្ញុំ ពណ៌បៃតងគឺជាពណ៌ដែលខ្ញុំចូលចិត្តសម្លឹងបំផុត ព្រោះវាជាអាហារសុខភាពនៃភ្នែករបស់ខ្ញុំ។

តែព្រឹកនេះ អាហារសុខភាពរបស់ភ្នែកមានបង្គប់ភាពឈឺចាប់ដល់ចិត្តរបស់ខ្ញុំហើយ។

តើម្តាយអ្នកណាគេ កំពុងលុកលុយបឹងកំប្លោកនោះ?

ម្តាយអ្នកណាគេកំពុងដើរបេះបន្លែទៅលក់ទាំងហាលថ្ងៃ?

ព្រោះគាត់ជាម្តាយអ្នកដទៃអ្នកមិនឈឺទេ តែបើជាម្តាយអ្នក តើអ្នកអាចឈឺខ្លះទេ? គិតបន្តិចទៅមើលតើម្តាយរបស់អ្នកគាត់លំបាកអ្វីខ្លះដើម្បីភាពប្រសើររបស់អ្នក?

អ្នកកំពុងតែហ៉ឺហាដល់មិនហ៊ានឱ្យគេដឹងថាមានម្តាយជាអ្នកលក់បន្លែទេមែនទេ?

អ្នកកំពុងខឹងដែលម្តាយមិនអាចផ្តល់ភាពហ៉ឺហាលើសគេឲ្យអ្នកបានតើមែនទេ?

ចុះអ្នកកើតមកធ្វើកូនគាត់ធ្វើអី? កើតមកដណ្តើមភាពហ៉ឺហា ភាពស្រស់ស្អាតរបស់គាត់ធ្វើអី? ព្រោះកាលគាត់មិនទាន់មានអ្នក គាត់ស្រស់ស្អាត គាត់ហ៉ឺហាណាស់ តែពេលនេះ អ្វីដែលគាត់មាន អ្វីដែលគាត់ធ្វើ គឺសម្រាប់តែបំពេញបំណង និងក្តីសុខឱ្យអ្នកប៉ុណ្ណោះ។

ប៉ុណ្ណឹងហើយមិនស្កប់ស្កល់ទៀត!

សួរខ្លួនឯងផង មានគុណសម្បត្តិអីខ្លះដែលត្រូវឱ្យគាត់ធ្វើគ្រប់យ៉ាងដើម្បី? ធ្លាប់រអៀសខ្លួនខ្លះទេ ដែលមិនធ្លាប់ផ្តល់អ្វីសោះឱ្យគាត់ក្រៅការទាមទារ និងបន្ទោសគាត់គ្រប់ពេល?

បើអ្នកគ្រាន់បើជាងគាត់ កុំបន្ទោសម្តាយអ្នកក្រអី! ធ្វើឱ្យម្តាយអ្នកក្រមានកូនអ្នកមានវិញទៅ! មានយ៉ាងណាកុំភ្លេចគុណ

ឆ្នាំក្រោយ

នៅពេលដែលគេគ្រប់គ្នាកំពុងជួបជុំសើចសប្បាយ ខ្ញុំនៅទីនេះម្នាក់ឯងកំពុងឯកាយ៉ាងខ្លាំង។

មនុស្សដែលស្រលាញ់ខ្ញុំ មនុស្សដែលខ្ញុំស្រលាញ់មិនអាចនៅទីតែមួយជាមួយខ្ញុំ។ ពួកយើងហត់នឿយដើម្បីជីវភាព ពួកយើងឯកាមួយឆ្នាំហើយ មួយឆ្នាំទៀត ពួកយើងមិនបានជួបជុំមិនបានសើចដូចគ្រួសារដទៃ។

ផែនដីតែមួយ តែមនុស្សរស់នៅក្នុងជីវភាពខុសៗគ្នា មិនអាចបន្ទោសនរណាបានទេ។ ជីវិតនិមួយៗកើតមកជាមួយពាក្យតស៊ូ តិចឬច្រើនក៏ព្រោះសំណាង។

សំណាងនេះជាពាក្យត្រូវជឿ តែមិនត្រូវផ្តេកផ្តួលឡើយ ដូច្នេះហើយទើបតម្រូវឱ្យមនុស្សត្រូវធ្វើការតស៊ូឱ្យបានច្រើន។

មិនតូចចិត្តទេដែលមិនទាន់បានសម្រាកដូចគេ ឆ្នាំនេះហួសហើយ ចាំឆ្នាំក្រោយទៀតក៏បានដែរ ឱ្យតែពួកយើងមានឆន្ទៈ ថ្ងៃមួយពួកយើងនឹងបានជួបជុំដូចគេមិនខាន។

ឆ្នាំនេះឯកាមួយឆ្នាំទៀតចុះ ឆ្នាំក្រោយសន្យាមិនឯកាទៀតឡើយ ពេលមានជីវភាពប្រសើហើយពួកយើងនឹងជុំគ្នាវិញ។

អានអត្ថបទនេះហើយកុំបានតែធូរចិត្តណា៎! ប្រឹងប្រែងទៅដល់គោលដៅឱ្យបានឆាប់ៗ កុំសន្យាមួយឆ្នាំហើយមួយឆ្នាំទៀតណា៎

ជូនពរអ្នកកំពុងនៅឆ្ងាយពីគ្រួសាររីករាយចូលឆ្នាំខ្មែរតាមរយៈការទំនាក់ទំនងតាមបច្ចេកវិទ្យាទាន់សម័យ។ ដោយក្តីស្រលាញ់

ខ្ញុំជឿ

អណ្តាតខ្ញុំសាុំនឹងរសជាតិល្វីងរបស់កាហ្វេ ខ្ញុំលែងទទួលដឹងថាកាហ្វេល្វីងប៉ុនណា។

គេថាកាហ្វេខ្មៅល្វីងណាស់ គេថាញ៉ាំកាហ្វេធ្វើទុក្ខខ្លួនណាស់

គេប្រកែកញ៉ាំកាហ្វេមិនបាន។

វាដូចទៅនឹងមនុស្សដែលមកប្រាប់ខ្ញុំថា គេកំពុងពិបាកណាស់ គេហត់ណាស់ គេពិបាកទៅមុខទៀត។

ស្តាប់ទុក្ខសោករបស់គេ ដៃកាន់កែវកាហ្វេខ្មៅលើកផឹក

ខ្ញុំទទួលបានរសជាតិល្វីងខ្លះៗវិញ តែខ្ញុំនៅតែអាចលេបភាពល្វីងចូលទៅក្នុងពោះ។

កាហ្វេល្វីង តែវាបន្សល់ភាពផ្អែមក្រោយពេលខ្ញុំបានលេបភាពល្វីងចូលពោះអស់។ ខ្ញុំទ្រាំលេបទុក្ខសោកប្រចាំថ្ងៃ ព្រោះខ្ញុំរំពឹងថា ថ្ងៃមួយសុភមង្គលនឹងមកតាមក្រោយ។

ស្តាប់ការប្រកែកមិនញ៉ាំកាហ្វេរបស់មនុស្សមួយចំនួន ធ្វើឱ្យខ្ញុំមានការទុកចិត្តលើខ្លួនឯងកាន់តែច្រើន។

ខ្ញុំពូកែ! ព្រោះខ្ញុំអាចញ៉ាំកាហ្វេខ្មៅមិនដាក់ស្ករបាន ទាំងដែលមនុស្សមួយចំនួនមិនព្រមញ៉ាំកាហ្វេ។

ខ្ញុំពូកែ! ព្រោះខ្ញុំអាចប្រឈមទុក្ខប្រចាំថ្ងៃ ទាំងដែលមនុស្សមួយចំនួនកំពុងកំសាកនឹងបញ្ហាតូចតាច។

ខ្ញុំដឹងថាខ្លួនឯងរឹងមាំណាស់ បើទោះជាពេលខ្លះខ្ញុំហត់បន្តិច តែខ្ញុំមិនដែលចង់ឈប់ដើរទេ។ ខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង ការខំប្រឹងប្រែងកន្លងមក ខ្ញុំជឿណាស់ទៅលើផលដែលខ្ញុំតែងទទួលបាន តិចឬច្រើនវាទៅលើការខំប្រឹងប្រែង និងសំណាងរបស់ខ្ញុំ ហើយខ្ញុំជឿថា បើខ្ញុំមិនឈប់ ខ្ញុំនឹងនៅតែទទួលបានផលទាំងនោះទៀត។

លោកប៉ា

ពេលខ្លះដែលខ្ញុំពិបាក គាត់មិនជួយខ្ញុំទេ ធ្វើឲ្យអន់ចិត្តណាស់ តែគាត់ណែនាំឲ្យខ្ញុំស៊ូ ខ្ញុំខំឆ្លងកាត់វាឲ្យបានទាំងទឹកភ្នែក បន្ទាប់មកទើបខ្ញុំដឹងថាគាត់បានបង្រៀនឲ្យខ្ញុំរឹងមាំ។

ពេលដែលមនុស្សគ្រប់គ្នាសសើរភាពស្រណុកស្រួលដែលខ្ញុំកំពុងមាន គឺគាត់តែម្នាក់ដែលពោលថាខ្ញុំពិបាក… មានតែគាត់ទើបដឹងថាបេះដូងខ្ញុំទន់ខ្សោយឬរឹងមាំប៉ុនណា។

គាត់តែងខ្វល់ខ្វាយ ពីសុខទុក្ខរបស់ខ្ញុំ ទោះពេលខ្លះគាត់មិននិយាយអី តែគាត់តែងលួចមើលទឹកមុខរបស់ខ្ញុំ គាត់ត្រៀមខ្លួនជានិច្ចក្នុងការលះបង់ដើម្បីខ្ញុំ។

ខ្ញុំលង់ចិត្តព្រោះការស្រលាញ់យ៉ាងជ្រាលជ្រៅរបស់គាត់។

ខ្ញុំកក់ក្តៅនៅក្នុងក្តីស្រលាញ់របស់គាត់ ខ្ញុំច្បាស់ថាមិនមានបុរសណាស្រលាញ់ខ្ញុំដូចគាត់ឡើយ។

លោកប៉ារបស់កូន ជាវីរៈបុរស ជាអ្នកផ្តល់បេះដូងរឹងមាំដល់កូនស្រី។

បេះដូងដែលរឹងមាំ អត់ធ្មត់ ខន្តី ច្បាស់លាស់ ប្រាកដប្រជា គឺប៉ាបង្រៀនកូន។

កូនប៉ាមកដល់ថ្ងៃនេះបាន គឺព្រោះប៉ា

វីរៈបុរសរបស់កូន

ប្រសើរ

ស្រលាញ់ខ្លួនឯងពេក មានជំនឿចិត្តលើខ្លួនឯងពេក មោទនៈលើខ្លួនឯងពេក ក៏ស្រាប់តែច្រលំថាមានតែខ្លួនឯង ឬខ្លួនឯងគួរតែលើសគេ។

បែបនេះភាពល្អទាំងឡាយដែលមានគឺអស់តម្លៃមួយរំពេច។

មនុស្សល្អមិនលោភលន់ មនុស្សល្អមិនអំនួត មនុស្សល្អមិនមើលងាយអ្នកដទៃ។

មនុស្សមានជំនឿចិត្តមិនចាំបាច់ខ្វល់ខ្វាយធ្វើការប្រៀធៀប នឹងនរណាច្រើនទេ។ មនុស្សពូកែគាត់នឹងខ្វល់តែពីការអភិវឌ្ឍរបស់ខ្លួនគាត់។

តែមនុស្សទន់ខ្សោយ មនុស្សលោភលន់ តែងមានការបារម្ភ ខ្លាចច្រើន។ ខ្លាចអ្វីដែលកំពុងមានមិនស្ថិតស្ថេរយូរ ខ្លាចអ្វីដែលប្រសើរមិនប្រសើរលើសគេ។

បែបនេះហត់ណាស់់! ទោះអ្នកពូនខ្លួនឯងឲ្យខ្ពស់ដូចភ្នំក៏អ្នកនៅតែមិនព្រមឈប់បារម្ភ។ នៅពេលដែលដឹងថាភ្នំខ្ពស់គង់ទាបជាងស្មៅ តើអ្នកចង់ឡើងទៅណាទៀត?

ភាពជោគជ័យដោយសុភមង្គល គឺការសម្រេចបំណងប្រាថ្នាខ្លួនឯង មិនមែនការប្រណាំងប្រជែងទេ។ ការប្រជែងវានឹងធ្វើឲ្យអ្នកហត់មួយជីវិតបើអ្នកមិនឈប់បន្តនូវចិត្តចង្អៀត។ អ្នកចង់ប្រសើរគឺល្អណាស់ តែគប្បីប្រសើរក្នុងករណីមិនធ្វើបាបខ្លួនឯង ពិសេសកុំប្រសើរដោយបាត់បង់ក្តីស្រលាញ់ និងក្តីគោរព បែបនោះគឺគួរឲ្យអាណិតវិញទេ

ជីវិតនឹងកាន់តែស្រស់ស្រាយ

ថ្ងៃនេះអារម្មណ៍ដូចជាអួរអាប់ខ្លាំងណាស់
សុខៗធុញទ្រាន់នឹងអ្វីដែលធ្វើជាប្រចាំ
ខ្ញុំស្រាប់តែគិតថាជីវិតមិនដឹងមានន័យអី បើរាល់ថ្ងៃធ្វើតែរឿងដដែល យូរទៅកាន់តែសោះកក្រោះទៅ។
ខ្ញុំងើយក្បាលសួរនាំទៅមេឃបន្តិច នរណាផ្តល់ជីវិតសោះកក្រោះបែបនេះឲ្យខ្ញុំ?
ខ្ញុំដើរមកឆ្លុះកញ្ចក់វិញហើយ ចង្អុលមុខខ្លួនឯង គ្មាននរណាក្រៅពីម្នាក់ហ្នឹងទេ
ខ្ញុំសើចបន្តិច ហើយសួរខ្លួនឯង កើតអីហ្នឹង?
អាចធ្វើរឿងដដែលៗរាល់ថ្ងៃគឺមានន័យថាជីវិតកំពុងមានស្ថេរភាព ប៉ុណ្ណឹងហើយចង់បានអីទៀត?
បើចង់សប្បាយជាងហ្នឹងបន្តិចទៀត ក៏គួរកាត់បន្ថយភាពលោភលន់ ហើយបន្ថែមភាពវិជ្ជមាន ខ្លះទៅជីវិតនឹងកាន់តែស្រស់ស្រាយហើយ។
ចង់តែដាក់ខ្លួនឯងមួយក្រញ៉ទេ ព្រលឹមឡើងមកចង់ Drama កាត់ព្រឹកអីឯណា៎
តោះ! ទៅធ្វើការវិញ

ជីវិតពេញលេញ

រៀនចេញពីសាលាតែមួយ ជំនាន់តែមួយ
គេមានតំណែងល្អនៅកន្លែងធ្វើការ គេក្លាយជាសហក្រិន
គេមានផ្ទះធំនៅ គេមានឡានទំនើបជិះ
គេមានគ្រួសារ គេបានដើរលេងគ្រប់ទីកន្លែង..

ឯខ្ញុំវិញ……
គិតហើយខ្មាសគេ គិតហើយតូចចិត្ត…

គិតធ្វើអីបើអត់សប្បាយចិត្ត?
បើគិតថាទាំងអស់ដែលគេមាននោះជាអ្វីដែលខ្ញុំនេះខ្វះមិនបាន ម្ល៉េះពេលនេះខ្ញុំរស់មិនបានទេ
បើគិតថាទាល់តែមានគ្រប់បែបយ៉ាងដូចគេមានទើបខ្ញុំមានកក្តីសុខ ខ្ញុំនឹងមិនធ្លាប់សើចទេ

តែពេលនេះខ្ញុំអត់មានអី្វទាំងអស់ដូចដែលគេមានទេ ខ្ញុំនៅតែរស់បានហើយរស់សប្បាយ។
អ៊ីចឹងអ្នកណាមានអីមានទៅ ខ្ញុំមិនគួរខ្វល់ក្នុងការធ្វើការប្រៀបធៀប ដោយតម្កើងគេឲ្យខ្ពស់ជាងខ្លួនឯង ធ្វើឲ្យខ្លួនឯងមិនសប្បាយចិត្តទេ។ អ្នកដែលមានគ្រប់បែបយ៉ាងនោះ មិនដឹងថាគេមានសុខស្មើខ្ញុំឬអត់ផង 😊

ហើយម្យ៉ាងទៀតរបៀបរស់នៅរបស់មនុស្សមិនចាំបាច់តែត្រូវតែក្លាយជាថៅកែ មានផ្ទះវីឡាននៅ មានឡានទំនើបជិះ ឬមានគ្រួសារ ទើបហៅថាជីវិតពេញលេញអីនោះទេ។

ជីវិតដែលពេញលេញ គឺជីវិតដែលចេះបង្កើតសេចក្តីស្ងប់សុខឱ្យខ្លួនឯងដោយមិនបៀនបៀនអ្នកដទៃ រឹងមាំប្រឈមបញ្ហាតូចធំ ស្លាប់ទៅវិញដោយបន្សល់អនុស្សាវរីយ៍ល្អៗនៅលើផែនដី នេះហើយដែលខ្ញុំហៅថាជីវិតពេញលេញ ពេញរសជាតិ រសមានន័យ

បើចង់ឱ្យចិត្តរីករាយ

នៅពេលដែលអ្នកដាក់បន្លា ស្រះរបងមិនឱ្យគេទៅក្បែរ
អ្នកកុំតូចចិត្តអីថាគ្មាននរណាខ្វល់ពីអ្នក ហើយក៏មិនចាំបាច់អង្គុយចាំរាប់មនុស្សដែលខំព្រមមុតបន្លាដើម្បីទៅរកអ្នកដែរ។ ព្រោះថាគេនឹងព្រមមុតបន្លាម្តងទៀតដើម្បីចាកចេញពីអ្នក នៅពេលដែលគេដឹងថាបន្លាទាំងនោះដាំដោយដៃអ្នក។

អត់មាននរណាសប្បាយចិត្តចង់រក្សាសម្ព័ន្ធភាពជាមួយមនុស្សដែលចូលចិត្តផ្តល់ការលំបាកឱ្យគេទេ។
កុំអាងតែគេស្រលាញ់ ខ្លួនធ្វើអ្វីក៏ត្រូវ
កុំអាងតែគេស្រលាញ់ ចាំឱ្យគេយល់ពីយើងគ្រប់រឿង។
ព្រះនាង ព្រះអង្គម្ចាស់ កូនទោល កូនពៅ មនុស្សសំណព្វ ទុកនិស្ស័យហ្នឹងធ្វើដាក់តែខ្លួនឯង ហើយទ្រាំនឹងខ្លួនឯងឱ្យបានទៅ ព្រោះមនុស្សក្បែរៗគេមិនទ្រាំនឹងអ្នកបានរហូតទេ។

កុំថាជាគូស្នេហ៍ មិត្តល្អ សូម្បីមនុស្សក្នុងគ្រួសារអ្នក គង់ទុកអ្នកឱ្យនៅជាមួយចរិតនេះម្នាក់ឯងម្តងម្កាលដែរ។
កាត់បន្ថយខ្លះទៅ! កុំចេះតែច្រលំថាខ្លួនឯងពិសេសពេក
យល់ពីអារម្មណ៍អ្នកដទៃផង ហើយរៀនប្រាប់ខ្លួនឯងផង
យើងហ្នឹងអត់មានគុណសម្បត្តិអីឱ្យគេត្រូវតាមទ្រ តាមខ្វល់រហូតទេ។

ចឹងហើយឈប់ស្រះបន្លា សង់របង ហើយសំងំរង់ចាំមនុស្សទៅរកអ្នកទៅ។ បើកចិត្ត បើកបេះដូង សាងទំនាក់ទំនង សាងក្តីស្រលាញ់ឱ្យបានច្រើន បើចង់ឱ្យចិត្តរីករាយណា៎

ដោយក្តីបារម្ភ

ប្រៀបធៀប

កុំចេះតែច្រលំថាមានតែខ្លួនដែលអស្ចារ្យ កុំចេះតែគិតថាមានតែឯង សម្លឹងៗមើលគេខ្លះទៅក៏មិនខាតពេកដែរ។

ការលើកសរសើរ ឱ្យតម្លៃដល់មនុស្សដទៃដែលប្រសើរជាងយើង គឺជាប្រយោជន៍មួយដែលជួយឱ្យយើងបានរីកចម្រើន។

ផ្ទុយទៅវិញ ការដែលមិនព្រមបើកចិត្តទទួលស្គាល់ការពិតថាលើលោកនេះពិតជាមានមនុស្សពូកែជាងខ្លួនមែន ដូចជាឃុំខ្លួនឱ្យរស់នៅក្នុងភាពងងឹត គ្មានថ្ងៃអភិវឌ្ឍន៍ គ្មានថ្ងៃរីកចម្រើន។

ពេលខ្លះឱ្យខ្លួនឯងឈឺបន្តិចចុះ ព្រោះបើមិនធ្លាប់យំសោះក៏មិនដឹងថាពេលបានសើចមានក្តីសុខប៉ុនណាដែរ។
ជីវិតពេលខ្លះត្រូវដាក់នៅក្នុងការប្រៀបធៀបដើម្បីឱ្យបានដើរទៅមុខលឿនបន្តិច តែបើទោះជាត្រូវបើកភ្នែក បើកចិត្តសម្លឹងអ្នកដទៃដើម្បីប្រៀបធៀបនឹងខ្លួនក៏ដោយ សុំឱ្យប្រើការគិតវិជ្ជមាន ការគិតដោយគ្មានចិត្តឈ្នានីស ការបណ្តុះភាពរីកចម្រើនដោយមិនជាន់ពន្លិចអ្នកដទៃ ព្រោះថាការអភិវឌ្ឍដោយមិនលាយចិត្តបាប នឹងរក្សាចិត្តអ្នកឱ្យមានក្តីសុខជាមួយភាពជោគជ័យនោះផងដែល។