កុំធ្វើអ្វីឱ្យហួសពីសិទ្ធរបស់អ្នក

កាន់តែស្រលាញ់កាន់តែខ្វល់ខ្វាយ កាន់តែស្រលាញ់កាន់តែចង់ស្និទ្ធ។

ហើយវាបែរជាគួរឱ្យខ្លាចបំផុតនៅពេលដែលការស្រលាញ់របស់អ្នកសម្តែងនូវទង្វើបែបនេះហួសហេតុពេក ចំពោះនរណាម្នាក់។

មិនមែនឱ្យតែស្រលាញ់នរណាម្នាក់ខ្លាំង ជឿជាក់ថាខ្លួនមានបំណងល្អគ្រប់រឿងទៅលើគេហើយ ខ្លួននឹងមានសិទ្ធគ្រប់បែបយ៉ាងដើម្បីធ្វើការសម្រេចចិត្តទៅលើផ្លូវជីវិតរបស់គេនោះទេ។

ក៏មិនមែនមានន័យថាឱ្យតែស្រលាញ់គេខ្លាំងហើយ ស្មោះត្រង់ហើយគឺមានសិទ្ធដឹងគ្រប់រឿងរ៉ាវដែលទាក់ទងនឹងជីវិតរបស់គេដូចគ្នា។

ក៏មិនមែនមានន័យថាឱ្យតែស្រលាញ់គេខ្លាំងហើយ គ្រប់ទីកន្លែងដែលមានគេត្រូវតែមានយើងរហូតនោះទេ។

អ្នកដែលយើងស្រលាញ់គឺជាមនុស្ស មិនមែនជាខ្សែដៃ រឺនាឡិកាដៃ ដែលយើងស្រលាញ់នោះទេ។ គេមានមនុស្សផ្សេងទៀតដែលស្រលាញ់គេដូចគ្នា ហើយគេក៏មានចិត្តសម្រាប់ស្រលាញ់មនុស្សផ្សេងទៀតដូចគ្នាដែរ។

កុំឱ្យច្រលំថា ព្រោះអ្នកស្រលាញ់គេខ្លាំង គេត្រូវតែសងការស្រលាញ់ឱ្យអ្នកវិញតែម្នាក់នោះ គឺមិនអាចទេ។

អ្នកអាចព្រមស្រលាញ់គេតែម្នាក់ ហើយមិនចាប់អារម្មណ៍ស្រលាញ់រាប់អាននរណាផ្សេង នោះជាជម្រើសរបស់អ្នក។

ប៉ុន្តែ ម្នាក់ដែលអ្នកស្រលាញ់នោះក៏មានជម្រើសរបស់គេដែរ គេប្រហែលដូចមនុស្សទូទៅដែលចូលចិត្តទទួលការស្រលាញ់ច្រើន ដូច្នេះគេក៏ត្រូវចាយការស្រលាញ់ទៅមនុស្សប្លែកមុខជាច្រើនដែលអ្នកមិនស្គាល់។

អ្នកអាចស្រលាញ់នរណាក៏បាន ស្រលាញ់ប៉ុនណាក៏បាន តែអ្នកមិនអាចប្រើសិទ្ធអ្វីទៅលើជីវិតរបស់នរណាម្នាក់បានឡើយ។

ត្រូវតែទន្ទេញក្នុងចិត្តថា “មិត្តមិនមែនម៉ែ! កុំធ្វើអ្វីឱ្យហួសពីសិទ្ធរបស់អ្នក!”

មនុស្សមានការគិតនិងការចូលចិត្តខុសៗគ្នា

អ្នកណាថាអីថាទៅ

អាយុរជាងសាមហើយនៅគ្មានអ្នកយកទៀត? ចាស់ហើយអត់ខ្វល់ពីអនាគតសោះ? ខ្មែរទេធ្វើខ្លួនដូចនៅស្រុកគេ?

ពេលខ្លះក្តៅស្លឹកត្រចៀកដែរ តែភាគច្រើនគឺកាត់ចិត្តអត់ខ្វល់ អ្នកណាថាអីថាទៅ សំខាន់ខ្ញុំសប្បាយចិត្ត។

ជីវភាពរាល់ថ្ងៃមិនអួតទេ គឺមានសេចក្តីសុខបំផុតក្នុងជីវិត។

បើចាស់ទៅគេសួរថា “មួយជីវិតនេះតើពេលវេលាមួយណាដែលមានអនុស្សាវរីយ៍ល្អបំផុតសម្រាប់អ្នក? “

ចម្លើយគឺ “គឺពេលនេះហើយ ជាអនុស្សាវរីយ៍និងពេលវេលាដ៏មានន័យបំផុតសម្រាប់ជីវិតខ្ញុំ”

ជីវិតដែលមានជីវភាពសមរម្យ មានសេរីភាព មានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯង មានលទ្ធភាពដើរហើរតាមការស្រមៃ ទៅកន្លែងដែលខ្លួនឯងចង់ទៅ ស្វែងរកពិភពថ្មី សាងក្តីស្រមៃថ្មីៗដើម្បីអនាគត អាចរឹងមាំនិងចេះត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកបរិយាកាសថ្មីៗ ប្លែកៗ។

ជីវិតដែលឯករាជ្យ និងម្ចាស់ការលើខ្លួនឯងបែបនេះ មនុស្សក្នុងសង្គមយើងបច្ចុប្បន្ននេះប្រហែលជាមានអ្នកមិនធ្លាប់ស្គាល់សោះ ឬស្គាល់បានតិច ពិសេសគឺនារីៗតែម្តង។

តែប្រហែលជាមនុស្សមួយចំនួនគាត់មិនចូលចិត្តជីវិតបែបខ្ញុំនេះទេ តែមនុស្សមានការគិតនិងការចូលចិត្តខុសៗគ្នា។

យ៉ាងណាខ្ញុំនៅតែជឿថាមនុស្សរស់នៅសុទ្ធតែចង់បានសេចក្តីសុខ សុខបែបណាគឺជាចំណូលចិត្តរៀងៗខ្លួន ហើយបើការយល់ឃើញមិនដូចគ្នា ក៏មិនមានន័យថាម្នាក់ណាខុសដែរ មែនទេ? មែនហើយ!

ការសរសេរអត្ថបទខ្លីមួយនេះមិនដើម្បីប្រឆាំងការគិតរបស់អ្នកណាទេ ខ្ញុំគ្រាន់តែចង់រំឭកពីសេចក្តីសុខរបស់ខ្លួនឯងឱ្យខ្លួនឯងសប្បាយចិត្តតែប៉ុណ្ណឹង និងដើម្បីមនុស្សដែលមានការគិតដូចខ្ញុំ ឱ្យគាត់កាន់តែភាពជឿជាក់ និងមោទកភាពលើការសម្រេចចិត្តរបស់គាត់។

ជូនពរអ្នកទាំងអស់គ្នារស់មានសុភមង្គល ស្រលាញ់អ្នកអានរបស់ខ្ញុំ

បេះដូងនារី

កើតជាមនុស្សស្រី ទោះនាងមានសម្រស់ខាងក្រៅមិនឆើតឆាយ ក៏គង់មានអ្នកលួចស្រលាញ់យ៉ាងហោច ម្នាក់ទៅពីរនាក់ដែរ គ្រាន់តែពេលខ្លះនាងមិនបានដឹង ព្រោះវាអាស្រ័យលើនិស្ស័យរបស់បុរសដែលលួចស្រលាញ់នាងប៉ុណ្ណោះ។ តែគេមាននិស្ស័យបែបណាជារឿងរបស់គេ និស្ស័យរបស់នាងទើបជាបញ្ហារបស់នាង បេះដូងនារីមិនគួរឆាប់រំជើបរំជួលនឹងពាក្យថាស្រលាញ់ ឬទង្វើស្រលាញ់ដែលមិនច្បាស់លាស់នោះទេ។

បើការសម្តែងចិត្តស្រលាញ់ត្រឹមតែការព្រមតាមចិត្តនាង ព្រមចំណាយពេលវេលាច្រើនជាមួយនាង ឬប្រគល់ជូនកាដូអនុស្សាវរីយ៍រាប់មិនអស់ឱ្យទៅនាង ក៏នាងព្រមជឿ…

បើនាងមិនអាចរក្សាលំនឹងបេះដូងខ្លួនឯងបាន នាងកុំបន្ទោសបើគេកុហក នាងកុំខឹងបើគេបោក។

បើនាងចេះសង្កត់ចិត្ត ពិចារណាមុនប្រគល់បេះដូង មនុស្សដែលចង់លេងសើចនឹងបេះដូងរបស់នាងទាំងនោះ នឹងមិនងាយមានឱកាសប្រមាថបេះដូងនាងឡើយ។

ខ្ញុំ! នឹងលែងនៅក្រោមការគ្រប់គ្រងរបស់អ្នកទៀតហើយ

ខ្ញុំចុះចាញ់ហើយ! ព្រហ្មលិខិតមិនឱ្យខ្ញុំរស់បានសុខទេ ខ្ញុំស្រលាញ់នរណាក៏មិនបានជួបគ្នាដែរ។
ជីវិតមួយដែលមិនធ្លាប់ជោគជ័យសោះតើរស់ធ្វើអី?
ខ្ញុំគ្មានការងារល្អនោះទេ ខ្ញុំមិនបានកើតនៅក្នុងត្រកូលដែលអស្ចារ្យ ខ្ញុំមានស្នេហាក៏មិនដែលសមបំណង។
បើអភ័ព្វបែបនេះតើគួរតែរស់នៅទៀតទេ?
ខ្ញុំពិតជាចង់ស្លាប់ឱ្យផុតពីពិភពចង្រៃនេះណាស់…
តើគួរតែស្លាប់ដោយវិធីណា?
ស្លាប់ដោយវិធីណាទើបឈ្នះព្រហ្មលិខិត?
ស្លាប់ដោយវិធីណាទើបទទួលបានការស្រលាញ់ដែលចង់បាន?
ស្លាប់ដោយវិធីណាទើបសមបំណង?
បើការស្លាប់របស់ខ្ញុំអាចប្តូរយកអ្វីដែលខ្ញុំចង់បានមែន តើល្អប៉ុណ្ណាទៅ?
ចុះបើខ្ញុំស្លាប់ទៅហើយ តើមានជីវិតឯណាមកទទួលភាពសមបំណង និងការស្រលាញ់ទាំងនោះបានទៀត?
តើការស្លាប់ឯណាទៅអាចយកឈ្នះព្រហ្មលិខិតបាន?
ខ្ញុំនឹងកាន់តែឈឺចាប់បំផុត នៅពេលដែលមនុស្សដែលខ្ញុំស្រលាញ់ត្រឡប់មកវិញទាំងដែលខ្ញុំមិនអាចបន្តរួមរស់ជាមួយនឹងគេបាន។
ខ្ញុំនឹងសោកស្តាយ បើក្រោយការស្លាប់ទើបអាចទទួលបានក្តីសមបំណងទាំងឡាយ។
ចង់ឈ្នះព្រហ្មលិខិត ខ្ញុំត្រូវតែរក្សាជីវិតនេះឱ្យបាន!
ព្រហ្មលិខិត! បើអ្នកកម្រិតឱ្យខ្ញុំត្រូវជួបរឿងទាំងអស់នេះ ខ្ញុំនឹងតស៊ូឱ្យអ្នកមើល!
អ្នកអាចនាំរឿងទាំងនេះមកជួបខ្ញុំបាន តែអ្នកមិនអាចធ្វើឱ្យខ្ញុំទន់ជ្រាយនឹងប្រឈមវាទេ!
អ្នកអាចចារឱ្យខ្ញុំចាប់កំណើតក្នុងគ្រួសារមិនអស្ចារ្យ តែមិនអាចហាមឃាត់ខ្ញុំធ្វើជាមនុស្សអស្ចារ្យនោះទេ ហើយភាពអស្ចារ្យរបស់ខ្ញុំគឺជាភាពរឹងមាំ ដែលមិនចុះចាញ់ពេលជួបគ្រប់រឿងដែលអ្នកកំណត់ឱ្យ។
រឿងខកបំណងទាំងឡាយដែលអ្នកផ្តល់ឱ្យ ខ្ញុំនឹងប្រើវាជាយាន នាំខ្ញុំស្វែងរកក្តីសមបំណងរបស់ខ្ញុំវិញឱ្យបាន។
វាសនារបស់ខ្ញុំ! ស្នេហារបស់ខ្ញុំ! សុភមង្គលរបស់ខ្ញុំ! នឹងលែងនៅក្រោមការគ្រប់គ្រងរបស់អ្នកទៀតហើយ។
ខ្ញុំមិនចង់ស្លាប់ទៀតឡើយ! ព្រោះខ្ញុំត្រូវរក្សាជីវិតរស់ដើម្បីយកឈ្នះព្រហ្មលិខិតឱ្យបាន។

ផ្កាតំណាងចិត្តស្រលាញ់

អោយតែទទួលផ្កាព្រមធ្វើសង្សារ?

អ្នកដទៃគិតយ៉ាងម៉េចខ្ញុំមិនដឹង តែខ្ញុំដឹងការគិតរបស់ខ្លួនខ្ញុំ។

មនុស្សដែលឈរលើគោលការណ៍ឯករាជ្យនិងសេរីភាពដូចខ្ញុំនេះ ខ្ញុំមិនទោរទន់ទៅលើផ្នត់គំនិតបែបបុរាណនិយម។

ខ្ញុំអោយតម្លៃលើការរាប់អាន ការចងសម្ព័ន្ធភាព មិនថាម្នាក់នោះគិតអីលើខ្ញុំវាគ្រាន់តែជាគេ

ខ្ញុំខ្លួនឯងទេដែលត្រូវខ្វល់ថាខ្ញុំបានគិតអីលើគេ ខ្ញុំប្រកាន់លើកគោលការណ៍ខ្ញុំជាធំ។

រាល់ថ្ងៃទទួលការស្រលាញ់ផង ការស្អប់ផង

គេស្អប់ខ្ញុំ ខ្ញុំក៏ទទួលដឹងតែខ្ញុំស្អប់គេវិញឬអត់ជារឿងមួយផ្សេង

ក៏ដូចជាអ្នកស្រលាញ់ខ្ញុំក៏នៅតែជាគេ ហើយចង់ស្រលាញ់គេវិញឬអត់ក៏នៅតែជារឿងរបស់ខ្ញុំ។

ថ្ងៃពិសេសមកដល់ មនុស្សមួយចំនួនជ្រួលច្របល់ ទាំងខ្ញុំទាំងគេចេះតែចង់ទិញអំណោយជូនអ្នកដែលជាទីគោរពឬជាទីស្រលាញ់ ហើយក៏ត្រូវគិតដល់លទ្ធភាពមានត្រឹមកំរិតណាដែរ។

ខ្ញុំស្រលាញ់ផ្កាណាស់ មនុស្សស្គាល់ខ្ញុំចូលចិត្តជូនផ្កាឱ្យខ្ញុំជារឿយៗ។

គេថាផ្កាតំណាងចិត្តស្រលាញ់ ហើយខ្ញុំចូលចិត្តទទួលផ្កា។ អញ្ចឹងមានន័យថាខ្ញុំចូលចិត្តទទួលការស្រលាញ់ហើយ។

តើអ្នកណាចូលចិត្តអោយគេស្អប់ទៅ?

ការស្រលាញ់មានច្រើនអត្ថន័យ ទោះជាន័យនៃការស្រលាញ់ដែលគេអោយនោះជាន័យមួយណាក៏នៅតែជារឿងរបស់គេ រឿងរបស់ខ្ញុំនៅតែខ្ញុំជាធំ តើខ្ញុំស្រលាញ់គេនោះក្នុងន័យបែប។

ដូច្នេះការទទួលផ្កា សម្រាប់ខ្ញុំមិនមែនទទួលស្នេហាព្រមធ្វើសង្សាររបស់អ្នកជូននោះទេ ព្រោះការស្រលាញ់របស់ខ្ញុំមិនមែនមានអត្ថន័យតែមួយ។

អរគុណសម្រាប់ផ្កា

អរគុណសម្រាប់ការស្រលាញ់

ការស្រលាញ់រាប់អាន

សុភមង្គល

មនុស្សមួយចំនួនតែងគិតថាជីវិតគាត់រស់មិនដែលមានក្តីសុខសោះ ទាំងនេះមកពីគាត់មិនដែលអោយតម្លៃលើអ្វីដែលគាត់កំពុងតែមាន ឬព្រោះតែគាត់ចូលចិត្តយកខ្លួនគាត់ទៅប្រៀបធៀបនឹងអ្នកដទៃដែលប្រសើរជាងគាត់ ហើយតែងគិតលើខ្លួនគាត់ក្នុងផ្លូវអវិជ្ជមាន។
ការយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដទៃវាជាការជាន់ឈ្លីសមិទ្ធផលរបស់ខ្លួនឯងយ៉ាងខ្លាំង ហើយធ្វើអោយខ្លួនឯងរស់នៅក្នុងចិត្តច្រណែន ឈ្នានីស ពង្វក់ខ្លួនឯងអោយកើតចិត្តបាប តើអ្នកដឹងទេ?
គប្បីរស់រីករាយនឹងអ្វីដែលខ្លួនមាន ហើយតាំងជំហរដើរទៅរកក្តីស្រមៃរបស់ខ្លួន ការបើកត្រចៀកស្តាប់ការពេបជ្រាយរបស់មនុស្សក្បែរៗគឺជាការឆោតល្ងង់ ព្រោះថាអ្នកមិនគួរជឿអ្នកទាំងនោះហើយមកស្អប់ខ្ពើមខ្លួនឯងនោះទេ
សាកគិតបន្តិចថាជីវិតអ្នករាល់ថ្ងៃនេះធ្លាប់សើច ធ្លាប់ក្អាកក្អាយឬអត់?
អ្នកណាមិនធ្លាប់? ទោះជាអ្នកសុំទានក៏ធ្លាប់ដែរ!
ដូច្នេះហើយ កុំខំដល់ដើរខុស ផ្លូវក្រែងលោវាមានទោសហួសដល់បាត់សេចក្តីសុខ។
ចូលចាំថាសុភមង្គលមិនមែននៅស្ថិតនៅលើសេចក្តីផុតគេនោះទេ តែវានៅលើសេចក្តីស្កប់ស្កល់តែប៉ុណ្ណោះ

អូនចង់រៀបការ

ក្រោយយល់ចិត្តគ្នាបានបួនប្រាំខែ គូស្នេហ៍មួយចំនួនចូលចិត្តបបួលគ្នានិយាយពីជីវិតក្រោយអាពាហ៍ពិពាហ៍។ ការបង្កើតប្រធានបទបែបនេះ ធ្វើឲ្យស្នេហារបស់គាត់កាន់តែផ្អែមល្ហែម ចំពោះមនុស្សស្រីធ្វើឲ្យនាងកាន់តែមានអារម្មណ៍កក់ក្តៅនិងបង្កើនភាពជឿជាកទៅលើដៃគូ។

🌟ខណៈនោះនាងមិនបានដឹងទេថា បុរសម្នាក់នោះនិយាយគ្រាន់តែចង់ឲ្យនាងសប្បាយចិត្ត រឺជាការតាំងចិត្តពិតៗ រឺក៏គ្រាន់តែបោកបញ្ឆោតចិត្តនាង ដើម្បីរក្សាទំនាក់ទំនងស្នេហាបណ្តោះអាសន្នរបស់គេតែប៉ុណ្ណោះ។

អានមកដល់ត្រឹមនេះ កុំទាន់វិនិច្ឆ័យថាបុរសម្នាក់នោះនិយាយដើម្បីអ្វី ងាកមកចាប់អារម្មណ៍ខ្លួនឯងបន្តិចសិន។

ក្រោយការបង្កើតសន្ទនាក្នុងប្រធានបទបែបនេះមិនបានប៉ុន្មាន ទំនាក់ទំនងអ្នកទាំងពីរដើរបានមួយឆ្នាំ ពីរឆ្នាំ បីឆ្នាំ រឺក៏ច្រើនជាងនេះ…

គូស្នេហ៍ខ្លះក៏រង្គោះរង្គើរ ខ្លះក៏បែកបាក់ ហេតុផលព្រោះបុរសម្នាក់នោះនៅតែគ្មានលទ្ធភាព រឺសមត្ថភាពនាំនាងដើរទៅវិថីអាពាហ៍ពិពាហ៍បាន។

កំពុងតែអន់ចិត្ត ខឹង ដៀល បុរសម្នាក់នោះណាស់មែនទេ?

ព្រោះតែអូនចង់រៀបការ ហើយបងឲ្យអូនមិនបាន!

អូនបានដឹងដែរឬទេថាមុននឹងក្រោយរៀបការអូនគួរធ្វើអ្វីខ្លះ?

នាទីជាភរិយា ក្រៅពីគ្រប់គ្រងផ្ទះសម្បែងអូនក៏ត្រូវមាននាទីបង្តើតបុត្រ។

ស្តាប់ទៅដូចជាផ្អែមល្ហែមណាស់ នៅពេលដែលមិនទាន់គិតដល់ជីវភាពគ្រួសារទៅថ្ងៃមុខ។

បើអូនចង់រៀបការ តើអូនមានត្រៀមអ្វីខ្លះដើម្បីនាទីជាភរិយា?

តើអូនចេះបង្កើតចំណូលថិតថេរហើយរឺនៅ?

អូនមានប្រាក់សន្សំដែររឺទេ? អូនមានអ្វីជាទ្រព្យក្រោយមង្គលការដែរឬទេ?

ទោះអូនមិនចង់ជួយចំណាយប្រាក់ក្នុងការរៀបការ យ៉ាងហោចអូនត្រូវមានប្រាក់សន្សំខ្លះជួយស្វាមីចំណាយពេលអូនសម្រាលបុត្រ រឺនៅពេលដែលបុត្រឈឺ។

ព្រោះអូនកំពុងតែចង់រៀបការជាមួយមនុស្សធម្មតា មិនមែនជាអ្នកមានមកពីណា រឺទេវតាជប់ទ្រព្យឡើយ។

បើទោះជានាងមានទ្រព្យទាំងនោះហើយ ហើយប្រសិនបើបុរសម្នាក់នោះអាចផ្តល់អាពាហ៍ពិពាហ៍មួយឲ្យនាងបាន នាងធ្លាប់គិតទេ តើនាងមានអ្វីខ្លះអះអាងថានាងអាចធ្វើជាភរិយាបាន?

ភរិយា មិនអាចចេះតែង៉ក់ងដោយគ្មានមូលហេតុ

ភរិយា មិនអាចតែងតែទារញ៉ាំរបស់ថ្លៃៗ រឺខុសម៉ោងខុសពេលនោះទេ

ភរិយា មិនអាចលួងលោមស្វាមីដោយការនាំគាត់ទៅមើលកុន រឺដើរកំសាន្តរហូតនោះទេ

ភរិយា មាននាទីរក្សានិងបង្កើនទ្រព្យជូនគ្រួសារ

ភរិយា មាននាទីស្រលាញ់មើលថែគ្រួសាររបស់ស្វាមី

ភរិយាត្រូវតែបំពេញនាទី ជាម្តាយរបស់កូន ជាកូន ជាបង ជាប្អូន ជាក្មួយ ជាមីង នៅក្នុងគ្រួសាររបស់ស្វាមីនាង។

ធ្លាប់គិតឬទេថានាងនឹងបំពេញការងារនោះបែបណា?

ទោះនាងនឹងមិនរស់នៅនៅក្នុងគ្រួសារសាច់ថ្លៃ នាងក៏មិនអាចរំលងនាទីទាំងឡាយខាងលើនេះដែរ។

ប្រសិនបើនាងជឿជាក់ថានាងអាចធ្វើរឿងទាំងអស់នោះបានហើយ ត្រឡប់ទៅរកបន្ទាត់មានសញ្ញាផ្តាយ🌟វិញ។

នាងមិនចាំបាច់ខ្វល់ថាបុរសម្នាក់នោះគ្រាន់តែនិយាយឲ្យនាងសប្បាយចិត្តរឺបោកប្រាស់មនោសញ្ចេតនារបស់នាងឡើយ។

បើគេមិនច្បាស់លាស់ជាមួយនាង នាងក៏បានច្បាស់លាស់នឹងការរៀបចំជីវិតខ្លួនឯងហើយ មនុស្សពូកែដូចនាងនឹងមិនខ្វះបុរសល្អចង់រៀបការជាមួយនាងឡើយ។

សំខាន់តើនាងព្រមផ្តល់សំណាងនោះឲ្យទៅបុរសម្នាក់ណា?

ហេតុអីក៏ជ្រើសយកគាត់?

នៅពេលដែលអ្នកព្រមស្រលាញ់ញ រឺព្រមរៀបការជាមួយដៃគូរដែលមិនសក្តិសមនឹងអ្នក នឹងមានសំណួរជាច្រើន សំណួរខ្លះប្រហែលធ្វើអោយអ្នកមោទនៈភាពនៅពេលដែលអ្នកមិនទាន់ប្រើបេះដូងមកវិភាគហេតុផលដែលអ្នកព្រមទទួលយកគុណវិបត្តិរបស់ដៃគូររបស់អ្នក។

ហេតុអីក៏ជ្រើសយកគាត់?

សំនួរ: ម្នាក់នោះមិនល្អនោះទេ ហេតុអីក៏ព្រមទទួលគេ?

ចំលើយ: ព្រោះម្នាក់នោះមិនបន្ថែមបន្លាលើផ្លូវរបស់ខ្ញុំ ហើយក៏ព្រមជាន់បន្លាដែលខ្ញុំពង្រាយ

សំនួរ: រូបរាងមិនល្អ ខ្មៅក៏ខ្មៅ ទាបក៏ទាប មុខមិនស្រស់ ដៃជើងមិនស្រឡូន

ចំលើយ: ព្រោះខ្ញុំដឹងថារូបខាងក្រៅខ្ញុំក៏ល្អមិនបានមួយជីវិត

សំនួរ: និស្ស័យឆ្គងៗនិយាយមិនសុភាព

ចំលើយ: ព្រោះខ្ញុំក៏គ្មាននិស្ស័យល្អគ្រប់គ្រាន់គាប់ចិត្តមនុស្សទូរទាំងពិភពលោកបាន

សំនួរ: ទ្រព្យធនក៏មិនសប្បូរ រៀនសូត្រមិនបានខ្ពស់ ការងារក៏មិនធំដុំ ថ្ងៃមុខពិតមិនស្រណុក

ចំលើយ: ព្រោះមួយជីវិតមនុស្សរៀនមិនចប់ ហើយក៏គ្មានអ្នកមានដល់បញ្ឈប់រកចំណូលដើម្បីរស់

សំនួរ: មនុស្សគ្មានភាពរ៉ូម៉េនទិក ទឹកចិត្តមិនសូវផ្អែមល្ហែម ថ្ងៃមុខមិនរំពឹងអំណោយភ្ញាក់ផ្អើរ។

ចំលើយ: ព្រោះខ្ញុំមិនរស់នៅក្នុងខ្សែរភាពយន្តទេ

រាល់គុណវិបិត្តទាំងឡាយដែលគេមានបង្ហាញអោយឃើញថាគេដូចជាមែកឈើរលោងមួយដើម ដែលគ្មានបន្លាមួយសោះ ធ្វើអោយខ្ញុំមិនបារម្ភនឹងដើរលើផ្លូវតែមួយជាមួយគាត់

ហើយរាល់ភាពល្អដែលខ្ញុំមាននឹងក្លាយជាបន្លាលើផ្លូវរបស់គេ ខ្ញុំពិតជាស្ញប់ស្ញែងដែលគេព្រមជាន់បន្លាទាំងនោះដើម្បីដើរទៅមុខបន្តជាមួយខ្ញុំ

នេះហើយជាហេតុផលដែលខ្ញុំព្រមជ្រើសយកគាត់។

សម្រស់

នាងមិនស្អាតទេ

សក់វែងភ្លឺរលោងដូចសរសៃសូត្រ

ស្បែកក៏សដូចសំឡី

ដៃជើងស្រលូន កំពស់ក៏ល្មមសមដងខ្លួន

ទម្រប់មុខ V សមនឹងបបូរមាត់បេះដូង

ភ្នែកមូលចញ្ចើមខ្វង់មើលហើយមិនចង់ដកភ្នែកចេញ។

តើនាងស្អាតណាស់មែនទេ?

នៅពេលដែលឃើញរូបកាយមួយនេះមានទាំងការច្រណែន ឈ្នានីស គ្មានការគោរព គ្មានការដឹងគុណ គ្មានការលះបង់ គ្មានការស្រលាញ់។ នាងស្អាតណាស់មែនទេ? នៅពេលដែលរូបកាយមួយនោះអាចបង្ករហិង្សារបានទាំងផ្លូវកាយនិងផ្លូវចិត្ត?

ខ្ញុំឃើញថានាងមិនស្អាតសោះ ! នាងសែនអាក្រក់បំផុត

នៅពេលដែលយកចិត្តពិសពុលទៅរស់នៅលើរូបកាយដែលល្អលើសពីការពណ៌នានេះ។

តើរូបកាយដែលល្អបែបនេះនឹងមានអ្នកចង់ក្បែរដែរឬទេ? តើមនុស្សក្នុងលោកពិតជាឈ្លក់វង្វេងនិងសម្រស់ខាងក្រៅរហូតមែនទេ?

នៅពេលដែលដឹងថារូបកាយដ៏ស្រស់ស្អាតមានតែអ្វីដែលមិនស្រស់ស្អាត មនុស្សដែលនៅក្បែរនាងនឹងព្យាយាមឆ្ងាយពីនាងម្តងបន្តិច…

ភាពស្អាតបំផុតវាស្ថិតនៅលើចិត្តបរិសុទ្ធទៅវិញទេ។

ថ្ងៃទីមួយដែលជួបគ្នា អ្នកដែលមានរូបកាយមិនស្អាតអាចនឹងមិនមានអ្នកក្បែរច្រើន

តែថ្ងៃចុងក្រោយអ្នកដែលមានចិត្តស្អាតនឹងមានមនុស្សនៅក្បែររាប់មិនអស់។

មនុស្សធម៍និងគុណធម៍ដែលនាងរក្សារបានមានសម្រស់ស្រស់ស្អាតជាងសម្រស់ខាងក្រៅដែលនាងខំថែទៅទៀត ហើយក៏គ្មានថ្ងៃសាបសូន្យដែរ។

មាត់អ្នកណា?

មាត់អ្នកណា?

ខ្ញុំនេះប្រេនដ៍និយមលើសសមត្ថភាព

ខ្ញុំនេះញ៉ាំឆ្ងាញ់ហួសហើយ

ខ្ញុំនេះជំពាក់បំណុលគេ

ខ្ញុំនេះជាមនុស្សខ្ជះខ្ជាយមិនចេះសន្សំ

ខ្ញុំនេះមួយថ្ងៃៗចេះតែឯបអប

ខ្ញុំនេះល្ងង់ហួស

ខ្ញុំនេះមាននិស្ស័យអន់មិនសូវសង្វាតធ្វើការអីទេ

ខ្ញុំនេះមិនល្អបែបនេះហើយក៏បែបនោះ….

ខ្ញុំបានធ្វើបែបនោះមែនឬទេ? បើខ្ញុំបានធ្វើមែនតើខ្ញុំត្រូវបកស្រាយហេតុផលទាំងអស់ឲ្យផែនដីទាំលមូលយល់ដែរទេ? រឺក៏បកស្រាយឲ្យត្រឹមអ្នកដែលនិយាយអាក្រក់នោះយល់ទៅក៏បានហើយ?

តើមាត់អ្នកណាដែលនិយាយពាក្យអាក្រក់ពីខ្ញុំនេះ? តើមាត់នេះជាមាត់មនុស្សល្អទេ? ឬមាត់មនុស្សល្អគេសម្រាប់និយាយអាក្រក់ រិះគន់អ្នកដទៃបែបនេះ?

មាត់អ្នកដែលនិយាយអាក្រក់ពីអ្នកដទៃគ្រាន់តែចង់អួតអ្នកស្តាប់ថាខ្លួនគាត់ល្អតែប៉ុណ្ណោះ តែការពិតពាក្យអាក្រក់ដែលចេញពីមាត់របស់អ្នកនោះបានបង្ហាយពីសណ្តានពិតរបស់គាត់ទៅហើយ។

មាត់របស់មនុស្សល្អ មិននិយាយអាក្រក់ពីនរណានោះទេ កុំថាឡើយពាក្យរិះគន់ សូម្បីតែសម្តីទ្រគោះក៏សឹងគ្មានផង។

មនុស្សដែលល្អពិត មិនងាយនឹងគិតអវិជ្ជមានទៅលើអ្នកដទៃឡើយ ហើយមនុស្សដែលឆ្លាតក៏មិនចំណាយការគិតអត់ប្រយោជន៍ទៅវាយតម្លៃមនុស្សតាមតែការនឹកឃើញដែរ ជាពិសេសមនុស្សដែលរវល់ក៏មិនមានពេលអង្គុយនិយាយក្រោយខ្នងគេដូច្នេះដែរ។

និយាយឲ្យបានតិច គិតអោយបានច្រើនទើបជានិស្ស័យរបស់មនុស្សឆ្លាត

ហើយនិស្ស័យរបស់មនុស្សល្អគឺគាត់មិនឲ្យសេចក្តីអាក្រក់ទៅនរណាឡើយ កុំថាឡើយត្រឹមតែពាក្យសម្តី សូម្បីតែការគិតប៉ុនប៉ងធ្វើបាប ឬសងសឹកអ្នកដែលឲ្យទោសគាត់ក៏គាត់មិនគិតដល់ផង។

មនុស្សល្អមិនចាយការស្អប់ តែបាចសាចសេចក្តីស្រលាញ់។ បើចង់បង្ហាញថាអ្នកជាមនុស្សល្អត្រូវខំចាយការស្រលាញ់អឲ្យបានច្រើន។

បើមិនទទួលការកែប្រែទេ ក៏បន្តនិស្ស័យមនុស្សល្អលើតែមាត់ខ្លួនឯងតទៅទៀតចុះ!

អ្នកស្តាប់ អ្នកយល់ គេដឹងហើយថាអ្នកល្អប៉ុនណា។

ស្នេហា

ស្នេហាប្រៀបបានដូចផ្កាស្រពោន បើដៃគូរបស់អ្នកគ្មានឆន្ទៈចង់រស់នៅជាមួយអ្នក

មិនថាអ្នកប្រើការស្រលាញ់ខ្លាំងយ៉ាងណា

មិនថាអ្នកប្រើពេលវេលាយូរប៉ុនណា

មិនថាអ្នកបានលះបង់អ្វីខ្លះ

គ្រប់យ៉ាងគ្រាន់តែជាឩបករណ៍សំរាប់គេកំសាន្ត

បេះដូងរបស់អ្នកមិនមែនជាគ្រាប់ពេជ្រដែលគេត្រូវការ វាគ្រាន់តែជាថ្មមួយដុំដែលគ្មានតំលៃក្នុងភ្នែកគេ

ស្នេហាដែលនៅសល់តែស្រមោល ដូចជាផ្ការោយហើយមិនអាចរីកបាន

គ្មានអភិនិហាអ្វីអោយគេស្រលាញ់អ្នកដូចមុនបានទេ

ភ្លេចគេទៅ!

មនុស្សម្នាក់នោះគេមិនមកវិញទេ……

អតីតកាល

រឿងមួយដែលមនុស្សគ្រប់រូបទទួលស្គាល់គឺ៖

គ្មានអ្នកណាអាចប្តូរអតីតកាលរបស់ខ្លួនបានឡើយ

ចុះបើដឹងថាមិនអាចប្តូរអតីតកាលរបស់ខ្លួនឯងបាន ហេតុអីអ្នកប្រកាន់អតីតកាលរបស់អ្នកដទៃ?

លើលោកនេះគ្មានអ្នកណាចង់រស់ទូលកំហុសចាស់ៗនោះទេ។

ម្នាក់នោះធ្លាប់ជាអ្នកណាមិនសំខាន់

សំខាន់ពេលនេះម្នាក់នោះជាអ្នកណា?

ហើយថ្ងៃមុខនឹងក្លាយជាអ្នកណា?

កាលបើមានអ្នកណាព្រមទទួលយកអតីតកាលរបស់អ្នកក៏មិនមានន័យថា អ្នកនោះនឹងពេញចិត្តទទួលយកភាពអវិជ្ជមានរបស់អ្នកដែរ។

បើចង់ឲ្យគេទទួលយកអតីតកាលរបស់យើងគួរណាយើងរៀនទទួលយកអតីតកាលរបស់គេវិញដែរ។

ជាមនុស្សធម្មតាគ្មានអ្នកណាមិនចេះខុស

បើប្រុសជាមាសទឹកដប់ នារីក៏ជាពេជ្រ

មាសទឹកដប់សម្រាប់យកមកខ្ចប់ពេជ្រនោះអី