រឿងពិតដែលមិនគួរនិយាយលេង

អ្នកអាចធ្វើជំរឿនបាន តើមានមនុស្សប៉ុន្មាននាក់ដែលចូលចិត្តឲ្យគេយករឿងអាស្រូវរបស់ខ្លួនមកលេងសើច?
ចាប់ផ្តើមសួរពីចិត្តខ្លួនឯងសិនមុនទៅសួរអ្នកដទៃផ្សេងទៀត។
បើអ្នកជាមនុស្សដែលធ្លាប់លែងលះ តើអ្នកស្តាប់ទៅកំបែ្លងទេបើសិនគេនិយាយថាដូច្នេះហើយបានជាលែងគ្នា?
មិនត្រឹមតែមិនកំប្លែងទេ តែកាន់តែក្តៅត្រចៀកដែលឮពាក្យពោះម៉ាយ ឬមេម៉ាយ តើមានមនុស្សប៉ុន្មាននាក់ដែលចង់បានឈ្មោះនេះ? ឈ្មោះដែលតំណាងពីប្រវត្តិបែកបាក់ គ្មានមនុស្សចង់បានទេ ក៏ព្រោះតែជាជម្រើសមួយដើម្បីសុខទើបមនុស្សត្រូវប្តូរមកទទួលពាក្យនេះ។
ក្រ! ល្ងង់! ធាត់! ស្គម! ខ្មៅ! ទាប! ខ្នងកោង…
បរាជ័យក្នុងការសិក្សារ រឺការងារ ? សង្សារទាត់ចោល? មានអីចង់បន្ថែមទៀតទេ?
ជីវិតក្នុងផែនដីនេះ តើមាននរណាចង់កើតមកជាមួយរាងកាយមិនជាទីចាប់អារម្មណ៍? តើមាននរណាមិនចង់សមបំណងក្នុងផ្លូវជីវិត?
មិនមាននោះទេ!
ទោះជាមិនមានអ្នកចង់បាន ក៏នៅតែមានមនុស្សទទួលបានទាំងអស់នោះ ហើយត្រូវព្រមរស់នៅជាមួយគុណវិបត្តិទាំងនោះ!
វាអាចជាការឈឺចាប់មួយ នៅពេលដែលមនុស្សបានអ្វីផ្ទុយពីគាត់ចង់បាន។
បើនាងជានារីដែលស្រលាញ់រូប ហើយបានកើតមកជាមួយរាងកាយខ្មៅមិនស្អាត តើនាងនឹងមានអារម្មណ៍បែបណា?
បើគាត់ជាមនុស្សដែលមានការរៀបចំជីវិតយ៉ាងម៉ត់ចត់ តែទីបញ្ចប់ក៏ត្រូវសង្សារទាត់ចោល.. តើគាត់នឹងមានអារម្មណ៍បែបណា?
ប្រើពាក្យ “បើ” នេះចំពោះខ្លួនឯង ហើយគិតថាអ្វីៗទាំងនោះធ្លាក់មកលើខ្លួនអ្នក តើអ្នកនឹងមានអារម្មណ៍បែបណា?
វានឹងមិនកំប្លែងទៀតទេដែលត្រូវយករឿងអាស្រូវរបស់នរណាម្នាក់មកនិយាយឲ្យបានសើចនោះ។
អ្នកនិយាយអាចសើចក្នុងរយៈពេលដែលខ្លី តែអ្នកដែលត្រូវគេបញ្ឈឺ គាត់នឹងឈឺក្នុងរយៈពេលវែង ឬអាចដល់មួយជីវិត។
ការបង្កើតសំណើចដោយជះក្តីអាម៉ាស់ដល់អ្នកដទៃ វាជាទារុណកម្មផ្លូវចិត្តដែលឃោរឃៅមួយ
បើទោះជាអ្នកមិនមានបំណងអាក្រក់ តែការលេងសើចរបស់អ្នកអាចធ្វើឲ្យអ្នកដទៃទទួលការបាក់ទឹកចិត្តបាន។
ពាក្យសម្រាប់លេងសើចមានច្រើនណាស់ ចូលប្រើតែពាក្យណាដែលមិនធ្វើឲ្យអ្នកដទៃឈឺចាប់ផងចុះ។

យើងនឹងមិនចាំបាច់អន់ចិត្តគ្នារាល់ថ្ងៃពិសេស

មាននំខេកថ្ងៃកំណើតគឺល្អណាស់

មានកាន់តែច្រើនអារម្មណ៍កាន់តែល្អ

ថែមសារជូនពរ អំណោយមួយគំនរ

អ្នកទទួលទាំងអំណរ អ្នកពោលអរគុណជាមួយពាក្យស្រលាញ់។

បានទេ? បើស្រលាញ់ខ្ញុំបែបនេះរហូតទៅ

កុំស្រលាញ់ត្រឹមតែពេលដែលខ្ញុំឱ្យ ព្រោះថាឆ្នាំក្រោយៗមិនដឹងថាខ្ញុំ អាចជូនអំណោយទៅអ្នកបានទៀតឬអត់។

បើថ្ងៃកំណើតឆ្នាំនេះហួសហើយ ឆ្នាំក្រោយនឹងមានទៀត

បើខ្ញុំអាចឆ្លៀត ខ្ញុំក៏មិនចង់ឱ្យមានឆ្នាំណាចន្លោះដែរ។

បើសិនជាអាច ខ្ញុំចង់ធ្វើថ្ងៃកំណើតឱ្យអ្នករាល់ថ្ងៃ

ចង់ឱ្យអ្នកដឹងថាខ្ញុំស្រលាញ់អ្នករាល់ថ្ងៃ

ហើយក៏ចង់ឱ្យអ្នកស្រលាញ់ និងសើចដាក់ខ្ញុំរាល់ថ្ងៃដូចជាថ្ងៃនេះ។

បានទេ? បើសូមឱ្យគិតថារាល់ថ្ងៃសុទ្ធតែជាថ្ងៃពិសេស

បានទេ? បើសូមឱ្យអ្នកទទួលអំណោយត្រឹមតែជាចិត្តស្រលាញ់?

បើសិនជាព្រម យើងនឹងមិនចាំបាច់អន់ចិត្តគ្នារាល់ថ្ងៃពិសេសទៀតទេ។

បើសិនជាព្រម យើងនឹងមិនងាយបែកបាក់មិត្តភាព ឬស្នេហារបស់យើងឡើយ។

ចង់ឱ្យជីវិតដល់ត្រើយគ្រប់គ្នាត្រូវហែលឆ្លងសមុទ្រពីត្រើយម្ខាងទៅម្ខាងទៀត

ចាប់កំណើតមកហើយគឺត្រូវតែព្រមទទួលទុក្ខក្នុងជីវិត កើតមកភ្លាមក៏ត្រូវគេធ្វើឱ្យយំភ្លាម នោះហើយជាទុក្ខតំបូងបំផុតរបស់ជីវិត។

ចង់រស់ឱ្យបានពេញមួយជីវិត ពេលខ្លះពិតជាហត់ណាស់ ចង់ឱ្យជីវិតដល់ត្រើយគ្រប់គ្នាត្រូវហែលឆ្លងសមុទ្រពីត្រើយម្ខាងទៅម្ខាងទៀត។

ការចុះទឹកដោយឈានជើងស្តាំ ឬឆ្វេងមុន គឺសុទ្ធតែព្រមទទួលដឹងថាខ្លួនប្រាណនឹងសើមហើយ តែបើមិនព្រមសើមខ្លួន ធ្វើយ៉ាងណាបានទៅដល់ត្រើយ?

បើអ្នកមិនចេះហែលទឹក អ្នកនឹងឆាប់លង់ស្លាប់ទាំងមិនដល់ត្រើយ

បើអ្នកចេះហែលទឹកហើយ អ្នកក៏ត្រូវខំហែលរហូតដល់ជួបទូកទំនេរមួយ។

ហែលយូរ ហត់ខ្លាំង អ្នកក៏ចង់បានទូកដែលអ្នកដ៏ទៃកំពុងតែមាន…

ទូកទំនេរមិនទាន់មកទេ ទូកគេជិតដៃអ្វីម្ល៉េះ?

អ្នកដែលកំពុងនៅលើទូកប្រហែលភ្លេចចេះហែលទឹកទៅហើយ

អ្នកដែលកំពុងនៅលើទូកនោះដូចជាមិនមែនមានតែម្នាក់…

ដាច់ចិត្តទេបើទាញដណ្តើមទូកនោះមកហើយ បណ្តោយឱ្យមនុស្សនៅលើទូកទាំងនោះត្រូវលង់ទឹកស្លាប់?

ហែលទឹកយូរហើយប្រហែលហត់ណាស់ហើយ មានដឹងខ្លួនទេថាអ្នកកាន់តែជំនាញហែលទឹក?

ខំហែលបន្តិចទៀតអ្នកប្រហែលនឹងបានជួបទូកដែលល្អសមនឹងភាពជំនាញរបស់អ្នក។

ហេតុអ្វីត្រូវដណ្តើមទូកធ្លុះធ្លាយនោះ?

បើមនុស្សលើទូកមិនបានថែទូក ឬទូកមិនអាចទៅមុខបានល្អ ទុកឱ្យមនុស្សនិងទូកនោះដោះស្រាយគ្នាទៅតាមឯកជនភាពរបស់គេទៅ។ សង្កត់ចិត្តឱ្យបានដើម្បីរក្សាភាពថ្លៃថ្នូរបស់អ្នក ហែលឱ្យដល់ត្រើយ! បើទោះជាថ្ងៃក្រោយនៅតែគ្មានទូកចម្លង។

អ្នកមិនចាប់អារម្មណ៍ភាពស្មោះត្រង់

មានមនុស្សប្រុសមិនច្រើននាក់ទេដែលព្រមអានអត្ថបទនេះដល់ចប់

អ្នកប្រហែលធ្លាប់ខូចចិត្តខ្លាំងពីមុនមក

ឬអាចមកពីនេះជានិស្ស័យពីកំណើតរបស់អ្នក

អ្នកមិនជឿជាក់លើសេចក្តីស្នេហា អ្នកមិនចាប់អារម្មណ៍ភាពស្មោះត្រង់។ ស្រីពេញនគរអ្នកចង់លលេងជាមួយមនុស្សស្រីប៉ុន្មាននាក់ក៏មិនអីដែរ។

ពេលតែមួយ អ្នកមានទំនាក់ទំនងពិសេសជាមួយមនុស្សស្រីលើសពីម្នាក់ ឬអ្នកចូលចិត្តសាងទំនាក់ទំនងជិតស្និទ្ធរយៈពេលខ្លីប្តូរមនុស្សស្រីម្នាក់ហើយម្នាក់ទៀត

មនុស្សស្រីសម័យនេះរឹងមាំតែសំបកក្រៅ

ងាយស្រលាញ់ ងាយជឿជាក់ ងាយផ្តល់ឱ្យ

ពេលនាងឱ្យអ្នកក៏យក ពេលនាងហៅរកអ្នកក៏គេច

ធ្វើម៉េចបើស្រីស្អាត ស្រីល្អមានច្រើនម្លឹងៗ ស្រលាញ់លេងក៏ចង់បានមនុស្សស្រីល្អ ស្រលាញ់យកក៏ចង់បានមនុស្សស្រីល្អ។ ទម្រាំតែដល់ពេលដែលចិត្តចេះស្រលាញ់យក មិនដឹងស្រីល្អប៉ុន្មាននាក់ដែលត្រូវស្រោបឈ្មោះជាស្រីមិនត្រឹមត្រូវ?

ខែឆ្នាំកន្លងទៅ នឹកឃើញរឿងអាស្រូវដែលធ្លាប់សាង សម្រាប់អ្នកគ្រាន់តែជាកំហុសមួយ តែសម្រាប់នាងដែលធ្លាប់ជាស្រីល្អ វានឹងនៅតែជាវិប្បដិសារីដល់ថ្ងៃនាងត្រូវលាពីពិភពលោកនេះ។

ក្តីស្រលាញ់ស្មោះស្ម័គ្រទើបធ្វើឱ្យនាងក្លាយជាស្រីមិនត្រឹមត្រូវ ជាស្រីមិនត្រឹមត្រូវបាន ព្រោះនាងមិនមែនជាប្អូនស្រី មិនមែនជាកូនស្រី មិនមែនជាសាច់ញាតិជាទីស្រលាញ់របស់អ្នក។ ជាស្រីមិនត្រឹមត្រូវបាន ក៏ព្រោះតែមានភ្លើងចិត្តអន្តរាយពីអ្នកនេះហើយ។

មនុស្សស្រីល្អៗដែលអ្នកជាន់ឈ្លី នាងក៏ជាព្រះនាងនៅក្រោមតំបូលណាមួយដែរ

អ្នកអាចមិនស្រលាញ់ មិនខ្វល់ខ្វាយពីនាង តែនៅមានមនុស្សក្រោមដំបូលជាមួយនាងខ្វល់ខ្វាយពីនាងណាស់។

បើសិនជាថ្ងៃមួយអ្នកមានឱកាសបានធ្វើជាឪពុករបស់កូនស្រី ជាបងរបស់ប្អូនស្រី

សូមឱ្យស្រមៃថា អ្នកអាចយកបេះដូងដែលស្រពោនរបស់នាងទៅដាក់ក្នុងទ្រូងកូនឬប្អូនស្រីរបស់អ្នកមួយភ្លែត អ្នកនឹងបានឃើញភាពឈឺចាប់របស់មនុស្សនៅក្បែរនាង កុំចាំបាច់ស្រមៃដល់ការឈឺចាប់របស់នាង ព្រោះអ្នកនឹងមិនអាចជ្រួតជ្រាបនោះទេ តែបើយល់ខ្លះដែរសូមឱ្យបញ្ឈប់សកម្មភាពលេងសើចនឹងស្នេហាត្រឹមនាទីនេះ ហើយព្រមស្មោះនឹងមនុស្សស្រីដែលអ្នកកំពុងតែមានសម្ព័ន្ធជាមួយនេះ តែប៉ុណ្ណឹងចុះ!

សេចក្តីស្រលាញ់ និងគោរព

ចង់រក្សាតម្លៃខ្លួនឯងគប្បីអោយឧស្សាហ៍ប្រើពាក្យ អរគុណ និង សុំទោស។

ការអរគុណធ្វើអោយមនុស្សដែលបានធ្វើគុណលើអ្នកមានសេចក្តីពេញចិត្តក្នុងការធ្វើគុណនោះ។ មិនថាជាគុណតូចតាច ឬធំដុំ បំណាច់នឹងព្រមទទួលគុណនោះហើយ ក៏គួរអ្នកចេះប្រើពាក្យអរគុណដើម្បីសម្តែងពីការដឹងគុណ ឬរីករាយទទួលគុណនោះដែរ។

បើទោះជាអ្នកមិនទទួលគុណនោះ អ្នកក៏បានទទួលទឹកចិត្តពីមនុស្សដែលចង់ធ្វើគុណមកលើអ្នក ដូច្នេះមិនក៏ធ្ងន់អ្វីនឹងនិយាយពាក្យអរគុណដើម្បីជាការបង្ហាញពីសុជីវធម៌ដែរ។

ពាក្យសុំទោស អ្នកខ្លះក៏ចាត់ទុកថាការនិយាយវាចេញមកធ្វើបាក់មុខ អស់តម្លៃ។ តែផ្ទុយទៅវិញតម្លៃរបស់អ្នកនឹងមិនបាត់បង់ទេ បើអ្នកប្រើពាក្យសុំទោសដោយសេចក្តីដឹងកំហុស។

ផ្ទុយទៅវិញបើអ្នកដឹងខុសហើយមិនទទួលខុស មិនសុំទោស ឬមិនទទួលដឹងថាខ្លួនបានធ្វើខុស នោះតម្លៃរបស់អ្នកនឹងធ្លាក់ចុះទៅតាមទង្វើរបស់អ្នកដូចគ្នា។

ពេលខ្លះ អ្នកមិនបានខុសនឹងកំហុសមួយនោះទេ តែអ្នកអាចប្រើពាក្យសុំទោស ក្នុងហេតុផលមួយ គឺដើម្បីធ្វើអោយមនុស្សដែលអ្នកស្រលាញ់បានសប្បាយចិត្ត។

ឧស្សាហ៍និយាយពាក្យសុំទោសធ្វើអោយមនុស្សនៅក្បែរទទួលអារម្មណ៍ថាគាត់ទទួលបានការស្រលាញ់ និងគោរពអំពីអ្នក។

តែយ៉ាងណាមិនគួរធ្វើអោយមានកំហុសច្រើន ឬកំហុសដដែលហើយអាងលើពាក្យសុំទោសនោះទេ។

ពាក្យ អរគុណ និងពាក្យ សុំទោស សម្រាប់ខ្ញុំគឺជាសុជីវធម៌ដ៏ប្រពៃ ក៏ជាទង្វើសម្តែងនូវសេចក្តីស្រលាញ់ និងគោរព ហើយក៏បង្ហាញពីសេចក្តីថ្លៃថ្នូររបស់មនុស្ស។ ខ្ញុំតែងព្យាយាមដាស់តឿនខ្លួនឯងអោយប្រើពាក្យនេះអោយបានញឹកញាប់ មិនថាអ្នកនោះមានអាយុ ឬឋានៈតូចទាបជាងខ្ញុំក៏ដោយ។

កុំធ្វើអ្វីឱ្យហួសពីសិទ្ធរបស់អ្នក

កាន់តែស្រលាញ់កាន់តែខ្វល់ខ្វាយ កាន់តែស្រលាញ់កាន់តែចង់ស្និទ្ធ។

ហើយវាបែរជាគួរឱ្យខ្លាចបំផុតនៅពេលដែលការស្រលាញ់របស់អ្នកសម្តែងនូវទង្វើបែបនេះហួសហេតុពេក ចំពោះនរណាម្នាក់។

មិនមែនឱ្យតែស្រលាញ់នរណាម្នាក់ខ្លាំង ជឿជាក់ថាខ្លួនមានបំណងល្អគ្រប់រឿងទៅលើគេហើយ ខ្លួននឹងមានសិទ្ធគ្រប់បែបយ៉ាងដើម្បីធ្វើការសម្រេចចិត្តទៅលើផ្លូវជីវិតរបស់គេនោះទេ។

ក៏មិនមែនមានន័យថាឱ្យតែស្រលាញ់គេខ្លាំងហើយ ស្មោះត្រង់ហើយគឺមានសិទ្ធដឹងគ្រប់រឿងរ៉ាវដែលទាក់ទងនឹងជីវិតរបស់គេដូចគ្នា។

ក៏មិនមែនមានន័យថាឱ្យតែស្រលាញ់គេខ្លាំងហើយ គ្រប់ទីកន្លែងដែលមានគេត្រូវតែមានយើងរហូតនោះទេ។

អ្នកដែលយើងស្រលាញ់គឺជាមនុស្ស មិនមែនជាខ្សែដៃ រឺនាឡិកាដៃ ដែលយើងស្រលាញ់នោះទេ។ គេមានមនុស្សផ្សេងទៀតដែលស្រលាញ់គេដូចគ្នា ហើយគេក៏មានចិត្តសម្រាប់ស្រលាញ់មនុស្សផ្សេងទៀតដូចគ្នាដែរ។

កុំឱ្យច្រលំថា ព្រោះអ្នកស្រលាញ់គេខ្លាំង គេត្រូវតែសងការស្រលាញ់ឱ្យអ្នកវិញតែម្នាក់នោះ គឺមិនអាចទេ។

អ្នកអាចព្រមស្រលាញ់គេតែម្នាក់ ហើយមិនចាប់អារម្មណ៍ស្រលាញ់រាប់អាននរណាផ្សេង នោះជាជម្រើសរបស់អ្នក។

ប៉ុន្តែ ម្នាក់ដែលអ្នកស្រលាញ់នោះក៏មានជម្រើសរបស់គេដែរ គេប្រហែលដូចមនុស្សទូទៅដែលចូលចិត្តទទួលការស្រលាញ់ច្រើន ដូច្នេះគេក៏ត្រូវចាយការស្រលាញ់ទៅមនុស្សប្លែកមុខជាច្រើនដែលអ្នកមិនស្គាល់។

អ្នកអាចស្រលាញ់នរណាក៏បាន ស្រលាញ់ប៉ុនណាក៏បាន តែអ្នកមិនអាចប្រើសិទ្ធអ្វីទៅលើជីវិតរបស់នរណាម្នាក់បានឡើយ។

ត្រូវតែទន្ទេញក្នុងចិត្តថា “មិត្តមិនមែនម៉ែ! កុំធ្វើអ្វីឱ្យហួសពីសិទ្ធរបស់អ្នក!”

មនុស្សមានការគិតនិងការចូលចិត្តខុសៗគ្នា

អ្នកណាថាអីថាទៅ

អាយុរជាងសាមហើយនៅគ្មានអ្នកយកទៀត? ចាស់ហើយអត់ខ្វល់ពីអនាគតសោះ? ខ្មែរទេធ្វើខ្លួនដូចនៅស្រុកគេ?

ពេលខ្លះក្តៅស្លឹកត្រចៀកដែរ តែភាគច្រើនគឺកាត់ចិត្តអត់ខ្វល់ អ្នកណាថាអីថាទៅ សំខាន់ខ្ញុំសប្បាយចិត្ត។

ជីវភាពរាល់ថ្ងៃមិនអួតទេ គឺមានសេចក្តីសុខបំផុតក្នុងជីវិត។

បើចាស់ទៅគេសួរថា “មួយជីវិតនេះតើពេលវេលាមួយណាដែលមានអនុស្សាវរីយ៍ល្អបំផុតសម្រាប់អ្នក? “

ចម្លើយគឺ “គឺពេលនេះហើយ ជាអនុស្សាវរីយ៍និងពេលវេលាដ៏មានន័យបំផុតសម្រាប់ជីវិតខ្ញុំ”

ជីវិតដែលមានជីវភាពសមរម្យ មានសេរីភាព មានពេលគ្រប់គ្រាន់សម្រាប់ខ្លួនឯង មានលទ្ធភាពដើរហើរតាមការស្រមៃ ទៅកន្លែងដែលខ្លួនឯងចង់ទៅ ស្វែងរកពិភពថ្មី សាងក្តីស្រមៃថ្មីៗដើម្បីអនាគត អាចរឹងមាំនិងចេះត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកបរិយាកាសថ្មីៗ ប្លែកៗ។

ជីវិតដែលឯករាជ្យ និងម្ចាស់ការលើខ្លួនឯងបែបនេះ មនុស្សក្នុងសង្គមយើងបច្ចុប្បន្ននេះប្រហែលជាមានអ្នកមិនធ្លាប់ស្គាល់សោះ ឬស្គាល់បានតិច ពិសេសគឺនារីៗតែម្តង។

តែប្រហែលជាមនុស្សមួយចំនួនគាត់មិនចូលចិត្តជីវិតបែបខ្ញុំនេះទេ តែមនុស្សមានការគិតនិងការចូលចិត្តខុសៗគ្នា។

យ៉ាងណាខ្ញុំនៅតែជឿថាមនុស្សរស់នៅសុទ្ធតែចង់បានសេចក្តីសុខ សុខបែបណាគឺជាចំណូលចិត្តរៀងៗខ្លួន ហើយបើការយល់ឃើញមិនដូចគ្នា ក៏មិនមានន័យថាម្នាក់ណាខុសដែរ មែនទេ? មែនហើយ!

ការសរសេរអត្ថបទខ្លីមួយនេះមិនដើម្បីប្រឆាំងការគិតរបស់អ្នកណាទេ ខ្ញុំគ្រាន់តែចង់រំឭកពីសេចក្តីសុខរបស់ខ្លួនឯងឱ្យខ្លួនឯងសប្បាយចិត្តតែប៉ុណ្ណឹង និងដើម្បីមនុស្សដែលមានការគិតដូចខ្ញុំ ឱ្យគាត់កាន់តែភាពជឿជាក់ និងមោទកភាពលើការសម្រេចចិត្តរបស់គាត់។

ជូនពរអ្នកទាំងអស់គ្នារស់មានសុភមង្គល ស្រលាញ់អ្នកអានរបស់ខ្ញុំ

រៀនព្រងើយនឹងអារម្មណ៍ទន់ខ្សោយ

បេះដូងរបស់ខ្ញុំទន់ខ្សោយណាស់ វាតែងតែសម្ងំយំនៅក្នុងទ្រូងខ្ញុំជាញយដង។

ពេលខ្លះខ្ញុំមិនដឹងទេថាមានរឿងអីកើតឡើង ខ្ញុំគ្រាន់តែទទួលអារម្មណ៍ថាវាអួលណែននៅទ្រូងខាងឆ្វេង ខ្ញុំស្ងាត់ដង្ហើមខ្លួនឯងផ្ទៀងស្តាប់សម្លេងទឹកភ្នែកហូរ។

ទឹកភ្នែកហូរនៅក្នុងបេះដូង ជាអារម្មណ៍ដែលមនុស្សទន់ខ្សោយមិនអាចយល់បាននោះទេ។ មនុស្សសាមញ្ញៗ និងអាចប្រើភ្នែកយំ តែមនុស្សដែលរឹងមាំគ្មានទឹកភ្នែកនៅខាងក្រៅនោះទេ។ ទឹកមុខដែលញញឹមសើចនៅខាងក្រៅ តែងដើរតួរយ៉ាងសម ខណៈបេះដូងកំពុងតែយំថ្ងួចថ្ងូរ។

បេះដូងរបស់ខ្ញុំថ្ងៃខ្លះកំសត់ណាស់ យំពេញមួយថ្ងៃ យំមិនឈប់!

យំយ៉ាងនេះតើខ្ញុំគួរធ្វើបែបណា? ថ្ងៃខ្លះខ្ញុំមិន សូម្បីតែយកដៃស្តាំទៅទប់ទ្រូងខាងឆ្វេង មិនព្រមលួងបេះដូងដែលកំពុងយំកំសត់។ មនុស្សរឹងមាំចិត្តដាច់ណាស់ មិនសូម្បីតែលួងលោមបេះដូងខ្លួនឯង។

មិនមែនមិនចង់លួងទេ! តែខ្ញុំដឹងណាស់ នេះគេហៅថាជាអារម្មណ៍ទន់ខ្សោយប៉ុណ្ណោះ បើលួងលោមវាពេកដូចជាគាំទ្រឱ្យខ្លួនឯងទន់ខ្សោយ។

ភាពព្រងើយកន្តើយ មិនរវីរវល់ បង្ហាញភាពធុញទ្រាន់នឹងភាពទន់ខ្សោយរបស់ខ្លួនឯងនេះ វាជារឿងល្អមួយ វាជួយឱ្យខ្ញុំចេះដើរទៅរកភាពរឹងមាំហ្នឹងហើយ!

ជឿណា! គ្មានអ្នកណារឹងមាំរហូតទេ តែបើអាចព្រងើយនឹងភាពទន់ខ្សោយរបស់ខ្លួនឯងច្រើនប៉ុណ្ណា គឺជាការបង្ហាញពីអំណាចនៃភាពរឹងមាំរបស់អ្នកប៉ុណ្ណឹងដូចគ្នា។ ម្នាក់ឯងក៏ដោយ នៅជួបជុំក៏ដោយ! ព្រងើយនឹងអារម្មណ៍ទន់ខ្សោយខ្លះទៅណា៎!

ចង់រស់នៅជាមួយមនុស្សម្នាក់មិនមែនជាការងាយទេ

ធ្លាប់ស្រលាញ់សត្វចិញ្ចឹមទេ? កូនឆ្កែក៏បាន កូនឆ្មាក៏បាន។

ស្រលាញ់វាណាស់ទុកដូចជាកូនតើមែនទេ?

មួយចំនួននៃអ្នកដែលមានសត្វចិញ្ចឹម ខ្លួនឯងញ៉ាំមីកំប៉ុងក៏បានដើម្បីទុកលុយទិញចំនីអោយសត្វចិញ្ចឹមរបស់គាត់។

នៅពេលដែលសត្វរបស់គាត់ឈឺ គាត់ភ័យ គាត់បារម្ភខ្លាចវាស្លាប់ សុខចិត្តចំណាយលុយយកទៅពេទ្រថ្លៃ ហើយអាចឈប់ធ្វើការប៉ុន្មានថ្ងៃដើម្បីនៅថែវាក៏បាន។

អ្វីដែលគាត់ចង់បានពីសត្វចិញ្ចឹមមកវិញ ត្រឹមតែអោយវាបានសុខសប្បាយហើយនៅកំដរគាត់តែប៉ុនណោះ។

គិតមកដល់អ្នកធ្វើចម្ការម្តងមើល

មានចម្ការស្ពៃមួយ គាត់ថែ គាត់ដាក់ជី ស្រោចទឹកស្ពៃររបស់គាត់យ៉ាងទៀងទាត់។ ចម្ការស្ពែរបស់គាត់ពិតជាខៀវស្រស់ស្អាតណាស់ សូម្បីដង្កូវតែមួយក៏គ្មានផង។ ការចំណាយចិត្ត ចំណាយពេលវេលារបស់គាត់កន្លងមក គាត់រំពឹងណាស់ថានៅពេលដែលស្ពៃបានផល គាត់នឹងបានចំណូលយ៉ាងច្រើន។

វិភាគអារម្មណ៍ស្នេហារបស់អ្នកវិញម្តង

តើអ្នកមានក្តីរំពឹងយ៉ាងណាខ្លះអំពីមនុស្សដែលអ្នកកំពុងស្រលាញ់នោះ?

បើស្រលាញ់គេដូចស្រលាញ់ចម្ការ ស្រលាញ់ដើម្បីប្រមូលផលនោះ អ្នកគួររៀនចិញ្ចឹមកូនឆ្មាអោយបានល្អសិនទៅ។

ស្រលាញ់និងចង់រស់នៅជាមួយមនុស្សម្នាក់មិនមែនជាការងាយទេ។

ស្រលាញ់មនុស្សម្នាក់ចង់បានគេជាគូអនាគត អ្នកត្រូវចេះស្រលាញ់គេអោយដូចសមាជិកគ្រួសារអ្នកសិន។

មិនទាន់ចេះស្រលាញ់កុំចង់មានស្នេហា វាមិនអស្ចារ្យអ្វីនឹងពាក្យដែលថាមានសង្សារនោះទេ តែវាខ្មាសគេបើស្រលាញ់ហើយបែកគ្នា។ សារមួយនេះផ្ញើរជូនអ្នកដែលមិនទាន់យល់ពីការស្រលាញ់ពិតប្រាកដ

ស្បែកជើង

ស្បែកជើងដែលខ្ញុំស្រលាញ់ខ្លាំង ពាក់ទៅណាមកណាក៏គេសរសើរថាសមនឹងខ្ញុំ ទោះខ្ញុំពាក់ដើរឆ្ងាយប៉ុនណាក៏មិនដែលឈឺផ្សាជើងខ្ញុំដែរ តែទោះជាខ្ញុំខំថែយ៉ាងណាក៏ពេលនេះស្បែកជើងខ្ញុំដាច់ហើយ។

ខ្ញុំមិនអាចពាក់ស្បែកជើងចាស់របស់ខ្ញុំដើរទៅមុខទៀតបានទេ។

ខ្ញុំមិនធ្លាប់ដើរដោះស្បែកជើងសោះ ពេលនេះខ្ញុំគួរធ្វើយ៉ាងណា?

ឈប់ដើរទៅមុខបន្ត រឺកាត់ជើងដើម្បីជៀសផុតពីការដើរជើងទទេនិងការពាក់ស្បែកជើងថ្មី?

វាមិនអាចទៅរួចទេដែលត្រូវកាត់ជើងតាមស្បែកជើងដាច់ តែបើដើរទៅមុខដោយជើងទទេរតើខ្ញុំដើរបានប៉ុន្មានជំហ៊ានទៅ?

ចុះបើខ្ញុំព្រមពាក់ស្បែកជើងថ្មីតើខ្ញុំអាចឈឺជើងទេ?

ខ្ញុំមិនហ៊ានសាកពាក់ស្បែកជើងថ្មីទេ ព្រោះខ្ញុំនៅតែនឹកដល់ភាពឥតខ្ចោះរបស់ស្បែកជើងចាស់។

តើខ្ញុំអាចធ្វើយ៉ាងណាដើម្បីដើរបន្តទៅមុខទៀតបាន?

ស្បែកជើងចាស់ដាច់ហើយ តែខ្ញុំមិនអាចបញ្ឈប់តំណើរព្រោះតែគ្មានស្បែកជើងចាស់នោះទេ ព្រោះដង្ហើមខ្ញុំនៅតែមាន ហើយខ្ញុំត្រូវបន្តតំណើរអោយអស់មួយជីវិតនេះ។

ខ្ញុំឈប់ដើរទៅមុខបានតែមួយរយៈ ហើយខ្ញុំក៏ដើរបន្តដោយជើងទទេ ខ្ញុំដើរមិនបានឆ្ងាយទេព្រោះជើងខ្ញុំឈឺណាស់។

ជួបនឹងស្បែកជើងថ្មីមួយគូ ស្រដៀងស្បែកជើងចាស់របស់ខ្ញុំ តែខ្ញុំពាក់មិនចូលជើងសោះ បានត្រឹមអស់សង្ឃឹុមហើយទៅមុខបន្ត។

បន្ទាប់មកក៏ជួបស្បែកជើងល្អមួយគូ ខ្ញុំស្មានតែស្បែកជើងថ្មីអាចធ្វើអោយខ្ញុំភ្លេចស្បែកជើងចាស់ហើយ តែពាក់ស្បែកជើងល្អធ្វើអោយជើងខ្ញុំឈឺណាស់ ឈឺជាងដែលដើរដោយជើងទទេទៅទៀត។

ខ្ញុំសម្រេចចិត្តដើរជើងទទេទាំងចិត្តនឹកដល់ស្បែកជើងចាស់របស់ខ្ញុំរាល់ពេលដែលជើងខ្ញុំឈឺ។

ថ្ងៃមួយខ្ញុំក៏បានជួបនឹងស្បែកជើងធម្មតាមួយគូ វាមិនសមនឹងខ្ញុំសោះ ខ្ញុំសម្រេចចិត្តមិនពាក់វាទេ ខ្ញុំសុខចិត្តបន្តដើរដោយជើងទទេ។

ដើរកាន់តែយូរជើងខ្ញុំកាន់តែឈឺ នឹកដល់ស្បែកជើងដែលខ្ញុំដើររំលង ខ្ញុំក៏បកក្រោយទៅរកវាវិញហើយក៏ពាក់វាដើររហូតដល់ទីបញ្ចប់នៃជីវិត។

ទោះស្បែកជើងនោះសាមញ្ញ មិនស្អាត មិនសក្តិសមនឹងខ្ញុំ តែវាក៏មិនធ្លាប់ធ្វើអោយជើងខ្ញុំឈឺ ហើយកំដរខ្ញុំដើររហូតដល់ជីវិតចុងក្រោយ…

ខ្ញុំទុកការចងចាំពេលដែលពាក់ទុកស្បែកជើងចាស់ដែលដាច់នោះ ជាអនុស្សាវរីយ៍ល្អមួយក្នុងជីវិត។ ហើយស្បែកជើងផ្សេងទៀតដែលធ្លាប់ជួប ខ្ញុំចាត់ទុកជាមេរៀន ជាអំបិលមួយចឹបនៅក្នុងបង្អែមជីវិតរបស់ខ្ញុំ។

ឯស្បែកជើងដែលកំដរខ្ញុំដើរដល់ជីវិតចុងក្រោយ គឺជាដៃគូដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ ជាបង្អែមជីវិត ជាបេះដូង។ បញ្ចាក់៖ ស្បែកជើងមិនតំណាងឲ្យមនុស្សណាម្នាក់ឡើយ ស្បែកជើងនៅក្នុងអត្ថបទនេះតំណាងឲ្យមនោសញ្ចេតណានៃទំនាក់ទំនងតែប៉ុណ្ណោះ ជាអារម្មណ៍…

មនុស្សពីរនាក់បំពេញឱ្យគ្នាដើម្បីរក្សាស្នេហាបាន

បើអ្នកថ្មីល្អក៏មិននឹកដល់អ្នកចាស់ បើអ្នកចាស់ល្អក៏មិនបែកគ្នា..

ទម្លាប់មួយរបស់មនុស្សគឺ តែងតែយកមនុស្សពីរនាក់ទៅប្រៀបធៀបគ្នាដើម្បីតែចង់ឱ្យអ្នកទាំងពីរក្លាយជាមនុស្សតែម្នាក់។

មនុស្សពីរនាក់មកពីទីកន្លែងផ្សេងគ្នា គ្រួសារផ្សេងគ្នា ការអប់រំខុសគ្នា វាមិនអាចនឹងឱ្យអ្នកទាំងពីរដូចគ្នាបានទេ ត្រូវចាំថាសូម្បីកូនភ្លោះនៅតែមិនដូចគ្នា។

មនុស្សពីរនាក់ ប្រហែលអាចបំពេញកង្វះខាតគ្នាដើម្បីតម្រូវចិត្តអ្នកបានមែន តែបេះដូងរបស់អ្នកមិនគួរដាក់មនុស្សពីរនាក់ឡើយ។

អ្នកចាស់ធ្លាប់ល្អប៉ុនណា តែពេលនេះបានបែកគ្នាហើយ

អ្នកថ្មីល្អដែរ តែនៅតែធ្វើឱ្យអ្នកនឹកអ្នកចាស់

សាកល្បងនៅម្នាក់ឯងមួយរយៈ តើអ្នកថ្មីឬអ្នកចាស់មិនល្អ?ឬអ្នកមិនល្អនោះជាខ្លួនឯងទេ?

ត្រូវគិតថាមនុស្សពីរនាក់បំពេញឱ្យគ្នាដើម្បីរក្សាស្នេហាបាន មិនមែនអ្នកចាស់និងអ្នកថ្មីនោះទេ តែគឺអ្នកនិងមនុស្សដែលអ្នកត្រូវចាប់ដៃដើរផ្លូវជាមួយប៉ុណ្ណោះ។

ស្នេហាមិនមែនជាការទាមទារ តែជាការបំពេញឱ្យគ្នាទៅវិញទេ តែឆ្លាតក្នុងការរើសមនុស្សដើម្បីស្រលាញ់ផង។ ចាំណា៎! ស្រលាញ់មនុស្សដែលគេស្រលាញ់អ្នក ទើបការលះបង់មិនមានតែម្ខាង។

មុនសម្រេចចិត្តធ្វើអីមួយត្រូវគិតឱ្យម៉ត់ចត់ណា៎

បេះដូងប្រៀបដូចកូនក្មេងអាយុរ៣ឆ្នាំ ពេលខ្លះទាមទារចង់បានអ្វីដែលមិនសមហេតុផល។

ពេលខ្លះឬយំងងូចក្នុងចិត្តសុំការអនុញ្ញាតធ្វើរឿងដែលខួរក្បាលដាក់បំរាម។

ខួរក្បាលប្រៀបដូចមនុស្សចាស់ដែលគិតយ៉ាងដិតដល់ ខួរក្បាលតែងមានអំណាចក្នុងការសម្រេចចិត្តលើរឿងរ៉ាវជីវិតរបស់បុគ្គលរៀងខ្លួន។

តែពេលខ្លះខួរក្បាលសុខចិត្តធ្វើខុសព្រោះតែតាមទំនើងបេះដូងពេក កាលៈទេសៈនោះប្រៀបដូចមនុស្សចាស់ដែលបណ្តោយខុសតាមក្មេងអាយុរ៣ឆ្នាំ។

ពេលនោះលទ្ធផលគឺដឹងមុនហើយ រឿងបន្ទាប់គឺហាមបន្ទោសអ្នកណាទាំងអស់ ព្រោះអ្នកជាបណ្តោយខ្លួនឯងឱ្យខុសខ្លួនឯង។ ការដែលតាមមនោសញ្ចេតនាខ្វះការពិចារណាពេក លទ្ធផលនឹងបានការឈឺចាប់ច្រើនជាងសុភមង្គល។

ជីវិតមនុស្សនេះណា៎ រស់ត្រូវមានមនោសញ្ចេតនា តែក៏មិនអាចបោះបង់ខួរក្បាលបានដែរ។ ខួរក្បាលតឹងរឹងពិតមែន តែក៏មិនងាយនាំអ្នកឱ្យមានវិប្បដិសារីដែរ តែបើមានតែខួរក្បាលគ្មានមនោសញ្ចេតនាជីវិតនឹងសោះកក្រោះគ្មានសុភមង្គលដូចគ្នា។

ដូច្នេះទាំងពីរនេះមិនអាចមានមួយអត់មួយបានទេ តែគប្បីប្រើឱ្យបានសមស្របដើម្បីជីវិតមានសុភមង្គលពេញលេញ។

ទុកឱ្យខួរក្បាលឈ្លោះជាមួយបេះដូងខ្លះទៅ ចាត់ទុកថាជាការញាំស្វាយអំបិលម្ទេស មុនសម្រេចចិត្តធ្វើអីមួយត្រូវគិតឱ្យម៉ត់ចត់ណា៎