អនុស្សាវរីយ៍ថ្ងៃកំណើត

ខ្ញុំនៅចាំបានកាលនៅវ័យ១៤ ១៥ ឆ្នាំខ្ញុំនៅមិនទាន់ចាំថ្ងៃកំណើតរបស់ខ្លួនឯងនោះទេ ឱ្យតែដល់ថ្ងៃកំណើតខ្ញុំចេះតែភ្លេច ហើយក៏គ្មានមិត្តភ័ក្កណាចាំថ្ងៃកំណើតរបស់ខ្ញុំដែរ។ ខ្ញុំមិនធ្លាប់សូម្បីតែទទួលបានពាក្យជូនពរ ក្នុងថ្ងៃកំណើត។ វ័យ១៦ ១៧ឆ្នាំ ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ស្វែងរកអារម្មណ៍ពិសេសក្នុងថ្ងៃកំណើត ខ្ញុំតែងព្យាយាមចាំ និងទន្ទឹងថ្ងៃកំណើតរបស់ខ្លួនឯង។ កាលនោះខ្ញុំមិនចាប់អារម្មណ៍ថាមានអ្នកណាខ្លះ នឹងចងចាំថ្ងៃកំណើត ឬផ្ញើសារជូនពរអ្វីទេ ខ្ញុំសូមត្រឹមតែបាននិយាយពាក្យ Happy Birthday To Me រៀងរាល់ព្រឹកថ្ងៃកំណើត។

នៅពេលដែលខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ថ្ងៃកំណើតរបស់ខ្លួនឯង មិត្តភ័ក្ករបស់ខ្ញុំក៏ចេះចាប់អារម្មណ៍ពីវាដូចគ្នា ខ្ញុំទទួលបានសារជូនពរ និងការទូរស័ព្ទជូនពរពីមិត្តខ្លះៗ។ របស់ដែលយើងមិនរំពឹង វាធ្វើឱ្យខ្ញុំមានក្តីសុខនឹងការទទួលយកណាស់ វាមិនធំដុំសោះបើគ្រាន់តែពាក្យជូនពរពីរបីម៉ាត់ តែវាបានបង្ហាញថាខ្ញុំសំខាន់នៅក្នុងចិត្តរបស់ពួកគេ។ សម័យកាលគ្មានប្រព័ន្ធបច្ចេកវិទ្យាដាស់តឿន តើមានមនុស្សប៉ុន្មាននាក់អាចចាំថ្ងៃកំណើតរបស់អ្នក អាចទូរស័ព្ទ ឬផ្ញើសារជូនពរបាននោះ? មិនសូវមានទេ! មានត្រឹមពីរបីនាក់ ខ្ញុំក៏ចាត់ថាខ្លួនឯងសំណាងណាស់។

អាយុ២១ឆ្នាំ ខ្ញុំចាប់ផ្តើមស្រលាញ់ថ្ងៃកំណើតកាត់ថែខ្លាំង ខ្ញុំចង់ជួបជុំសប្បាយរាល់ថ្ងៃមួយនោះ។ ប្រាក់ខែបន្តិចបន្តួច ខ្ញុំត្រូវរំលែកមកធ្វើកម្មវិធីតូចមួយសម្រាប់ខ្លួនឯង ខ្ញុំតែងអញ្ជើញមិត្តភ័ក្តរបស់ខ្ញុំគ្រប់ក្រុមមកជួបជុំគ្នា ញ៉ាំអីជុំគ្នា។ ចិត្តខ្ញុំកាលនោះ ខ្ញុំមិនចាប់អារម្មណ៍សោះ ថាគេមកជាមួយអំណោយឬអត់ ការចំណាយពិធីតូចមួយនោះត្រូវឱ្យខ្ញុំញ៉ាំសៀងយូរប៉ុណ្ណា ហិហិ.. តែមិត្តភ័ក្កមានទឹកចិត្តមិនដូចគ្នានោះទេ មិត្តច្រើន បែបផែននៃក្តីស្រលាញ់ក៏ច្រើន។ មិត្តភ័ក្កខ្លះមកជាមួយនឹងអំណោយធំៗ និងខ្លះមកជាមួយអំណោយតិចតួច ខ្លះក៏មិនមានអីក្រៅពីពាក្យជូនពរ។ ថ្ងៃកំណើតគម្រប់អាយុ២៤ ឆ្នាំទើបខ្ញុំមានឱកាសទទួលបានការរៀបចំពិធីដោយសមរម្យ ដែលមានទាំងនំខួបកំណើតផង។ ខ្ញុំចាប់ផ្តើមចាប់អារម្មណ៍ថា អារម្មណ៍ដែលគេរៀបចំគ្រប់យ៉ាងឱ្យបែបនោះគឺវាកក់ក្តៅណាស់ ខ្ញុំឈ្លក់វង្វេងអារម្មណ៍ដែលទទួលបានក្តីស្រលាញ់ ហើយចេះតែលោភលន់ចង់បានវារាល់ឆ្នាំ។

ម្តងម្កាលខ្ញុំក៏គិតទៅដល់ភាពខ្ជះខ្ជាយ ម្តងម្កាលខ្ញុំគិតទៅដល់ភាពរំខាន។ ខ្ញុំមិនអស្ចារ្យទេ! ហេតុអីថ្ងៃកំណើតរាល់ឆ្នាំត្រូវរំខានមនុស្ស មិនចេះតិចនាក់មកជួបជុំគ្នា ដើម្បីខ្លួនឯងបានក្លាយជាតួឯក? ខ្ញុំមិនអស្ចារ្យទេ! ហេតុអ្វីត្រូវចំណាយលុយច្រើនម្ល៉េះមកចំណាយលើកម្មវិធីមួយនេះ? ថ្ងៃកំណើត២៦ឆ្នាំជាលើកចុងក្រោយដែលខ្ញុំបង្កើតបរិយាកាសជួបជុំមិត្តភ័ក្កគ្រប់ក្រុម គ្រប់បក្សដែលខ្ញុំមាន។

ខ្ញុំគិតថាថ្ងៃកំណើតជាថ្ងៃសំខាន់ ជាថ្ងៃពិសេស ខ្ញុំក៏មិនចង់ចំណាយពេលវេលាជាមួយមនុស្សដែលស្រលាញ់ខ្ញុំសើរៗដែរ។ ខ្ញុំលែងធ្វើកម្មវិធីអ្វីទាំងអស់ ខ្ញុំទៅជារង់ចាំទទួលការស្រលាញ់ទៅវិញ ខ្ញុំចង់ដឹងថា បើគ្មានការស៊ីចុកហ្រ្វីៗ តើមានមនុស្សប៉ុន្មាននាក់នឹងនឹកដល់ខ្ញុំក្នុងថ្ងៃមួយនេះ? តើខ្ញុំនឹងទទួលបានសារជូនពរ និងអំណោយពីមនុស្សប៉ុន្មាននាក់?

ឆ្នាំទីមួយនោះ ខ្ញុំទទួលបានសារជូនពរដដែល តែអំណោយតិចជាងរាល់ដង តែខ្ញុំទទួលបានពាក្យតូចចិត្ត និងឌឺដងច្រើនទៅវិញ។ មិត្តរបស់ខ្ញុំដែលរង់ចាំឱ្យខ្ញុំហៅគេញ៉ាំជួបជុំ អន់ចិត្តដែលគេគ្មានវត្តមានរបស់គេក្នុងកម្មវិធីតូចមួយរបស់ខ្ញុំ តែកម្មវិធីមួយនោះមិនមែនជាការរៀបចំរបស់ខ្ញុំ តែមនុស្សមួយក្រុមផ្សេងដែលស្រលាញ់ខ្ញុំទៅវិញ។

ពីរបីឆ្នាំបន្ទាប់ ខ្ញុំចាប់ផ្តើមធុញទ្រាន់នឹងទទួលការរៀបចំថ្ងៃកំណើត ខ្ញុំមិនអាចស្វែងរកអារម្មណ៍ពិសេសសម្រាប់ថ្ងៃពិសេសមួយនោះបាន ខ្ញុំគិតថាកន្លងមកខ្ញុំរំលងមនុស្សដែលស្រលាញ់ខ្ញុំពិតប្រាកដ។ ខ្ញុំត្រឡបមកចាប់អារម្មណ៍ម៉ាក់ ប៉ា និងគ្រួសាររបស់ខ្ញុំវិញ។ គ្រួសារយើងមិនចាប់អារម្មណ៍ថ្ងៃកំណើតអីទេ ដូច្នេះពីដើមឡើយពួកគាត់មិនខ្វល់ខ្វាយរៀបចំពិធី ឬអន់ចិត្តដែលខ្ញុំទៅជប់លាងខាងក្រៅ តែឆ្នាំមួយនោះទើបខ្ញុំចាប់អារម្មណ៍ថាគ្រួសារសំខាន់។ ថ្ងៃកំណើតមិនគួរជាថ្ងៃបារម្ភ ខ្ញុំមិនគួរដើរលេងដល់យប់ជ្រៅ ខ្ញុំគួរមានកម្មវិធីជាមួយមនុស្សដែលខំហត់ ខំពិបាកដើម្បីបង្កើតខ្ញុំឱ្យមានរូបរាងក្នុងថ្ងៃនេះ។

ថ្ងៃកំណើតរាល់ឆ្នាំ ខ្ញុំត្រូវបានគេទម្រើសឱ្យមានភាពលោភលន់ ខ្ញុំតែងរាប់ថាតើខ្ញុំបានទទួលនំខេកប៉ុន្មាន ពីហាងណាខ្លះ រូបរាងស្អាតដូចម្តេចខ្លះ អំណោយអ្វីខ្លះ និងការរៀបចំឱ្យមានបែបផែនយ៉ាងណាខ្លះ។

ថ្ងៃមួយនោះ ខ្ញុំស្រាប់តែចាប់អារម្មណ៍ថាការរាប់នំខេករបស់ខ្ញុំនេះគឺវាហួសហេតុណាស់សម្រាប់អ្នកដែលមិនធ្លាប់ទទួលនំខេកសោះ។ ខ្ញុំជឿថាមានមនុស្សខ្លះ មិនធ្លាប់ទទួលបាននំខេកថ្ងៃកំណើតសោះក្នុងជីវិត អ្នកខ្លះទៀតមិនសូម្បីតែបានប្រារព្ធថ្ងៃកំណើត។

គម្រប់អាយុ៣១ឆ្នាំ​ខ្ញុំលែងចាប់អារម្មណ៍រាប់នំខេក និងទទួលអំណោយហូរហៀរនោះទៀតហើយ ខ្ញុំចង់ផ្តល់ឱ្យវិញម្តង។ ជាលើកទីមួយដែលខ្ញុំផ្តល់អនុស្សាវរីយ៍ដ៏មានន័យបំផុតមួយដល់ខ្លួនឯង ជាការចងចាំប្រចាំជីវិត។ ថ្ងៃកំណើតមួយនោះ បានប្រារព្ធជាមួយក្មេងៗកំព្រា និងក្រីក្រនៅក្នុងសមាគមន៍មួយ។ ពួកយើងបានភ្លុំទៀនខួបកំណើតជាមួយគ្នា ពួកគេប្រាប់ថានេះជាលើកទី១ដែលគេបានទទួលការធ្វើជប់លៀងថ្ងៃកំណើត និងបានទទួលការដូរថ្ងៃកំណើត វាក៏ជាលើកទី១ដែលរបស់ខ្ញុំ ដែលខ្ញុំទទួលបានស្នាមញញឹមដែលមិនបង្កប់ភាពស្រពោនក្នុងថ្ងៃកំណើត។ ត្រឹមថ្ងៃនោះ ខ្ញុំប្រាប់ខ្លួនឯងថា ភាពរីករាយបំផុតមិនមែនព្រោះតែទទួលបានទេ គឺព្រោះតែការបានឱ្យ!

អនុស្សាវរីយ៍ជាច្រើនបានកើតឡើងក្នុងថ្ងៃកំណើត រឿងសប្បាយចិត្ត និងមិនសប្បាយចិត្តជាច្រើនបានកើតឡើងដូចគ្នា។ មនុស្សយើងសប្បាយចិត្តតែពេលណាសមបំណងទេ បើមិនសមបំណងក៏រកស្នាមញញឹមបរិសុទ្ធមិនឃើញ។ អាយុកានត់តែច្រើន ខ្ញុំកាន់តែធុញថប់ក្នុងការប្រារព្ធពិធីថ្ងៃកំណើត។ ពេលខ្លះខ្ញុំឆ្ងល់ខ្លួនឯងមិនដឹងជាចាំថ្ងៃនេះធ្វើអីទេ! វាជាថ្ងៃរំឭកថាខ្ញុំបានចាស់មួយឆ្នាំទៀតហើយ ជាថ្ងៃដែលខ្ញុំត្រូវរាយការរបាយការណ៍ជីវិតឱ្យខ្លួនឯង បន្ទោសខ្លួនឯង និងដាក់សម្ពាធឱ្យខ្លួនឯងជាបន្តបន្ទាប់។ មួយឆ្នាំហើយ មួយឆ្នាំទៀត របស់ដែលចង់បាន បើបានហើយគ្រាន់តែអរគុណខ្លួនឯងដែលធ្វើបាន បើមិនទាន់បានគឺត្រូវធ្វើជាថ្នាក់លើបន្ទោស ដាក់កំហុស និងតឿនខ្លួនឯងឱ្យរត់ទៅរកវាឱ្យបានមក។ ថ្ងៃកំណើតយូរៗទៅ កាន់តែលែងមានន័យទៅ បើទោះខ្ញុំនៅតែខំរកនឹកធ្វើរឿងល្អៗឱ្យបានជាការចងចាំល្អប្រចាំឆ្នាំ តែខ្ញុំនៅតែធុញទ្រាន់ពេលដល់ថ្ងៃនេះម្តងៗ។

ថ្ងៃកំណើតឆ្នាំនេះវ័យ៣៤ឆ្នាំ ខ្ញុំគ្មានសូម្បីតែអារម្មណ៍និយាយពាក្យ Happy Birthday To Me ឱ្យខ្លួនឯង។ គ្មានសូម្បីតែអារម្មណ៍ទៅទិញកាដូជូនខ្លួនឯង។ ខ្ញុំសួរឆ្លើយខ្លួនឯងជាច្រើនថ្ងៃ តើខ្ញុំស្រលាញ់អី? ខ្ញុំចង់បានអី? ចម្លើយគឺភាពស្ងៀមស្ងាត់!

មកដល់ថ្ងៃនេះ ខ្ញុំមានអារម្មណ៍ខ្មាសអៀនពេលនិយាយថាវាជាថ្ងៃកំណើតទៅវិញ! ខ្ញុំស្រាប់តែចង់រត់គេចពីមនុស្សទាំងឡាយ មិនចង់បានអ្វី មិនចង់ទាមទារអ្វី! ថ្ងៃកំណើត! សូមត្រឹមតែជាថ្ងៃធម្មតា សាមញ្ញដូចរាល់ថ្ងៃទៅបានហើយ! ថ្ងៃកំណើតមិនមានអ្វីអស្ចារ្យនោះទេ!

ខ្ញុំមិនស្អប់ មិនស្រលាញ់អ្នកណា ព្រោះតែសកម្មភាពរបស់គេក្នុងថ្ងៃកំណើតរបស់ខ្ញុំនោះទេ តែខ្ញុំនឹងចងចាំមនុស្សដែលស្វាគមន៍វត្តមានរបស់ខ្ញុំក្នុងផែនដីនេះ។ ក្តីស្រលាញ់ ដោយទឹកចិត្ត និងទឹកមាត់គឺខ្ញុំអាចទទួលដឹងតាមអារម្មណ៍បាន មានឬគ្មានអំណោយ មានឬគ្មានការជូនពរកុំបារម្ភអី! បេះដូងរបស់ខ្ញុំវាបានប្រាប់ខ្ញុំហើយថាទង្វើរបែបណាជាក្តីស្រលាញ់ និងកិច្ចបង្គ្រប់។

ថ្ងៃកំណើតគម្រប់វ័យ៣៤ឆ្នាំ ខ្ញុំសូមអរគុណដល់មិត្ត និងមនុស្សដែលធ្លាប់ និងកំពុងស្រលាញ់ទាំងអស់ ដែលផ្តល់ការចងចាំ និងអនុស្សាវរីយ៍កន្លងមក។ វត្តមានរបស់អ្នក ជាអនុស្សាវីយ៍ក្នុងជីវិតខ្ញុំ។ អរគុណដែលតែងតែផ្តល់ការចងចាំក្នុងថ្ងៃកំណើត!

មនុស្សដែលអ្នកស្រលាញ់ក៏មិនមែនមានបេះដូងជាធុងសំរាមទេ

កុំព្យាយាមទាក់ទាញការចាប់អារម្មណ៍អ្នកដទៃលើសពីសភាពធម្មតារបស់អ្នក ព្រោះលទ្ធផលវានឹងផ្ទុយពីអ្វីដែលអ្នកចង់បាន។

ដឹងទេ? អ្វីដែលអ្នកខំសម្តែង គឺជាអ្វីដែលមិនមែនជាអ្នកនោះទេ។ ហើយអ្វីដែលមិនមែនជាអ្នកនៅពេលដែលអ្នកកាន់តែខំសម្តែង វានឹងកាន់តែមើលទៅឆ្គង។

សភាពដែលមិនពិតមិនមែនជាមន្តស្នេហ៍ទេ តែវាជាកាយវិការកំប្លែង ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនសើចចំអកឱ្យអ្នកទៅវិញទេ។

ធ្លាប់ទេ? ពេលដែលចង់ឱ្យខ្លួនឯងលេចធ្លោកណ្តាលចំនោម ស្រាប់តែខំនិយាយឮៗ ឬខំសើចខ្លាំងៗ ខំធ្វើជាសប្បាយចិត្តជ្រុល រួសរាយហួស ឬក៏ដើរតួរផ្សេងៗ ដែលមើលទៅវាមិនមែនជាខ្លួនអ្នកសោះ។ ឬពេលខ្លះទៀត ពេលបានទៅកម្មវិធីមួយ ព្រោះតែចង់ឱ្យបានលេចធ្លោក៏ខំតាក់តែងកាយដែលហួសពីបុគ្គលិកលក្ខណៈរបស់ខ្លួនឯង។ ខំយ៉ាងនេះ តែលទ្ធផលបានមកវិញជាក្រសែភ្នែកចម្លែក ក្រសែភ្នែកមាក់ងាយ ចំអក ដែលធ្វើឱ្យអ្នកទទួលអារម្មណ៍ខ្មាស់អៀន ឬអាមាសទៅវិញ។

ខំសម្តែងយ៉ាងនេះ គ្រាន់តែចង់បានការចាប់អារម្មណ៍ ឬការស្រលាញ់តែប៉ុណ្ណោះ តែមានដឹងខ្លួនទេ? បើចាប់ផ្តើមដោយកាយវិការមិនពិតទៅហើយ ទៅចង់បានការស្រលាញ់ឬការចាប់អារម្មណ៍ពិតយ៉ាងម៉េចទៅ?

មិនចាំបាច់ធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សក្លែងក្លាយនោះទេ មិនចាំបាច់ខំសម្តែងតួរឱ្យនរណាមកចូលចិត្ត ឬចាប់អារម្មណ៍អ្នកឡើយ។ បើម្នាក់នោះ មិនចូលចិត្តនិស្ស័យធម្មជាតិរបស់អ្នកហើយ ទោះអ្នកខំសម្តែងក៏បានចិត្តគេក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ បើថ្ងៃមួយការពិតត្រូវបានលាតត្រដាង អ្នកគង់នឹងបាត់បង់គេដូចគ្នា។

ម្យ៉ាងវិញទៀត ការរាប់អាន ក្តីស្រលាញ់ពិតប្រាកដ បើកើតមានក្នុងចិត្តនរណាហើយ គេនឹងមិនប្រកាន់អ្នកច្រើននោះទេ គេនឹងព្យាយាមទទួលយកអ្វីដែលជាចំនុចមិនល្អរបស់អ្នក តែយ៉ាងណា មនុស្សដែលអ្នកស្រលាញ់ក៏មិនមែនមានបេះដូងជាធុងសំរាមទេ ទង្វើរដែលមិនល្អគួរព្យាយាមលុបបំបាត់ទៅ មនុស្សស្រលាញ់រាប់អានគ្នា គួរតែផ្តល់តែអ្វីដែលល្អៗឱ្យគ្នាទើបជាការប្រសើរ។ ឈប់សម្តែងទៅណា៎ ទើបអាចរកបានមិត្តភាព ឬស្នេហាពិតប្រាកដបាន។