កុំខូចចិត្តពេកបើបាត់បង់

កំពុងតែស្រលាញ់គ្នាគេសុំបែក
ហេតុផលជាច្រើនរាប់មិនអស់ សរុបចុងក្រោយព្រោះគេចង់ចប់!
ភ្លាមៗទឹកភ្នែកហូរ ភ្លាមៗពិបាកដកដង្ហើម ភ្លាមៗមានអារម្មណ៍ដូចផែនដីរញ្ជួយ។

ស្នេហា! ពាក្យពីរម៉ាត់ដែលមានន័យពិសេសជាងជីវិត???
កុំគ្រាន់តែអត់ស្នេហាស្មានថាផែនដីរលាយ! ផែនដីនៅស្រស់ស្អាតណាស់ ផែនដីនៅអ៊ូអរណាស់! កុំទាន់គិតផ្តេសផ្តាស!
មនុស្សម្នាក់ដែលកំពុងដើរចេញពីជីវិតអ្នក គេកំពុងតែទុកឱកាសឱ្យអ្នករកបានមនុស្សដែលល្អជាងគេ ឬកំពុងផ្តល់ឱកាសឱ្យអ្នកបានអភិវឌ្ឍន៍ខ្លួនឯងតែប៉ុណ្ណោះ!
អត់មានមនុស្សម្នាក់តើអ្នកទៅជាយ៉ាងណា?

បើអ្នកក្លាយជាឯកា បើអ្នកក្លាយជាបរាជ័យ… អ្នកវីវ៉រហើយ!
នៅពេលដែលបាត់បង់របស់មួយជាពេលមួយដែលអ្នកត្រូវឈរមុខកញ្ចក់សួរខ្លួនឯងម្តងទៀត! តើអ្នកខុសអ្វី តើអ្នកអន់ត្រង់ណា?
រក្សាស្នេហាមួយមិនបាន អ្នកប្រាកដជាមានកំហុស!
តែមនុស្សនៅមានដង្ហើម ខុសទាស់យ៉ាងណាក៏គង់មានផ្លូវអាចកែប្រែឱ្យប្រសើឡើង។

ស្នេហាទៅបាត់អាចព្រោះអ្នកល្ងង់ស្រលាញ់ចំមនុស្សចិត្តខ្យល់
ស្នេហាទៅបាត់ អាចព្រោះអ្នកខ្វះសមត្ថភាពរក្សាទំនាក់ទំនង
ស្នេហាទៅបាត់ អាចព្រោះជីវភាពមិននឹងនរ..
ស្នេហាទៅបាត់ អាចព្រោះ…….
ព្រោះអ្វីក៏ដោយចុះ រកចំណុចអន់របស់ខ្លួនឯងហើយខំកែខៃឱ្យបានប្រសើឡើង។
ស្នេហាមួយនេះទៅបាត់ហើយ ស្នេហ៍ក្រោយនឹងមកដល់នៅថ្ងៃណាមួយ បើថ្ងៃនេះអ្នកនៅតែមិនប្រុងប្រៀបរៀបចំខ្លួនឱ្យល្អ ស្នេហ៍ក្រោយនឹងទៅចោលអ្នកម្តងទៀត!

ឆាកជីវិតមនុស្សម្នាក់ៗ អាចជួបស្នេហាលើសពីម្តង
កុំខូចចិត្តពេកបើបាត់បង់! ចាស់មិនទៅថ្មីនឹងមិនមក
កុំស្តាយបើគេទៅ! ទោះគេធ្លាប់ល្អយ៉ាងណា គេនឹងមិនល្អទៀតទេ នាពេលដែលគេចង់ទៅ!
ជឿទៅ! បើគេល្អមែនគេមិនទៅទេ! ហើយបើគេទៅហើយ កុំស្តាយមនុស្សប្រែពណ៌។

ស្វែងរកគុណវិបិត្ត ហើយស្ថាបណាឱ្យក្លាយជាគុណសម្បត្តិវិញទៅល្អជាង!

កុំអាត្មានិយមពេកបើមិនចង់ឱ្យមនុស្សល្អដើរចេញពីអ្នក

គឺបែបហ្នឹងហើយ! គេក៏បែបហ្នឹងហើយ!

យើងហ្នឹងជាអ្នកណា? យ៉ាងម៉េចបានចេះតែឱ្យគេព្រមទទួលអាភាពជាបែបហ្នឹងរបស់យើងរហូត? ចុះគេអត់មានអាភាពជាបែបហ្នឹងរបស់គេដែរទេឬ? យើងហ្នឹងព្រមទទួលទង្វើរទាស់ៗ ឆ្គងៗរបស់គេបានប៉ុន្មានភាគរយទៅ បានជាត្រូវឱ្យគេមកព្រមទទួលទង្វើរទាស់ៗ ឆ្គងៗរបស់យើង?
មកពីយើងចាត់ទុកគេជាមនុស្សពិសេស ឬមកពីយើងជាមនុស្សពិសេសរបស់គេ?

ព្រោះតែយើងចាត់ទុកគេជាមនុស្សពិសេស ដូច្នេះគេត្រូវផ្តល់ភាពពិសេសគ្រប់យ៉ាងឱ្យយើង ត្រូវទ្រាំជាមួយភាពឆ្គងមិនគាប់ចិត្តដែលយើងមាននោះទេ!
កាន់តែគួរពិចារណាមួយទៀត ប្រសិនបើយើងនេះជាមនុស្សពិសេសរបស់គេ កុំច្រលំថាគេចូលចិត្តហើយយើងធ្វើអីក៏ត្រូវ!

ត្រូវចាំថាបេះដូងនិងខួរក្បាលរបស់មនុស្សម្នាក់ៗតែងដើរមកជាមួយគ្នា គ្រាន់តែពេលខ្លះបេះដូងដើរមុនមួយជំហ៊ាន ខួរក្បាលមកតាមក្រោយ តែបើអ្នកធ្លោយឱ្យគេឈឺច្រើនដងខួរក្បាលនឹងមកទាន់បេះដូងជាមិនខាន ពេលនោះកុំខឹងបើគេអស់ទ្រាំ!

ចាំណា៎! មនុស្សពិសេស ឬមិនពិសេស គ្មាននរណាចូលចិត្តទង្វើរឆ្គង ទាស់ចិត្តទាស់អារម្មណ៍នោះទេ! កុំអាត្មានិយមពេកបើមិនចង់ឱ្យមនុស្សល្អដើរចេញពីអ្នក! រៀនយកចិត្តគេដាក់ចិត្តយើងខ្លះ រៀនចេះថ្លឹងថ្លែងការលះបង់ឱ្យស្មើគ្នាខ្លះ ទើបទំនាក់ទំនងល្អៗវាអាចនៅជាមួយយើងបានយូរ។

មិនសមឱ្យមាននៅក្នុងការចងចាំរបស់យើងទេ

រឿងក្នុងផែនដីនេះគ្មានអ្វីជាទៀងទាត់ តែរឿងព្រាត់វាទៀតទាត់ ឃាត់មិនបាន។ គួរត្រៀមចិត្ត លាដៃឱ្យមនុស្សអស់ចិត្តបានទៅតាមសម្រួល ហើយរៀនរស់នៅបែបគ្មានគេដូចពេលដែលមិនធ្លាប់មានគេ។
កុំទៅទួញសោក ឬខូចចិត្តអី កុំឱ្យមនុស្សដែលចាកចេញនៅសល់តម្លៃ! បើគេទៅ! គេអស់តម្លៃ! យើងមិនឱ្យតម្លៃមនុស្សប្រែពណ៌ មនុស្សចិត្តខ្យល់ឡើយ!
មនុស្សដែលដើរចេញ មនុស្សដែលធ្វើឱ្យយើងយំ គេនោះមិនមានតម្លៃទៀតឡើយ!

ពេលស្រលាញ់គ្នាសន្យារួចហើយ ពេលចាប់ផ្តើមបានដាំឆន្ទៈរួចហើយ។ សុខៗគេមកសុំទៅ សុខៗគេមកសុំចប់ មនុស្សគ្មានសច្ចៈ មនុស្សអស់ចិត្តនឹងព្រមទទួលការប្រមាថគ្រប់យ៉ាងពីយើង! ធ្វើយ៉ាងណាឱ្យគេបានទៅតាមចិត្តរបស់គេ!
ឱ្យគេទៅ! ឱ្យការប្រមាថទាំងឡាយដែលគេសមនឹងទទួល!
មនុស្សល្អ! មនុស្សថ្លៃថ្នូរគេនឹងរក្សាសច្ចៈ គេមិនបោកប្រាស់មនោសញ្ចេតនាអ្នកណាទេ! ហើយមនុស្សរឹងមាំ គេនឹងមិនបោះបង់ឆន្ទៈ មិនក្បត់សន្យាដែរ!
បើគេក្រឡាស់ហើយ លែងដៃគេទៅ! ឱ្យគេទៅណាទៅៗ! គេមិនមានតម្លៃ មិនសមទទួលបានក្តីស្រលាញ់ ក្តីស្មោះពីយើងទៀតទេ!
ថ្ងៃក្រោយបានជួបចៃដន្យ ឃើញហើយដើរចេញ ដើរផ្លូវរៀងខ្លួន! ថ្ងៃណាច្រលំនឹកដល់ ក៏បិទភ្នែកបំភ្លេចចោល! មនុស្សមិនសូវថ្លៃមិនសមឱ្យមាននៅក្នុងការចងចាំរបស់យើងទេ!

លាក់ៗខ្លះទៅមន្តស្នេហ៍ហ្នឹង

ស្រីស្អាតៗមួយចំនួនមានទម្លាប់បញ្ចេញមន្តស្នេហ៍គ្រប់ពេលវេលា គ្រប់កាលៈទេសៈ តែសុំកុំឱ្យវាទៅជាទម្លាប់ដោយមិនលើកលែងកាលៈទេសៈណាមួយឱ្យសោះ។

មន្តស្នេហ៍អាចជះចេញបានគ្រប់ពេល តែមិនមែនពេលដែលមិត្តរបស់អ្នកណែនាំសង្សារគេឱ្យអ្នកស្គាល់ឡើយ។
ទុកឱកាសឱ្យមិត្តភ័ក្កបានរក្សាទំនាក់ទំនងស្នេហារបស់ពួកគេឱ្យបានយូរៗផង ទោះបើថ្ងៃមួយគេបែកគ្នាក៏មិនគួរឱ្យមានរឿងពាក់ព័ន្ធនឹងអ្នកដោយចេតនាឬអចេតនាដែរ។
សង្សាររបស់មិត្តភ័ក្ក ចាត់ទុកត្រឹមតែជាមិត្តភ័ក្កធម្មតា។ មិនចាំបាច់បញ្ចេញប្រតិកម្មហួសហេតុពេក រំជើបរជួលដែលបានស្គាល់ពេកនោះទេ ស្គាល់ៗតាមតែលក្ខខ័ណ្ឌដែលមិត្តយើងចង់បានទៅបានហើយ។

ប្រយ័ត្នខ្សែភ្នែក ប្រយ័ត្នកាយវិការទើបជាការប្រសើរ ចាត់ទុកថាខ្លួនឯងជាស្រីស្អាតផងពេលខ្លះ លាក់ៗខ្លះទៅមន្តស្នេហ៍ហ្នឹង កុំឱ្យសង្សារមិត្តភ័ក្តគេរង្កើរចិត្ត។

ខ្ញុំមិនខ្វល់ទេថាចិត្តអ្នកគិតយ៉ាងណា

សម្រស់សំខាន់ម្លឹងបានជាមនុស្សស្រីមិនតិចនាក់ស្រក់ទឹកភ្នែកព្រោះតែកង្វះនៃសម្រស់។

សុខៗខ្ញុំក្លាយជាមនុស្សដែលមិនទទួលបានការចាប់អារម្មណ៍ មិនមានការតាមសម្លឹង ឬសម្លឹងមើលមុខហើយក៏ងាកចេញយ៉ាងធម្មតា។
ផ្ទៃមុខធ្លាប់តែស្អាតរបស់ខ្ញុំមិនធ្លាប់ហៅអ្នកណាឱ្យលង់ឱ្យតាមគយគន់ឡើយ
ផ្ទៃមុខមិនស្អាតរបស់ខ្ញុំមិនបានបន្លាចអ្នកណាទេ មិនបានសម្លុតគម្រាមយកជីវិតរបស់អ្នកណាដែរ
ហេតុអ្វីក្រសែភ្នែកសម្លឹងផ្លាស់ប្តូរលឿនយ៉ាងនេះ?
ដឹងទៅ! ថានេះវាជាធម្មជាតិ! មិនថាយើងឬគេ បើឃើញសម្រស់ទាក់ទាញនឹងតាមមើលដូចគ្នា តែបើថ្ងៃមួយសម្រស់ខាងក្រៅរបស់យើងមិនមានអ្វីឱ្យគេតាមមើលទៀត គួរពិចារណារកវិធីបង្ហាញសម្រស់ខាងក្នុងរបស់យើងវិញ។

ខ្ញុំមិនខ្វល់ទេដែលគេឈប់មើល ឈប់សរសើរផ្ទៃមុខរបស់ខ្ញុំ ខ្ញុំនៅតែញញឹមឱ្យគេសសើរស្នាមញញឹមរបស់ខ្ញុំ ខ្ញុំញញឹមស្រស់ ខ្ញុំរួសរាយ ខ្ញុំមានទំនុកចិត្ត វាជាអ្វីដែលមិនសាបសូន្យ។

គ្មានអ្នកណាស្អាតរហូតទេ តែមនុស្សល្អ មនុស្សពូកែ នឹងនៅតែល្អនិងពូកែរហូត ឱ្យតែមានទឹកចិត្តរឹងមាំ។
កុំតូចចិត្ត! កុំចុះចាញ់! កុំខ្មាស់អៀន! មិនស្អាតដូចមុន ឬមិនធ្លាប់ស្អាតក៏មិនអីដែរ ព្រោះបេះដូងយើងមិនឱ្យតម្លៃទៅលើសម្រស់នៃសម្បកកាយ បេះដូងយើងឱ្យតម្លៃទៅលើសម្រស់ផ្លូវចិត្ត កិត្តិយស និងភាពស្រស់ស្អាតនៃអារម្មណ៍ មិនស្អាតក៏អាចញញឹមបាន មិនស្អាតក៏មិនខ្លាចក្នុងការឱ្យអ្នកឃើញមុខរបស់ខ្ញុំដែរ។

មុខមិនស្អាតមិនអាចត្រូវតែសំងំខ្លួនក្នុងភពងងឹតឡើយ មុខមិនស្អាតក៏អាចបង្ហាញខ្លួនគ្រប់ទីកន្លែង មុខមិនស្អាតក៏មានកិត្តយស មុខមិនស្អាតក៏អាចជោគជ័យ មុខមិនស្អាតតែចិត្តខ្ញុំស្អាត។
ខ្ញុំមិនខ្វល់ទេថាចិត្តអ្នកគិតយ៉ាងណា តែខ្ញុំច្បាស់ណាស់ថាខ្ញុំរស់នៅក្នុងភាពស្អាតរហូតមក។

គិតល្អនិយាយល្អ

អាយុប៉ុណ្ណេះហើយខ្ញុំត្រូវត្រឡប់មករៀនសារជាថ្មី រៀននិយាយ រៀនគិត!
ពាក្យសម្តីមុតណាស់ មុតជាងកាំបិត។ និយាយមិនបានគិតខ្ញុំអាចចាក់មនុស្សឱ្យស្លាប់ដោយអចេតនា ឬបើខ្ញុំមានចេតនា ខ្ញុំអាចធ្វើឱ្យគេឈឺ គេខឹង គេស្អប់។ បេះដូងរបស់ខ្ញុំបរិសុទ្ធណាស់ ទោះខ្ញុំជាមនុស្សក្បាលរឹងចង់ឈ្នះ បេះដូងខ្ញុំប្រាប់ថាទោះខ្ញុំមិនចូលចិត្តគេ ឬខឹងគេ ខ្ញុំមិនរំពឹងការស្អប់ ការធ្វើបាបពីអ្នកណាដែរ។ ដូច្នេះ ខ្ញុំត្រូវរៀននិយាយអ្វីដែលមិនប៉ះពាល់ដល់គេ ដើម្បីជាសុខរបស់ខ្ញុំខ្លួនឯង។

រីឯកាគិតរវើរវាយ ការគិតដែលលធ្វើឱ្យចិត្តខ្ញុំឈឺ ឱ្យខ្លួនឯងហត់ក្នុងការរស់នៅបន្ត ខ្ញុំដឹងថាវាមិនល្អសម្រាប់ជីវិតខ្ញុំទេ។ ធំហើយទើបដឹងថាក្នុងចិត្តខ្ញុំនេះមានគំនិតអវិជ្ជមានច្រើនណាស់។ ឃើញគេល្អលើសខ្ញុំ ទោះមិនធ្វើអីគេក៏ខ្ញុំមានកូនចិត្តច្រណែន ហើយពេលខ្លះទៅជាអាក្រក់លួចអរតិចៗបើគេបានធ្លាក់ចុះ។ ខ្ញុំអើយ អាក្រក់អីយ៉ាងនេះ?

ពេលខ្លះគិតមិនដែលឱ្យខ្លួនឯងត្រូវ ទោះពីមុនមកខំធ្វើរឿងល្អអ្វីខ្លះ ខំសាងជោគជ័យអ្វីខ្លះក៏មិនដែលលើកទឹកចិត្តសរសើរខ្លួនឯងដែរ អត់ចេះធ្វើអីក្រៅពីយកខ្លួនឯងទៅប្រៀបនឹងមនុស្សដែលប្រសើជាងហើយតូចចិត្តអស់សង្ឃឹម រស់យូរទៅកាន់តែរកសុភមង្គលលែងឃើញ។
ដឹងហើយថាការគិតអវិជ្ជមាន អត់មានផលអីក្រៅពីនាំភ្លើងឱ្យចិត្ត។
ពេលនេះដឹងហើយ បើចង់រស់សុខខ្ញុំត្រូវហាត់ពត់ចិត្តឱ្យគិតបែបវិជ្ជមាន ចេះរៀនស្កប់ស្កល់ ចេះគិតតែអ្វីដែលល្អៗ។

គិតល្អនិយាយល្អ ខ្ញុំនឹងមិនក្រក្តីស្រលាញ់
គិតល្អនិយាយល្អ ខ្ញុំនឹងមិនក្រសុភមង្គល។

បើហ៊ានឱ្យគេ គេនឹងយកទៅជាន់ឈ្លីលេង

រៀនរស់នៅឱ្យឆ្ងាយៗពីគ្នា បើភាពស្និទ្ធស្មាលមិនមានតម្លៃ កុំខំនាំឱ្យទំនាក់ទំនងកាន់តែធ្លាក់ចុះ។

មនុស្សខ្លះគាត់ច្រើនភ្លេចខ្លួន ច្រើនដាក់ភាពស្និទ្ធស្នាលឱ្យធ្ងន់រហូតរបូតបាត់ក្តីគោរព។
ការដែលភ្លេចក្តីគោរព ភ្លេចផ្តល់តម្លៃឱ្យគ្នាធ្វើឱ្យទំនាក់ទំនងដែលធ្លាប់តែល្អក៏ល្អក់កករ។

មនុស្សធ្លាប់តែហៅរកគ្នា ស្រលាញ់គ្នា មិនចង់បាត់បង់គ្នា
ស្រាប់តែអស់អារម្មណ៍ មិនចង់ជជែក មិនចង់ជួបមុខ មិនចង់សូម្បីតែរឭកដល់។
អត់មានអីក្រៅពីធ្លាប់ស្រាំចិត្តហើយទើបវាទៅជាដូច្នេះ។

ដូច្នេះពេលកំពុងរាប់អានគ្នា មើលៗផង គិតផង ពិចារណាផង ថាតើគេនោះសមតម្លៃឱ្យអ្នកចំណាយពេល ចំណាយចិត្តជាមួយទេ? បើអត់ទេ ព្យាយាមនៅឱ្យឆ្ងាយៗ យ៉ាងហោចនៅអាចមិនធុញគ្នា មិនអស់អារម្មណ៍ចំពោះគ្នា។

ចាំណា៎! មនុស្សខ្លះគេមិនសមនឹងទទួលក្តីស្រលាញ់ ភាពស្និទ្ធស្នាលពីយើងទេ។ បើហ៊ានឱ្យគេ គេនឹងយកទៅជាន់ឈ្លីលេង នាំឱ្យតែអ្នកឈឺ

នារីល្អមិនខ្វះទេបុរសល្អពិតប្រាកដ

ស្នេហាធ្វើឱ្យអ្នកព្រមគ្រប់យ៉ាង…
ខណៈដែលអ្នកកំពុងតែគេងកើយទ្រូងបុរសដែលអ្នកស្រលាញ់ កក់ក្តៅណាស់មែនទេ? មានក្តីសុខណាស់មែនទេ?
គេងកើយស្តាប់សំឡេងបេះដូងរបស់គេដែលលោត បេះដូងនោះប្រាប់ថាស្រលាញ់អ្នកមែនទេ?

មានធ្លាប់គិតទេថាចង្វាក់បេះដូងនោះកំពុងប្រាប់អ្នកថា អ្នកចាញ់បោកគេហើយ? អ្នកល្ងង់ពេកហើយ?
សួរខ្លួនឯងបន្តិច តើអ្នកចេះស្តាប់ភាសាបេះដូងរបស់បុរសដែលអ្នកស្រលាញ់ ឬត្រចៀកអ្នកហឹងនឹងក្តីស្រលាញ់ដែលអ្នកកំពុងមានឱ្យគេលង់បង្កើតពាក្យកុហកឱ្យខ្លួនឯងទេដឹង?
គេល្អណាស់ហើយទើបអ្នកអាចបង់ស្នេហាឱ្យគេបានច្រើនដល់ម្ល៉ឹង។

ព្រោះគេជាបុរសល្អ!
បុរសល្អៗ ហេតុអ្វីនាំអ្នកបង់ប្រាណដើម្បីស្នេហា? បុរសល្អៗហេតុអ្វីនាំអ្នកឱ្យអាស្រូវកេរ្តិ៍? បុរសល្អមិនចោលគ្រួសារ។
បុរសម្នាក់នោះជានរណា? ប្រុសល្អម្នាក់នោះជាស្វាមីគេ ជាគូដណ្តឹងគេ! បើគេល្អយ៉ាងនេះ ហេតុអ្វីគេចេះក្បត់ផិត?
បើគេមិនស្រលាញ់នារីជាប្រពន្ធ ឬគូដណ្តឹង ហេតុអ្វីគេមិនផ្តាច់ពាក្យឬលែងលះ? បើបុរសល្អៗដែលអ្នកកំពុងលង់នោះមិនអាចធ្វើរឿងទាំងនោះមុនបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកទេ គឺគេមិនបានស្រលាញ់អ្នកដោយស្មោះឡើយ!

បុរសដែលអ្នកកំពុងគេងកើយទ្រូងយ៉ាងកក់ក្តៅនេះ អាចធ្វើឱ្យអ្នកលែងចង់រស់ទៅថ្ងៃមុខ តើជឿទេ?

បើជឿដែរដកខ្លួនទៅ!
នារីល្អមិនខ្វះទេបុរសល្អពិតប្រាកដដែលប្រាថ្នា

នារីមិនល្អ នឹងសមណាស់ដែលជួបតែការបោកប្រាស់។

ធ្វើជានារីល្អទៅណា៎ កុំបំផ្លាញគ្រួសារគេ!

ត្រូវចេះស្រលាញ់មើលថែខ្លួនឯង

ខណៈដែលអ្នកកំពុងសប្បាយនៅទីកន្លែងប្លែកៗ អ្នកខ្លះដូចជាខ្ញុំក៏កំពុងមានក្តីសុខក្នុងហាងកាហ្វេដែលចូលចិត្ត ហើយអ្នកខ្លះទៀតក៏កំពុងតែបំពេញការងារដែលគាត់ពេញចិត្ត។

សេចក្តីសុខរបស់មនុស្សមិនមែនត្រូវតែរត់ទៅរករបស់តែមួយដែលមនុស្សភាគច្រើនត្រូវការនោះទេ ខ្ញុំប្រហែលជាចង់បានរបស់នោះដែរ តែខ្ញុំមិនទាន់ត្រូវការវា 😊

ជីវិតមានតែមួយ តែមានរឿងច្រើនណាស់ត្រូវធ្វើ ដឹងថានឹងធ្វើមិនអស់នោះទេ តែនឹងខំធ្វើអោយបានច្រើន។

ធ្វើជាមនុស្សរឹងមាំពេលខ្លះក៏ហត់ដែរ តែបើខ្ញុំទន់ខ្សោយ តើអ្នកណានឹងចែកដង្ហើមអោយខ្ញុំបាន?

រស់នៅត្រូវចេះស្រលាញ់មើលថែខ្លួនឯងអោយបានល្អសិន មុននឹងចង់បានការខ្វល់ខ្វាយពីអ្នកដ៏ទៃ។

កុំរវល់តែគិតពីអ្នកដទៃភ្លេចគិតខ្លួនឯង

ត្រូវបានគេប្រើកែវភ្នែកសម្លឹងមកក្នុងន័យអវិជ្ជមាន

គេយល់ថាខ្ញុំជាមនុស្សបែបនេះមួយ បែបនោះមួយ។

គេលួចចំនាំ គេវិភាគ គេវាយតម្លៃ… គេអើយគេ! គេមិនហត់ទេដែលគិតបែបនេះ។

មិនខឹង! គ្រាន់តែអន់ចិត្ត តែក៏មិនចង់គិត ព្រោះខ្ញុំក៏គ្មានពេល។

មនុស្សល្អៗ គេមិនប្រើពេលមួយថ្ងៃ ពីរថ្ងៃមើលឱ្យស្គាល់ ឱ្យយល់ពីគ្នាបានទេ។

មនុស្សរវល់កិច្ចការដូចខ្ញុំនេះក៏កាន់តែឱ្យគេប្រើពេលយូរមកមើលឱ្យស្គាល់។

ខ្ញុំមិនអីទេ! មើលតាមសម្រួល គិតតាមសម្រួល អ្នកនៅមានពេលច្រើនណាស់។

ខ្ញុំទេដែលអត់ពេល.. ខ្ញុំរវល់ណាស់! ខ្ញុំអត់មានពេលដើរសង្កេត វិភាគ វាយតម្លៃអំពីរនរណាដូចអ្នកឡើយ។ ខ្ញុំរវល់ណាស់ព្រោះក្តីស្រមៃកំពុងចាំខ្ញុំ។ ខ្ញុំរវល់ណាស់! រវល់ហាត់ពត់ លត់ដំនិស្ស័យខ្លួនឯងឱ្យប្រសើរ។

ខ្ញុំរវល់គិតយ៉ាងណាកុំភ្លាត់ទៅធ្វើរឿងមិនល្អដូចអ្នក ព្រោះខ្ញុំដឹងថា ការទៅសង្កេតវាយតម្លៃ ចរិត ឬរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ វាមិនសមរម្យទេ វាកាន់តែមិនថ្លៃថ្នូរបើបាននិយាយពីក្រោយខ្នងគេផង។

មនុស្សម្នាក់ៗមានកិត្តិយសរៀងខ្លួន ហើយអ្នកណារក្សាតម្លៃកិត្តិយសខ្លួនបានប៉ុនណាគឺជារឿងបុគ្គល។

ធ្វើអីគិតសិន! កុំរវល់តែគិតពីអ្នកដទៃភ្លេចគិតខ្លួនឯង!

ការស្រលាញ់និងការយោគយល់

គាត់ត្រូវតែខ្វល់ពីអ្នកឲ្យបានច្រើន
គាត់ត្រូវតែផ្តល់ឲ្យអ្នកឲ្យបានច្រើន
គាត់ត្រូវតែតាមចិត្តអ្នកឲ្យបានច្រើន
អ្នកជានរណាបានជាអ្នកទាមទារច្រើនម្ល៉េះពីគាត់?
អ្នកអាងថាអ្នកជាមនុស្សដែលគាត់ស្រលាញ់ខ្លាំង
អ្នកត្រូវតែឲ្យគាត់ផ្តល់នូវអ្វីដែលអ្នកចង់បាន។
អ្នកថាប៉ះពាល់អារម្មណ៍ខ្លាំងណាស់បើគាត់ទាំងពីរមិនចុះសម្រុងគ្នា
អ្នកតាំងខ្លួនជាអ្នកកាត់សេចក្តីឲ្យមានអ្នកខុសនិងត្រូវរវាងពួកគាត់ទាំងពីរ
អ្នកហាមឃាត់មិនឲ្យគាត់ប្រើបេះដូងលើសពីការទទួលខុសត្រូវ
អ្នកជានរណា?
អ្នកត្រឹមតែជាកូនបំណុលពួកគាត់តែប៉ុណ្ណោះ
ត្រឹមតែជាសម្ពាធរបស់់ពួកគាត់តែប៉ុណ្ណោះ
បើជួយអ្វីគាត់មិនបានទេ ក៏គួររៀនយល់ចិត្តគាត់ឲ្យបានច្រើន
បើគាត់មិនចុះសម្រុងគ្នា កុំបង្ខំឲ្យគាត់ទ្រាំមើលមុខគ្នាដើម្បីតែអ្នក
បើគាត់កំពុងនៅម្នាក់ឯង កុំហាមគាត់មិនឲ្យបើកបេះដូងទទួលអ្នកថ្មី
ឪពុកម្តាយមានតួនាទីបីបាច់ថែរក្សាបុត្រគឺពិតមែន តែគាត់ក៏ជាមនុស្សដែលចង់រស់នៅជាមួយបេះដូងនៃស្នេហារវាងប្រុសនិងស្រីដែរ។
ចូរធ្វើជាកូនដែលព្រមយល់ពីហេតុផល កុំធ្វើជាកូនដែលអាត្មានិយម
ការស្រលាញ់និងការយោគយល់ នឹងធ្វើឲ្យអ្នកនិងមនុស្សដែលអ្នកស្រលាញ់មានសុភមង្គល

ឪពុកម្តាយដែលពូកែ

បុរសវ័យជិត ៥០ឆ្នាំ អង្គុយទល់មុខក្មេងស្រីជំទង់វ័យប្រហែល ១៥ឆ្នាំ នៅក្នុងហាងកាហ្វេមួយ។
ទាំងពីរនាក់ក្នុងសម្លៀកបំពាក់ ហំហួន កាយវិការថ្លៃថ្នូរ។
ជាបិតាដែលគួរឱ្យគោរព កំពុងប្រើពាក្យទូន្មានទៅកូនស្រីដែលកំពុងស្ថិតក្នុងវ័យភ្លើតភ្លើន ធ្វើឱ្យនាងស្រក់ទឹកភ្នែកផង សើចផង ពេលខ្លះក៏ប្តូរកាយវិការស្រគត់ស្រគំ ពេលខ្លះក៏ញិញ៉ក់គួរឱ្យស្រលាញ់។
គាត់ប្រើពេលតែ ៣០នាទីទូន្មានបុត្រី ឱ្យនាងយល់ហើយមិនឱ្យនាងទទួលអារម្មណ៍អាប់អួរសម្រាប់ថ្ងៃថ្មីរបស់នាងឡើយ។
ខ្ញុំលួចអានដោយស្ងប់ស្ងាត់ហើយវិភាគ:
មានបុត្រពេលមានជីវភាពល្អសមរម្យ
មានបុត្រពេលមានអាយុចាស់ទុំបន្តិច
គឺល្អណាស់!
នៅពេលដែលជីវភាពមិនលំបាក ការផ្តល់ឱ្យបុត្រកាន់តែបានច្រើន ទាំងការអប់រំ សម្ភារៈលើកទឹកចិត្ត ការមើលថែ…
គ្រួសារដែលមានជីវភាពប្រសើ បុត្រនឹងមិនមានសំពាធ ឬទទួលការបាក់ទឹកចិត្ត ដោយសារបញ្ហាជីវភាពរបស់ឪពុកម្តាយឡើយ។
ឪពុកម្តាយក្នុងវ័យចាស់ទុំមានលទ្ធភាពអប់រំបុត្របានប្រសើរ។
ដោយយោងទៅលើ អាយុ បទពិសោធន៍ សង្គម និងភាពជិតស្និទ្ធរបស់ឪពុកម្តាយ ពួកគាត់អាចស្វែងយល់និងឃុំគ្រងភាពលូតលាស់ផ្លូវគំនិតរបស់បុត្របានច្រើន អាចទាយដឹងថាបុត្រពួកគាត់កំពុងធ្វើអី និងចង់ធ្វើអ្វី។
ដូច្នេះឪពុកម្តាយអាចត្រៀម និងមានយុទ្ធសាស្ត្រទប់ស្កាត់ និងបណ្តុះបណ្តាល។
ហើយគ្រប់សកម្មភាពតែងតែមានការបញ្ជាក់ចំពោះហេតុ និងផល ដែលធ្វើឲ្យបុត្ររបស់ពួកគាត់កាន់តែជឿជាក់ទៅលើគាត់។
ឪពុកម្តាយដែលពូកែ តែងតែអាចផ្តល់អារម្មណ៍ជា Hero សម្រាប់បុត្ររបស់ពួកគាត់បាន។