កុំទាន់ប្រញាប់ពោលពាក្យស្រលាញ់លឿនពេក

សេចក្តីស្រលាញ់ មិនមែនបញ្ជាក់ដោយពាក្យសម្តី ឬការឱបថើបនោះទេ តែវាបញ្ជាក់ដោយទង្វើនៃការយកចិត្តទុកដាក់។ បើអ្នកអាចធ្វើទង្វើបែបនោះរាល់ពេល រាល់ថ្ងៃ ចំពោះនរណាម្នាក់ក៏ព្រោះតែអ្នកស្រលាញ់គាត់ខ្លាំងណាស់។ តែប្រសិនបើទង្វើនៃការយកចិត្តទុកដាក់នោះអាចធ្វើបានត្រឹមតែយូរៗម្តង ការស្រលាញ់នោះត្រឹមតែល្មមៗប៉ុណ្ណោះឯង។

អារម្មណ៍នៃការស្រលាញ់នរណាម្នាក់ នឹងធ្វើឲ្យអ្នកតែងតែចង់មានវត្តមានគ្រប់កាលៈទេសៈដែលមនុស្សម្នាក់នោះជួប អ្នកតែងតែចង់ឲ្យខ្លួនឯងក្លាយជាមនុស្សទីមួយដែលគាត់នឹកដល់ គ្រប់ពេលដែលគាត់ត្រូវការឲ្យនរណាម្នាក់ដឹងពីរឿងអ្វីមួយរបស់គាត់។

ការស្រលាញ់មនុស្សម្នាក់ នឹងមិនឲ្យអ្នកមានអារម្មណ៍ថាអ្នកកំពុងរវល់ ឬធ្វើមិនបានសម្រាប់មនុស្សម្នាក់នោះឡើយ។ ទោះជាត្រូវប្រើការលះបង់ច្រើនប៉ុនណា ឬពិបាកប៉ុនណា អ្នកនឹងមិនរួញរាក្នុងការធ្វើដើម្បីមនុស្សម្នាក់នោះដែរ បើទោះជាអ្វីដែលអ្នកខំធ្វើមិនបានបំពេញគ្រប់តម្រូវការដែលគាត់ត្រូវការ យ៉ាងហោចក៏អ្នកបានធ្វើអស់ពីលទ្ធភាពរបស់អ្នកដែរ។

តែប្រសិនបើអ្នកមិនទាន់បានធ្វើទង្វើទាំងអស់នោះ ចំពោះនរណាម្នាក់ទេ កុំទាន់ប្រញាប់ពោលពាក្យស្រលាញ់លឿនពេក។

សិក្សាពីចិត្តរបស់អ្នកសិន ថាអ្នកបានធ្វើអ្វីខ្លះដើម្បីការស្រលាញ់របស់អ្នកហើយឬនៅ?

បើមិនទាន់មានអ្វីដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ទេ សូមកុំទាន់ពោលពាក្យស្រលាញ់ឲ្យសោះ។

ព្រោះថាកន្លងទៅមួយរយៈ អារម្មណ៍មួយនោះនឹងរលាយទៅ ការស្រលាញ់ដែលមិនមែនជាស្នេហា នឹងមិនស្ថិតស្ថេរនោះទេ។

ឫកពេកឈប់Crush

ទំនេរម៉ោងភ្លាម ខ្ញុំរត់រលៀម ទៅបណ្ណាល័យ
ខ្ញុំអានសៀវភៅ ស្ទើតែរាល់ថ្ងៃ ជក់ចិត្តពេកក្រៃ
អានប្រលោមលោក។

សៀវភៅផ្ទៃមេឃ ស្រស់ស្អាតអនេក ទាក់ភ្នែកខ្ញុំខ្ទោក
គួរឱ្យចង់អាន លើកដៃទាញមក សៀវភៅយោលយោគ
គេចង់បានដែរ។

រឿងប្រលោមលោក សៀវភៅគគោក ម្តេចមិនទៅស្នេហ៍
ដណ្តើមទៅមក សាំចិត្តតាប៉ែ ឱ្យខ្ញុំចង់តែ
ឃើញមុខម្នាក់ហ្នឹង។

ងាកទៅខាងនោះ មានមួយប្រឡោះ ខ្ញុំអើតទៅវឹង
ចង់ដឹងខ្លាំងណាស់ អ្នកណាមុខរឹង សៀវភៅប៉ុណ្ណឹង
ក៏ដណ្តើមដែរ។

ព្រះអើយ! មើលគេ Styleដូចកូរេ គេពាក់កាសខ្សែ
កាសជាប់ត្រចៀក គេងាកមុខបែរ សម្លឹងខ្ញុំថ្មែរ
ឱ្យខ្ញុំឡើងអៀន។

ខំរៀបឫកពារ ញញឹមមាយា រវល់តែខ្វៀន
គេយកទៅបាត់ សៀវភៅលែងមាន ដណ្តើមលែងហ៊ាន
ចិត្តអន់ចង់អាន។

ខ្ញុំដើរទៅគៀន អង្គុយក្រវៀន លួចមើលកល្យាណ
Styleឡួយម្ល៉េះទេ សម្រស់សែនបាន ទាក់ចិត្តភុំផាន
មើលមិនដកភ្នែក។

អង្គុយសង្ហា គងអន្ទាក់ខ្លា បន្ទន់ប្រាណផ្តេក
អានប្រលោមលោក គួរទាក់ចិត្តពេក សៀវភៅផ្ទៃមេឃ
វិថីជីវិត។

ជាងបីម៉ោងស្ងាត់ ខ្ញុំដេកលក់បាត់ គេដើរមកជិត
ដាស់ខ្ញុំឱ្យភ្ញាក់ គេសើចបន្តិច ដល់ខ្ញុំអៀនខ្វិច
គេធ្វើមុខរឹង។

សៀវភៅតូចស្រស់ គេហុចស្ទើបោះ លើតុខ្ញុំហ្នឹង
គេសួរចប់អត់ ពេលខ្លីអ៊ីចឹង ពីរម៉ោងអានប្រឹង
បើចប់គេកោត។

កែងចោតពណ៌ប្រាក់ មួយជំហៀងឆ្លាក់ កប់ន័យជាក់ផ្តោត
មើលគ្របសៀវភៅ ខ្ញុំលើកកាន់សើច ឆ្លើយទាំងមុខឆោត
ថាអត់បញ្ហា។

គេវាយចិញ្ចើម ធ្វើមុខលែងសើម ហើយដើរញាក់ស្មា
ពេលគេទៅបាត់ ខ្ញុំផ្តើមឆ្លេឆ្លា ពីរម៉ោងទេណា
អានចប់អត់អើយ!។

រាប់ពីថ្ងៃនោះ ដល់ថ្ងៃនេះចុះ បីខែទៅហើយ
ខ្ញុំលួចCrushគេ គេមិនដឹងឡើយ ឫកគេព្រងើយ
មិនខ្វល់ខ្ញុំសោះ។

ពេលខ្លះធុញដែរ ខឹងចិត្តតាប៉ែ ទៅCrushម្នាក់នោះ
មិនដឹងល្អអី ចិត្តវិញកក្រោះ សម្តីក៏ខ្សោះ
ពេលគេឆ្លើយឆ្លង។

ក្រៅពីStyleហំ ទម្រង់មុខសម មាឌខ្ពស់ដំបង
តែប៉ុណ្ណឹងទេ គ្មានលើសគេផង មិនដឹងខំប៉ង
ដល់ពេលណាទៀត។

Crushបីខែហើយ គេនៅព្រងើយ ចិត្តសែនចង្អៀត
បើដាក់ខ្លួនខ្លះ ខ្ញុំស្នេហ៍មិនវៀច ឫកពេកអស់ស្នៀត
ទាក់ចិត្តខ្ញុំហើយ។

ត្រឹមStyleកូរេ មិនស្អាតលើសគេ តែម្នាក់ហ្នឹងឡើយ
មួយបណ្ណាល័យ សៀវភៅហ្នឹងអើយ តែហ៊ានបណ្តោយ
ខ្ញុំរាប់ឱ្យស្តាប់។

ឥឡូវសម្រេច ប្រាប់ចិត្តឱ្យភ្លេច Crushហ្នឹងឱ្យឆាប់
ឫកខ្ពស់ជាងខែ ម៉ែមហាយ៉ាប់ គង់តែមុខផ្តាប់
ដោយដៃខ្ញុំទេ!។

ស្រអែមខ្ញុំអើយ មិនសូវប៉ិនឈ្លើយ សុភាពជាងគេ
តែជ្រេញខ្លាំងពេក គង់តែមានពេល វាយដេកកន្ទេល
លែងរាប់Crushអស់។

ស្រអើមស៊ើងចិត្ត មិនខ្ចីខ្វល់គិត ស្តាយរឿងស្នេហ៍សោះ
ស្រលាញ់មិនបាន តិចអង្វរនោះ ទុកក្តីស្នេហ៍ស្មោះ
ឱ្យសៀវភៅវិញ។

កំណាព្យអ្នកនិពន្ធរតនា
២១ កញ្ញា ២០១៩

ជួបCrushនៅថ្នាក់អង់គ្លេស

ទៅរៀនអង់គ្លេស កំពុងសរសេរ គេសុំខ្ចីប៊ិក

មិនទាន់បានសួរ គេប្រាប់ថាភ្លេច ឱ្យខ្ចីយ៉ាងម៉េច

ប៊ិកមានតែមួយ។

ក្រឡេកឆ្លើយវឹង នេត្រាសម្លឹង ប្រសព្វរញ្ជួយ

សង្ហាដល់ហើយ  ឃើញភ្លាមខ្ញុំព្រួយ សុំពឹងគ្រូជួយ

រកប៊ិកឱ្យគេ។

ទៅរៀនរាល់ថ្ងៃ មិនដែលស្រមៃ ថាជួបCrushទេ

ឥឡូវឃើញហើយ ជាប់ចិត្តមាសមេ ចង់ជួបគ្រប់ពេល

ដល់Crushពេកទៅ។

រាល់ល្ងាចម៉ោងបួន ខ្ញុំរៀបចំខ្លួន រូតរះតម្រូវ

តម្រង់សាលា កុំឱ្យស្ទះផ្លូវ នាំគ្រូក្រម៉ូវ

បន្ទោសមុខCrush.។

ទៅរៀនរាល់ល្ងាច មិនដែលវេរវៀច នឹកថ្នាក់រៀនណាស់

រាល់ម៉ោងសន្ទនា សង្ឃឹមជាក់ច្បាស់ គ្រូនឹងឱ្យប៉ះ

គេជាដៃគូ។

មួយថ្នាក់មានពីរ ដែលរៀនសំភី ជាសិស្សគំរូ

ឈរមុខក្តាខៀន ជជែកតស៊ូ បំពេញចិត្តគ្រូ

ភាសាអង់គ្លេស។

ថ្ងៃនេះហេងចំ គ្រូចាប់បង្ខំ ឱ្យខ្ញុំសួរគេ

សន្ទនាឆ្លងឆ្លើយ មិនបាច់គិតទេ សួរជាអង់គ្លេស

សួរអីក៏បាន។

សួរ​How are You គេធ្វើមុខជូរ ឆ្លើយថាI’m Fine

What do you like? គេខំសើចស្ញាញ I Like sunshine

And love a girl.។

ខ្ញុំទាក់បន្តិច គេវាយភ្នែកព្រិច ហើយសួរឡើងពើរ

Watch Movieទេ ថ្ងៃស្អែកទៅមើល កុំធ្វើមុខស្លឺ

ទិញសំបុត្រហើយ។

មិត្តភ័ក្កសើចកិល តែខ្ញុំនៅព្រិល ស្មារតីនៅឡើយ

ម៉ោងរៀនសន្ទនា គេសួរឆ្លងឆ្លើយ សុំណាត់វិញអើយ!

ខ្មាស់គ្រូអស្ចារ្យ។

ដៃលូកហោប៉ៅ ដកសំបុត្រហៅ ហើយសួរថែមថា

អេ៎Shall We date? ជួបគ្នាស្អែកណា៎ មិត្តមើលត្រៀបត្រា

ខ្ញុំឆ្លើយមិនចេញ។

គេមើលមុខខ្ញុំ ហើយចាប់ដៃសុំ ស្រលាញ់ពេញលេញ

​Crushគ្នាយូរហើយ ល្មមឈប់ទោម្នេញ ស្រលាញ់គ្នាវិញ

សង្សារពេញសិទ្ធ។

ទៅរៀនអង់គ្លេស ហើយលួចCrushគេ ទាំងមិនដែលគិត

អង្គុយជិតគ្នា សន្ទនារាប់ភ្លេច មិនដែលដឹងចិត្ត

គេCrushខ្ញុំដែរ។

សន្ទនាថ្ងៃនេះ ពិសេសអ្វីម្ល៉េះ Crushខ្ញុំសុំស្នេហ៍

ខ្មាស់គេបន្តិច តែខ្ចិលបង្វែរ ខំCrushរាប់ខែ

ប្រកែកធ្វើអី?  

លង់ស្នេហ៍លោកសក្កិបី

ឱ! លោកមន្ត្រី លោកពាក់សក្ដិបី រូបរាងសង្ហា
អង្គុយម្នាក់ឯង សញ្ជប់ភក្រ្តា លោកអន់ចិន្ដា
នឹងអ្នកណាដែរ?

សក់ខ្មៅភ្លីដេក ច្រមុះល្អឯក គួរគួចចិត្តស្នេហ៍
ធ្មេញសស្មើសម បបូរមាត់ដែរ ភ័ក្ត្រមូលដូចខែ
មន្តភ្នែកឱ្យព្រួច។

លោកនគរបាល មន្ត្រីសង្ហា កុំធ្វើមុខស្ងូត
ញញឹមបន្ដិច ឱ្យសមថ្ពាល់ខួច ស្តាយច្រមុះស្រួច
កុំយកដៃខ្ទប់។

ឱ! លោកសក្ដិបី មិនដឹងកើតអី ធ្វើមុខកញ្ជប់
នាំខ្ញុំឱ្យឆ្ងល់ ចិត្តមិនស្រណុក ចង់សួរសុខទុក្ខ
លោអាចសារសង។

មន្ត្រីថ្ពាល់ខួច ឃើញហើយចិត្តគួច លួចស្នេហ៍ប៉ុនប៉ង
មន្ត្រីនគរបាល សង្ហាកន្លង ចែកស្នេហ៍ឱ្យផង
ណា៎លោកសក្ដិបី។

#កំណាព្យអ្នកនិពន្ធរតនា
១៩ កញ្ញា ២០១៩

យល់សប្តិនាគរឹត

នាគខៀវរួមរឹត រឺតកាយស្ទើស្វិត ដោយកម្លាំងឆ្នើម
នាគរុំជុំប្រាណ តាំងពីចាប់ផ្តើម ស្ទើរអស់ដង្ហើម
មិនព្រមបន្ធូរ។

ខំរើបម្រាស់ តស៊ូមិនឈ្នះ នាគព័ន្ធរមូល
មិនហ៊ានសំងំ ខ្លាចនាគឃុំយូរ បែកញើសឡើងជូរ
ខំស៊ូនាគរុំ។

នាគខៀវអំណាច នេត្រាសែនកាច មិនព្រមលែងមុំ
នៅព័ទ្ធរមូល រួមរឺតកាយជុំ នាងភ័យដល់យំ
ភ្ញាក់ពីនិន្រ្ទា។

#កំណាព្យអ្នកនិពន្ធរតនា
១៩ កញ្ញា ២០១៩

ស្តាយដែលយឺតពេល

កាលថ្ងៃប្រលង រវល់សៅម៉ង មិនបានរាក់ទាក់

ត្រឹមលួចសម្លឹង សម្រស់វង់ភ័ក្រ       អារម្មណ៍ញ័រញាក់

ខ្វល់ស្រាយលំហាត់។

លេខតុឆ្លាស់គ្នា គ្រូរៀបពុំងារ អង្គុយក្បែរបាត់

ឃើញពៅឈ្ងោកៗ សរសេរស្ងាត់ៗ គុណគូរប្រយ័ត្ន

ស្រាយវិញ្ញាសារ។

រួមតុ២ថ្ងៃ ត្រឹមលួចមើលថ្លៃ មិនហ៊ានចរចា

ខំគ្រោងជាស្រេច សម្រេចស្តីហា ថ្ងៃបង្ហើយការ

សុំad facebook.។

ចៃដន្យអស្ចារ្យ ព្រោះវិញ្ញាសារ ឱ្យខ្ញុំជ្រោកមុខ

ស្របពេលស្រីមុំ សរសេរសម្រុក សូត្ររូបមន្តទុក

ដូចជួយខ្ញុំត្រាយ។

ប្រៀបដូចគេម៉ូ តឿនចិត្តបញ្ចូល នឹកឃើញក្បួនស្រាយ

ញាប់ដៃគិតគុណ រួចរាល់សំរាយ សម្លឹងរកកាយ

បាត់ពៅនួនល័ក្ខ។

ចប់អស់ប្រលង ខ្ញុំនៅសៅម៉ង ព្រោះនឹកវង់ភ័ក្រ

សម្លឹង​Facebook មិនបានadអ្នក សង្ឃឹមជួបជាក់

ថ្ងៃចេញលទ្ធផល។

ថ្ងៃដែលទន្ទឹង ប្រកាសដំណឹង ប្រលងមកដល់

បានឃើញស្ងួនភ្ញា លោតហ៊ោរច្របល់ ព្រោះកែវនិមល

ប្រលងជាប់ហើយ។

ឯខ្ញុំនៅស្មឹង មិនទាន់បានដឹង ជាប់ឬធ្លាក់ឡើយ

រកឃើញឈ្មោះជាប់ ខ្ញុំអរបានស្បើយ តែយឺតទៀតអើយ!

នាងចេញទៅបាត់។

យឺតលើកទីពីរ អារម្មណ៍វក់វី លួចឈឺស្ងាត់ៗ

ខំលួចលង់ចិត្ត លាក់ជាសម្ងាត់ ចុងក្រោយត្រូវកាត់

ចិត្តឬយ៉ាងណា?

កំណាព្យអ្នកនិពន្ធរតនា

២០ កញ្ញា ២០១៩

ថ្លែងស្នេហ៍អ្នកគ្រូបង្រៀន និងលោកទាហាន

ជាគ្រូបង្រៀន ឱ្យស្ម័គ្រទាហាន ក្រែងមិនសមចា៎
ដ្បិតតាំងពីតូច ម៉ាក់តែងប្រាប់ថា ទាហាននេះណា
គ្មានទេស្នេហ៍ស្មោះ។

ជាគ្រូបង្រៀន លទ្ធភាពខ្ញុំគ្មាន ធ្វើកាចបានសោះ
មិនដឹងធ្វើម្តេច ឱ្យគេខ្លាចនោះ បើគេហ៊ានលុះ
ទាញចិត្តប្តីរេ។

ជាគ្រូបង្រៀន ប្តីធ្វើទាហាន មិនចង់បានទេ
អ្នកអើយកុំប៉ង យកខ្ញុំមាសមេ ខ្លាចតែមានពេល
ទឹកភ្នែករហាម។

ឱ!លោកទាហាន ស្ម័គ្រគ្រូបង្រៀន មិនព្រមឈប់តាម
បើលោកនៅខំ ជំនះបម្រាម មិនស្តាប់ខ្ញុំហាម
ស្មោះបានប៉ុនណា?

ឱ!បងទាហាន ស្នេហ៍គ្រូបង្រៀន ត្រូវហ៊ានសន្យា
កុំធ្វើទាហាន ដូចពាក្យម៉ាក់ថា ត្រូវស្មោះស្នេហា
ទើបខ្ញុំព្រមស្ម័គ្រ។

#កំណាព្យអ្នកនិពន្ធរតនា
១៩ កញ្ញា ២០១៩