រសៀលម៉ោង៣
ខ្ញុំដើរញញឹមម្នាក់ឯងនៅក្នុងហាងកាហ្វេ ក្រសែភ្នែកមួយចំនួនសម្លឹងមកដោយការគិតខុសៗគ្នា
ក្រសែភ្នែកទី១:
គាត់ញញឹមដាក់ខ្ញុំទេដឹង?
ក្រសែភ្នែកទី២:
គាត់ញញឹមដាក់អ្នកក្រោយខ្ញុំហើយមើលទៅ
ក្រសែភ្នែកទី៣:
គាត់ញញឹមស្រស់ណាស់
ក្រសែភ្នែកទី៤:
គាត់ប្រហែលមានរឿងសប្បាយចិត្តអីហើយបានញញឹមម្នាក់ឯង
ក្រសែភ្នែកទី៥:
គាត់ឆ្គួតទេដឹងញញឹមម្នាក់ឯង
ក្រសែភ្នែកទី៦:
គាត់លួចសើចដាក់សង្សាខ្ញុំទេដឹង?
ហេហេ…
មិនដឹងថាមានអ្នកណាគិតយ៉ាងម៉េចទៀតទេ។
តើខ្ញុំគួរតែសម្លឹងមើលទៅគ្រប់ក្រសែភ្នែកទាំងនោះវិញ
ហើយបកស្រាយរាល់ចំងល់របស់ពួកគាត់់ដែរឬទេ? ឬគួរតែឈប់ញញឹមហើយទៅសូមទោសអ្នកដែលគិតអគតិមកលើស្នាមញញឹមរបស់ខ្ញុំទេ?
អត់ទេ!
ខ្ញុំសម្រេចចិត្តមិនខ្វល់ពីក្រសែភ្នែកទាំងនោះ ហើយចូលអង្គុយញ៉ាំកាហ្វេយ៉ាងធម្មតា។
អានមកដល់ត្រឹមនេះបែបគិតថាខ្ញុំកំពុងនិយាយដូចអត់និយាយ
មិនអីចឹងទេ!
ពេលនេះដល់ពេលដែលខ្ញុំសូមអោយអ្នកគិតវិញម្តង។
តើខ្ញុំគួរតែទៅឆ្លើយតប
រឺអរគុណ រឺឈ្លោះជាមួយការគិតរបស់ក្រសែភ្នែកទាំងនោះដែរឬទេ?
បើខ្ញុំនឹងទៅធ្វើរឿងទាំងនោះ
តើខ្ញុំអាចមានពេលវេលាសម្រាប់ញ៉ាំកាហ្វេទៀតទេ?
រឺខ្ញុំគួរតែឈប់ញញឹមដើម្បីបញ្ឈប់ការគិតរបស់ក្រសែភ្នែកទាំងឡាយនោះ?
បើខ្ញុំឈប់ញញឹមតើពួកគាត់នឹងមានការគិតអ្វីផ្សេងទៀតទេ?
តើហត់ទេ
ដែលមកខ្វល់ថាគេគិតអី ហើយគួរធ្វើយ៉ាងណាអោយត្រូវចិត្តគេ?
បើគិតថាហត់ដែរ
គួរបិទភ្នែក បិទត្រចៀក ឈប់ខ្វល់ពីការគិតរបស់អ្នកដទៃ
ហើយធ្វើរឿងដែលខ្លួនឯងសប្បាយចិត្តទៅបានហើយ
ព្រោះពេលដែលយើងឈឺចាប់
ក៏គ្មានអ្នកណាមកចុកទ្រូងជំនួសយើងទេ
ពេលដែលយើងយំ ក៏គ្មានអ្នកហូរទឹកភ្នែកជំនួសយើងដែរ។ ហើយបើគេស្រាប់តែមកឈឺក្បាលនឹងស្នាមញញឹមរបស់យើងក៏បណ្តោយតាមគេទៅចុះ។