កែប្រែអ្វីដែលមិនល្អគឺជាការប្រសើរ តែកុំកែដើម្បីតែពាក្យសរសើរ

ដឹងហើយថាគ្មាននរណាល្អឥតខ្ចោះទេ តែមនុស្សតែងចង់ឲ្យខ្លួនឯងល្អឲ្យបានច្រើន។
ខ្លាចខ្វះខាតពេក ធ្វើឲ្យខ្លួនឯងកាន់តែខ្វះខាត ដល់ថ្នាក់បាត់បង់សូម្បីតែខ្លួនឯង។
ឧទាហរណ៍ទៅលើសម្ផស្សនារី នាងល្អទាំងអស់តែទាស់ត្រង់ច្រមុះមិនសូវខ្ពស់។
នាងមិនចង់បានពាក្យសរសើរបែបនេះទេ នាងខំកែខៃឲ្យបានច្រមុះស្អាត។
បន្ទាប់មកនាងក៏ទទួលបានទៀត នាងល្អទាំងអស់តែទាស់ច្រមុះកែ។
ចប់ហើយពេលនេះ បែបណាក៏នៅតែមានពាក្យទាស់។
មនុស្សម្នាក់មិនដឹងប្តូរចិត្ត ប៉ុន្មានដងផង។
ចុះទម្រាំមនុស្សពេញទាំងផែនដី មិនដឹងសរុបប៉ុន្មានចិត្ត?
បើនាងគ្រាន់តែស្តាប់ហើយឲ្យវាហួសទៅ ប្រហែលវានឹងមិនពិបាកខ្លួនជាងនេះ។
អ្នកដទៃមានសិទ្ធិនិយាយ រិះគន់ វាយតម្លៃ ទៅតាមនិស្ស័យ ចរឹតរបស់គេ ទៅតាមការស្រលាញ់ ការស្អប់របស់គេចំពោះនាង។
បើនាងមិនហត់ទេ នាងបត់បែនតាមគេរហូតចុះ
បើនាងហត់ដែរ ចូរធ្វើតែអ្វីដែរនាងគិតថាត្រូវចុះ

ត្រូវចាំហើយយល់ ថាមនុស្សគ្មាននរណាល្អឥតខ្ចោះទេ
ត្រូវព្រមទទួលយកភាពខ្វះខាតរបស់ខ្លួន
ត្រូវរៀនរស់រីករាយនឹងអ្វីដែលខ្លួនមាន
អត្ថបទនេះមិនបង្អាក់ឲ្យមានការអភិវឌ្ឍន៍ទេ

ចង់កែប្រែអ្វីដែលមិនល្អនោះគឺជាការប្រសើរ តែបើកែដើម្បីតែពាក្យសរសើរ សូមនាងគិតជាថ្មី។
តើនាងរស់ដើម្បីនរណា ឬដើម្បីអ្វី?

អាយុ២៥ហើយឬនៅ?

មានគោលបំណងអីសម្រាប់៥ឆ្នាំទៅមុខទៀត?

ដឹងទេ? មនុស្សដែលមានអាយុ២៥គួរតែជាក្មេងដែលធំហើយ ពេលនេះគួរតែកំពុងមានការងារច្បាស់លាស់មួយ ប្រាក់ខែសមរម្យអាចជួយខ្លួនឯងបាន។

អាយុ២៥ ជាឆ្នាំដែលអ្នកបានឈានជើង មួយឬពីរជំហ៊ានទៅលើកាំជណ្តើរនៃក្តីស្រមៃរបស់អ្នកហើយ។

អាយុ២៥ឆ្នាំហើយត្រូវតែចេះទុកដាក់សន្សំ ដើម្បីរៀបចំជីវិតថ្ងៃមុខឲ្យកាន់តែប្រសើ។

លៃយ៉ាងណាអាយុ៣០ត្រូវទៅដល់ ឬទៅកៀកក្តីស្រមៃឲ្យបាន។

ពេលនេះបើអ្នកមិនទាន់អាយុ២៥ឆ្នាំទេក៏ខំរៀបចំដំណើរជីវិតតាមសម្រួល ខំដើរឲ្យបានត្រឹមត្រូវទើបអាយុ៣០មិនសូវខុសគេ

តែប្រសិនបើពេលនេះអ្នកអាយុ៣០ឆ្នាំហើយ ក្តីប្រាថ្នាក៏មិនទាន់មាន ឬមិនឈានជើងទៅ អ្នកវីវរហើយ!

ប្រាប់ខ្លួនឯងឈប់ដើរតែត្រូវខំរត់ ៥ឆ្នាំបើមើលទៅមុខដូចជាយូរ តែបើមើលទៅក្រោយដូចជាលឿនណាស់។

៥ឆ្នាំកន្លងមកធ្វើអីខ្លះទើបអ្នកមកនៅទីនេះ? មិត្តរួមវិទ្យាល័យទៅដល់ណាអស់ហើយ?

ពេលវេលាមិនចាំយើងទេ យើងក៏មិនគួរចាំពេលវេលាដូចគ្នា ជីវិតគឺរវល់ខ្លាំងណាស់ កុំលេងយូរពេកឆាប់រត់ទៅមុខណា៎ ❤️

ដោះលែងខ្លួនឯងមួយថ្ងៃ

ខ្ញុំដឹងណា៎ ថាអ្នកហត់ណាស់ អ្នកពិបាកណាស់កន្លងមកនេះ។
តែខ្ញុំក៏ដឹងច្បាស់ថាអ្នករឹងមាំណាស់ដែរ មិនស្រួលទេដែលខំឆ្លងកាត់មកដល់ថ្ងៃនេះ។

កុំលួចតូចចិត្តអីណា៎ ដែលខ្ញុំតឹងតែងកន្លងមក ដែលខ្ញុំផ្តាច់ការកន្លងមក មិនមែនខ្លួនឯងចង់ធ្វើបាបខ្លួនឯងទេ តែក៏ព្រោះតែខ្លួនឯងចង់ឱ្យខ្លួនឯងបានល្អ។ ឃើញទេ? ទីបំផុតក៏បានលទ្ធផលល្អជាហូរហែ កុំខឹងខ្លួនឯងអីណា៎

ហត់នឿយមកមួយរយៈ ខ្ញុំឮសំឡេងបេះដូងខ្សឹបប្រាប់ខ្ញុំថា ថ្ងៃនសុំសេរីភាពមួយថ្ងៃ។ បានណា៎! ដោះលែងខ្លួនឯងពីភាពតានតឹង ពីក្រិតក្រមប្រចាំថ្ងៃ ឱ្យមានសេរីភាពមួយថ្ងៃទៅចុះ!

បេះដូូងប្រាប់ថាថ្ងៃនេះសុំញ៉ាំឆ្ងាញ់ សុំលេងច្រើនបន្តិច សុំមិនគិតអ្វីទាំងអស់ បេះដូងសុំចិត្ត សុំសិទ្ធិធ្វើអ្វីៗឱ្យខ្លួនឯងបានសប្បាយចិត្តពេញមួយថ្ងៃ។ ឱ!ខ្លួនឯងអើយ! ឱ្យមួយថ្ងៃចុះណា៎ លេងអស់ចិត្តហើយត្រូវប្រញាប់សម្រុកទៅមុខទៀត ក្តីស្រមៃកំពុងរង់ចាំនោះអី

ស្អែកមួយដែលគួរឱ្យខ្លាច

នោះគឺជាថ្ងៃដែលត្រូវហូរទឹកភ្នែក បើមានស្អែកមួយដែលគ្មានមនុស្សធ្វើរឿងដើម្បីសុភមង្គលរបស់អ្នក គ្មានមនុស្សដែលត្រូវឱ្យអ្នកខំធ្វើអ្វីៗដើម្បីគេទៀត។
ស្អែកមួយដ៏កំសត់! ស្អែកមួយដែលអ្នកត្រូវយំម្នាក់ឯង ជូតទឹកភ្នែកខ្លួនឯង។ ស្អែកមួយនោះតើនរណាចៀសផុត?

ត្រូវទទួលដឹងថា គ្រប់មនុស្សគ្មាននរណាចៀសផុតពីការព្រាត់ប្រាស់នេះបានទេ។ អ្នកមិនទៅ ក៏គង់គេទៅ! ក្តីជួបគឺជាសញ្ញានៃក្តីព្រាត់នេះហើយ។ បើបានជួបហើយ បានស្រលាញ់ហើយ ក៏ខំថែថួន ខំរក្សាឱ្យអស់ពីចិត្តទៅ។ ស្រលាញ់ផង រៀនលាផង ដល់ថ្ងៃក្រោយលែងបានជួបគ្នាក៏មិនសោកសៅយូរ ព្រោះអ្នកបានត្រៀមចិត្តទទួលហើយ។

បើស្អែកមួយនោះមកដល់ហើយ ដល់ពេលដែលគេចាកចេញហើយ ធ្វើចិត្តមិនបានទឹកភ្នែកហូរ កាត់ចិត្តមិនបានក៏ត្រូវឈឺចាប់ ឈឺចាប់ខ្លាំងតើគួរធ្វើបាបខ្លួនឯងឯងទេ? គួរស្លាប់ទេ?

ស្រលាញ់គេយ៉ាងណាត្រូវគិតសិន! ទោះគេទៅក្នុងហេតុផលអ្វី ក៏មិនត្រូវដើម្បីហេតុផលបាត់បង់គេត្រូវបាត់ជីវិតខ្លួនឯង។
បើអត់មាននរណាស្រលាញ់អ្នកទៀតទេ បើអត់មាន់នរណាឱ្យអ្នកស្រលាញ់ទៀតដែរនោះ សាកល្បងស្រលាញ់ខ្លួនឯងម្តងវិញទៅ។

នៅក្នុងផែនដីនេះមានជីវិតច្រើនណាស់ ហើយជីវិតនីមួយៗមានគោលការណ៍កើតមកដើម្បីរស់នៅ បើទោះជានៅលើផ្លូវជីវិតបានជួបរឿងគ្រោតគ្រាត រឿងព្រាត់ប្រាស់ ឈឺចាប់ខ្លាំងយ៉ាងណា ក៏មិនមានគោលការណ៍ណាចែងឱ្យជីវិតនោះឈប់រស់នៅដែរ។ មានជីវិត មានការតស៊ូ! ខំរស់នៅឱ្យបានយូរទើបអាចរកឃើញអត្ថន័យរបស់ជីវិត។ បើជួបស្អែកមួយដែលគ្មាននរណាសោះ គ្រាន់តែទទួលដឹងថាវាដល់ពេលហើយ គ្រាន់តែប្រាប់ខ្លួនឯងថាកុំទន់ខ្សោយ គ្រាន់តែដាស់ខ្លួនឯងឱ្យភ្ញាក់ពីពិភពមួយដែលធ្លាប់មានគេ គ្រាន់តែដឹកដៃខ្លួនឯងឆ្លងចូលទីទំព័រថ្មីដែលគ្មានគេ រកវិធីរស់នៅដោយគ្មានគេឱ្យបាន មិនថាត្រូវលំបាក ត្រូវផ្លាស់ប្ដូរបែបណាក៏ត្រូវតែស៊ូ។
ត្រូវចាំថាការព្រាត់ប្រាស់មិនមែនជាសញ្ញាខ័ណ្ឌនៃជីវិតអ្នកទេ! ខំរស់បន្តណា៎!

ផែនដីនេះ

ផែនដីនេះធំណាស់

មនុស្សជាច្រើនរស់នៅដោយប្រើទស្សនៈខុសៗគ្នាដើម្បីជីវិតសុខ។

បើអ្នកកំពុងចង់ធ្វើបាបនរណាម្នាក់ ចូរឲ្យអ្នកមើលផ្កាកំពុងរីក។ ផ្ការីកស្អាតណាស់ដើម្បីលម្អផែនដី

បើអ្នកមិនបានជួយលម្អផែនដីទេកុំយកចិត្តបាបមកឲ្យប្រឡាក់ទីដែលអ្នករស់នៅ។

ផែនដីនេះមិនធ្លាប់រលាយទេ

តែមនុស្សស្លាប់ កើត ច្រើនរាប់មិនអស់។

តូចចិត្ត ខឹងស្អប់នឹងព្រហ្មលិខិតយ៉ាងណាកុំព្រមស្លាប់ខ្លួនព្រោះចាញ់វាសនា។

សន្យារស់នៅលើផែនដីនេះដើម្បីរក្សាភាពស្រស់ស្អាតរបស់ផែនដី បង្កើតអនុស្សាវរីយ៍ល្អៗ បន្សល់ការចងចាំល្អដល់ជំនាន់ក្រោយ។

ផែនដីនេះហើយជាទីរក្សារភាពអមតៈ អមតៈគឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ចូររស់នៅដោយល្អ ហើយស្លាប់ទៅដោយទុកការចងចាំល្អៗនៅលើផែនដីនេះផង។

អំណោយមួយ

ខ្ញុំមានមនុស្សម្នាក់ដែលខ្ញុំគោរពគាត់យ៉ាងខ្លាំង គាត់ជាមនុស្សដែលសម្បូរបែប ជាមនុស្សដែលរឹងមាំ ជាមនុស្សដែលពូកែស្ទើតែគ្រប់រឿង។ គាត់ជាថ្នាក់ដឹងនាំដែលខ្ញុំស្រលាញ់ខ្លាំងណាស់។ ថ្ងៃមួយដែលខ្ញុំឃើញគាត់មិនញញឹមសោះ ខ្ញុំក៏មិនសប្បាយចិត្តដូចគ្នា ព្រោះតែចង់លួងគាត់ចំពេលថ្ងៃបើកប្រាក់ខែផង ខ្ញុំដកយកពាក់កណ្តាលនៃប្រាក់ខែរបស់ខ្ញុំទៅទិញអំណោយមួយជូនគាត់ ខ្ញុំសង្ឃឹមណាស់ថាគាត់នឹងពេញចិត្តអំណោយដែលខ្ញុំឱ្យ ហើយគាត់នឹងបានញញឹមវិញ។

ខ្ញុំរៀបចំអំណោយយ៉ាងស្អិតស្អាងយកទៅជូនគាត់ អំណោយរបស់ខ្ញុំធ្វើឱ្យគាត់បានញញឹមមែន។ គាត់អរគុណដែលខ្ញុំយកចិត្តទុកដាក់ចំពោះគាត់ គាត់ថាគាត់ពេញចិត្តខ្លាំងណាស់។

តាំងពីថ្ងៃនោះមកខ្ញុំតាមចំណាំមើលគាត់ ខ្ញុំចង់ឃើញគាត់ប្រើអំណោយដែលខ្ញុំជូន។​ មួយថ្ងៃហើយ មួយថ្ងៃទៀត ខ្ញុំមិនធ្លាប់ឃើញគាត់ប្រើអំណោយដែលខ្ញុំឱ្យសូម្បីតែម្តង។ ថ្ងៃមួយចៃដន្យខ្ញុំឃើញប្អូនស្រីរបស់គាត់មកទទួលគាត់ចេញពីធ្វើការ នាងប្រើអំណោយដែលខ្ញុំជូនទៅថ្នាក់ដឹកនាំរបស់ខ្ញុំ នាងសមជាមួយអំណោយនោះណាស់ តែខ្ញុំឃើញហើយបានត្រឹមតែឱនមុខដើរចេញ។ ខ្ញុំអន់ចិត្ត!

ល្ងាចនេះខ្ញុំទៅផ្ទះគេងយ៉ាងគ្មានកម្លាំង។ ខ្ញុំភ្លេចហើយថាថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ខ្ញុំ ខ្ញុំផ្តើមភ្ញាក់ផ្អើរដែលប្អូនស្រីខ្ញុំកាន់នំខេកមួយរកខ្ញុំ។ ក្រោយពន្លត់ភ្លើងទានលើនំ ប្អូនស្រីខ្ញុំប្រាប់ខ្ញុំថានាងប្រើលុយដែលនាងចាយមួយថ្ងៃដើម្បីទិញនំខេកឱ្យខ្ញុំទាំងអស់ នាងសួរខ្ញុំថាខ្ញុំសប្បាយចិត្តទេ?

ខ្ញុំពិតជាសប្បាយចិត្តដែលនាងមានទឹកចិត្តបែបនេះចំពោះខ្ញុំ ខ្ញុំរំភើបចិត្តដល់ស្រក់ទឹកភ្នែក ស្របពេលប្អូនស្រីរបស់ខ្ញុំលើកនំខេកតូចមួយនោះញ៉ាំតែម្នាក់ឯង។

នាងប្រាប់ខ្ញុំថា ខ្ញុំមានប្រតិ្តកម្មជាមួយគ្រីមនំខេកបើញ៉ាំហើយដឹងតែហើមមុខហើយ ដូច្នេះនំខេកមួយនេះជារបស់ខ្ញុំមែនតែចាត់ទុកថានាងសុំ ចៀសវាងខ្ញុំយកទៅទុកក្នុងទូទឹកកកដល់បោះចោល ឬឱ្យអ្នកផ្សេង។

ខ្ញុំភ្ញាក់មួយរំពេច តើគេចេះបែងចែកបានយ៉ាងម៉េច? ខ្ញុំសួរគេចុះបើមានអ្នកផ្សេងមកសុំហើយបងឱ្យគេមុនប្អូនញ៉ាំ?

ខ្ញុំជូនរបស់ទៅបងដើម្បីតែឃើញស្នាមញញឹមរបស់បងទេ ត្រឹមដឹងថាបងសប្បាយចិត្ត ពេញចិត្ត ខ្ញុំត្រេកអរណាស់ហើយ។ ខ្ញុំមិនជូនអ្វីមួយទៅបងដើម្បីបញ្ជារឱ្យបងត្រូវតែញ៉ាំឬប្រើរបស់មួយនោះទេ បងយកទៅណា ឱ្យអ្នកណាអត់សំខាន់ទេ សំខាន់បងសប្បាយចិត្ត នោះទើបត្រូវនឹងការលះបង់របស់ខ្ញុំ។ បងដឹងទេ? នំខេកនេះខ្ញុំដឹងថាវាមិនថ្លៃ មិនស្អាតដូចមិត្តបងទិញជូនបងទេ តែវាមានតម្លៃស្មើរប្រាក់ទៅសាលាមួយថ្ងៃរបស់ខ្ញុំ ខ្ញុំបង្អត់ខ្លួនឯងពេញមួយថ្ងៃទើបបាននំខេកនេះមកជូនបង ដូច្នេះខ្ញុំទុកចិត្តណាស់ថាបើមើលឃើញសម្រស់ទឹកចិត្ត ច្រើនជាងសម្រស់នំខេក។

ពាក្យប៉ុន្មានម៉ាត់របស់ប្អូនស្រីតូចរបស់ខ្ញុំបានដាស់ខ្ញុំឱ្យភ្ញាក់ពីភាពអន់ចិត្តដែលថ្នាក់លើជាទីគោរពរបស់ខ្ញុំបានយកអំណោយដែលខ្ញុំបានស្អិតស្អាងនោះទៅឱ្យប្អូនស្រីរបស់គាត់។ ខ្ញុំមើលឃើញស្នាមញញឹមមនុស្សបីនាក់ពីប្រយោជន៍របស់អំណោយរបស់ខ្ញុំ។

ជូនរបស់អ្វីមួយទៅនរណាម្នាក់ សូមជូនត្រឹមដើម្បីឃើញស្នាមញញឹមរបស់គេ កុំជូនដើម្បីបញ្ជារចិត្តគេអី។

ដំបៅមួយ

ស្រមៃទៅដល់រឿងរាវដែលកើតឡើងកន្លងមក ធ្លាប់សើចផង យំផង ចុងក្រោយសល់ដំបៅមួយដែលព្យាបាលមិនទាន់សះ។ ដំបៅយូរហើយដែលមិនជា មិនជាមិនមែនមកពីខ្ញុំមិនចង់ជា តែមកពីវាគ្មានលទ្ធភាពជាស្បើយបាន។

ដំបៅមួយដែលបានកើតនៅលើសាច់របស់ខ្ញុំ អ្នកផ្សេងឃើញហើយស្មានត្រឹមជាស្នាម តែសម្រាប់ខ្ញុំ វាជាដំបៅដែលពឺតផ្សារយូរៗម្តង មិនដឹងថាខ្ញុំត្រូវរស់នៅជាមួយវាអស់មួយជីវិត ឬមិនដឹងយូរប៉ុនណា? តែដំបៅចិត្តមួយនោះវានាំឱ្យខ្ញុំរឹងមាំដែលមានវា។ ព្រោះខ្ញុំខ្លាចវាឈឺទៀត ខ្ញុំខ្លាចកើតដំបៅថ្មីបែបនេះមួយទៀត ខ្ញុំខំរឹងមាំណាស់ ខ្ញុំខំឆ្លាតណាស់ ខ្ញុំធ្វើគ្រប់បែបយ៉ាងមិនឱ្យជាន់ដានចាស់។ ដំបៅ! នៅពេលដែលវាមិនកើតនៅលើសាច់អ្នក អ្នកមិនដឹងឡើយថាវាឈឺចាប់ក្រហាយផ្សារប៉ុនណា។ដំបៅដែលកំដរលើសាច់ខ្ញុំមកជារាប់ឆ្នាំ វារំឭកឱ្យខ្ញុំចាំថាព្រោះតែធ្លាប់ល្ងង់ទើបកើតដំបៅនេះ។ ដំបៅនេះហើយដែរ ដែលបង្រៀនឱ្យខ្ញុំចេះសាំនឹងភាពឈឺចាប់ដែលមានរឿយៗ ដំបៅនេះហើយដែលរុញឱ្យខ្ញុំទៅមុខបានដូចសព្វថ្ងៃ។ មិនធ្លាប់ឈឺ មិនដឹងទេ! ឈឺម្តងហើយទើបរឹងមាំជាងមុន ឆ្លាតជាងមុន។

តើមនុស្សស្រីគួររៀបការកាន់តែឆាប់កាន់តែល្អ មែនទេ?

គេសួរខ្ញុំថាពេលណាបានរៀបការ?

គេប្រាប់ខ្ញុំថាកុំរើសពេកល្មមៗយកទៅ

គេបង្អាប់ខ្ញុំថាប្រយ័ត្នចាស់ទៀតគ្មានអ្នកយក

គេបន្លាចខ្ញុំថាប្រយ័ត្នចាស់ទៅត្រូវនៅម្នាក់ឯង

ពាក្យជាច្រើនងំៗក្នុងត្រចៀកមនុស្សខ្លួនមួយដូចខ្ញុំ មានទាំងសំណួរ មានទាំងការបន្លាច បង្អាប់ រិះគន់។

ពេលខ្លះគេប្រាប់ថាអាណិតខ្ញុំ ខ្ញុំសើចហួសចិត្តក្នុងពោះរួចក៏ចង់ប្រាប់គេវិញដែរថាខ្ញុំក៏អាណិតគេដូចគ្នា។

ធុញទ្រាន់ណាស់ដែរ ហត់ណាស់ដែរ ដែលត្រូវរស់ក្នុងគំនាបសង្គមបុរាណនិយម មនុស្សស្រីគួររៀបការកាន់តែឆាប់កាន់តែល្អ មនុស្សស្រីមិនគួររៀបការម្តងហើយម្តងទៀត។

មនុស្សស្រីអើយ! តើមានប៉ុន្មាននាក់ដែលពេញចិត្តនឹងការដើរតាមគន្លងចាស់បែបនេះ? ហេតុអីអ្នកគិតថាកើតមកជាស្រីគឺបែបនេះហើយ?

ហេតុអីអ្នកមិនគិតថាស្រីក៏ជាមនុស្សដែរ? ហេតុអីចាំបាច់បែងចែកប្រុសនិងស្រី?

ហេតុអីអ្នកមិនមើលឃើញមនុស្សស្រីក្នុងប្រទេសដ៏ទៃដែលគេមានសំណាងជាង?

បើគិតបែបហ្នឹងហេតុអីមិនទៅរស់នៅស្រុកគេទៅ?

ខ្ញុំមិនទៅ! ខ្ញុំស្រលាញ់ប្រទេសខ្ញុំ ហើយខ្ញុំចង់ឲ្យមនុស្សស្រីក្នុងប្រទេសខ្ញុំក៏មានសំណាងដូចមនុស្សស្រីប្រទេសដទៃដែរ។

ហេតុអីក៏មនុស្សស្រីធំឡើងត្រូវតែរៀបការ? ហេតុអីក៏មនុស្សស្រីត្រូវតែលះបង់ក្តីស្រមៃរបស់ខ្លួនដើម្បីស្វាមី ឬគ្រួសារ?

មនុស្សស្រីមិនអាចទទួលយុត្តិធម៍បានទេ?

ខ្ញុំមិនមែនកំពុងធ្វើការប្រឆាំងនឹងការរៀបការនោះទេ។ តែខ្ញុំមានការយល់ឃើញមួយផ្សេងពីគេ តែខ្ញុំជឿថាមនុស្សស្រីមួយចំនូននឹងគាំទ្រការយល់ឃើញរបស់ខ្ញុំ។

ខ្ញុំឆ្លើយមិនបានថាពេលណាទើបខ្ញុំរៀបការ ព្រោះខ្ញុំមិនដឹងថាតើខ្ញុំនឹងជួបមនុស្សអាចឲ្យរៀបការជាមួយបានឬអត់ទេ។

ខ្ញុំមិនរើសរកបុរសដែលល្អឥតខ្ចោះដើម្បីមករៀបការជាមួយនោះទេ ខ្ញុំគ្រាន់តែត្រូវការបុរសម្នាក់អាចរួមផ្លូវដើរជាមួយខ្ញុំបាន ទាំងផ្លូវ Highway ផ្លូវបេតុង និងផ្លូវដែលពោលពេញទៅដោយបន្លានិងដែកគោ។ ព្រោះខ្ញុំជឿថាជីវិតក្រោយអាពាហ៍ពិពាហ៍និងមិនងាយស្រួលដូចជីវិតខ្លួនមួយទេ។

ខ្ញុំស្មើចិត្តនឹងការបង្អាប់ថា ប្រយ័ត្នចាស់ទៀតគ្មានអ្នកយក។ បើដឹងថាបុរសនោះស្រលាញ់ព្រោះតែរូបខាងក្រៅ តើគួរតែស៊ូការទាំងក្មេងជាមួយគាត់ទេ? ចុះអនាគតទៅយើងមិនចាស់ទេអី បើខំការទាំងក្មេងបែបនេះ? ហើយបើការហើយក៏នៅតែចាស់ មានគិតខ្លះទេថាគាត់គង់តែទៅរកស្រីក្មេងៗទៀតដដែល?

យ៉ាងណាបុរសដែលមិនរើសរូបសម្ផស្សគង់តែមាន ហើយបើគង់តែមាន ហើយបើខ្ញុំមានសំណាងជូបនោះ ទោះជួបពេលណាក៏មិនយឺតពេលដែរ។

ឬបើមិនជួបទេចាស់ទៅត្រូវនៅម្នាក់ឯង? ការបន្លាចដែលមិនគួរឲ្យព្រឺសម្បុរសោះ។

នៅម្នាក់ឯងមួយជីវិតវាពិតជាគួរអោយខ្លាចណាស់ តែនៅម្នាក់ឯងមួយជីវិតរឺអត់នោះ ខ្ញុំជឿថាមិនមែនមកពីមានមង្គលការឬអត់នោះទេ។ វាសនាបានចារមកហើយថាជីវិតចុងក្រោយរបស់អ្នកនឹងក្លាយជាបែបណា។

គ្មានអ្នកណាទាយដឹងមុនថាជីវិតគូអាចរស់ជុំគ្នាបានយូរប៉ុនណានោះទេ គ្មានអ្នកណាទៅដឹងមុនថាបុត្ររបស់អ្នកនឹងកំដរអ្នកដល់ថ្ងៃចុងក្រោយរបស់អ្នកបានឬអត់នោះទេ។

ពេលខ្លះមនុស្សដែលស្រលាញ់នឹងកំដរអ្នក នៅជីវិតចុងក្រោយអាចមិនមែនជាសមាជិកគ្រួសាររបស់អ្នកទេ។

មនុស្សមានខ្សែរជីវិតរៀងៗខ្លួន

បើអ្នកកំពុងតែសុខនិងជីវិតគូរបស់អ្នកហើយក៏ខំថែបន្តទៀតទៅក្រែងវាមិនបានសុខដល់ស្អែក

ហើយបើកំពុងតែរកាំរកុះក៏ខំកែរកុនអោយល្អទៅក្រែងបានសុខដូចពីមុនមកវិញ។

មនុស្សនៅម្នាក់ឯងមិនមែនមិនត្រូវការគូ តែគ្រាន់តែមិនទាន់ដល់ពេល ឬមិនមានពេលនោះ…។

យ៉ាងណា មានគូរឺអត់គូ មនុស្សគ្រប់គ្នាសុទ្ធតែសង្ឃឹមបានសុខ។ សុខរបស់អ្នកមានគូប្រហែលបានមកពីដៃគូរបស់គាត់ តែសុខរបស់អ្នកគ្មានគូបានមកតែពីសមិទ្ធិផលរបស់គាត់ខ្លួនឯង។

សេចក្តីសុខងាយនិយាយ ងាយមើលឃើញ តែពិបាករក្សាណាស់ដែរ ត្រូវការឲ្យខំរៀងខ្លួនដើម្បីរក្សាសេចក្តីសុខនោះឲ្យនៅជាមួយខ្លួនបានយូរ។

ដូច្នេះគួរតែខំរក្សាសេចក្តីសុខរៀងៗខ្លួនទៅ អ្នកដទៃគេចេះគិតគូរពីអនាគត និងជីវិតរបស់គេហើយ។

អរគុណចំពោះការអាន អរគុណចំពោះការពេញចិត្ត និងមិនពេញចិត្ត។

ភាពលុតដំ ជាបទពិសោធន៍ដ៏អស្ចារ្យក្នុងជីវិត

ជីវិតដែលមានសំណាងមិនដឹងថាគួរតែមានអ្វីខ្លះនោះទេ។

តែខ្ញុំបែជាអរគុណដែលខ្ញុំមិនមានដូចអ្វីដែលអ្នកដទៃមាន។

ខ្ញុំអរគុណណាស់ដែលបានឱ្យខ្ញុំកើតនៅក្នុងគ្រួសារសាមញ្ញមួយ ដែលមានឱកាសបានឃើញម៉ាក់និងប៉ារាល់ថ្ងៃ បានញ៉ាំអាហារពេលល្ងាចជុំគ្រួសាររាល់ថ្ងៃ។

បើខ្ញុំនៅក្នុងគ្រួសារអភិជន ម្ល៉េះម៉ាក់ប៉ាខ្ញុំនឹងមិនមានពេលគ្រប់គ្រាន់សម្រាប់ខ្ញុំទេ។

ខ្ញុំមោទនៈណាស់ដែលស្ថានភាពគ្រួសារសាមញ្ញរបស់ខ្ញុំនេះជាឱកាសឱ្យខ្ញុំបានចេះគិត មានគំនិតចាស់ទុំឆាប់ជាងកូនដែលនៅក្នុងគ្រួសារអភិជន។ នៅពេលដែលខ្ញុំកំពុងតែចាប់ផ្តើមសន្សំប្រាក់ខែមួយរយដុល្លា ពួកគាត់ប្រហែលកំពុងបើកឡានស្ព័រដើរលេងនៅឡើយទេ។

គ្រួសារសាមញ្ញរបស់ខ្ញុំបង្រៀនឱ្យខ្ញុំស្គាល់ពីភាពលំបាកនៃការរកចំណូល បង្រៀនឱ្យខ្ញុំចេះខំរកច្រើនជាងសុំ។ ទាំងនេះហើយជាភាពលុតដំ ជាបទពិសោធន៍ដ៏អស្ចារ្យក្នុងជីវិត ដែលវាមានតម្លៃបំផុតសម្រាប់ខ្ញុំ ដើម្បីយកទៅចែករំលែកដល់ជំនាន់ក្រោយរបស់ខ្ញុំដោយមោទនៈភាព។

ព្រះអាទិត្យថ្មីដែលអ្នកបានឃើញគឺជាទំព័រថ្មីនៃជីវិតរបស់អ្នក

ថ្ងៃនេះអ្នកហត់ណាស់ហើយ

ទឹកភ្នែកហូរមកច្រើនណាស់មែនទេ?

បេះដូងមិនទាន់បាត់ពើតផ្សាទេមែនទេ?

នៅតែមានអារម្មណ៍ដូចភ្នំសង្កត់លើបេះដូងដ៏តូចមួយរបស់អ្នក តើមែនទេ?

បើចិត្តនេះហត់ពេញមួយថ្ងៃហើយ យប់នេះត្រូវឆាប់ចូលគេង

ទោះភ្នែកមិនព្រមបិទ ក៏ត្រូវតែបង្ខំចិត្តគេងឲ្យលក់

ភាពងងឹតមិនអាចឲ្យអ្នកមើលឃើញភាពស្រស់ស្អាតនោះទេ

ចូលគេងឲ្យឆាប់បានលក់ ហើយត្រូវឆាប់ភ្ញាក់មកវិញ

អ្នកត្រូវភ្ញាក់ពីព្រលឹមហើយចេញឲ្យផុតពីបន្ទប់គេង

ដឹងទេ? ទេសភាពពេលព្រឹកព្រលឹមស្រស់ស្អាតណាស់

ពន្លឺទើបអាចឲ្យអ្នកមើលឃើញពិភពលោកដ៏ស្រស់ស្អាតនេះ

បើចង់ឲ្យចិត្តឆាប់ជាត្រូវធ្វើដំណើរទៅទិសខាងកើត

អ្នកត្រូវទៅតាមពន្លឺមួយនោះ ពន្លឺពណ៌មាសដែលជះមកលើរាងកាយខ្សោះកក្រោះរបស់អ្នក

កម្តៅដែលដុតទុក្ខសោកទាំងពួង គឺមានតែនៅពេលព្រឹកព្រលឹមទេ

នៅពេលដែលព្រះអាទិត្យចាប់ផ្តើមរះ

ពេលនោះហើយដែលជួយឲ្យអ្នកបានស្រាកស្រាន្តពីភាពឈឺចាប់បានខ្លះ

ព្រះអាទិត្យថ្មីដែលអ្នកបានឃើញគឺជាទំព័រថ្មីនៃជីវិតរបស់អ្នក

ថ្ងៃស្អែកតែម្តងប្រហែលមិនអាចជួយឲ្យចិត្តអ្នកបានជាភ្លាមៗនោះទេ

តែស្អែកច្រើនដងនឹងធ្វើឲ្យអ្នករឹងមាំដោយមិនដឹងខ្លួន

មិនបាច់ជឿខ្ញុំទេ គ្រាន់តែសាកល្បងធ្វើបែបនេះរាល់ថ្ងៃ

ថ្ងៃមួយអ្នកនឹងទទួលបានអារម្មណ៍មួយនេះ។ ជូនពរអ្នកដែលកំពុងឈឺចាប់ទាំងឡាយបានដើរផុតពីក្តីទុក្ខសោកឆាប់ៗ

ទឹកភ្នែកដែលហូរមកគឺជាក្តីសង្ឃឹម

អារម្មណ៍ដែលបានសើចគឺវាធូរស្រាលណាស់ វាស្រស់ស្រាយណាស់

ចុះធ្វើម៉េចទើបដឹងថាវាធូរស្រាល? ធ្វើម៉េចទើបដឹងថាវាស្រស់ស្រាយ?

ពីព្រោះមុនបានសើច មិនដឹងថាត្រូវយំប៉ុន្មានដង តឹងណែនក្នុងទ្រូងនេះយូរប៉ុនណាហើយ

ចុះបើដឹងហើយថាបន្ទាប់ពីយំ បន្ទាប់ពីតឹងណែនចុកអួលដើមទ្រូងនេះទើបអ្វីៗបានប្រសើរឡើង

ហេតុអ្វីមិនរឹងមាំ? ពេលដែលកំពុងពិបាកត្រូវប្រាប់ខ្លួនឯងថា នឿយមុនស្រណុកក្រោយ កាន់តែនឿយពេលនេះ អនាគតនឹងកាន់តែស្រណុក។

សង្កត់ចិត្តស្រាល កុំចុះចាញ់បើពិតជាចង់ស្រណុកមែន ទ្រាំនឿយបន្តិចទៅ។

ធ្វើការមួយខែ តើត្រូវទទួលសម្ពាធប៉ុន្មានថ្ងៃ? លទ្ធផលចុងក្រោយគឺបានទទួលប្រាក់ខែតែមួយថ្ងៃតែប៉ុណ្ណោះ

សន្សំសំចៃប៉ុន្មានខែឆ្នាំ ទើបអាចទិញបានរបស់ដែលអ្នកប្រាថ្នា កុំគិតពីរបស់តូចតាច គិតដល់ ឡានថ្លៃ ឬផ្ទះធំ។

ព្រោះតែអ្នកមើលឃើញគោលដៅបន្ទាប់ពីការសន្សំ ទើបអ្នកព្រមរិះថាំដើម្បីទុកលុយទាំងនោះ។

ព្រោះតែអ្នកមើលឃើញមួយថ្ងៃដែលបានប្រាក់ខែ ទើបអ្នកព្រមទទួលសម្ពាធជារៀងរាល់ថ្ងៃ។

ដូច្នេះដើម្បីអារម្មណ៍សុខសប្បាយ នៅពេលដែលជីវិតទៅដល់គោលដៅ គប្បីរីករាយនឹងទឹកភ្នែកខ្លួនឯងដែលហូរនៅពេលនេះ។

ត្រូវដឹងខ្លួនថាព្រោះអ្នកកំពុងដើរទៅរកគោលដៅហើយទើបពេលនេះអ្នកកំពុងយំ បើពេលនេះអ្នកសើចប្រហែលអ្នកកំពុងតែដើរខុសគោលដៅទេ។

ត្រូវអរគុណទឹកភ្នែកដែរហូរ ព្រោះនេះជាសញ្ញាថាអ្នកជិតបានធូរស្រាលហើយ។ ទឹកភ្នែកដែលហូរមកគឺជាក្តីសង្ឃឹម ត្រូវញញឹមទទួលវាហើយរឹងមាំដើរបន្តទៀត។

ពាក្យសន្យា

ពាក្យសម្ដីគួរនិយាយតិចល្អជាងច្រើន ព្រោះថាអ្នកស្តាប់គាត់អាចនឹងចាំនូវចំនុចដែលអ្នកអាចនឹងភ្លេច។

ចង់ឲ្យគេសប្បាយចិត្ត មិនចាំបាច់ផ្តើមឬបញ្ចប់សន្ទនាដោយការសន្យានោះទេ ព្រោះការសន្យាចំពោះអ្នកស្តាប់គឺជាក្តីរំពឹង តែចំពោះអ្នកនិយាយខ្លួនឯងវិញនោះ គឺជាការដាក់សម្ពាធនិងបំណុលមួយ។

បើគិតថាខ្លួនជាមនុស្សដែលរវល់ខ្លាំង ឬឆាប់ភ្លេច មិនគួរទទួលសំណើ ឬហ៊ានសន្យាលឿនពេកទេ។

បើគិតថាម្នាក់នោះមិនសមឲ្យអ្នកធ្វើរឿងនោះដើម្បី ក៏មិនគួរសន្យាឲ្យតែផុតពីមាត់ដែរ។

កាលដែលចូលចិត្តពោលពាក្យសន្យាងាយៗ តែមិនងាយនឹងធ្វើ អ្នកដែលទទួលស្តាប់ គេនឹងចាំមើល ហើយទុកតម្លៃឲ្យអ្នកទៅតាមការប្រព្រឹត្តរបស់អ្នក។

ចូរឲ្យតម្លៃលើពាក្យសន្យាឲ្យខ្ពស់បន្តិច នោះតម្លៃរបស់អ្នកនឹងខ្ពស់ដូចគ្នា។

រឿងខ្លះវានឹងមានតម្លៃខ្លាំងបំផុត បើអ្នកបានធ្វើវាដោយមិនធ្លាប់មានពាក្យសន្យា។

ពាក្យសន្យាគួរតែលើកឲ្យស្មើ តម្លៃ និងសេចក្តីគោរព។ គោរពសន្យាគឺជាការគោរព លើកតម្លៃខ្លួនឯង និងមនុស្សដែលអ្នកបានសន្យាជាមួយ។