អ្វីដែលខ្ញុំបានរៀនពីសៀវភៅមួយនេះគឺ

វិថីជីវិត 
អ្នកណាអានប្រលោមលោកជារឿងឥតប្រយោជន៍? 
វីថីជីវិតគឺជាដំណើររឿងនៃជីវិតពោរពេញទៅដោយមហិច្ឆតារបស់នារីម្នាក់ដែលតែងតែពុះពារគ្រប់ការលំបាកក៏ព្រោះតែចង់ឱ្យក្តីប្រាថ្នារបស់ខ្លួនបានទៅដល់គោលដៅ ហ៊ានធ្វើការសម្រេចចិត្តក្នុងគ្រាលំបាក ហ៊ានលះបង់ពេលវេលា សេចក្តីសុខរយ:ពេលដើម្បីជាទុនសម្រាប់ឆ្លងទៅផ្លូវនៃវិថីជោគជ័យមួយ។ 

អ្វីដែលខ្ញុំបានរៀនពីសៀវភៅមួយនេះគឺ 
1. មិនថាអ្នកជានរណា មកពីណា មនុស្សស្រីឬប្រុស ដរាបណាអ្នកមានគោលដៅនៃជីវិតច្បាស់លាស់ អ្នកអាចត្រួសត្រាយផ្លូវដើរទៅមុខបានដើម្បីចាប់យកក្តីស្រម៉ៃរបស់អ្នក។
2. មិនថាអ្នកក្លាហានឬជោគជ័យខ្លាំងប៉ុណ្ណា អ្នកនៅតែត្រូវការមនុស្សម្នាក់ដែលនៅពីក្រោយអ្នក ផ្តល់កម្លាំងចិត្តដល់អ្នក និងគាំទ្រអ្នក។ សូមថែរក្សាពួកគេ និង កោតសរសើរនូវសំណាងខ្លួនឯងដែលមានមនុស្សល្អនៅជិត និង ជាកម្លាំងចលករជម្រុញចិត្ត។
សូមស្វែងរកសៀវភៅមួយក្បាលនេះមកជាកម្មសិទ្ធិ និងស្វែងយល់បន្ថែមពីមេរៀនជីវិតរបស់នាងតូចវិរិយ៉ា និងការគាំទ្រដោយគ្មានលក្ខខណ្ឌរបស់បុញ្ញវន្តចំពោះនាងតូចម្នាក់នេះ។

អ្វីទៅជាវិថីជីវិត? តើមនុស្សដែលរស់នៅលើភពផែនដីនេះមានចិត្តគំនិតនិងក្ដីស្រមៃដូចគ្នាទេ?

#វិថីជីវិត
អ្វីទៅជាវិថីជីវិត? តើមនុស្សដែលរស់នៅលើភពផែនដីនេះមានចិត្តគំនិតនិងក្ដីស្រមៃដូចគ្នាទេ? 
ការបង្កើតក្ដីស្រមៃវាជារឿងងាយទេប៉ុន្តែអ្វីដែលពិបាកគឺការធ្វើតាមក្ដីស្រមៃអោយក្លាយទៅជាការពិត!! 

វីរិយ៉ា! តួអង្គស្រីនៅក្នុងប្រលោមលោកវិថីជីវិតនាងពិតជាអស្ចារ្យសម្រាប់ខ្ញុំ…នាងមានមហិច្ឆតាខ្ពស់ក្នុងការធ្វើអោយក្ដីស្រមៃរបស់នាងក្លាយទៅជាការពិតទោះបីជាវាពិបាកនិងត្រូវប្រើពេលវេលាយូរយ៉ាងណាក៏ដោយតែនៅទីបំផុតនាងក៏អាចធ្វើបាន! ធ្វើបានដោយជោគជ័យនិងល្អបំផុត។

អ្នកបងវីរិយ៉ាហា៎! ខ្ញុំពិតជាចង់ស្គាល់អ្នកបង ចង់ក្លាយជាមនុស្សស្រីដែលរឹងមាំដូចជាអ្នកបងណាស់! បើសិនជាអ្នកបងជាមនុស្សពិតដែលនៅខាងក្រៅសាច់រឿងអ្នកបងពិតជាមនុស្សដែលគួរអោយស្ញប់ស្ញែងខ្លាំងណាស់!

វិថីជីវិតមួយក្បាលនេះគឺជាការតាក់តែងឡើងរបស់បងស្រី អ្នកនិពន្ធ រតនា។ ហេតុអីទៅបងស្រី? ហេតុអីក៏បងធ្វើអោយខ្ញុំលង់នឹង វីរិយ៉ា ដកចិត្តមិនរួចបែបនេះ? បងអត់នឹងធ្វើអោយខ្ញុំសរសើរមិនបានពិតមែន!!!
បងធ្វើអោយខ្ញុំលង់នឹង វីរិយ៉ាមិនអស់ចិត្ត នៅធ្វើអោយខ្ញុំលង់នឹងស្នាដៃនិពន្ធរបស់បងទៀត! បងស្រីឆាប់មកទទួលខុសត្រូវមក😂❤❤

ខ្ញុំពេញចិត្តនូវវគ្គផ្សេងៗនៅក្នុងសៀវភៅប្រលោមលោកមួយនេះជាពិសេស វគ្គ៦ រសជាតិកាហ្វេ

នៅម៉ោង ០៧:៤៩ នាទី ( ពេលល្ងាចមួយថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៩ ការអានប្រលោមលោកវិថីជីវិតត្រូវបានបញ្ចប់ ) ។ សៀវភៅប្រលោមលោក “វិថីជីវិត” ជាស្នាដែរបស់ អ្នកនិពន្ធ រតនា គឺជាសៀវភៅមួយដែលមានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកអានរួមទាំងខ្ញុំផងដែរ ។ សៀវភៅប្រលោមលោកមួយនេះល្បីយូរមកហើយ ជាពិសេសនាងតូច វីរិយ៉ា គ្រប់គ្នាសុទ្ធតែបានលើកសរសើរអំពីនាង រហូតធ្វើឱ្យបេះដូងរបស់ខ្ញុំប៉ះទង្គិចយ៉ាងខ្លាំង រឹតតែចង់ឃើញនិងស្វែងយល់ពីនាងតូច ចង់ដឹងថានាង ស្រស់ស្អាត ពូកែ និងរឹងមាំខ្លាំងប៉ុណ្ណា ជាពិសេសនោះគឺ ប្រាថ្នាចង់បានបេះដូង “វិថីជីវិត” មកថ្នាក់ថ្នមផ្ទាល់ដៃទាំងទ្វេ ។
ពេលនេះបានថ្នាកថ្នមហើយ…ចុះអ្នកវិញមានសៀវភៅមួយនេះកាន់ក្នុងដៃហើយឬនៅ ???
សៀវភៅប្រលោមលោក “វិថីជីវិត” គឺអ្នកនិពន្ធចង់បង្ហាញអំពីខ្សែជីវិតរបស់នាងតូច វីរិយ៉ា ដែលនាងមានមហិច្ឆិតាដ៏ធំធេងចំពោះកិច្ចការងាររបស់នាងក្នុងការ #ក្លាយជាស្រ្ដីដ៏ជោគជ័យក្នុងមុខជំនួញ ជាមនុស្សស្រីម្នាក់ដែលពូកែ និងរឹងមាំខ្លាំងបំផុត រឹងមាំខ្លាំងរហូតធ្វើឱ្យបុរសដែលប៉ងប្រាថ្នានាង ពិបាកក្នុងការចូលមកក្បែរជីវិតរបស់នាង ( ខ្ញុំគិតថាបេះដូង វីរិយ៉ា ប្រហែលសាងឡើងពីទឹកកកហើយ ត្រជាក់ស្រេបសូម្បីតែខ្ញុំអ្នកអានពេលខ្លះក៏ពាល់អារម្មណ៍របស់នាងតូចមិនត្រូវដែរ…អ៎!!! ភ្លេចទៅថាបេះដូងរបស់នាងតូចយកទៅផ្ញើនិងសមុទ្រអស់ហើយ ហិហិ )
ខ្ញុំពេញចិត្តនូវវគ្គផ្សេងៗនៅក្នុងសៀវភៅប្រលោមលោកមួយនេះជាពិសេស វគ្គ៦ រសជាតិកាហ្វេ ។ ចំណុចមួយដែលខ្ញុំរឹតតែចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ “កាហ្វេខ្មៅពិតជាល្វីងណាស់ លេបចូលដល់បំពងក ក៏ប្រែរសជាតិទៅជាផ្អែម” ( ខ្ញុំជឿជាក់ថាអ្នកក៏ចាប់អារម្មណ៍នូវឃ្លាមួយនេះដែរ )។ ជាការពិតនាងតូច គឺជាមនុស្សស្រីម្នាក់ដែលជោគជ័យ និងខ្លាំងពូកែក្នុងមុខជំនួញ ( តែនេះមិនមែនជាសុភមង្គលដ៏ពិតប្រាកដរបស់នាងទេ ) ខ្ញុំចាំបានពាក្យសម្ដីរបស់ Bryant ដែលបាននិយាយត្រង់ចំណុចមួយថា ជោគជ័យមានពីរប្រភេទគឺ ១. ជោគជ័យដោយគ្មានសល់អ្វី ២. ជោគជ័យដោយសុភមង្គម
ខ្ញុំសូមស្ងើចសរសើរដល់បងស្រីអ្នកនិពន្ធខ្លាំងណាស់ ក្នុងការបង្កើតនិងលើកយកបញ្ហាជាច្រើននៅក្នុងរឿងមួយនេះ ជាពិសេសអារម្មណ៍មួយដែលជាស្នេហារវាងមិត្តភក្ដិ ដែលមិនមានការបែងចែកឱ្យដាច់ស្រេច ( ស្នេហាក្រឡាអុកដ៏សែនសាំញុាំរបស់អ្នកទាំងបួន វីរិយ៉ា បញ្ញវន្ដ វិមន្ដ និងរីណា សូម្បីតែខ្ញុំអ្នកអានផ្ទាល់ក៏វង្វេងវង្វាន់ខ្លាំងណាស់ដែរ ) ។
ខ្សែជីវិតរបស់នាងតូច វីរិយ៉ាអ្នកនិពន្ធបានដឹកនាំឱ្យនាងសម្ដែងក្លាយជា មនុស្សស្រីម្នាក់ដែលជោគជ័យក្នុងមុខជំនួញផ្ទាល់ខ្លួនរបស់នាង តែស្ថិតក្នុងការជោគជ័យមួយនេះ នាងបែរជាបដិសេដនូវមនោសញ្ចេតនាក្នុងបេះដូងរបស់នាង ចំពោះបញ្ញវន្ដ ជាបុរសម្នាក់ដែលតែងតែ ចាំលើកទឹកចិត្ត គាំទ្រនាងគ្រប់ពេល និងរង់ចាំនាងរហូតមក…( ដឹងទេថាអ្នកនិពន្ធបានធ្វើឱ្យអ្នកអានដូចជាខ្ញុំអួលដើមក សំឡេងក្នុងការអានក៏បានផ្លាស់ប្ដូរ មើលៗទឹកអីដក់ក្នុងកែវភ្នែកខ្ញុំទៀតហើយ…ខ្ញុំយំនៅពេលដែលបានអានសំបុត្ររបស់ បញ្ញវន្ដ ដែលបានបន្សល់ទុកឱ្យនាងតូច វីរិយ៉ា ក្រោយពេលនាងតូច ចាត់ទុកគេត្រឹមតែជាបងប្រុសដ៏ល្អម្នាក់…ហា៎ហា៎ តាមពិតខ្ញុំយំតាមតួស្រីពេលអានសំបុត្រហ្នឹងទេ ) ។
ចុងបញ្ចប់អ្នកនិពន្ធក៏ចង់បង្ហាញដល់អ្នកអាននូវមេរៀនជីវិតជាច្រើនជាពិសេសត្រង់វគ្គបញ្ចប់ “មហិច្ឆិិតាមិនមែនសុភមង្គល” នាងតូចយើងបានសម្រេចមហិច្ឆិតារបស់នាងយ៉ាងត្រចះត្រចង់ ប៉ុន្ដែអ្វីដែលនាងត្រូវបាត់បង់នោះគឺមនោសញ្ចេតនា ក្ដីស្រឡាញ់ពីមនុស្សម្នាក់ដែលស្រឡាញ់នាង មនុស្សម្នាក់ដែលបេះដូងរបស់នាងប្រាប់ថាមិនអាចខ្វះគេបាន ( មនុស្សម្នាក់ដែលនាងស្រឡាញ់ ) ដូចឃ្លាមួយនោះថា #មហិច្ឆតាកាន់តែធំ_មនោសញ្ចេតនាក៏កាន់តែតូច ( មិនមែនជាចំណុចសំខាន់ តែក៏តម្រូវឱ្យអ្នកអានដូចជាខ្ញុំត្រូវធ្វើការគិតពិចារណា ) ។ នាងតូច វីរិយ៉ា នៅមិនទាន់ហួសពេលដើម្បីកែប្រែកំហុសរបស់នាង នាងតូចសុខចិត្តដើរស្វែងរក បញ្ញវន្ដ ( ❤ ) ដូចដែលនាងខិតខំស្វែងរកហិច្ឆិតារបស់នាងដូច្នោះដែរ ( សម្រេចមហិច្ឆិតាបានហើយ ក៏ខិតខំសម្រេចបេះដូងផងដែរ ដើម្បីសុភមង្គលមួយ ណ៎! អ្នកដែលកំពុងតែអាន )។ អ្នកណាដែលថាមិនធ្លាប់ធ្វើខុស អ្នកណាដែលថាមិនធ្លាប់មានកំហុស…សំខាន់យើងទទួលស្គាល់និងរៀនសូត្រពីកំហុសនោះ និងដើម្បីធ្វើការកែសម្អវានៅថ្ងៃក្រោយ ។
អ្នកនិពន្ធបានតាក់តែងឡើងនូវខ្សែេជីវិតរបស់នាងតូច វីរិយ៉ា ប៉ុន្ដែខ្សែជីវិតរបស់ខ្ញុំ ខ្ញុំខ្លួនឯងជាអ្នកតាក់តែង ដឹកនាំ និងរៀបចំជាឈុតជាឆាក និងត្រូវសម្ដែងដោយខ្លួនឯងផ្ទាល់ នាងតូច វីរិយ៉ា គឺជាគំរូដ៏អស្ចារ្យបំផុតសម្រាប់ខ្ញុំ ❤ ( យើងម្នាក់ៗសុទ្ធតែជាអ្នកនិពន្ធ គិតបែបហ្នឹងទេ??? ជាអ្នកនិពន្ធសម្រាប់ខ្សែជីវិតរបស់ខ្លួនយើង )។

អរគុណយ៉ាងខ្លាំងដល់បងស្រី អ្នកនិពន្ធរតនា ដែលបានផ្ដល់កាដូប្រលោមលោក “វិថីជីវិត” ដ៏វិសេសមួយនេះដល់ប្អូនស្រីម្នាក់នេះ ( ចាត់ទុកថានេះជាកាដូមុនថ្ងៃខួបកំណើតខ្ញុំហើយ…ចុះអ្នកកំពុងតែអាន កាលណាបានផ្ញើកាដូមកឱ្យហ្នឹងជិតដល់ថ្ងៃខួបកំណើត សីហា ហើយណា៎ ហា៎ហា៎ផ្ញើបណ្ដើរៗមកបើកទទួលហើយណា៎ )

#បេះដូងរបស់ខ្ញុំវាបានខ្សឹបប្រាប់ខ្ញុំ់ថា_វាលង់និងសៀវភៅប្រលោមលោកមួយនេះដកចិត្តមិនរួចទេ

ដោយ: ពណ៌ខ្មៅ
រូបភាព: ពណ៌ខ្មៅ (មើលរូបដដែរៗទៅកុំទាន់ធុញ😁✌)
ទីតាំង: សួនមានជ័យ ( ខេត្តបន្ទាយមានជ័យ )

ក្តីសុខដែលគេចបំណុលគេ គឺជាសុខដោយវិប្បដិសារី!

លុយវាអាចប្តូរក្តីស្រលាញ់ជាមួយមនុស្សមិនសូវថ្លៃថ្នូរបាន តែវាមិនអានប្តូរក្តីស្រលាញ់ ឬភាពថ្លៃថ្នូររបស់មនុស្សដែលមានទឹកចិត្តបានទេ។ ដាច់ចិត្តណាស់បើអ្នកឱបក្រសោបបំណុលទាំងនោះ ហើយព្រមដោះដៃបោះបង់ចោលមិត្តភាព គ្រួសារ ក្តីស្រលាញ់ ការរាប់អានទាំងឡាយ។ អ្នកចំណេញហើយដែលមិនចាំបាច់ត្រូវសងបំណុលទាំងឡាយទៅគេ អ្នកឆ្លាតហើយដែលទៅបោកលុយគេបានយកមកប្រើប្រាស់តាមចិត្ត។

តែអ្នកកុំភ្លេច! អ្នកបាត់ហើយ! អ្នកបាត់មនុស្សដែលស្រលាញ់អ្នកហើយ បាត់មនុស្សដែលហ៊ុចដៃឱ្យអ្នកពេលដែលអ្នកមានទុក្ខហើយ! មនុស្សដែលព្រមឱ្យលុយអ្នកខ្ចី ឬព្រមឱ្យអ្នកជំពាក់លុយ គាត់មិនល្ងង់ទេ គាត់គ្រាន់តែចិត្តល្អ! គាត់ចិត្តមិនដាច់ទេបើឃើញអ្នកពិបាក គាត់ពិបាកអារម្មណ៍ពេលឃើញមនុស្សគាត់ស្រលាញ់ រាប់អានត្រូវជួបទុក្ខភ័យ! ហើយលទ្ធផលដែលស្រលាញ់ចំមនុស្សដូចអ្នកបានត្រឹមតែស្តាយ! ស្តាយលុយដែលបាត់ទៅ ស្តាយក្តីស្រលាញ់ដែលបាត់ទៅ ស្តាយមិត្តភាពដែលរលាយទៅ..

លុយដែលឱ្យទៅ មិនថាចំនួនតិចឬច្រើន មិនថាព្រោះគាត់ជាមនុស្សធូរធារឬត្រឹមមធ្យម ចំនួនទាំងនោះគឺតែងបានទៅដៃអ្នកជាមួយទឹកចិត្តដ៏ស្មោះត្រង់ ដ៏បវរ។ សម្រាប់អ្នកដែលមានចិត្តមិនស្មោះសរ មិនយល់តម្លៃក្តីស្រលាញ់ មិនយល់ពីការបាត់បង់ដ៏មានតម្លៃនេះទេ ដឹងត្រឹមថាគាត់បានសុខហើយ សុខដោយព្រមបោះបង់ចោលមនុស្សដែលមានទឹកចិត្តចំពោះអ្នក អាណិតអាសូរស្រលាញ់អ្នក។ សុខដោយរមិលគុណ សុខបែបនេះអ្នកគេងមិនលក់ទេ!

សុខបែបនេះនៅមានមនុស្សចង់បាន ឬទ្រាំទទួលយកបាន។ ព្រោះសុខបែបនេះមានតែមនុស្សអាត្មានិយម មនុស្សមិនសូវមានភាពថ្លៃថ្នូរក្នុងខ្លួនទើបគេចូលចិត្ត។

តែសុខបែបនេះនឹងធ្វើឱ្យអ្នកទូលវិប្បិសារីទៅថ្ងៃក្រោយ! ទាន់អាយុនៅមាន ទាន់ដង្ហើមនៅដក គួរសាងខ្លួនឱ្យល្អ ហើយរកវិធីត្រឡប់ទៅរកក្តីស្រលាញ់ដែលមាននោះវិញទៅ!

លុយ! មិនគួរមានអំណាចទៅលើកិត្តិយសនរណាម្នាក់ដ៏ម្ល៉ឺងទេ! កុំឱ្យភាពអាត្មានិយម កុំឱ្យភាពលោភលន់បំផ្លាញសុភមង្គលអ្នកបាន។ លុយពិបាករក! តែមិនពិបាករកជាងមនុស្សដែលហ៊ុចដៃឱ្យអ្នកចាប់តោងពេលដែលអ្នកធ្លាក់ចុះនោះទេ!

អត្ថបទអ្នកនិពន្ធរតនា

ដើម្បីក្តីសង្ឃឹមមួយ

ញញឹមរាល់ថ្ងៃ រឹងមាំរាល់ថ្ងៃ
គ្មានអ្នកណាដឹងទេថាក្នុងទ្រូងរបស់ម្នាក់ដែលញញឹមស្រស់នោះ មានដំបៅរលួយផ្សារប៉ុនណា។

តើមានប៉ុន្មានដងដែលខ្ញុំត្រូវពួនយំ រំសាយទុក្ខទាំងឡាយតែម្នាក់ឯង? មានប៉ុន្មានដងដែលមនុស្សរឹងមាំគួរឱ្យសរសើរម្នាក់នៅធ្លាប់ចង់រលាយខ្លួនពីផែនដីមួយនេះ?

អត់មានអ្នកណាដឹងទេ អត់មានអ្នកណាហុចដៃឱ្យខ្ញុំពេលដែលខ្ញុំហត់បំផុតនោះទេ។ ខ្ញុំយំម្នាក់ឯង រឹតទ្រូងខ្លួនឯង ចាប់ដៃខ្លួនឯងលួងខ្លួនឯង ឱ្យកម្លាំងចិត្តខ្លួនឯង ដើម្បីក្រោកឈរប្រឈមរឿងទាំងឡាយបន្តទៀត។

ផែនដីនេះបង្កើតជីវភាពជីវិតច្រើនរបៀបណាស់ហើយមើលទៅ! ប្រហែលរបៀបដែលខ្ញុំកំពុងរស់នៅនេះជាជីវភាពមួយដែលផែនដីកំណត់ហើយ។

ផែនដីបង្កើតខ្ញុំឱ្យរស់ដើម្បីប្រយុទ្ធគ្រប់រឿងរ៉ាវតែឯង មនុស្សធម្មតាឯណាធ្វើបាន? តែខ្ញុំចេះតែធ្វើបាន ខ្ញុំយំផង រត់ផង ខ្ញុំធ្វលបាន! ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីឱ្យដឹងថាចុងក្រោយនៃការតស៊ូបែបនេះតើនឹងទៅជាយ៉ាងណា?

ផែនដីអើយ! ខ្ញុំជឿណាស់ថាអ្នកយុត្តិធម៌ ខ្ញុំចាំមើល! តើយុតិ្តធម៌របស់ខ្ញុំនឹងទទួលបាននាពេលណា?
ខ្ញុំមិនចុះចាញ់! ខ្ញុំនឹងរឹងមាំនៅទីនេះ រង់ចាំភាពយុត្តិធម៌មួយនោះ។ ខ្ញុំលំបាកមកយូរហើយ ខ្ញុំមិនជឿថាការតស៊ូនឹងអត់ប្រយោជន៍នោះទេ។ លំបាកមួយភ្លែតទៀត ក្តីសង្ឃឹមរបស់ខ្ញុំមុខតែមកដល់។

ពេលមួយដែលខឹងខ្លាំង!

កំហឹងវាក្តៅជាងពុស១០០អង្សារ! កំហឹងវាបញ្ជារចិត្តអ្នកឱ្យគិតអី ធ្វើអីលឿនៗបំផុត។ កំហឹងបង្កើតទម្លាប់អាក្រក់ដែលធ្វើឱ្យអ្នកស្តាយក្រោយ!

អារម្មណ៍ខឹងខ្លាំងអ្នកណាក៏ធ្លាប់ជួប តែសង្កត់កំហឹងបានប៉ុណ្ណាវាមិនអាស្រ័យអ្វីផ្សេងក្រៅពីចិត្តរបស់ម្ចាស់ខ្លួន។

កំហឹងអាចនាំវិប្បដិសារីមួយជីវិត! ពេលខឹងខ្លាំងអ្វីដែលត្រូវប្រាប់ខ្លួនឯងបំផុតនោះគឺ ប្រយ័ត្នស្តាយក្រោយ! ប្រយ័ត្នស្តាយក្រោយ!

កើតក្តីខឹងព្រោះតែចង់ឈ្នះ ហើយចិត្តដែលចង់ឈ្នះនេះវាសាហាវណាស់។ ឃុំគ្រងឱ្យបាន កុំឱ្យកំហឹងបង្កើតទម្លាប់អាក្រក់ ឬបញ្ហាថ្មីឱ្យអ្នកបាន។

ខឹងខ្លាំងគួរដើរចេញ ចេញឱ្យផុតពីអ្វីគ្រប់យ៉ាងដែលធ្វើឱ្យអ្នកខឹង។ សម្លឹងទៅទេសភាពឆ្ងាយៗ ឬវត្ថុអ្វីដែលអាចនាំអារម្មណ៍អ្នកទៅឱ្យឆ្ងាយពីកំហឹង។

រំងាប់ចិត្ត សម្រួលអារម្មណ៍! មុននេះខឹងខុសឬត្រូវ មិនដឹងទេ តែដែលអ្នកអាចគេចពីកំហឹងបែកផ្សែងបាននោះគឺត្រូវហើយ។

អរគុណខ្លួនឯងទៅដែលអាចធ្វើបាន អ្នកបានជួយខ្លួនឯងកាត់បន្ថយបញ្ហាហើយ អ្នកប្រសើរណាស់ដែលមិនឱ្យកំហឹងបង្កើតទម្លាប់បោកប្រាស់ បំផ្លាញ ឬស្រែកគំហកប្រើសម្តីពិបាកស្តាប់។

អ្នកប្រសើរណាស់ដែលមិនឱ្យកំហឹងនាំអ្នកទៅរកបញ្ហាថ្មីមួយទៀត។ ពេលនេះរសាយខឹងហើយ គិតបន្តិចសិនមុននេះកើតអី គួរឬមិនគួរទេដែលមានកំហឹង? គួរមិនគួរទេបើទៅដោះស្រាយរឿងខឹងមុនហ្នឹងពេលនេះ? ធ្វើតាមការគួរចុះណា៎ ដោះស្រាយបញ្ហាតាមរបៀបមនុស្សមានគុណធម៌សុជីវធម៌ចុះ។

អាត្មានិយមគ្មានតម្លៃទេ

មនុស្សម្នាក់ៗគួរទទួលខុសត្រូវលើទង្វើខ្លួនឯង
គួររៀនដោះស្រាយបញ្ហាខ្លួនឯងខ្លះដើម្បីសម្រាលភាពលំបាក ហត់នឿយពីមនុស្សដែលស្រលាញ់អ្នក។

ជាមនុស្សតែងអាត្មានិយម តែភាពអត្មានិយមហួសហេតុមិនជួយឱ្យអ្នកក្លាយជាទីពេញចិត្តនៃមនុស្សជុំវិញខ្លួនទេ។

មនុស្សដែលស្រលាញ់អ្នក ទោះគាត់រឹងមាំប៉ុនណា មានទឹកចិត្តប៉ុនណាក៏នៅចេះហត់នឹងភាពអាត្មានិយមរបស់អ្នកដែរ។

កុំធ្វើជាមនុស្សបានសុខរត់ទៅ មានទុក្ខរត់មក
កុំសើចជាមួយអ្នកផ្សេង ហើយតែងមកយំជាមួយមនុស្សដែលខ្វល់ពីអ្នក។

ជាមនុស្សបើចេះសើច ក៏កុំខ្លាចនឹងយំ បើយំហើយក៏គួដឹងពីវិធីដោះស្រាយបញ្ហាខ្លួនឯង។ កុំធ្វើដូចក្មេងដែលមិនដឹងអី ចាំតែឱ្យតែគេខ្វល់ខ្វាយ យោគយល់ពីអារម្មណ៍អ្នក។

មិនទាមទារ! មុនរំពឹងអីពីគេ គិតសិន បានធ្វើអ្វីល្អឱ្យគេប៉ុនណាហើយ? បើត្រឹមតែបានសុខរត់ទៅ មានទុក្ខរត់មក
រៀនខ្មាសអៀន កុំធ្វើអីចឹងទៀត

មនុស្សអាត្មានិយមគ្មានតម្លៃទេ។

#អត្ថបទអ្នកនិពន្ធរតនា

ក្តីស្រលាញ់ស្មោះត្រង់

ស្ករមួយស្លាបព្រាដាក់ទៅក្នុងទឹកមួយកែវ រំពឹងអីឱ្យទឹកមួយកែវនោះអាចផ្អែមខះដូចទឹកឃ្មុំបាន? ទទួលយកទៅ! ស្ករមួយស្លាបព្រា ទឹកមួយកែវ វាផ្អែមបានតែប៉ុណ្ណឹង។ បើទាមទារពេក វានឹងធ្វើឱ្យអ្នកញ៉ាំទឹកស្ករដោយគ្មានរសជាតិនោះទេ។

ក្តីស្រលាញ់មិនមែនជាការធ្វើជំនួញ បើផ្តល់ក្តីស្រលាញ់ដើម្បីតែចង់បានមកវិញ នោះមិនហៅថាក្តីស្រលាញ់ដោយចិត្តស្មោះទេ។ មានការស្រលាញ់ដោយក្តីរំពឹង ដ្បិតមនុស្សរស់នៅក្នុងផែនដីនេះត្រូវការប្រាស្រ័យនឹងពំនាក់ ធ្វើល្អចំពោះនរណាម្នាក់ក៏រំពឹងបានភាពល្អនោះមកវិញ។ វាអាចបាន! តែវានឹងបានក្នុងកម្រិតមួយនៃអធ្យាស្រ័យរបស់គេដែលមានចំពោះអ្នក។ គេអាចជាមនុស្សដែលមានសទ្ធាចិត្តតិច ឬគេអាចមិនមានសេចក្តីលម្អៀងទោរទន់មកកាន់អ្នក នោះផលល្អដែលអ្នកបានពីគេវាមិនស្មើរអ្វីដែលអ្នករំពឹង។

គួរខឹងគេទេ បើគេមិនស្រលាញ់ មិនស្មោះត្រង់នឹងអ្នកដូចដែលអ្នកបានផ្តល់ឱ្យគេ? ខឹងធ្វើអី! បើគេមិនអ្នក! អ្នកមិននៅក្នុងចិត្តគេ ធ្វើម៉េចនឹងដឹងបានថាហេតុផលអីគេតបចិត្តអ្នកមិនបាន?

ចង់បញ្ជាចិត្តគេ រៀនបញ្ជាចិត្តខ្លួនឯងសិន! បើឱ្យក្តីស្រលាញ់ ភាពស្មោះត្រង់ ដើម្បីតែចង់បានមកវិញ ឈប់ស្រលាញ់ ឈប់ស្មោះនឹងគេទៅ! ដើរចេញពីទំនាក់ទំនងដែលផ្តល់តែម្ខាង កុំឱ្យចិត្តហត់ខ្លាំងពេក។

ក្តីស្រលាញ់ដែលមានតែការចង់ឱ្យ ទោះបានឬមិនបានអ្វីជាសំណងអត់បញ្ហា ។ ស្មោះ! ព្រោះអ្នកមិនចេះក្បត់ ស្មោះ! ព្រោះអ្នកមិនអាចក្បត់។
តែបើស្រលាញ់ពេញចិត្តហើយ ពិតជាចង់ផ្តល់ឱ្យ ចង់តែឃើញមនុស្សដែលអ្នកស្រលាញ់បានទទួលអ្វីដែលល្អ បើទោះគេឱ្យអ្នកវិញបានប៉ុនណាក៏ដោយចុះ! ទទួលបែបនោះបាន គឺអ្នកមានក្តីស្រលាញ់បរិសុទ្ធចំពោះគេហើយ។

អ្នកមិនបានល្ងង់ទេ! តែអ្នកកំពុងតែរឹងមាំក្នុងការធ្វើជាអ្នកហើយ។ មិនមានអ្វីអាចផ្លាស់ប្ដូរអ្នកបាន អ្នកអាចឱ្យក្តីស្រលាញ់ ក្តីស្មោះត្រង់ទៅមនុស្សទូទៅបាន មិនថាគេជាមនុស្សបែបណា អ្នកអាចអរគុណគេដែលផ្តល់ឱកាសឱ្យអ្នកបានស្រលាញ់ បានស្មោះចំពោះគេ ឱ្យអ្នកមានលទ្ធភាពបញ្ចេញពន្លឺដ៏ប្រសើរនៃភាពល្អរបស់អ្នកបាន។

ពន្លឺនៃក្តីស្រលាញ់បរិសុទ្ធ ពន្លឺនៃភាពស្មោះត្រង់នេះ វាមិនចេះតែមានលើគ្រប់មនុស្សទេ បើមានហើយខំរក្សាវាទៅ កុំឱ្យភាពអាក្រក់របស់មនុស្សដែលអ្នកបានជួបមកបិទបាំងឬធ្វើឱ្យពន្លឺអ្នកចុះខ្សោយបាន។

កុំតូចចិត្តបើគេមិនស្រលាញ់ កុំតូចចិត្តបើគេមិនស្មោះ! នេះគ្រាន់តែជាភាពអន់ ភាពតូចទាបរបស់គេចំពោះអ្នក។ស្រលាញ់មនុស្សខុស ស្មោះមនុស្សខុស អ្នកមិនល្ងង់ទេ កាត់ចិត្តដែលធ្លាប់ឱ្យជាទាន! ឱ្យរួចហើយគឺបានលះហើយ លះបង់ហើយគឺមិនដើម្បីយកមកវិញឡើយ។
ធ្វើជាមនុស្សល្អកុំខ្លាចគេថាល្ងង់! មនុស្សល្អមិនល្ងង់ទេ! មនុស្សល្ងង់គឺមនុស្សដែលមិនព្រមធ្វើល្អតែប៉ុណ្ណោះ មនុស្សល្ងង់តែងគិតថាខ្លួនឯងឆ្លាត ហើយមនុស្សដែលច្រលំថាខ្លួនឯងឆ្លាតតែងមានវិប្បដិសារីលើកំហុសខ្លួនឯង។ មនុស្សទូលវិប្បដិសារីគ្មានថ្ងៃគេងបានស្កប់ស្កល់ទេ! មនុស្សឆ្លាតព្រោះបានក្បត់គេមុខនឹងទទួលផលដែលបានសាងក្នុងថ្ងៃមួយ។

ក្តីស្រលាញ់មួយនោះ

ខ្ញុំអាចមិនរស់ទេ! ពាក្យថាឆ្លងទន្លេ វាអាចស្តាប់ទៅធម្មតាចំពោះអ្នកមិនធ្លាប់ជួប វាធម្មតាចំពោះអ្នកដែលមិនកំពុងទទួលវា។

មានត្រៀមខ្លួនទុកទេ បើគេឱ្យជ្រើសយកតែជីវិតមួយរវាងម្តាយនិងកូន? គ្រប់ម្តាយនឹងជ្រើសយកលះបង់ខ្លួនឯងដើម្បីសង្គ្រោះកូន! ត្រឹមតែកូនបានឃើញពន្លឺថ្ងៃ ត្រឹមតែកូនអាចមានវត្តមាននៅលើផែនដី ម្តាយអស់អ្វីក៏ដោយចុះ!

សេចក្តីសុខបំផុតមួយ ក្រោយហែរឆ្លងសមុទ្រដ៏គ្រោះថ្នាក់នេះហើយ គឺត្រឹមតែបានឃើញមុខ បានស្ទាបប៉ះសាច់កូនថ្លៃតែប៉ុណ្ណឹងរឿងភ័យមុននេះក៏រលាយអស់។ ថ្នមថើបដោយក្តីស្រលាញ់ ចិត្តស្រលាញ់ដែលមានគឺលើសពីពាក្យថា ”ស្រលាញ់ណាស់” ។ និយាយច្រើនដងប៉ុនណា បរិយាយយ៉ាងណាមិនស្មើទំហំចិត្តស្នេហ៍ ចិត្តរំភើបដែលមានកូន។  គ្រាប់ពេជ្រដ៏មានតម្លៃ គ្រាប់ពេជ្រដ៏មានពន្លឺ ទោះភ្លឺចិញ្ចែងចិញ្ចាចប៉ុនណា គង់ភ្លឺមិនស្មើកូនថ្លៃដែលម្តាយបីថ្នម។

អរគុណណាស់ដែលផ្តល់ពិភពដ៏មានក្តីសុខនេះដល់ម្តាយ អត់មានសេចក្តីសុខណាស្មើសុខពេលម្តាយបានថ្នមកូនថ្លៃឡើយ។ ខ្លួនតូចមួយដែលអាចធ្វើជាពិភពលោករបស់មនុស្សម្នាក់បាន ខ្លួនតូចមួយដែលអាចជាកម្លាំងចិត្តឱ្យម្តាយហ៊ានហែរឆ្លងសមុទ្រដ៏គួរឱ្យខ្លាចបាន ខ្លួនតូចមួយនេះហើយដែលជាកម្លាំងចិត្តដ៏ពិសេសឱ្យម្តាយរឹងមាំកន្លងមក និងហ៊ានរឹងមាំបន្តទៀតបានដើម្បីតែកូនថ្លៃ។ ក៏ដើម្បីតែខ្លួនតូចមួយនេះហើយដែលម្តាយហ៊ានសន្យាព្រមលះបង់គ្រប់យ៉ាងដើម្បីសេចក្តីសុខកូន។ ទទួលយកចុះ ក្តីស្រលាញ់ដែលម្តាយមានឱ្យកូន! ទទួលយកចុះនេះហើយជាក្តីស្រលាញ់ដែលស្មោះសបំផុត។

គូដែលល្អ

គូដែលល្អគួរតែជាគូបែបណា?

គូដែលល្អគួរតែមានអ្វីៗដូចគ្នាទាំងអស់ដែរឬទេ?

ស្រមៃបន្តិច! គិតទៅដល់ប្រអប់និងគម្រប តើរបស់ពីរនេះជាគូនឹងគ្នាទេ? តើរបស់ពីរនេះមានសភាពដូចគ្នាទេ?

មាឌរបស់ប្រអប់មុខតែតូចជាងគម្របបន្តិច ជម្រៅរបស់ប្រអប់មុខតែជ្រៅជាងគម្របច្រើន តែបើទាំងពីរផ្គុំគ្នា នឹងបានប្រអប់បិទជិតមួយ នោះហៅថាប្រអប់ពេញលក្ខណៈ។

ពេលនេះអ្នកអាចដើរតួរខ្លួនជាប្រអប់ក៏បាន ជាគម្របក៏បាន។ ចាត់ទុកថាពេលនេះអ្នកកំពុងគិតថាខ្លួនឯងជាប្រអប់ដែលជ្រៅគួរសម បើបានគម្របល្អហើយអ្នកនឹងក្លាយជាប្រអប់ដែលអាចដាក់វត្ថុច្រើនមិនខាន។

ដូច្នេះសំណូមពរអ្នកដូចជាខ្ពស់បន្តិចហើយ ដើម្បីរកគម្របណាដែលសក្តិសមនឹងអ្នក។

គម្របមួយនោះគួរតែមានទំហំធំជាអ្នកបន្តិច ហើយមានពណ៌ក្រហមឆើតបន្តិច សំខាន់គួរតែមានរៀងផ្កាយទើបធ្វើឱ្យប្រអប់របស់អ្នកកាន់តៃស្រស់ស្អាត។

មិនពិបាកទេក្នុងការស្វែងរកគម្របដូចដែលអ្នកប្រាថ្នា បើពេលនេះអ្នកជាប្រអប់ដែលល្អមិនអន់ដែរ។ តែមិនច្បាស់ថា ទំហំគម្របនោះវាធំហួសនឹងគ្របប្រអប់របស់អ្នកឬអត់?

ពណ៌ក្រហមឆើតនោះសក្តិសមជាមួយប្រអប់ពណ៌ស្វាយចាស់របស់អ្នកឬអត់?

ហើយរៀងផ្កាយដែលអ្នកចង់បាននោះវាត្រូវរៀងជាមួយប្រអប់ជ្រុងរបស់អ្នកឬទេ?

បើការជ្រើសរើសជីវិតគូត្រូវមានការជ្រើសរើសបែបនេះ សូមឱ្យអ្នកប្តូរខ្លួនឯងឱ្យសក្តិសមជាមួយអ្វីដែលអ្នកចង់បានទាំងអស់នេះសិន ហើយសឹមទៅរកគម្របដែលចង់បាន។ បើមិនអាចប្តូរខ្លួនឯងបានទេ ត្រូវទទួលដឹងថាប្រអប់ណាគម្របហ្នឹង!

អ្នកអន់ពេកហើយ!

មនុស្សដែលអ្នកស្រលាញ់ខ្លាំងស្រាប់តែចាកចេញពីអ្នក។

ពាក្យស្រលាញ់ ពាក្យសន្យាដែលគេធ្លាប់ពោល ក្លាយជាគ្មានន័យ…

ឈឺណាស់មែនទេ អស់កម្លាំងហើយមែនទេ ពិបាករស់ណាស់មែនទេ?

ការសិក្សា ការងារ ដែលធ្លាប់តែល្អក៏ធ្លាក់ចុះ មិត្តធ្លាប់តែយល់ចិត្ត ក៏លែងក្បែរ ក្នុងផ្ទះដែលធ្លាប់រីករាយ ក៏មានតែពាក្យបន្ទោស

ហេតុអ្វីក៏ផែនដីនេះអាប់អួលយ៉ាងនេះ

ហេតុអ្វីបានជាអ្នកក្លាយជាមនុស្សអត់បានការយ៉ាងនេះ?

តើគួររស់នៅទៀតទេ?

ពេលដែលឈឺចាប់ខ្លាំងតែងយំរកនឹកកំហុស ពេលខ្លះបន្ទោសខ្លួនឯង…

អ្នកពិតជាអន់ណាស់មែនទេ? មែនហើយអ្នកអន់ណាស់..

ប្រគល់ក្តីស្រលាញ់ឱ្យមនុស្សខុស អ្នកគ្រាន់តែគិតមិនដល់

តែ.. ដែលបណ្តោយខ្លួនឱ្យធ្លាក់ចុះព្រោះតែគ្មានមនុស្សគ្មានតម្លៃម្នាក់នោះ…អ្នកអន់ពេកហើយ!

បើបានដឹងហើយ ក៏សុំធ្វើរឿងខុសតែប៉ុណ្ណឹងចុះ..

លើកទោសឱ្យខ្លួនឯងដែលខុសកន្លងមក។

ដៃស្តាំក្រសោបដៃឆ្វេង ប្រាប់ខ្លួនឯងថា អត់មានគេក៏មិនអីដែរ តោះ! ទៅមុខទៀត! ព្រោះយើងត្រូវរស់នៅបន្ត ហើយរស់ដោរីករាយ… តោះទៅមុខទៀតណា៎!

Status របស់ខ្ញុំ

ព្រោះខ្ញុំទន់ខ្សោយពេក រាល់ពេលប៉ះពាល់អារម្មណ៍ក៏ផុស Status ឲ្យគេបានឃើញ។ ខ្ញុំភ្លេចហើយថា Status ដែលខ្ញុំផុសទៅមិនមែនបង្ហាញចំពោះអ្នកដែលខ្ញុំចង់ឲ្យឃើញ វាក៏បង្ហាញទៅដល់អ្នកដែលស្រលាញ់ និងស្អប់ខ្ញុំផងដែរ។

មានអ្នកសើច មានអ្នកយំ មានអ្នកធុញទ្រាន់នឹងឃើញ status របស់ខ្ញុំ។ តែអ្នកដែលខ្ញុំចង់ឲ្យឃើញបែរជាមិនអើពើ ឃើញហើយក៏ធ្វើដូចជាមិនឃើញ រឺអាចមានការត្រឡប់មកវិញនូវអ្វីដែលខ្ញុំមិនចង់បាន។

ខ្ញុំខ្មាសណាស់ដែរបង្ហោះ status ឲ្យមនុស្សដែលស្អប់ខ្ញុំសប្បាយចិត្ត

ខ្ញុំខូចចិត្តណាស់ដែលបង្ហោះ status

ធ្វើឲ្យមនុស្សដែលស្រលាញ់ខ្ញុំ ពិបាកចិត្តរឺយំដោយសារខ្ញុំ ខ្ញុំចង់សូមទោសពួកគាត់ណាស់។

ខ្ញុំកាន់តែខកចិត្តបំផុតនៅពេលដែលខ្ញុំខំបង្ហោះ Status បង្ហាញអារម្មណ៍ពិតហើយ មនុស្សដែលខ្ញុំចង់ឲ្យឃើញគេបែរជាធ្វើមិនឃើញ រឺឃើញហើយមិនធ្វើចាប់អារម្មណ៍។

ខ្ញុំគិតថាការបង្ហោះ status ទៅតាមអារម្មណ៍មួយឆាវៗរបស់ខ្ញុំជារឿងដែលមិនគួរធ្វើទៀតទេ។

ការបង្ហាញពីភាពទន់ខ្សោយជាសាធារណៈបែបនេះ ខ្ញុំមានអារម្មណ៍ថាខុសចំពោះខ្លួនឯងនិងមនុស្សដែលស្រលាញ់ខ្ញុំខ្លាំងណាស់។

ខ្ញុំគួរសម្តែងអារម្មណ៍ពិតប្រាកដរបស់ខ្ញុំនៅចំពោះមនុស្សខ្ញុំចង់ឲ្យឃើញ ហើយខ្ញុំនឹងអាចទទួលបានចម្លើយពិតៗពីគាត់មកវិញ។ មនុស្សដែលស្អប់ខ្ញុំក៏គ្មានឱកាសបានសើចខ្ញុំទៀតដែរ ហើយមនុស្សដែលស្រលាញ់ខ្ញុំនឹងមិនពិបាកចិត្តដោយសារខ្ញុំទៀតទេ។