ពេលនេះមិនទាន់ហួសពេលឡើយ!

បានហើយសម្រាកទៅ!

ព្រោះតែប្រើអារម្មណ៍មិនចេះខ្វល់ខ្វាយច្រើនដូចពីមុនហ្នឹងហើយ ទើបថ្ងៃនេះត្រូវពិបាកយ៉ាងនេះ។ ពេលនេះជាពេលដែលអ្នកត្រូវសងពេលវេលាដែលសប្បាយហួសកាលពីមុនមកវិញ។

ជីវិតនិមួយៗមានបន្ទុកច្រើនណាស់!

បើកាលពីមុនអ្នកចេះគិតច្រើនជាងនេះបន្តិច អ្នកនឹងមិនពិបាកដូចពេលនេះទេ។ យ៉ាងណាពេលនេះមិនទាន់ហួសពេលឡើយ! រៀនគិតឱ្យបានច្រើនជាងនេះ ទើបថ្ងៃមុខមិនពិបាកដូចថ្ងៃនេះ ហើយម្យ៉ាងវិញទៀត ការគិតនោះមិនមែនជាការធ្វើបាបខ្លួនឯងទេ បើអ្នកកំពុងខ្វល់ពីបញ្ហាជីវភាពសូមឱ្យអ្នករៀបចំរបៀបនៃការរស់នៅសារជាថ្មី ប្រើសិនបើអ្នកកំពុងតែខ្វល់ពីរឿងស្នេហា សូមឱ្យអ្នកពិចារណារាល់ការសម្រេចចិត្តសារជាថ្មី។

គ្រប់បែបយ៉ាងនៃការសម្រេចចិត្ត អ្នកខ្លួនឯងដឹងខ្លះហើយថាផលវិជ្ជមាន និងអវិជ្ជមាន នឹងមានកម្រិតណា៎ ដូច្នេះហើយអ្នកគួរត្រៀមចិត្តឱ្យបានរួចរាល់ក្នុងការទទួលយករឿងហេតុថ្មីៗដែលកើតឡើង។ កុំហត់នឿយក្នុងចិត្តពេកអី! ផលបានមកប៉ុនណាទទួលប៉ុណ្ណឹងទៅ រៀនទទួលយកការពិត និងមិនមានសេចក្តីលោភលន់ហួសប្រមាណទើបចិត្តអាចបានសេចក្តីសុខច្រើនជាងនេះ។

តើអ្នកចង់បានមិត្តភាព ឬផលប្រយោជន៍?

គ្រប់ទំនាក់ទំនងសាងឡើងព្រោះតែប្រយោជន៍!

កុំខឹងគេ បើដឹងថាគេរាប់អានអ្នកព្រោះតែប្រយោជន៍

បើខឹង ត្រូវសួរខ្លួនឯងវិញ តើអ្នកមិនចង់បានប្រយោជន៍ពីគេទេឬ? កុំកុហកឲ្យសោះ!

ប្រយោជន៍មានច្រើនរូបរាងណាស់ គ្រាន់តែមិនដឹងថារូបរាងបែបណាដែលអ្នកចង់បានពីគេ។

ស្គាល់គ្នាទៅ ស្និទ្ធស្នាលគ្នាទៅ ក៏ព្រោះតែ

១. ស្រួលទំនាក់ទំនងការងារជាមួយគ្នា

២. ថ្ងៃមុខអាចក្លាយជាដៃគូសហការមុខជំនួញផង

៣. ម្នាក់នោះមានកិត្តិនាមល្អនៅក្នុងសង្គមបច្ចុប្បន្ន

៤. គាត់មានចំណេះដឹង ងាយស្រួលប្រឹក្សា

៥. គាត់ចិត្តល្អ

៦. ចង់បានគាត់ធ្វើជាមិត្តល្អ

៧. មានច្រើនទៀត ទាល់តែរកនឹកខ្លួនឯង

ពេលនេះឆ្លើយបានឬនៅថាប្រយោជន៍មួយណាដែលអ្នកចង់បានពីមនុស្សដែលអ្នកកំពុងមានទំនាក់ទំនងជាមួយ?

អ្នកអាចកំពុងគិតដល់មនុស្សម្នាក់ ហើយឆ្លើយយកចំនុចទី៦ តែម្នាក់នោះបែរជាឆ្លើយយកចំនុចទៅ១ នៅពេលដែលគិតដល់អ្នក។

ដូច្នេះទំនាក់ទំនងរបស់អ្នកទាំងពីរមិនមែននៅលើផ្លូវនៃចំនុចទី១ ឬទី៦នោះទេ វាត្រូវតែ ៦បូក១ បើអ្នកទាំងពីរធ្វើឲ្យបាត់ចំនុចណាមួយ ទំនាក់ទំនងនឹងប្រែមកជាចំនុចសូន្យវិញមិនខាន។

ចំនុចសូន្យចាត់ទុកថារួចខ្លួន បើចំនុចដកសូន្យគឺអាក្រក់ណាស់ នៅពេលដែលក្លាយពីមិត្តទៅជាមនុស្សដែលស្អប់គ្នា។

តែយ៉ាងណា ពេលមនុស្សពីរនាក់ចាប់ផ្តើមសាងទំនាក់ទំនងណាមួយជាមួយគ្នា ពួកគេមិនប៉ងឲ្យទំនាក់ទំនងនោះត្រូវបញ្ចប់ឬ ត្រូវស្អប់គ្នានៅពេលក្រោយនោះទេ។

ដូច្នេះដើម្បីឲ្យទំនាក់ទំនងមួយរលូនទៅមុខបានយូរ គប្បីឧស្សាហ៍ថ្លឹងចិត្តគេ និងចិត្តខ្លួនឯងឲ្យបានស្មើ។

ផ្តល់ឲ្យគេតាមដែលគេឲ្យបាន ឬទទួលពីគេតាមដែលខ្លួនអាចឲ្យគេវិញបាន។

កុំលោភលន់! កុំអាត្មានិយម! កុំចង់ចំណេញនាំដាច់ចំណង

មកពីខ្ញុំឬមកពីគេ?

តើខ្ញុំទាមទារពេក ឬមួយខ្ញុំពិតជាមិនសំខាន់ក្នុងចិត្តគេមែន?
ពេលខ្លះខ្ញុំរង់ចាំវត្តមានគេទាំងអស់សង្ឍឹម។ ខ្ញុំធ្លាប់សួរខ្លួនឯងញយៗដងថា តើខ្ញុំទាមទារពេកទេដឹង?
ស្រលាញ់គ្នាហេតុអីចាំបាច់ចង់ក្តោបគ្រប់យ៉ាងនៃគេ? ហេតុអ្វីមិនទុកចិត្តគេ? ហេតុអីបារម្ភម្ល៉េះ?

ខ្ញុំបន្ទោសខ្លួនឯង ហើយលួចអន់ចិត្តស្ងាត់ៗ។ ខ្ញុំស្រលាញ់គេ ខ្ញុំត្រូវជឿគេ! ឱ្យតម្លៃពេលវេលារបស់គេ។ ហើយបើគេស្រលាញ់ខ្ញុំ គេគង់មិនឱ្យខ្ញុំចេះតែលួចអន់ចិត្តស្ងាត់តែញយដងទេ។ បើគេបានទុកខ្ញុំសំខាន់ក្នុងចិត្តគេ ពួកយើងនឹងមិនមានអារម្មណ៏ឆ្ងាយគ្នាបើទោះបីយើងមិនជួបមុខគ្នាក៏ដោយ។

បើគេមិនទុកខ្ញុំសំខាន់ ខ្ញុំត្រូវល្ងង់បង់ចិត្តទៀតទេ?
បើគេខ្លាចបាត់បង់ គេគង់នឹងព្យាយាមយល់អំពីអារម្មណ៍មួយនោះរបស់ខ្ញុំ និងពន្យល់ពីគម្លាតអចេតនាដែលមានកន្លងមក។ តែបើគេមិនខ្វល់ដែរ! គេស្ងាត់ ខ្ញុំក៏ស្ងាត់! បែកគ្នាស្ងាត់ៗមានអីមិនល្អ?

រឹងមាំបន្តិច រស់នៅលើហេតុផលបន្តិច ក្លាហានបន្តិច
ហ៊ានទទួលការពិតបន្តិច មិនចាំបាច់ខ្លាចបែកគ្នា មិនចាំបាច់ប្រឹងរក្សាកែវបែក ក៏មិនចាំបាច់ខូចចិត្តយូរ។

កុំទន់ខ្សោយណា៎!

#អត្ថបទអ្នកនិពន្ធរតនា

រៀបគម្រោងដើរលេងជុំវិញពិភពលោក

មនុស្សមួយចំនួនដាក់ក្តីស្រមៃធំបំផុតរបស់ពួកគាត់គឺ ចង់ដើរលេងជុំវិញពិភពលោក។

ខ្ញុំស្រមៃមិនចេញថាធ្វើយ៉ាងណាអាចទៅរួច បើក្នុងពិភពលោកយើងនេះមានប្រទេសចំនួនជាង២០០ប្រទេស។
ហើយប្រទេសនិមួយៗ មិនដឹងមានប៉ុន្មានខេត្ត ក្រុងទៀតផង។
អ្នកចង់ដើរលេងជុំវិញពិភពលោក ថាត្រឹមបានទៅតែមួយកន្លែងក្នុងមួយប្រទេសក៏បាន យ៉ាងណាឲ្យបានគ្រប់ប្រទេស។

ការសង្កេតរបស់ខ្ញុំ តាមសមត្ថភាពមនុស្សធម្មតា ត្រឹមតែមួយឆ្នាំបានទៅប្រទេសដែលខ្លួនមិនធ្លាប់ទៅបានម្តងជារឿងដែលពិបាកហើយ។ ចង់ដើរលេងជុំវិញពិភពលោក ទោះត្រូវដើរតាំងពីទើបនឹងកើត ក៏មិនអាចរស់ដល់២០០ឆ្នាំ ហិហិហិ..

ចង់ដើរលេងជុំវិញពិភពលោកគិតសិន មួយប្រទេសត្រូវចំណាយយ៉ាងតិចប៉ុន្មាន? ហើយចង់ចាប់ផ្តើមដើរពីអាយុប៉ុន្មានទៅ? កុំទាន់បារម្ភថាការដើរលេងជុំវិញពិភពជារឿងដែលទៅមិនរួចនោះអី! មានគេធ្វើបានហើយ! អ៊ីចឹងយើងក៏អាចធ្វើបានដូចគ្នា។
បើជ្រុលជាមានក្តីស្រមៃហើយ កុំឱ្យខ្លួនឯងខកបំណងអី! អ៊ីចឹងត្រូវរៀបចំសន្សំលុយពីពេលដែលអ្នកមានក្តីស្រមៃនេះតទៅ កុំចាំដល់ពេលនេះ ឬពេលនោះអី ព្រោះថាជាង២០០ប្រទេសមិនតិចទេ ហើយកុំចាំដល់ពេលចាស់ពេកចាំទៅធ្វើដំណើរអី ព្រោះតែចាស់ពេកក្រែងរោគវារំខាន នាំពិបាកដើរលេងណា៎។

ជូនពរដែលមានក្តីស្រមៃដើរលេងជុំវិញពិភពលោកអ្នកអស់បានដូចក្តីប្រាថ្នា។

អត្ថបទអ្នកនិពន្ធរតនា

រៀនខ្មាស

រៀនខ្មាស បើច្រឡំនិយាយថាខ្លួនឯងល្បី
រៀនខ្មាស បើច្រឡំនិយាយថាអ្នកណាម្នាក់ល្បី
រៀនខ្មាស បើច្រឡំប្រាប់គេថាស្និទ្ធស្នាលអ្នកល្បី

មានអ្នកស្គាល់មិនប៉ុន្មាននាក់ហ៊ានដើរនិយាយថាខ្លួនអ្នកល្បី បើមានអ្នកល្បីមែនស្តាប់ឮខ្មាសគេប៉ុនណា? ភ្នំមួយខ្ពស់ គង់មានភ្នំមួយទៀតខ្ពស់ជាង។

អួតអាថានរណាម្នាក់ជាមនុស្សល្បី មនុស្សល្បីមានមែនតែមានច្រើនផ្នែក អួតអ្នកសិល្បៈដាក់អ្នកចូលវត្ត គាត់មិនទទួលទេ

ខ្មាសណាស់បើទៅនិយាយថាអ្នកល្បីណាម្នាក់ស្និទ្ធស្នាលនឹងខ្លួន ទាំងដែលគេមិនធ្លាប់ទាំងចាំអំពីយើង។

កុំច្រឡំ! កុំអួត! ពិតក៏ដោយ មិនពិតក៏ដោយនិយាយទៅបានអីមក? អំនួតធ្វើឱ្យតែគេជ្រេញ

អត្ថបទអ្នកនិពន្ធរតនា

បត់បែន!!

បត់បែនតាមបែបឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។ ជាប្រភេទមនុស្សដែលរត់រកតែខាងត្រូវ ធ្វើម៉េចឱ្យតែបានរួចខ្លួនមិនថាតម្លៃកិត្តិយសធ្លាក់ចុះ ឬបាត់បង់ក្តីគោរពគឺគាត់មិនខ្វល់។

ជាមនុស្សនេះណាត្រូវមានការសម្លឹងគិត វិភាគឬយល់ឃើញដោយខ្លួនឯង បើចេះតែបត់បែនតាមគេដូចចុងស្រល់បក់តាមខ្យល់ គ្មានអីជារបស់ខ្លួនឯងបែបនេះមិនថាកំពុងបត់ទៅខាងត្រូវក៏យើងនេះជាអ្នកត្រូវក្នុងតម្លៃទាប។

គេមិនឱ្យតម្លៃទេ មនុស្សហៃអើ ឬមនុសុ្សជាន់ទូកពីរនេះ។ មួយណាឱ្យដឹងមួយហ្នឹង ឆ្វេងផងស្តាំផង ខ្លាចធ្លាក់រណ្តៅណា៎។

យ៉ាងណាបត់បែនត្រូវរឿងក៏ជារឿងឆ្លាត មនុស្សខ្លះល្ងង់ហើយរឹងមានៈទៅខាងណាទៅខាងនោះហើយ ដឹងខុសក៏ត្បុលទៅ គាត់ខ្មាសបើសាកបត់បែន។កុំឈរសម្លឹងហើយបន្ទោសអ្នកចេះបត់បែនទាំងដែលខ្លួនឯងចង់បត់ដែរតែមិនអាចស្មានស្ថានការណ៍ទៅឬនៅបាន។ កុំច្រណែនដែលគេបានសុខព្រោះតែការបត់បែនដោយត្រឹមត្រូវ។

ការបត់បែនដោយភាពថ្លៃថ្នូរ គឺការមិនធ្វើដើម្បីឬចំពោះបុគ្គលឬប្រយោជន៍ ពិសេសមិនទ្រ មិនលន់តួរ។ ការបត់បែនដោយភាពថ្លៃថ្នូរ គឺការវិភាគសម្រេចចិត្តលើភាពត្រូវនិងខុស ហ៊ានទៅ ហ៊ាននៅដោយពឹងផ្អែកនៅលើគោលការត្រូវឬខុស សម មិនសម តែប៉ុណ្ណោះ។

គិតសិនសឹមគូរ! បត់ ឬមិនបត់ សម្រេចចិត្តឱ្យបានល្អ!

#អត្ថបទអ្នកនិពន្ធរតនា

កុំខ្លាចធ្វើល្ងង់

ច្រើនណាស់នៅក្នុងសង្គមសព្វថ្ងៃដែលតាំងខ្លួនជាអ្នកចេះ អ្នកដឹង អ្នកពូកែ ទាំងដែលខ្លួនឯងគ្មានចំណេះអីសោះ ឬចេះទាំងមិនច្បាស់។

កុំព្រោះតែខ្លាចខ្មាសគេទើបខំកុហកឬសម្តែងធ្វើខ្លួនជាអ្នកពូកែទាំងនោះ កុំខ្លាចគេសើចព្រោះការពិតរបស់យើងអី គួរតែខ្លាចគេសើចព្រោះការសម្តែងមិនសូវសមរបស់យើងវិញ។

មិនបង្ហាញឱ្យគេដឹងថាយើងពិតជាមិនចេះមែន ហើយបើខ្លាចគេសើចថាយើងមិនចេះប្រាប់គេហើយហៅគេអ្នកចេះជួយបង្រៀនផង ចង់ដឹងអ្នកសើចគាត់ចេះបានកម្រិតណា? យ៉ាងណាកុំភ្លេចរកអ្នកចេះប្រាកដជួយបង្រៀនណា៎ កុំឱ្យឆ្លងអ្នកចេះមិនប្រាកដបានតែមួយដើរសើចគេទាំងដែលខ្លួនឯងល្ងង់ដែរ។

មិនពូកែមិនមែនមិនចេះ ចេះហើយមិនទាន់ប្រសព្វខ្លាចអីបើគេសើចបើសមត្ថភាពយើងតែប៉ុណ្ណឹង។ មនុស្សមិនដូចគ្នា យើងមិនកើតមកសម្រាប់ធ្វើរឿងតែម្យ៉ាង យើងមិនពូកែរឿងហ្នឹង យើងអាចពូកែរឿងផ្សេងដែលគេមិនទាំងចេះផង។ គេសើចអីសើចទៅ សំខាន់យើងដឹងខ្លួនឯងថាយើងចង់ឱ្យខ្លួនយើងពូកែក្នុងផ្នែកមួយណា។

សង្គមសព្វថ្ងៃសម្បូរតួរសម្តែង បើមិនចង់នៅក្នុងចំណោមមនុស្សលាក់លៀមគួរហ៊ានរស់នៅក្នុងការពិត។

#អត្ថបទអ្នកនិពន្ធរតនា

ត្រឹមមានសុខភាពល្អ

ពេលនេះ ម៉ោងនេះ ខ្ញុំមិនមានអ្វីដែលអ្នកមានទេ

តែពេលនេះ ម៉ោងនេះ ខ្ញុំកំពុងក្តោបក្តាប់អ្វីដែលខ្ញុំមិនធ្លាប់មានពីមុន!
ខ្ញុំមិនប្រាថ្នាភាពហ៉ឺហាឡើយ ចង់បានត្រឹមតែភាពសមរម្យ។
ពេលវេលាដែលខ្ញុំប្រើកន្លងមក គឺបានអភិវឌ្ឍន៍ខ្លួនឯងឱ្យប្រសើរជាងអតីតកាលរបស់ខ្ញុំ ហើយខ្ញុំបានខំអស់លទ្ធភាពហើយដើម្បីទទួលបានភាពសមរម្យមួយនេះ។
ខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំកំពុងតែមាននេះហើយ ខ្ញុំស្កប់ស្កល់ហើយ..
ហើយអ្វីដែលខ្ញុំគួរធ្វើបន្ទាប់ គឺថែសុខភាពខ្លួនឯងឱ្យបានល្អ ព្រោះសុខភាពជាទ្រព្យដ៏មានតំលៃបំផុតរបស់យើង!
សុខភាពល្អទើបអាចឱ្យខ្ញុំសុខបានយូរ ហើយមានឱកាសបានឃើញស្នាមញញឹម និងបានញញឹមដាក់មនុស្សទាំងឡាយដែលស្រលាញ់ខ្ញុំ។

គិតវិជ្ជមានរស់បានសុខជាងណា៎

ម្នាក់ឯងបែបខ្ញុំ

ម្នាក់ឯងមិនមែនគ្មានជម្រើស
ម្នាក់ឯងជាជម្រើសដែលខ្ញុំពេញចិត្ត។
ពីរនាក់ពេលខ្លះស្មុកស្មាញណាស់
ច្រើននាក់ភាគច្រើនតែអត់ប្រយោជន៍

មិត្តភក្តិឬស្នេហា សុទ្ធតែធ្លាប់ធ្វើឱ្យខ្ញុំយំ។
ឈឺហួសហើយ លែងឈឺហើយ..
ម្នាក់ឯងក៏បាន! ម្នាក់ឯងទើបរឹងមាំ!
ម្នាក់ឯងធ្លាប់ហើយ មិនត្រឡប់រកពិភពសាំញ៉ាំទៀតឡើយ។
ម្នាក់ឯងយូរទៅធ្លាប់អផ្សុកមែន តែមិនធ្លាប់ឯកាទេ

ខ្ញុំនៅម្នាក់ឯងបែបនេះ មិនមែនមិនត្រូវការទំនាក់ទំនង គ្រាន់តែមិនចង់ខាតពេលខាតអារម្មណ៍ជាមួយទំនាក់ទំនងក្លែងក្លាយ។ ពេលមួយដែលខ្ញុំបានជួបទំនាក់ទំនងល្អ ពេលដែលខ្ញុំអាចរកមនុស្សល្អជាមិត្តពេលដែលខ្ញុំអាចរកមនុស្សល្អដើម្បីស្រលាញ់ ខ្ញុំនឹងមិនដើរផ្លូវមួយម្នាក់ឯងទៀតទេ។ តែពេលនេះអត់មាន ខ្ញុំក៏មិនឯកាដែរ ខ្ញុំនៅតែពេញចិត្តការដើរម្នាក់ឯងបែបឯករាជ្យបែបនេះ។ ខ្ញុំនៅម្នាក់ឯងមែន តែខ្ញុំមិនធ្លាប់ឯកា ខ្ញុំឯកាមិនបានព្រោះខ្ញុំរស់នៅក្នុងគោលការណ៍ គោលការណ៍របស់ខ្ញុំ ពេលនៅម្នាក់គឺជាពេលដែលអាចធ្វើគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើដោយមិនចាំបាច់យកចិត្តនរណាមកគិត 😊
សាកនៅម្នាក់ឯងឱ្យបានល្អ កុំខាតពេលជាមួយភាពឯកាណា៎ 😊

អត្ថបទអ្នកនិពន្ធរតនា

អ្នកចាស់អ្នកថ្មីអ្នកណាមិនល្អឱ្យប្រាកដ?

បើអ្នកថ្មីល្អក៏មិននឹកដល់អ្នកចាស់ បើអ្នកចាស់ល្អក៏មិនបែកគ្នា..

ទម្លាប់មួយរបស់មនុស្សគឺ តែងតែយកមនុស្សពីរនាក់ទៅប្រៀបធៀបគ្នាដើម្បីតែចង់ឱ្យអ្នកទាំងពីរក្លាយជាមនុស្សតែម្នាក់។

មនុស្សពីរនាក់មកពីទីកន្លែងផ្សេងគ្នា គ្រួសារផ្សេងគ្នា ការអប់រំខុសគ្នា វាមិនអាចនឹងឱ្យអ្នកទាំងពីរដូចគ្នាបានទេ ត្រូវចាំថាសូម្បីកូនភ្លោះនៅតែមិនដូចគ្នា។

មនុស្សពីរនាក់ ប្រហែលអាចបំពេញកង្វះខាតគ្នាដើម្បីតម្រូវចិត្តអ្នកបានមែន តែបេះដូងរបស់អ្នកមិនគួរដាក់មនុស្សពីរនាក់ឡើយ។

អ្នកចាស់ធ្លាប់ល្អប៉ុនណា តែពេលនេះបានបែកគ្នាហើយ

អ្នកថ្មីល្អដែរ តែនៅតែធ្វើឱ្យអ្នកនឹកអ្នកចាស់

សាកល្បងនៅម្នាក់ឯងមួយរយៈ តើអ្នកថ្មីឬអ្នកចាស់មិនល្អ?ឬអ្នកមិនល្អនោះជាខ្លួនឯងទេ?

ត្រូវគិតថាមនុស្សពីរនាក់បំពេញឱ្យគ្នាដើម្បីរក្សាស្នេហាបាន មិនមែនអ្នកចាស់និងអ្នកថ្មីនោះទេ តែគឺអ្នកនិងមនុស្សដែលអ្នកត្រូវចាប់ដៃដើរផ្លូវជាមួយប៉ុណ្ណោះ។

ស្នេហាមិនមែនជាការទាមទារ តែជាការបំពេញឱ្យគ្នាទៅវិញទេ តែឆ្លាតក្នុងការរើសមនុស្សដើម្បីស្រលាញ់ផង។

ចាំណា៎! ស្រលាញ់មនុស្សដែលគេស្រលាញ់អ្នក ទើបការលះបង់មិនមានតែម្ខាង។ ❤️

#អត្ថបទអ្នកនិពន្ធរតនា

ធ្វើយ៉ាងណាដើម្បីឱ្យបានក្លាយជាអ្នកនិពន្ធ?

អ្នកនិពន្ធគេខ្ញុំមិនដឹងទេ តែអ្នកនិពន្ធបែបខ្ញុំនេះវាកើតចេញពីការសរសេរ។ ខ្ញុំចូលចិត្តការអានតិចជាងចូលចិត្តការសរសេរ។

ខ្ញុំធំនៅសម័យបច្ចេកវិទ្យាក្រដាសនិងប៊ិច កាលខ្ញុំនៅរៀនអត់មានទូរស័ព្ទកាន់ទេ ដូច្នេះពេលទំនេររបស់ក្មេងជំនាន់ខ្ញុំមានតែការសរសេរនិងអាន។ ខ្ញុំចូលចិត្តសរសេរពីការស្រមើលស្រមៃរបស់ខ្លួនឯង ធំឡើងចង់ធ្វើអី ហើយពេលបច្ចុប្បន្នត្រូវការអ្វីខ្លះដើម្បីដើរឱ្យត្រូវផ្លូវដែលចង់ទៅ។

ពេលខ្លះខ្ញុំសរសេរពីរឿងដែលខ្ញុំឆ្ងល់ ពេលខ្លះខ្ញុំសរសេររាយនាមរបស់ដែលខ្ញុំចង់បានមិនថាប៊ិចសៀវភៅថ្មីៗ ឬសម្លៀកបំពាក់ និងគ្រឿងតុបតែងថ្មីៗ ពេលខ្លះខ្ញុំរៀបរាប់ពីមិត្តភាពមួយដែលខ្ញុំស្រលាញ់។ មានពេលខ្លះខ្ញុំរៀនតែងចម្រៀងនិងកំណាព្យ កាលនោះខ្ញុំទើបតែអាយុ១៥ ១៦ឆ្នាំទេ។

តែក្រៅពីកំណាព្យនិងបទចម្រៀង ខ្ញុំសរសេរអីមិនដែលចប់ទេខ្ញុំមិនដឹងថាអត្ថបទឬប្រលោមលោកគេសរសេរយ៉ាងម៉េចទេ។

ខ្ញុំធ្លាប់មិនស្កប់ស្កល់ពីអ្វីដែលអ្នកនិពន្ធបានសរសេរ ខ្ញុំធ្លាប់សួរខ្លួនឯងចុះម៉េចមិនធ្វើអ្នកនិពន្ធទៅ ពេលនោះខ្ញុំនឹងអាចសេរសេរពីអ្វីដែលខ្ញុំចង់ឱ្យអ្នកនិពន្ធសរសេរហើយ!

ហើយខ្ញុំក៏មិននឹកស្មានថាសំណួរមួយនេះវាលោតមកឱ្យខ្ញុំសួរខ្លួនឯងម្តងទៀតកាលពីប៉ុន្មានឆ្នាំមុននេះ ពេលដែលខ្ញុំបញ្ចប់ការសរសេរប្រលោមលោកវិថីជីវិត។

ចង់ធ្វើជាអ្នកនិពន្ធត្រូវធ្វើយ៉ាងម៉េច? គ្រាន់តែសរសេររឿងឱ្យចប់មួយរឿងបានក្លាយជាអ្នកនិពន្ធហើយ!

ចង់ឱ្យស្នាដៃចេញរូបរាងធ្វើយ៉ាងម៉េច? បោះពុម្ពហើយចែកចាយទៅ គឺវាបានហើយ!!

ឈប់ស្ទាក់ស្ទើទៅ! ទាន់ឱកាសមកដល់ត្រូវតែខំចាប់យកឱ្យបាន។

#គន្លឹះនិពន្ធរបស់អ្នកនិពន្ធរតនា

សរសេរចប់មួយរឿងតែមិនដឹងធ្វើម៉េចឱ្យចេញជាសៀវភៅបាន?

ព្រោះតែរឿងនេះទើបខ្ញុំខកដល់តែ៤ឆ្នាំក្នុងការចេញប្រលោមលោកវិថីជីវិត។ ដូច្នេះខ្ញុំក៏មិនចង់ឱ្យមាននរណាខកខានពេលវេលាដូចខ្ញុំដែរ។

សរសេរឿងចប់ហើយ ចង់បោះពុម្ពជាសៀវភៅមិនពិបាកទេ នេះជាប៉ុន្មានចំណុចដែលលខ្ញុំអាចចែករំលែក៖

  • រកអ្នកចេះដឹងម្នាក់ជួយអាននិងកែលម្អរសាច់រឿង
  • រកអ្នកពូកែអក្ខរាវារុទ្ធម្នាក់ជួយកែសម្រួល
  • ជ្រើសរើសទំហំសៀវភៅ
  • រៀបទំព័រសៀវភៅ រចនាក្រប
  • ស្នើរសុំសិទ្ធបោះពុម្ព
  • ស្នើរសុំកម្មសិទ្ធបញ្ហា
  • ជ្រើសរើសប្រភេទក្រដាសនិងរកតម្លៃបោះពុម្ពពីរោងពុម្ព។

តែប៉ុណ្ណឹងទេ! អ្នកដែលមានរឿងសរសេរចប់ហើយមិនពិបាកស្រមៃយូរក្នុងប្រសូត្ររូបរាងស្នាដៃរបស់អ្នកឡើយ។

#គន្លឹះនិពន្ធរបស់អ្នកនិពន្ធរតនា