ពេលមួយដែលអ្នកស្រាប់តែមានរឿងជាច្រើនចង់និយាយ ពេលមួយស្រាប់តែទឹកភ្នែកអ្នកចង់ហូរចុះមក ត្រូវការដៃមួយមកជូតទឹកភ្នែកនោះមែនទេ? ត្រូវការស្មាមួយមកផ្អែកខ្លាំងណាស់មែនទេ?
នឹកឃើញដល់មនុស្សជាច្រើន តែរើសមិនបានសូម្បីតែម្នាក់
មិនមានម្នាក់ណាសក្តិសមមកជូតទឹកភ្នែកដែលកំពុងហូរ មិនមាននរណាម្នាក់ណាអាចផ្តល់អារម្មណ៍កក់ក្តៅឱ្យអ្នកចង់រៀបរាប់ពាក្យក្នុងចិត្ត រឿងមិនសប្បាយចិត្តទាំងឡាយចេញមកឱ្យអស់បាន។
ចុងក្រោយ អ្នកមិនមានសូម្បីតែម្នាក់…
អន់ចិត្តណាស់មែនទេ? ឈប់ខ្វល់នឹងមនុស្សទាំងនោះហើយមែនទេ?
កុំអីចឹងអី! អត់មានសូម្បីតែម្នាក់ ក៏ចាត់ទុកថាជាការល្អ ព្រោះគ្មាននរណាដឹងថាអ្នកទន់ខ្សោយ អត់មានគឺល្អហើយ! ព្រោះតែអ្នករឹងមាំជាងគេ ទើបគេមិនដែលដឹងថាអ្នកធ្លាប់យំ។
អារម្មណ៍ទន់ខ្សោយ អារម្មណ៍អន់ចិត្តទាំងនេះ វានៅនឹងអ្នកមិនយូរទេ កន្លងមួយរយៈអ្នកនឹងលែងអីហើយ កុំខឹងបើគ្មានមនុស្សនៅក្បែរ ត្រូវសរសើរដែលខ្លួនឯងអាចរឹងមាំឆ្លងកាត់រឿងទាំងឡាយបានដោយខ្លួនឯង។ ត្រូវចាំថាមនុស្សណាក៏ជួបបញ្ហា មានអារម្មណ៍ទន់ខ្សោយដែរ តែអ្នកប្រសើរណាស់ ព្រោះអ្នកមិនយកអារម្មណ៍ទន់ខ្សោយរបស់អ្នកម្តងម្កាលនេះ ទៅរំខានមនុស្សជុំវិញខ្លួន។ មនុស្សមិនច្រើនទេដែលធ្វើបានដូចអ្នក
អានរួចហើយ ប្រសិនបើមុននេះអ្នកលួចយំ ត្រូវជូតទឹកភ្នែកណា៎ ឬប្រសិនបើមុននេះមានលួចអន់ចិត្ត ក៏ត្រូវញញឹមវិញ។ ប្រាប់ខ្លួនឯងថា អ្នកពូកែណាស់ អ្នករឹងមាំណាស់ ត្រូវអរគុណខ្លួនឯងដែលតែងតែធ្វើបានរហូតមកណា៎
