ខ្លួនឯង

យប់នេះពិសេសណាស់ហើយ!
តើគួរតែធ្វើអ្វីឱ្យកាន់តែពិសេសទៅ?
មនុស្សបាត់បង់ស្នេហាតើគួរធ្វើអ្វីឱ្យយប់នេះពិសេសទៅ?
ប្រហែលត្រូវយំនឹកអនុស្សាវរីយ៍ ឬយំតូចចិត្តនឹងរឿងមិនសមបំណងគ្រប់យ៉ាងហើយ យប់ពិសេសបែបនេះគួរយំឱ្យហើមភ្នែកតែម្តងមែនទេ?
ហ៊ើយ! ដឹងអត់ថាមនុស្សចំនួនតែងតែបោះបង់មនុស្សពិសេសពិតប្រាកដរបស់គាត់ ហើយទៅធ្វើរឿងផ្សេងរាល់ថ្ងៃពិសេសបែបនេះ ព្រោះគាត់រកនឹកមិនឃើញមនុស្សម្នាក់ដែលពិសេសបំផុតនោះទេ។

មួយចំនួននោះអត់មានសំដៅលើអ្នកណាទេ ក្រៅពីអ្នកកំពុងយំតូចចិត្តហ្នឹង! រាល់ថ្ងៃពិសេសម្តងៗ អត់ធ្វើអីបានក្រៅពីនឹកអតីតកាល សម្រក់ទឹកភ្នែក ដែលទាំងនេះជាការធ្វើបាបយ៉ាងតំណំដល់ផ្លូវចិត្ត រាងកាយរបស់មនុស្សពិសេសបំផុតរបស់ខ្លួន។
មនុស្សដែលកំដរអ្នករស់ តាំងពីកើតមករហូតដល់អាយុប៉ុណ្ណេះ គ្រាន់តែមានកំហុសបង់បេះដូងលើមនុស្សខុស មិនត្រឹមតែមិនបានទទួលការលួងលោម បែជាត្រូវឱ្យទទួលភាពសោកសៅ យំសោក ឬដល់ថ្នាក់ធ្វើបាបរាងកាយ។

តើមនុស្សពិសេសម្នាក់នោះជានរណា? គឺខ្លួនឯងដែលកំពុងទួញសោកនេះហើយ! ដឹងទេ? ថាមានតែខ្លួនឯងទេ ដែលជាមនុស្សពិសេសបំផុតរបស់ខ្លួនឯង យំយែកនឹកនាចង់ឱ្យអតីតកាលមកវិញ ក៏ដើម្បីតែខ្លួនឯងដែរ។
ពេលនេះឈប់ខ្វល់ទៅថាធ្វើយ៉ាងណាឱ្យអតីតកាលត្រឡប់មកវិញ ថែមនុស្សពិសេសម្នាក់នេះសិន ផ្តល់អ្វីដែលល្អៗឱ្យម្នាក់នេះសិន ថ្ងៃថ្មីមកដល់! ពេលដែលមនុស្សពិសេសបំផុតម្នាក់នេះបានទទួលអ្វីដែលពិសេសពីខ្លួនឯងហើយ ចាំគិតទៀតថាគួររង់ចាំអតីតកាលឬស្រវ៉ាយកអនាគត?

ជូនពរអ្នកមិនសប្បាយចិត្តក្នុងយប់នេះ ទទួលបានកម្លាំងចិត្តមកវិញ និងអាចខ្វល់ខ្វាយឱ្យតម្លៃខ្លួនឯងជាងនេះបន្តិចណា៎!

ដោយក្តីស្រលាញ់ពីអ្នកនិពន្ធរតនា

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>