Home

សូមស្វាគមន៍
ការចូលមកកាន់គេហទំព័រ អ្នកនិពន្ធរតនា

អ្នកនិពន្ធរតនាជានរណា?


កុំខ្វល់ថាខ្ញុំជានរណា


ខ្ញុំគ្រាន់តែជាតួរអក្សរដែលអ្នកបានអាន ខ្ញុំជាអត្ថន័យក្នុងអត្ថបទដែលខ្ញុំបានសរសេរ។ ខ្ញុំដែលអ្នកស្គាល់មិនមានរូបរាងអ្វីទាំងអស់។ កុំខ្វល់ថាខ្ញុំជានរណា!

កុំខ្វល់ថាខ្ញុំមុខបែបណា! ព្រោះនៅពេលដែលខ្ញុំមិនកំពុងសរសេរអត្ថបទទាំងអស់នេះ ខ្ញុំមិនមែនជាមនុស្សដែលអ្នកចង់ជួប ចង់ឃើញនោះទេ។ ខ្ញុំគ្រាន់តែជាមនុស្សធម្មតា សមញ្ញជនម្នាក់ដែលមានការប្រព្រឹត្តខុស និងត្រូវដូចមនុស្សទូទៅ។ ខ្ញុំមិនអស្ចារ្យ ខ្ញុំក៏មានមនុស្សដែលគេស្អប់ និងស្រលាញ់ខ្ញុំដូចជាអ្នកទាំងអស់គ្នាដែរ។
អ្នកដឹងទេ? មនុស្សគ្រប់រូបតែងចង់បានអ្វីដែលល្អ តែល្អ និងអាក្រក់វាតែងមកជាមួយគ្នា។ គ្រាន់តែពេលខ្លះយើងមើលឃើញតែល្អពេកក៏ភ្លេចមើលឃើញអាក្រក់។ ដូច្នេះស្របពេលដែលអ្នកទទួលអ្វីដែលល្អៗនោះ ត្រូវចេះភ័យ ព្រោះត្រូវដឹងថា អ្វីៗដែលអាក្រក់នោះវាក៏មកជាមួយដែរ។
ការដាំបាយមួយឆ្នាំងសម្រាប់មនុស្សមួយក្រុមទទួលទាន អ្នកមើលនិងអ្នកធ្វើមានការគិតខុសគ្នា។ អ្នកមើលប្រហែលគិតថា អ្នកធ្វើគ្រាន់តែចង់បង្អួតការចែកទានបាយមួយឆ្នាំង ឬខ្ជះខ្ជាយបាយមួយឆ្នាំង។ តែអ្នកធ្វើ គាត់គ្រាន់តែចង់ឲ្យមនុស្សមួយក្រុមនោះបានចំអែតក្រពះដោយបាយមួយឆ្នាំងនេះចុះ ។ នេះហើយជាចិត្តមនុស្ស! មនុស្សតែម្នាក់ពេលវេលាផ្សេងគ្នា ក៏ប្តូរការគិតបាន។ ចុះទម្រាំមនុស្សច្រើននាក់មើលមកខ្ញុំតែម្នាក់ ទៅសម្អាងអីនឹងទទួលបានក្តីស្រលាញ់ ការចូលចិត្តពីអ្នកទាំងអស់គ្នានោះ?

ដូច្នេះខ្ញុំមិនចង់ឱ្យអ្នកមកខ្វល់ថាខ្ញុំជានរណានោះទេ។ ត្រឹមតែអ្នកចូលចិត្តការសរសេររបស់ខ្ញុំ ហើយអាចយកវាទៅប្រើជាប្រយោជន៍ល្អរបស់អ្នកបាននោះ ខ្ញុំក៏ពេញចិត្តហើយ។ ខ្ញុំជានរណាមិនសំខាន់ទេ! ខំខាន់អត្ថបទរបស់ខ្ញុំអាចជួយអ្នកបានទេ? តែប៉ុណ្ណឹងគួរតែគ្រប់គ្រាន់សម្រាប់អ្នក និងខ្ញុំហើយហ្ន៎?
ដោយក្តីគោរពពីខ្ញុំ
អ្នកនិពន្ធរនា

អំពីស្នាដៃបោះពុម្ពទាំងអស់របស់ខ្ញុំ